
លោកមេធាវី លី កុសល កាលពីពេលកន្លងមក។ រូបថត សហការី
ជាទូទៅការបំផ្លាញវត្ថុតាងនៃបទល្មើសអ្វីមួយ អ្នកប្រព្រឹត្តរមែងតែងប្រឈមនឹងទោសទណ្ឌទៅតាមទំហំបទល្មើសដែលបានប្រព្រឹត្ត។ ចុះប្រសិនបើបុគ្គលម្នាក់បានបំផ្លាញរូបថតមនុស្សម្នាក់ទៀតដោយចេតនា តើប្រឈមនឹងទោសទណ្ឌដែរឬទេ? ជុំវិញចម្ងល់នេះភ្នំពេញ-ប៉ុស្ដិ៍បានសុំការពន្យល់ពីលោកមេធាវី លី កុសល មានការិយាល័យបម្រើការនៅផ្ទះលេខ ៤៥Eo ផ្លូវលេខ ៩ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ តាមរយៈសំណួរដូចតទៅ៖
ឧបមាថា លោក (ក) បានឱ្យរូបថតគាត់ ទៅលោក (ខ) មើល តែត្រូវគាត់ (លោក ខ) យករូបថតនោះទៅដុតចោល។ ក្នុងករណីដូចនេះតើទង្វើបែបនេះចាត់ថាជាបទល្មើសឬ? លោក (ក) អាចប្តឹងបានទេ?
ចំពោះឧទាហរណ៍នៃសំណួរខាងលើនេះវាអាចមាន ២ ទិដ្ឋភាព ដែលត្រូវយកមកពិនិត្យថា តើការដុតរូបថតនោះក្នុងគោលបំណងអ្វី? ជាគោលបំណងបំផ្លាញភ័ស្តុតាង ឬក៏ជាចេតនាធ្វើឱ្យបាត់បង់ ខូចខាតធម្មតា? ហើយករណីដូចនឹងទង្វើបែបនេះវាអាចចូលជាបទល្មើសទាំង ២ ទិដ្ឋភាពខាងលើនេះដូចគ្នា ប៉ុន្តែ យើងត្រូវពិចារណាអំពីព្យសនកម្មដែលកើតឡើងនោះថា វាមានទំហំប៉ុនណា? ដែលចំណុចត្រង់នេះ ព្រះរាជអាជ្ញា ក៏ត្រូវធ្វើការថ្លឹងថ្លែងដែរ អំពីព្យសនកម្មដែលកើតចេញពីបទល្មើស ថា តើវាធន់ល្មម ក្នុងការធ្វើបណ្តឹងអាជ្ញា ឬអត់? បើជាការដុតបំផ្លាញរូបថតមួយក្នុងគោលដៅបំផ្លាញភ័ស្តុតាងក្នុងបទល្មើសអ្វីមួយផ្សេងទៀត ករណីនេះគឺវាមានទម្ងន់ក្នុងការឱ្យអយ្យការឈរលើគោលការនីត្យានុកូលភាពនៃការចោទប្រកាន់ ប៉ុន្តែបើគ្រាន់តែសកម្មភាពដុតបំផ្លាញគឺជាចេតនាធ្វើឱ្យខូចខាត ហើយការខូចខាតនោះត្រឹមតែរូបថត ១ សន្លឹក ព្រះរាជអាជ្ញានឹងពិចារណាអំពីគោលការណ៍កាលានុវត្តភាពនៃការចោទប្រកាន់ទៅវិញ ដោយហេតុថា ព្យសនកម្មនោះវាតូចពេកដែលមិនសមតុល្យទៅនឹងការចំណាយរបស់រដ្ឋទៅលើសេវាកម្មរដ្ឋក្នុងការដំណើរការរឿងក្តីនេះ។
បើជាបទល្មើសតើអាចជាប់ពន្ធនាគារដែរឬយ៉ាងណា?
