
លោកមេធាវី យុង ផានិត កាលពីពេលកន្លងមក។ រូបថត សហការី
ជាទូទៅ ប្រសិនបើមានករណីគ្រោះថ្នាក់ណាមួយកើតឡើង ក្នុងពេលកំពុងបំពេញការងាររបស់បុគ្គលិកនិយោជិតណាម្នាក់ គឺរមែងមានជាប់ពាក់ព័ន្ធនឹងការទទួលខុសត្រូវរបស់អ្នកជួល ឬនិយោជកនៃក្រុមហ៊ុនសហគ្រាស ឬមួយក៏ស្ថាប័ននោះទៅតាមអង្គហេតុដែលបានកើតឡើង។ ចង់ដឹងថា តើការទទួលខុសត្រូវនោះមានកម្រិតយ៉ាងដូចម្ដេចដែរ? ជុំវិញចម្ងល់នោះភ្នំពេញប៉ុស្ដិ៍បានសុំការពន្យល់ពីលោកមេធាវី យុង ផានិត ក្រុមមេធាវីច្បាប់ និងពិគ្រោះយោបល់ដែលមានការិយាល័យផ្ទះលេខ ២១១០B ផ្លូវជាតិលេខ ៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ តាមរយៈសំណួរដូចតទៅ៖
ឧបមាថាលោក (ក) បានជួលលោក (ខ) ឱ្យជួយថែទាំហ្វូងសត្វទាដែលចិញ្ចឹមក្នុងកសិដ្ឋានតែហ្វូងសត្វទានោះចុះលេងទឹកហើយលោក (ខ) ចុះដេញតែត្រូវលង់ទឹកស្លាប់។ តើករណីនេះលោក (ក) មានចំណែកទទួលខុសត្រូវចំពោះគ្រោះថ្នាក់នេះដែរទេ?
លោក (ខ) ជាកូនឈ្នួលមើលចិញ្ចឹមហ្វូងសត្វទា ហើយគាត់បានលង់ទឹកស្លាប់ ដោយសារគាត់ចុះទឹកដេញហ្វូងទា។ ករណីនេះជាគ្រោះថ្នាក់ការងារដូច្នេះនិយោជកត្រូវតែទទួលខុសត្រូវលើសំណង ប៉ុន្តែមិនជាប់ពាក់ព័ន្ធនឹងទោសព្រហ្មទណ្ឌទេ។ យោងមាត្រា ២៤៨ នៃច្បាប់ស្តីពីការងារចែងថា ត្រូវចាត់ទុកជាគ្រោះថ្នាក់ការងារគ្រោះថ្នាក់ដែលកើតឡើង ដោយធ្វើការទោះដោយហេតុយ៉ាងណាក៏ដោយ ហើយទោះមានកំហុសមកពីកម្មករនិយោជិត ឬគ្មានក៏ដោយគឺគ្រោះថ្នាក់ដែលធ្លាក់លើរូបកាយកម្មករនិយោជិតក្នុងពេលធ្វើការឱ្យនិយោជក ឬនាយកសហគ្រាស ឬធ្លាក់លើសិស្សវិជ្ជាជីវៈ មានឈ្នួលក្តីឥតឈ្នួលក្តី កាន់មុខងារជាអ្វី នៅទីកន្លែងណាក៏ដោយ។ ម្យ៉ាងទៀតត្រូវចាត់ទុកជាគ្រោះថ្នាក់ការងារដែរ ចំពោះគ្រោះថ្នាក់ណាដែលធ្លាក់លើកម្មករនិយោជិតក្នុងពេលដែលសាមីខ្លួនធ្វើដំណើរពីលំនៅឋានខ្លួនត្រង់ឆ្ពោះទៅទីកន្លែងធ្វើការ ឬវិលមកវិញដោយគ្មានឈប់ ឬដោយគ្មានវាងទៅកន្លែងផ្សេងជាប្រយោជន៍ផ្ទាល់ខ្លួន ឬក្រៅពីការងារដែលគេតម្រូវឱ្យទៅ។ ជំងឺបណ្តាលមកពីវិជ្ជាជីវៈទាំងអស់ដូចមានបញ្ជាក់ក្នុងច្បាប់ត្រូវចាត់ទុកជាគ្រោះថ្នាក់ការងារហើយទទួលការជួសជុលដូចគ្នាដែរ។ ចំពោះមាត្រា ២៤៩ ចែងថា នាយកសហគ្រាសត្រូវទទួលខុសត្រូវលើគ្រោះថ្នាក់ការងារទាំងអស់ដូចមានរៀបរាប់ក្នុងមាត្រាខាងលើនេះ ទោះបីលក្ខន្តិកៈផ្ទាល់ខ្លួនរបស់កម្មករនិយោជិតម្នាក់ៗនោះមានលក្ខណៈយ៉ាងណាក៏ដោយ។ ការទទួលខុសត្រូវដូចគ្នានេះត្រូវអនុវត្តលើអ្នកគ្រប់គ្រងគ្រឹះស្ថានព្យាបាលឯកជនចំពោះតែបុគ្គលិកដែលអ្នកគ្រប់គ្រងនេះប្រើ,ជនដែលមានវិជ្ជាជីវៈសេរីចំពោះតែគ្រោះថ្នាក់លើកម្មករនិយោជិតរបស់ជននោះ.,ម្ចាស់ផ្ទះចំពោះតែគ្រោះថ្នាក់លើអ្នកបម្រើក្នុងផ្ទះរបស់ខ្លួន., សហគ្រាសកសិកម្មចំពោះគ្រោះថ្នាក់នៃកម្មករនិយោជិតក្នុងសហគ្រាសនោះ។ ក្រៅពីប្រភេទដូចមានចែងជាក់លាក់ក្នុងកថាខណ្ឌខាងដើមនេះ ជនណាដែលទទួលកម្មករនិយោជិតឱ្យប្រកបការងារណាមួយជាប្រាកដ និងម្តងម្កាលឱ្យខ្លួនត្រូវតែជួសជុសគ្រោះថ្នាក់ផ្សេងៗដែលកម្មករនិយោជិតត្រូវរងគ្រោះក្នុងឱកាសដែលបំពេញការងារនេះ។
ឧទាហរណ៍ថា អ្នកស៊ីឈ្នួលចិញ្ចឹមសត្វទានោះបានលួចលុយម្ចាស់កសិដ្ឋាននោះហើយត្រូវបានម្ចាស់ទាសម្លាប់ តើគាត់ចេញសំណងតាមច្បាប់ស្តីពីការងារឬ?
នៅត្រង់ចំណុចនេះ ម្ចាស់សត្វទាបានសម្លាប់កូនឈ្នួលមានន័យថា ម្ចាស់សត្វទានោះគាត់មានចេតនាទៅលើជនរងគ្រោះ។ តែបើគាត់ចាប់កូនឈ្នួលនោះទៅឱ្យនគរបាលយុត្តិធម៌ ឬអាជ្ញាធរមានសមត្ថកិច្ចគឺម្ចាស់សត្វទានោះគ្មានទោសទេ។ គ្មានច្បាប់ឯណាជំរុញលើកទឹកចិត្តឱ្យសម្លាប់មនុស្សទេ។ ហេតុដូច្នេះ ម្ចាស់សត្វទានោះជាប់ពាក់ព័ន្ធនឹងទោសព្រហ្មទណ្ឌ។ បទល្មើសព្រហ្មទណ្ឌគឺជាអំពើដែលត្រូវផ្តន្ទាទោសដោយច្បាប់ព្រហ្មទណ្ឌ ហើយជាកំហុសរបស់ចារីផ្ទាល់។ ប្រសិនបើច្បាប់មិនចាត់ទុកថា អំពើណាមួយជាបទល្មើសទេ អំពើនោះមិនអាចចាត់ទុកថាជាបទល្មើសបានឡើយ៕