
លោកមេធាវី ផុន ធារិន កាលពីពេលកន្លងមក។ រូបថត សហការី
ជាទូទៅ ការប្រព្រឹត្ដបទល្មើសឆបោកអ្វីមួយ អ្នកប្រព្រឹត្តរមែងប្រឈមមុខនឹងទោសទៅតាមផ្លូវច្បាប់។ ចុះបើគូស្នេហ៍មួយគូ ដែលមិនបានគោរពតាមកិច្ចសន្យាជាមួយគ្នា អាចចាត់ទុកថា ជាអំពើឆបោក ហើយអាចប្រឈមនឹងការជាប់ទោសដែរឬទេ? ជុំវិញចម្ងល់នេះភ្នំពេញ-ប៉ុស្ដិ៍បានសុំការពន្យល់ពីលោកមេធាវី ផុន ធារិន បម្រើការនៅការិយាល័យមេធាវី ផុន ធារិន នៅបុរីឌឺមេគ្គងរ៉ូយ៉ាល់ ផ្ទះលេខ ៧១ ផ្លូវ M08 ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានី-ភ្នំពេញ តាមរយៈសំណួរជាបន្តបន្ទាប់ដូចខាងក្រោម៖
ឧបមាថា លោក (ក) ស្រឡាញ់នារីម្នាក់ជាច្រើនឆ្នាំ និងបានសន្យាថា គាត់នឹងចូលស្តីដណ្តឹងនាងទៀតផង។ ប៉ុន្តែគាត់ក៏មិនបានធ្វើអ្វីឱ្យជ្រុលជ្រួសខ្លួនប្រាណនាងទេ។ ក្រោយមកលោក (ក) បានសុំចែកផ្លូវពីនារីនោះវិញ។ ដោយនារីម្នាក់នោះគិតថា ចាញ់បោកលោក (ក) ព្រោះតែខាតបង់ពេលវេលាជាមួយគ្នា។ តើករណីបែបនេះនាងអាចប្តឹងលោក (ក) បានឬយ៉ាងណា?
ប្រសិនបើលោក (ក) បានសន្យាថានឹងចូលស្ដីដណ្ដឹងនារីនោះក្នុងគោលបំណងថា នឹងរៀបអាពាហ៍ពិពាហ៍ជាមួយគ្នានៅថ្ងៃខាងមុខ ប៉ុន្តែក្រោយមកលោក (ក) ពុំធ្វើតាមអ្វីដែលខ្លួនបានសន្យានោះទេ ក្នុងករណីនេះ នារីនោះមិនអាចធ្វើការប្ដឹងលោក (ក) បានទេ ដោយហេតុថាអាពាហ៍ពិពាហ៍អាចមានអនុភាពទៅបានទាល់តែមានការយល់ព្រម និងកើតចេញពីឆន្ទៈរបស់ភាគីទាំង ២ ប្រសិនបើភាគីណាមួយខ្វះឆន្ទៈក្នុងការរៀបអាពាហ៍ពិពាហ៍ នោះអាពាហ៍ពិពាហ៍គឺពុំមានអនុភាពទេ ហើយការដែលលោក (ក) មិនបានគោរពតាមការសន្យា លោក (ក) ពុំទទួលខុសត្រូវអ្វីនោះទេ ពីព្រោះលោក (ក) គឺពុំបានបង្ខិតបង្ខំ ឬធ្វើអ្វីដែលជ្រុលជ្រួសលើខ្លួនប្រាណនារីនោះទេ។
ចុះបើសិននារីនោះបានលះបង់ខ្លួនប្រាណជាមួយលោក (ក)។ ករណីបែបនេះ តើនាងអាចប្តឹងលោក (ក) បានទេ? និងប្តឹងនៅកន្លែងណាបាន? តើត្រឹមតែជាសំណងជំងឺចិត្ត ឬក៏ទោសត្រូវជាប់ពន្ធនាគារ?
ប្រសិនបើនារីនោះបានលះបង់ខ្លួនប្រាណជាមួយលោក (ក) ដោយការព្រមព្រៀង គ្មានការបង្ខិតបង្ខំពីលោក (ក) ទេ នារីនោះពុំអាចធ្វើការប្ដឹងទាមទារសំណង ឬប្ដឹងឱ្យលោក (ក) ទទួលខុសត្រូវព្រហ្មទណ្ឌបានទេ ប៉ុន្តែក្នុងករណីនារីនោះលះបង់ខ្លួនប្រាណដោយហេតុតែការលួងលោម ប្រើល្បិច ឬមានការបង្ខិតបង្ខំ នារីនោះអាចប្ដឹងទៅមន្ត្រីនគរបាលយុត្តិធម៌ ឬសមត្ថកិច្ចតុលាការដើម្បីទាមទារសំណងជំងឺចិត្ត និងប្ដឹងឱ្យលោក (ក) ទទួលខុសត្រូវព្រហ្មទណ្ឌពីបទរំលោភសេពសន្ថវៈ យោងតាមមាត្រា ២៣៩ នៃក្រមព្រហ្មទណ្ឌ។
ក្នុងរឿងដដែលនេះ ប្រសិនបើលោក (ក) បានភ្ជាប់ពាក្យជាមួយនារីម្នាក់នោះហើយ តែក្រោយមកលោក (ក) កែប្រែចិត្តមិនរៀបការជាមួយនាងវិញ តើនារីនោះអាចប្តឹងលោក (ក) បានទេ ហើយត្រឹមតែសំណងជំងឺចិត្ត ឬក៏ឈានទៅបទល្មើសព្រហ្មទណ្ឌ?
ក្នុងករណីខាងលើនេះ យោងតាមមាត្រា ៩៤៦ នៃក្រមរដ្ឋប្បវេណី ឆ្នាំ ២០០៧ បានចែងអំពីការទទួលខុសត្រូវចំពោះការបដិសេធចោលដោយមិនត្រឹមត្រូវ ក្នុងករណីដែលភាគីណាម្ខាងបានបដិសេធភ្ជាប់ពាក្យដែលបានភ្ជាប់ពាក្យរវាងភាគីចោលដោយគ្មានមូលហេតុត្រឹមត្រូវ។ ភាគីម្ខាងទៀតអាចទាមទារសំណងនៃការខូចខាតដែលកើតឡើងដោយសារការបដិសេធចោលនោះបាន។ ជាក់ស្ដែងប្រសិនបើលោក (ក) ធ្វើការបដិសេធឈប់រៀបអាពាហ៍ពិពាហ៍ជាមួយនារីនោះវិញ ដោយគ្មានមូលហេតុត្រឹមត្រូវណាមួយ នារីនោះអាចធ្វើការប្ដឹងទាមទារសំណងជំងឺចិត្តពីលោក (ក) បាន ប៉ុន្តែលោក (ក) ពុំទទួលខុសត្រូវព្រហ្មទណ្ឌនោះទេ គឺទទួលខុសត្រូវចំពោះតែសំណងជំងឺចិត្តជូននារីនោះតែប៉ុណ្ណោះ៕