ជាទូទៅ អ្នក​ដែល​ប្រព្រឹត្ត​ផ្ទុយ​នឹងច្បាប់​រមែង​តែង​ប្រឈម​នឹង​ទោសទណ្ឌ​ទៅតាម​ទំហំ​នៃ​បទល្មើស​ជាក់ស្ដែង​។ ចុះបើ​ក្នុង​បុគ្គលិក​ម្នាក់​ ឬ​ច្រើន​បើក​អាជីវកម្ម​កន្លែង​ហែល​ទឹក​កម្សាន្ត រួច​មាន​ករណី​លង់ទឹក​ស្លាប់​នៅ​ទីនោះ តើ​ម្ចាស់​ត្រូវ​ទទួល​ខុសត្រូវ​ដែរ​ឬ​យ៉ាងណា​? ​ជុំវិញ​ចម្ងល់​នេះ​ភ្នំពេញ​ប៉ុស្ដិ៍​បាន​សុំ​ការពន្យល់​ពី​លោក មេធាវី តែ ចំណាន ជា​ប្រធានការិយាល័យ​មេធាវី​ប្រាថ្នា​ណាវ​តាមរយៈ​សំណួរ​ដូចខាងក្រោម​៖

ឧបមាថា លោក​ (​ក​)​ បាន​បើក​កន្លែង​ហែល​ទឹក​កម្សាន្ត តែ​ចៃដន្យ​ភ្ញៀវ​ម្នាក់​បាន​លង់ទឹក​ស្លាប់​នៅ​កន្លែង​កម្សាន្ត​នោះ​។ តើ​ករណី​បែបនេះ​លោក​ (​ក​)​ មាន​ចំណែក​ទទួលខុស​ត្រូវការ​ស្លាប់​នេះ​ទេ​? ​ព្រោះ​អី លោក​ (​ក​)​ ជា​ម្ចាស់​កន្លែង​កម្សាន្ត​នោះ​?

ជាគោលការណ៍​ទូទៅ​នៅក្នុង​នីតិព្រហ្មទណ្ឌ ឬ​ច្បាប់ព្រហ្មទណ្ឌ នៅពេល​ដែលមាន​មនុស្ស​ណា​ម្នាក់​ស្លាប់ គេ​តែង​សួររក​បុគ្គល​ដែល​ត្រូវ​ទទួលខុស​ត្រូវ​ចំពោះ​បទល្មើស ឬ​ការស្លាប់​នោះ​។ ជាក់ស្តែង ក្នុង​ករណី​នេះ​មាន​ភ្ញៀវ​បាន​លង់ទឹក​ស្លាប់​នៅ​កន្លែង​កម្សាន្ត តើ​ម្ចាស់​កន្លែង​កម្សាន្ត​មាន​ចំណែក​ក្នុងការ​ទទួល​ខុសត្រូវ​លើ​ការស្លាប់​នេះដែរ​ឬទេ​? ដើម្បី​អាចឱ្យ​ម្ចាស់​កន្លែង​កម្សាន្ត ឬ​បុគ្គល​ណា​ម្នាក់​ផ្សេងទៀត​ទទួល​ខុសត្រូវ​បាន​គេ​ចាំបាច់​ត្រូវ​ដឹង​អំពី​មូលហេតុ​នៃ​ការស្លាប់​នេះ​ជាមុនសិន​។ ជា​បទពិសោធ​ក្នុងការ​អនុវត្ត ក្រោយ​មាន​ហេតុការណ៍​ខាងលើនេះ​កើតឡើង គេ​ត្រូវសុំ​គោលការណ៍​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច និង​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​-​ខេត្ត ដើម្បី​បង្កើត​ក្រុម​ការងារ​ចុះ​ស្រាវជ្រាវ​កន្លែង​កើតហេតុ (​ទីតាំង​អាង​ហែល​ទឹក​) ​ខាងលើនេះ​ជាមុនសិន ដោយ​បិទ​ផ្អាក​ដំណើរការ​ជា​បណ្តោះអាសន្ន​។ ក្រោយពី​អាជ្ញាធរ​មាន​សមត្ថកិច្ច​ស្រាវជ្រាវ​រួចហើយ ប្រសិនបើ​រកឃើញថា ការស្លាប់​នោះ កើតចេញពី​កំហុស​របស់​ម្ចាស់​កន្លែង​កម្សាន្ត ឬ​បុគ្គលិក មិនបាន​អនុវត្តតាម​ការណែនាំ​ និង​វិធានការ​សុវត្ថិភាព របស់​មន្ត្រី​ទេសចរណ៍​ និង​មន្ត្រីនគរបាល​ទេសចរណ៍​ជាដើម នោះ​ពិតណាស់ថា លោក ​(​ក​) ដែលជា​ម្ចាស់​កន្លែង​កម្សាន្ត​នោះ​នឹង​អាចមាន​ចំណែក​ទទួល​ខុស-​ត្រូវ​លើ​ការស្លាប់​នេះ ទៅតាម​ទំហំ​ជាក់ស្តែង​នៃ​កំហុស​ដែល​ខ្លួន​បាន​បង្ក​ទ្បើង​។ ផ្ទុយទៅវិញ ប្រសិនបើ​ការស្លាប់​នោះ​​មិនមែន​បណ្តាល​មកពី​ការធ្វេសប្រហែស ការមិន​ប្រុងប្រយ័ត្ន ឬ​ការ​ខ្ជីខ្ជា និង​/​ឬ ការបំពាន​លើ​កាតព្វកិច្ច​សន្តិសុខ​ ឬ​កាតព្វកិច្ច​ប្រុងប្រយ័ត្ន​ដែល​ច្បាប់​តម្រូវ​ទេនោះ​លោក​ (​ក​) ដែលជា​ម្ចាស់​កន្លែង​កម្សាន្ត​ជាគោលការណ៍​ច្បាប់​មិន​តម្រូវឱ្យ​មាននូវ​ការទទួល​ខុសត្រូវ​លើ​ការស្លាប់​នេះ​ទ្បើយ​។