ករណីនេះប្រសិនបើការបំផ្លាញនោះគ្រាន់តែជាគោលដៅបំផ្លាញទ្រព្យឱ្យខូចខាតធម្មតាដោយកំហឹងមួយពេលទេនោះ គឺមិនមានទោសជាប់ពន្ធនាគារទេ បើផ្អែកទៅលើព្យសនកម្មត្រឹមតែរូបថត ១ សន្លឹកដែលបានកើតឡើងនោះ វាមានលក្ខណៈតិចតួចពេក គឺតុលាការ គ្រាន់តែពិន័យជាប្រាក់ ឬក៏អាចព្យួរទោសទៅលើជនជាប់ចោទតែប៉ុណ្ណោះ យោងតាមមាត្រា ៤១០ នៃក្រមព្រហ្មទណ្ឌ បានចែងថាៈ អំពើប្រព្រឹត្តដោយចេតនាដោយបំផ្លិចបំផ្លាញធ្វើឱ្យទ្រុឌទ្រោម ឬ ធ្វើឱ្យខូចខាតទ្រព្យសម្បត្តិរបស់អ្នកដទៃនោះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ (ប្រាំមួយ) ខែ ទៅ ២ (ពីរ) ឆ្នាំ និងពិន័យជាប្រាក់ពី ១ ០០០ ០០០ (មួយលាន) រៀល ទៅ ៤ ០០០ ០០០ (បួនលាន) រៀលលើកលែងតែការខូចខាតមានលក្ខណៈស្រាល។ ប៉ុន្តែបើការបំផ្លាញរូបថត ១ សន្លឹកនោះក្នុងគោលដៅទុច្ចរិតផ្សេងនោះ គឺនឹងត្រូវមានទោសទណ្ឌទៅតាមចេតនាទុច្ចរិតនៃបទល្មើសនីមួយៗនោះផងដែរ។
ជានីតិវិធីផ្លូវច្បាប់ បើបុគ្គលណាម្នាក់បង្កបទល្មើសទៅលើបុគ្គលម្នាក់ទៀត តែបុគ្គលដែលទទួលរងបទល្មើសនោះមិនប្ដឹង តើដំណើរការផ្លូវច្បាប់វិវឌ្ឍទៅមុខទៀត ឬត្រូវបញ្ចប់ត្រឹមហ្នឹង?
បើបុគ្គលណាម្នាក់បង្កបទល្មើសទៅបុគ្គលម្នាក់ទៀត តែបុគ្គលដែលទទួលរងបទល្មើសនោះ មិនប្តឹងពាក់ព័ន្ធនឹងនីតិវិធីច្បាប់នៅក្នុងបទល្មើសព្រហ្មទណ្ឌ គឺតែងតែមានបណ្តឹង ២ ជាប់ជានិច្ច
-បណ្តឹងអាជ្ញា និងបណ្តឹងរដ្ឋប្បវេណី
+ បណ្តឹងអាជ្ញា៖
កាលណាអំពើដែលជាបទល្មើសត្រូវបានប្រព្រឹត្តឡើងក្នុងសង្គមប្រាកដជាបង្កឱ្យមានភាពចលាចលដល់សណ្តាប់ធ្នាប់សាធារណៈ ឬបង្កភាពវឹកវរដល់សង្គម នោះអង្គការអយ្យការដែលជាម្ចាស់បណ្តឹងអាជ្ញាតែ ១ គត់នឹងចោទប្តឹងលើបុគ្គលនោះ មិនថា រូបវន្តបុគ្គលក្តី ឬនីតិបុគ្គលក្តី ដោយគោរពនូវគោលការណ៍សមភាពចំពោះមុខច្បាប់។ ប្រភពដែលនាំឱ្យមានបណ្តឹងអាជ្ញា រួមមាន៖ បណ្តឹងបរិហារ បណ្តឹងទាមទារ បណ្តឹងសាមញ្ញ និងបណ្តឹងរដ្ឋប្បវេណី។ ម្ចាស់បណ្តឹងអាជ្ញា ក៏អាចចោទប្តឹងដោយគ្មានបណ្តឹងបានផងដែរ នៅក្នុងករណីដែលខ្លួនបានដឹងអំពីអត្ថិភាពនៃបទល្មើសនោះដោយខ្លួនឯង។ បណ្តឹងអាជ្ញា មានគោលបំណងពិនិត្យអត្ថិភាពនៃបទល្មើស ដោយបង្ហាញឱ្យឃើញពិរុទ្ធភាពនៃជនល្មើស និងផ្តន្ទាទោសជននេះតាមច្បាប់កំណត់។ ដូច្នេះការដកពាក្យបណ្តឹងរដ្ឋប្បវេណី គឺមិននាំឱ្យរលត់បណ្តឹងអាជ្ញាទេ។
