The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - តើ​ហេតុអ្វី​ទើប​មាន​ការ​ឃុំខ្លួន​អ្នកពាក់ព័ន្ធ​នឹង​បទល្មើស​ឧក្រិដ្ឋ​?

តើ​ហេតុអ្វី​ទើប​មាន​ការ​ឃុំខ្លួន​អ្នកពាក់ព័ន្ធ​នឹង​បទល្មើស​ឧក្រិដ្ឋ​?

Content image - Phnom Penh Post
លោក​មេធាវី យុង ផានិត កាលពីពេល​កន្លងមក​។ រូបថត សហការី

តើ​ហេតុអ្វី​ទើប​មាន​ការ​ឃុំខ្លួន​អ្នកពាក់ព័ន្ធ​នឹង​បទល្មើស​ឧក្រិដ្ឋ​?

ជាទូទៅ​អ្នកប្រព្រឹត្ត​ឧក្រិដ្ឋ​ជាក់ស្ដែង​​រមែង​ប្រឈមមុខ​នឹង​ការជាប់​ពន្ធនាគារ​​ដោយ​ចៀស​មិន​រួច​ឡើយ​។ ក៏ប៉ុន្តែ​មាន​អ្នក​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​បែបនេះ​ខ្លះ ត្រូវបាន​ចាប់ឃុំខ្លួន​ទាំង​មិនទាន់​ដឹងថា គេ​ពិតជា​បាន​ប្រព្រឹត្ត​បទល្មើស​​មែន​ឬក៏​អត់​ផង​។ ចង់ដឹងថា​តើ​ហេតុអ្វី​បានជា​មានការ​ឃុំខ្លួន​បែបនេះ​ទៅវិញ​?

ជុំវិញ​ករណីនេះ ភ្នំពេញ​ប៉ុស្ដិ៍​បាន​សុំ​ការពន្យល់​ពី​លោក​មេធាវី យុង ផានិត ក្រុម​មេធាវី​ច្បាប់ និង​ពិគ្រោះ​យោបល់​ដែលមាន​ការិយាល័យ​ផ្ទះ​លេខ ២១១០B ផ្លូវជាតិ​លេខ​ ៥ សង្កាត់​ស្រះចក ខណ្ឌ ដូនពេញ តាមរយៈ​សំណួរ​ដូចតទៅ​៖

ឧបមាថា មាន​បុរស​ ៤ ​នាក់​បានធ្វើ​ដំណើរ​តាមផ្លូវ ក៏ប៉ុន្តែ​ខណៈ​កំពុង​ធ្វើ​ដំណើរ​នោះ​ស្រាប់តែ​មាន​គេ​មកចាក់​បុរស​ម្នាក់​ក្នុងចំណោម​នោះ​បណ្ដាល​ឱ្យ​គ្រោះថ្នាក់​ដល់​ជីវិត រីឯ​ជនដៃដល់​ក៏បាន​គេចខ្លួនបាត់​។ ​ករណីបែបនេះ​តើ​អ្នក​ដែល​នៅក្នុង​ក្រុម​ជាមួយ​ជនរងគ្រោះ​នោះ​នឹងត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ឬ​យ៉ាងណា​?

ដើម្បី​ដឹងថា តើ​មនុស្ស​ដែល​ស្ថិតនៅក្នុង​ក្រុម​ជាមួយ​អ្នក​ដែល​ត្រូវបាន​គេ​ចាក់​សម្លាប់​នោះ​ត្រូវ​នគរបាល​ឃាត់ខ្លួន​ឬ​យ៉ាងណា​នោះ គួរ​គួ​ប្បី​អង្កេត​មើលថា​តើ​ការស្លាប់​របស់​ជនរងគ្រោះ​ចាត់​ចូលក្នុង​បទ​អី​? ​បទឧក្រិដ្ឋ បទមជ្ឈិម​ ឬក៏​បទលហុ​។ ​តាម​អង្គហេតុ​បទល្មើស​ខាងលើ​គឺ​បានបង្ហាញ​ឱ្យឃើញ​ និង​ចាត់​ចូលក្នុង​បទឧក្រិដ្ឋ ប៉ុន្តែ​ដោយសារ​ជន​ប្រព្រឹត្ត​​រត់គេចខ្លួន​បាត់​។ ​ម្យ៉ាង​ដើម្បី​ស្រាវជ្រាវ​រកមុខ​ជនដៃដល់​ឱ្យឃើញ​ផង​នោះ នគរបាល​យុត្តិធម៌​ត្រូវតែ​អនុវត្ត​តាមច្បាប់​​គឺ​ត្រូវ​ឃាត់ខ្លួន​គ្នីគ្នា​ទាំង​ប៉ុន្មាន​នាក់​ដែល​ដើរ​ក្នុង​ក្រុម​ជាមួយ​ជនរងគ្រោះ ដើម្បី​សាកសួរ និង​សុំ​គោលការណ៍​ពី​ព្រះរាជអាជ្ញា​។ ​បន្ទាប់មក​នគរបាល​យុត្តិធម៌​ប្រគល់​មនុស្ស​ទាំងនោះ​ទៅ​ព្រះរាជអាជ្ញា​ និង​បញ្ជូនទៅ​ចៅក្រម​ស៊ើបសួរ ហើយ​បើ​ចៅក្រម​ស៊ើបសួរ​យល់ថា ជន​ទាំង​ ៣ ​នាក់​អាច​ជាប់​សង្ស័យថា ពាក់ព័ន្ធ​នឹង​បទល្មើស​នោះ​ចៅក្រម​ស៊ើបសួរ​សម្រេច​ចេញ​ដីកាឃុំខ្លួន​បណ្តោះអាសន្ន​នៅក្នុង​​ពន្ធនាគារ​។