ឧទាហរណ៍៖ ករណី​លង់ទឹក​ស្លាប់​​បែបនេះ នាពេល​កន្លងមក​ក៏​ធ្លាប់​កើតមានទ្បើង​នៅពេល​យប់​ចំពោះ​អនីតិជន​ (​ជា​កុមារ​) ​ពាក់កណ្តាល​ខែមេសា ឆ្នាំ​ ២០១៥​។

ករណី​នេះដែរ លោក ​(​ក​) ​បាន​បដិសេធ​ទទួល​ខុសត្រូវ ព្រោះ​គាត់​លើក​ហេតុផល​ថា គាត់​ជា​ម្ចាស់​ទីតាំង​កម្សាន្ត​មែន តែ​គាត់​មិនបាន​ហៅ​ ឬ​អូសទាញ​ជនរងគ្រោះ​ឱ្យមក​ស្លាប់​ទេ ក៏ប៉ុន្តែ​បើ​គិតពី​ផ្លូវច្បាប់​វិញ​យ៉ាងម៉េច​ដែរ​?

យោងតាម​មាត្រា​ ២៤​ នៃ​ក្រម​ព្រហ្មទណ្ឌ ​(​គោលការណ៍​ឯកត្តកម្ម​នៃ​ការទទួល​ខុសត្រូវ​ព្រហ្មទណ្ឌ​) “​បុគ្គល​ម្នាក់ៗ ទទួល​ខុសត្រូវ​ព្រហ្មទណ្ឌ​តែ​ចំពោះ​អំពើ​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ​។ អំពើ​ផ្ទាល់ខ្លួន មានន័យថា ប្រសិនបើ​បុគ្គល​ណា​ម្នាក់​ជា​អ្នកប្រព្រឹត្ត​បទល្មើស ហេតុនេះ បុគ្គល​នោះ​ត្រូវតែ​ជា​អ្នក​ទទួលខុស​-​ត្រូវ​ព្រហ្មទណ្ឌ​ចំពោះ​បទល្មើស​នោះ​។ ករណីនេះ លោក ​(​ក​) ពិតជា​អាច​បដិសេធ​ក្នុងការ​ទទួល​ខុសត្រូវ​បាន ព្រោះថា គាត់​មិនមែនជា​អ្នកប្រព្រឹត្ត​បទល្មើស​ដោយផ្ទាល់​ទ្បើយ លើកលែង​ការស្លាប់​នោះ​បណ្តាល​មកពី​កំហុស​របស់​អ្នកតំណាង​ (​បុគ្គលិក​) ​ហើយ​ធ្វើ​ទ្បើង​ដើម្បី​ជា​ប្រយោជន៍​របស់ខ្លួន ក្នុងករណីនេះ លោក​ (​ក​) ​ដែលជា​ម្ចាស់​ទីតាំង​កម្សាន្ត មិនអាច​បដិសេធ​ក្នុងការ​ទទួល​ខុសត្រូវ​បាន​ទ្បើយ ព្រោះថា នេះ​ជា​ការទទួល​ខុសត្រូវ​ព្រហ្មទណ្ឌ​ក្នុងនាម​ជា​នីតិបុគ្គល​ដែល​មាន​បញ្ញតិ្ត​ក្នុង​មាត្រា​ ៤២​ នៃ​ក្រមព្រហ្មទណ្ឌ​។ នេះ​គឺមាន​លក្ខណៈ​ខុសគ្នា​ទៅនឹង​រឿងក្តី រដ្ឋប្បវេណី គឺ​ច្បាប់​បានអនុញ្ញាត​ឱ្យ​អ្នកដទៃ​​អាចជា​អ្នក​ត្រូវ​ទទួលខុសត្រូវ​ជំនួស​បាន​ (​ការទទួល​ខុសត្រូវ​រដ្ឋប្បវេណី​ចំពោះ​អំពើ​របស់​អ្នកដទៃ​) ​ដូចជា ការទទួល​ខុសត្រូវ​របស់​និយោជក​ (​ចំពោះ​អំពើ​របស់​និយោជិត​) ​និង​អំពើ​អនីត្យានុកូល​របស់​នីតិបុគ្គល ជាដើម​ (​មាត្រា ៧៤៧ និង​មាត្រា​ ៧៤៨ ​នៃ​ក្រមរដ្ឋប្បវេណី​)​។