លើកលែងតែក្នុងករណីច្បាប់ព្រហ្មទណ្ឌមានចរិតលក្ខណពិសេសបានកំណត់ជាក់លាក់ថា “ការដកពាក្យបណ្តឹងពីជនរងគ្រោះជាមូលហេតុនៃការរលត់បណ្តឹងអាជ្ញា” ទើបបណ្តឹងអាជ្ញារលត់។ ឧទាហរ៍ណ៍៖ មាត្រា ៣៦ នៃច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះបានចែងថា “ការចោទប្រកាន់ជាបទល្មើសព្រហ្មទណ្ឌពុំអាចធ្វើបានឡើយ បើមានសំណើពីជនរងគ្រោះជានីតិជន ដោយបទល្មើសនោះជាបទមជ្ឈិមស្រាល ឬបទលហុ។ ដូច្នេះ កាលណាលក្ខខណ្ឌនេះត្រូវបានបំពេញនោះបណ្តឹងអាជ្ញារបស់អង្គការអយ្យការត្រូវតែរលត់។ មូលហេតុនៃការបញ្ញត្តិបែបនេះ ដោយសារតែបទល្មើសពាក់ព័ន្ធនឹងអំពើហិង្សាក្នុងគ្រួសារគឺដើមហេតុបង្កកើតចេញពីបុគ្គលឯកជនហើយកាលណាជនរងគ្រោះអាចទទួលយកការប្រើហិង្សា (សមរម្យ) បែបនេះ ក្នុងនាមជារដ្ឋមិនគួរគប្បីលូកដៃចូលក្នុងទំនាក់ទំនងឯកជនបែបនេះទេ។
+ បណ្តឹងរដ្ឋប្បវេណី៖
បណ្តឹងរដ្ឋប្បវេណី សំដៅលើបណ្តឹងដែលធ្វើដោយជនរងគ្រោះ ឬដើមបណ្តឹងរដ្ឋប្បវេណី ឬសិទ្ធិវន្តនៃជនរងគ្រោះ ដើម្បីទទួលការជួសជុលព្យសនកម្មផ្លូវកាយ ផ្លូវចិត្ត និងសម្ភារ។ បណ្តឹងរដ្ឋប្បវេណីមានគោលបំណងធ្វើឱ្យបានជួសជុលការខូចខាតដែលបណ្តាលមកពីអំពើល្មើសដល់ភាគីរងគ្រោះ ហើយក្នុងគោលបំណងនេះឱ្យអ្នករងគ្រោះបានទទួលសំណងជំងឺចិត្តធួនល្មមនឹងព្យសនកម្មដែលខ្លួនបានទទួល។
ងាកទៅអង្គហេតុរបស់យើងវិញ ថ្វីដ្បិតជនរងគ្រោះមិនបានប្តឹង ក៏មិនអាចរំលត់នូវបណ្តឹងអាជ្ញានោះដែរ ហើយមន្ត្រីនគរបាលយុត្តិធម៌ ឬប្រជាពលរដ្ឋដែលដឹងអំពីបទល្មើសនោះអាចប្តឹងបរិហារទៅអយ្យការ ដើម្បីឱ្យបណ្តឹងអាជ្ញានោះមានចលនាផងដែរ។
ករណីនេះប្រសិនបើលោក (ក) មិនប្ដឹងតើនរណាអាចប្ដឹងជំនួសបាន?
យោងតាមមាត្រា ២១ នៃក្រមព្រហ្មទណ្ឌចែងថា ការចោទប្រកាន់អាចប្រព្រឹត្តទៅបានតាមបណ្តឹងរបស់អយ្យការតែប៉ុណ្ណោះ ការចោទប្រកាន់ត្រូវតែមានបណ្តឹងពីជនរងគ្រោះ ឬពីសិទ្ធិវន្តឬបណ្តឹងបរិហារជាផ្លូវការរបស់អាជ្ញាធរនៃប្រទេសជាទីកន្លែងដែលអំពើនោះបានប្រព្រឹត្ត៕