ហេតុអ្វី​បានជា​ត្រូវ​ឃុំ​មនុស្ស​ទាំងនោះ​ទៅវិញ ព្រោះ​ពួកគេ​ម្នាក់ៗ​សុទ្ធតែ​ប្រកែក​ថា មិនបាន​សម្លាប់​ជនរងគ្រោះ​ផង​នោះ​។ ម្យ៉ាង​បើ​ពួកគេ​ជា​អ្នកប្រព្រឹត្ត​ចាំបាច់​អី​ត្រូវ​ពួកគេ​យក​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ​នៅ​មុនពេល​ស្លាប់​?

មូលហេតុ​ដែល​ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំខ្លួន​បុគ្គល​ទាំងនោះ ដោយសារ​សាកសព​របស់​ជនរងគ្រោះ​ពេល​កើតហេតុ​ស្ថិតនៅ​ក្នុងចំណោម​អ្នក​ទាំង​ ៣​ នាក់ ហើយ​ពេល​ដឹក​ជនរងគ្រោះ​យកទៅ​មន្ទីរពេទ្យ​ក៏​ពួកគេ​ជា​អ្នក​យកទៅ​ដែរ​។

ឧទាហរណ៍​ថា ជន​ទាំង​ ៣ ​នាក់​នោះ​ពួកគេ​ឆ្លើយ​ប្រាប់​សមត្ថកិច្ច​ថា ពួកគេ​បានឃើញ​ជន​ម្នាក់​មកចាក់​ជនរងគ្រោះ​ហើយ​រត់​គេចខ្លួនបាត់​។ ​ចម្លើយ​នេះ​មាន​ភាព​ច្រពេចច្រពិល​ក្នុង​ការ​វិនិច្ឆ័យ​ពេល​នគរបាល​យុត្តិធម៌​សួរ​បញ្ជាក់​អំពី​អត្តសញ្ញាណ​ជនសង្ស័យ​ក៏​នៅតែ​ជន​ទាំង ​៣ ​នាក់​ឆ្លើយ​មិន​ច្បាស់លាស់​។ ​ព្រោះថា​កាលណា​មាន​មនុស្ស​ត្រូវគេ​សម្លាប់​ត្រូវតែមាន​អ្នកទទួល​ខុសត្រូវ​។

ចំពោះ​ថា ការដែល​តុលាការ​ឃុំខ្លួន​ជន​ទាំង​ ៣ ​នាក់​នោះ​វិញ ក៏​មិនមែន​ប្រាកដថា អ្នក​ទាំងនោះ​ត្រូវតែ​មានទោស​ទេ តែ​ផ្ទុយទៅវិញ​ការឃុំខ្លួន​គឺ​ដើម្បី​ស្រាវជ្រាវ​រក​ការពិត​នៃ​សំណុំ​រឿងនេះ​ប៉ុណ្ណោះ​។ មូលហេតុ​នៃ​ការឃុំខ្លួន​បណ្តោះអាសន្ន​នេះ ព្រោះតែ​នគរបាល​យុត្តិធម៌​ដែល​ស្ថិតនៅក្រោម​អំណាច​ព្រះរាជអាជ្ញា គឺ​ត្រូវតែ​ឃុំខ្លួន​បណ្តោះអាសន្ន​ដល់​ក្រុម​បុគ្គល​ទាំងនោះ​សិន​ហើយ ដើម្បី​ស៊ើបអង្កេត ព្រោះ​ពួកគាត់​សង្ស័យ​ជាប់​ពាក់ព័ន្ធ​បទឧក្រិដ្ឋ​។ ​ថ្វីដ្បិតតែ​ក្រុម​ជន​ទាំងនោះ​ត្រូវបាន​ឃុំខ្លួន​បណ្តោះអាសន្ន​នៅក្នុង​ពន្ធនាគារ​មែន​ ក៏ប៉ុន្តែ​ពួកគេ​នៅតែ​ស្ថិតក្នុង​ចំណុច​ជនសង្ស័យ​នៅឡើយ​ទេ ពោលគឺ​ពួកគេ​​មិនទាន់​ជំនុំជម្រះ និង​ចោទប្រកាន់​ក្នុង​បទល្មើស​អ្វី​នៅឡើយ​ដែរ​។