ប្រសិនបើ​លោក​ (​ក​) ​ត្រឹមតែ​ចេញ​សំណង​ជំងឺ​ចិត្ត​ទៅឱ្យ​ក្រុមគ្រួសារ​ជនរងគ្រោះ​តើ​អាច​បញ្ចប់​ត្រឹមនេះ​បានទេ​? ហើយ​ថា តើ​លោក​ (​ក​) ​ជាប់​បណ្តឹង​អាជ្ញា ឬ​យ៉ាងណា​?

យោងតាម​មាត្រា ​២ នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​បាន​បញ្ញត្តិ​មាន​បណ្តឹង​ ២ គឺ​បណ្តឹងអាជ្ញា និង​បណ្តឹងរដ្ឋប្បវេណី​។ បណ្តឹងអាជ្ញា និង​បណ្តឹងរដ្ឋប្បវេណី​គឺជា​បណ្តឹង​ ២ ​ផ្សេងគ្នា​។

- បណ្តឹងអាជ្ញា​៖ គឺជា​បណ្តឹង​ដែល​​មាន​គោលបំណង​ពិនិត្យ​អត្ថិភាព​នៃ​បទល្មើស​បង្ហាញ​ឱ្យឃើញ​ពិរុទ្ធភាព​នៃ​ជនល្មើស និង​ផ្តន្ទាទោស​ជននេះ​តាមច្បាប់​កំណត់​។

- បណ្តឹង​រដ្ឋប្បវេណី​៖ គឺជា​បណ្តឹង​ដែលមាន​គោលបំណង​ក្នុង​ការជួសជុល​ការខូចខាត ដែល​បណ្តាលមកពី​អំពើ​ល្មើស​ដល់​ភាគី​រងគ្រោះ ហើយ​ក្នុង​គោលបំណង​ឱ្យ​ជនរងគ្រោះ​បានទទួល​នូវ​សំណង​ជំងឺ​ចិត្ត​ធួន​ល្មម​នឹង​ព្យសនកម្ម​ដែល​ខ្លួន​បានទទួល​។

យោងតាម​មាត្រា​ ១៣១ នៃ​រដ្ឋ​ធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បញ្ញត្តិ​ថាៈ “​មានតែ​អង្គការ​អយ្យការ​ទេ​ដែលមាន​សិទ្ធិ​ធ្វើ​បណ្តឹងអាជ្ញា​។ ​ការណ៍​នេះ ការធ្វើ​បណ្តឹងអាជ្ញា​គឺជា​សិទ្ធិ​ផ្តាច់មុខ​របស់​ស្ថាប័ន​អយ្យការ​ ឬ​ព្រះរាជអាជ្ញា​។ ទាក់ទិន​នឹង​ចំណោទបញ្ហា​ខាងលើ ករណី​លោក​ (​ក​)​ ត្រឹមតែ​ចេញ​សំណង​ជំងឺ​ចិត្ត​ទៅឱ្យ​ក្រុមគ្រួសារ​ជន​រងគ្រោះ​តើ​អាច​បញ្ចប់​ត្រឹមនេះ​បានទេ​? ហើយ​ថា តើ​លោក ​(​ក​) ​ជាប់​បណ្តឹងអាជ្ញា​ឬ​យ៉ាងណា​? ​បណ្តឹងអាជ្ញា​នឹងត្រូវ​ចាប់ផ្តើម​ដំណើរការ​ដោយ​ការចោទប្រកាន់​ពី​បទល្មើស​ព្រហ្មទណ្ឌ​ណាមួយ​ដោយ​ស្ថាប័ន​អយ្យការ​ និង​សុំឱ្យ​អនុវត្ត​ច្បាប់​នៅ​ចំពោះមុខ​យុត្តាធិការ​ស៊ើបសួរ​ (​ចៅក្រម​ស៊ើបសួរ​) និង​យុត្តាធិការ​ជំនុំជម្រះ (​ចៅក្រម​ជំនុំជម្រះ​)​។ ហេតុ​ដូច្នេះ ករណីនេះ​ប្រសិនបើ​ព្រះរាជអាជ្ញា​សម្រេច​ចោទប្រកាន់​រួចហើយ នោះ​ច្បាស់​ណាស់​ថា ត្រឹមតែ​ចេញ​សំណង​ជំងឺ​ចិត្ត​ទៅឱ្យ​ក្រុមគ្រួសារ​ជនរងគ្រោះ លោក​ (​ក​) ​មិនអាច​រួច​ផុតពី​បណ្តឹង​អាជ្ញា​បាន​ទ្បើយ​។ ​ដោយ​ទ្បែក​ប្រសិនបើ​គ្មាន​ការចោទប្រកាន់​ពីបទ​ល្មើស​ព្រហ្មទណ្ឌ​ណាមួយ​ទេ ការចេញ​សំណង​ជំងឺ​ចិត្ត​ទៅឱ្យ​ក្រុមគ្រួសារ​ជនរងគ្រោះ​របស់លោក​ (​ក​) ​នោះ​នឹង​អាច​ត្រូវ​បញ្ចប់​ត្រឹមនេះ ដោយ​មិន​ជាប់​នូវ​បណ្តឹងអាជ្ញា​ទ្បើយ​។