យោង​មាត្រា​ ២០៥​ នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​ចែងថា ការឃុំខ្លួន​បណ្តោះអាសន្ន​អាច​ត្រូវបាន​បង្គាប់​កាលណា​ការឃុំខ្លួន​បណ្តោះអាសន្ន​ជាការ​ចាំបាច់​៖

១-​ដើម្បី​បញ្ចប់​បទល្មើស ឬ​បង្ការ​បទល្មើស​កុំឱ្យ​កើតជា​ថ្មី​។

២-​ដើម្បី​រារាំង​កុំឱ្យ​មានការ​ត្រូវរ៉ូវ​គ្នា​រវាង​ជន​ត្រូវ​ចោទ និង​អ្នកសមគំនិត​។

៣-​ដើម្បី​រក្សា​ភ័ស្តុតាង​ ឬ​តម្រុយ​ជា​សម្ភារ​។

៤-​ដើម្បី​ធានា​រក្សា​ជន​ត្រូវ​ចោទ​ទុក​ជូន​តុលាការ​ចាត់ការ​តាម​នីតិវិធី​។

៥-​ដើម្បី​ការពារ​សន្តិ​ខុស​ឱ្យ​ជន​ត្រូវ​ចោទ​។

៦-​ដើម្បី​ធានា​រក្សា​សណ្តាប់ធ្នាប់​សាធារណៈ​កុំឱ្យ​មានការ​ច្របូកច្របល់​ដែល​បណ្តាលមកពី​បទល្មើស​។

ការឃុំខ្លួន​នេះដែរ ក៏​ដើម្បីឱ្យ​ក្រុម​ជន​ទាំងនោះ​សហការ​ជាមួយ​នគរបាល​យុត្តិធម៌​ធ្វើយ៉ាងណា​រក​ភ័ស្តុតាង​មក​បញ្ជាក់​អះអាងថា ក្រុម​ខ្លួន​មិនមែន​ជា​អ្នក​សម្លាប់​ជនរងគ្រោះ​។ ​ហេតុដូច្នេះ​កុំឱ្យ​មានការ​យល់ច្រឡំ​ថា ហេតុអ្វី​បានជា​សមត្ថកិច្ច​មិនបាន​បើក​ការស៊ើបអង្កេត​ហើយ​បែរជា​ទៅ​ឃាត់ខ្លួន​ក្រុមមនុស្ស​ទាំងនោះ​ទៅវិញ​? ដោយហេតុថា សាកសព​របស់​ជនរងគ្រោះ​នៅក្នុង​ដៃ​ក្រុមមនុស្ស​ដែលជា​មិត្តភក្ដិ​របស់​ជនរងគ្រោះ​ខណៈ​ដែល​ក្រុមមនុស្ស​ទាំងនោះ​យក​មិត្តភក្ដិ​ទៅ​មន្ទីរពេទ្យ​ហើយ​បាន​ស្លាប់​។

ប្រសិន​បើ​ក្រុមមនុស្ស​ទាំងនោះ ឆ្លើយ​បដិសេធថា ពួកគេ​មិនបាន​ប្រព្រឹត្ត​តែមាន​អ្នកផ្សេង​មក​សម្លាប់ បែបនេះ​តើ​ច្បាប់​ត្រូវ​ទាមទារ​ឱ្យ​បង្ហាញ​អ្វី​មក​បញ្ជាក់​?

បើ​មាន​ករណីបែបនេះ​ច្បាប់​ត្រូវ​ទាមទារ​ពី​ទម្រង់​ពី​រូបភាព​របស់​ជនល្មើស​​ដោយ​ជនល្មើស​មក​ធ្វើ​សកម្មភាព​យ៉ាងម៉េច ហើយ​មាន​រាងរៅ​យ៉ាងម៉េច​? ​ហើយ​ជនរងគ្រោះ​ពីមុនមក​ធ្លាប់មាន​ជម្លោះ​ជាមួយ​នរណា​ដែរ​អត់​?​ ហើយ​នៅ​ទីតាំង​កើតហេតុ​មាន​មនុស្ស​អ៊ូអរ​ដែរ​អត់​? ​ហើយ​ជន​ទាំង​ ៣​ នាក់​មានការ​ស្រែក​ឱ្យ​មនុស្ស​នៅក្បែរៗ​នោះ ជួយ​ជនរងគ្រោះ​ដែរ​ឬ​អត់​? តែបើ​នៅ​កន្លែង​នោះ​មាន​មនុស្ស​ច្រើន តែ​ពួកគេ​មិន​ស្រែក​ឱ្យ​អ្នកផង​ជួយ នេះហើយ​ជា​ចំណុច​ដែល​គេ​សង្ស័យ ព្រោះ​នគរបាល​​យុត្តិធម៌​មាន​ជំនាញ​របស់គាត់​។ ​តែបើ​ក្រុមមនុស្ស​ទាំងនោះ​ឆ្លើយ មិងមាំង​ [​ស្ទាក់ស្ទើរ ]​មិន​សម​ហេតុផល​គឺ​មានន័យថា ពួកគេ​នោះ​ហើយ​ជា​អ្នកប្រព្រឹត្ត​៕

អត្ថបទគួរចាប់អារម្មណ៍