ករណី​នេះដែរ ប្រសិនបើ​អាងទឹក​នោះ​មាន​សរសេរ​ស្លាក​ហាម​មនុស្ស​ចុះ​លេង​ទឹក​។ តើ​បែបនេះ​លោក (​ក​) ត្រូវ​រួចផុត​ដោយ​មិន​ជាប់​ពាក់ព័ន្ធ​បទល្មើស​ឬ​?

ប្រសិនបើ​មានការ​សរសេរ​ស្លាក​ហាម​មិនឱ្យ​មនុស្ស​ចុះ​លេង​ទឹក ហើយ​ជនរងគ្រោះ​នៅតែ​ចចេស​រឹងរូស​មិន​ព្រម​គោរព​កាតព្វកិច្ច​របស់​ម្ចាស់​កន្លែង​កម្សាន្ត​តម្រូវ តាមផ្លូវ​ច្បាប់ លោក​ (​ក​) ត្រូវ​រួច​ផុតពី​ការទទួល​ខុសត្រូវ​ចំពោះ​បទល្មើស​នេះ ព្រោះថា ខ្លួន​បាន​អនុវត្ត​វិធានការ​សុវត្ថិភាព​បាន​ត្រឹមត្រូវ​ហើយ ដោយបាន​ដាក់​ស្លាក​ហាម​មិនឱ្យ​មនុស្ស​ចុះ​លេង​ទឹក​ ​ដើម្បី​បញ្ចៀស​បាន​នូវ​គ្រោះថ្នាក់ ដែល​អាច​កើតឡើង​ជាយថាហេតុ​នេះ​។

ជារួម​មកវិញ ការស្លាប់​ដោយសារ​ការលង់ទឹក​នៅតែ​ជា​រឿង​សោកសៅ បើ​មិនមាន​ការយកចិត្ត​ទុកដាក់​ទេ​​នោះ​។ ហានិភ័យ​នៃ​ការលង់ទឹក​ភាគច្រើន គឺ​កើតឡើង​ដោយសារ​កង្វះ​​ការយល់ដឹង​ពី​គ្រោះថ្នាក់ កង្វះ​ចំណេះដឹង កង្វះ​ជំនាញ​ហែល​ទឹក​ និង​ជំនាញ​ក្នុងការ​មើលថែទាំ​កុមារ​ (​កុមារ លេង ក្នុង​ទឹក ដោយ​គ្មាន​អ្នក​មើលថែ​) ​ព្រមទាំង​កង្វះ​ជំនាញ​សង្គ្រោះ​បឋម​ជាដើម​។ ដើម្បី​អាច​កាត់បន្ថយ​ការ​លង់​ទឹកបាន លុះត្រាតែ​មានការ​យកចិត្ត​ទុកដាក់​ពី​​បុគ្គល​ និង​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុងការ​បង្កើន ការប្រុងប្រយ័ត្ន និង​ទប់ស្កាត់​តាមរយៈ​ការណែនាំ​ប្រជាពលរដ្ឋ​ឱ្យ​ប្រុងប្រយ័ត្ន​ពី​ការ​លង់ទឹក និង​គ្រោះថ្នាក់​ផ្សេងៗ​ដើម្បី​​បង្ការ និង​ទប់ស្កាត់​៕