
លោកមេធាវី ផុន ធារិន កាលពីពេលកន្លងមក។ រូបថត សហការី
ជាទូទៅ ការទទួលទិញផលចោរកម្មដោយគ្មានឯកសារត្រឹមត្រូវតែងតែប្រឈមនឹងទោសទណ្ឌទៅតាមច្បាប់។
ចុះប្រសិនបើការទិញរបស់ដែលគេលួចនោះបន្ដដោយមានឯកសារពីក្រុមហ៊ុនត្រឹមត្រូវ តើខុសច្បាប់ឬទេ? ជុំវិញចម្ងល់នេះភ្នំពេញប៉ុស្ដិ៍បានសុំការពន្យល់ពីលោកមេធាវី ផុន ធារិន ដែលបម្រើការនៅការិយាល័យមេធាវី ផុន ធារិន ស្ថិតនៅបុរីឌឺមេគង្គរ៉ូយ៉ាល់ ផ្ទះលេខ ៧១ ផ្លូវ M08 ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ តាមរយៈសំណួរដូចតទៅ៖
ប្រសិនបើលោក (ក) បានទិញម៉ូតូ ១ គ្រឿង និងមានលិខិតបញ្ជាក់ពីក្រុមហ៊ុនលក់ម៉ូតូផង តែក្រោយមកត្រូវបានចោរលួច ហើយយកម៉ូតូនោះទៅលក់ឱ្យក្រុមហ៊ុនមួយទៀត។ ឯលោក (ក) ក៏បានដាក់បណ្តឹងនៅប៉ុស្តិ៍នគរបាល រីឯម៉ូតូនោះត្រូវបានលោក (ខ) ទិញបន្តពីក្រុមហ៊ុនដែលចោរយកទៅលក់ឱ្យនោះ ដោយមានលិខិតបញ្ជាក់ពីក្រុមហ៊ុនលក់ម៉ូតូត្រឹមត្រូវផងដែរ តែក្រោយមកលោក (ខ) ត្រូវបាននគរបាលឃាត់ពេលកំពុងជិះម៉ូតូនោះ។ ចំពោះករណីនេះ តើលោក (ខ) ជាប់ពីបទលួចឬទេ?
បើយោងតាមមាត្រា ៣៥៣ នៃក្រមព្រហ្មទណ្ឌបានចែងថា អំពើលួច គឺជាអំពើដកហូតដោយទុច្ចរិតនូវទ្រព្យសម្បត្តិ ឬវត្ថុផ្សេងទៀតរបស់អ្នកដទៃ តាមគ្រប់មធ្យោបាយក្នុងគោលបំណងយកមកធ្វើជាកម្មសិទ្ធិរបស់ខ្លួន។ តាមខ្លឹមសារនេះបានបង្ហាញថា លោក (ខ) មិនជាប់ពីបទលួចនោះទេ។ ដោយហេតុថា លោក (ខ) បានទិញម៉ូតូពីក្រុមហ៊ុនដោយសុចរិត ព្រមទាំងមានលិខិតបញ្ជាក់ពីក្រុមហ៊ុនត្រឹមត្រូវ ហើយលោក (ខ) ពុំបានដឹងនោះទេថា ម៉ូតូដែលខ្លួនទិញមកនេះជាម៉ូតូដែលចោរបានលួចយកទៅលក់ឱ្យក្រុមហ៊ុន។ ដោយឡែក ប្រសិនលោក (ខ) បានដឹងថា ម៉ូតូនេះ មិនមានឯកសារត្រឹមត្រូវ នៅតែព្រមទទួលទិញយកទៅប្រើប្រាស់ទៀតក្នុងតម្លៃថោកជាងទីផ្សារណាមួយនោះ ទោះបីលោក (ខ) បានសួរនាំ ឬមិនបានសួរនាំពីប្រវត្តិម៉ូតូដែលបានទិញពីក្រុមហ៊ុនលក់បន្តក្ដី លោក (ខ) អាចទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌពាក់ព័ន្ធនឹងអំពើទទួលផលចោរកម្ម។
យោងតាមមាត្រា ៣៩៩ នៃក្រមព្រហ្មទណ្ឌបានចែងថា អំពើទទួលផលចោរកម្ម គឺជាអំពើទទួលលាក់បំបាំងរក្សាទុក ឬបញ្ជូនវត្ថុអ្វីមួយដោយដឹងថា វត្ថុនោះបានមកពីបទឧក្រិដ្ឋ ឬបទមជ្ឈិម។ យោងតាមខ្លឹមសារនេះបានបង្ហាញថា ប្រសិនបើជនណាម្នាក់បានទទួល លាក់បាំង ឬបញ្ជូនវត្ថុអ្វីមួយ ដោយខ្លួនបានដឹងថា វត្ថុនោះ គឺជាវត្ថុដែលបានមកពីការប្រព្រឹត្តរាល់បទល្មើស គឺជាអំពើទទួលផលចោរកម្ម។ ក្នុងករណីនេះ ក្រុមហ៊ុនដែលបានទទួលទិញម៉ូតូពីចោរដោយខុសច្បាប់ គ្មានប័ណ្ណសម្គាល់ទោចក្រយានយន្ត និងឯកសារពាក់ព័ន្ធ ហើយថែមទាំងបានយកទៅលក់បន្ត ដើម្បីយកចំណេញ។ អំពើទទួលផលចោរកម្មត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ) ឆ្នាំទៅ ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី ៤ ០០០ ០០០ (បួនលាន) រៀលទៅ ១ ០០០ ០០០ (ដប់លាន) រៀល។
ចុះបើលោក (ក) មិនបានដាក់ពាក្យបណ្តឹងទេ តែគាត់បានឃើញលោក (ខ) ជិះ ដោយសារគាត់ចំណាំស្លាកលេខហើយឃាត់ខ្លួនឱ្យនគរបាល ខណៈលោក (ខ) មានលិខិតធានាត្រឹមត្រូវពីក្រុមហ៊ុន តើលោក (ក) មានសិទ្ធិទាមទារយកម៉ូតូវិញបានដែរទេ?
យោងតាមមាត្រា ១៩៤ នៃក្រមរដ្ឋប្បវេណីបានកំណត់ថា ប្រសិនបើវត្ថុដែលត្រូវបានធ្វើអនុប្បទាននោះជាវត្ថុលួច ឬបាត់ ជនរងគ្រោះ ឬម្ចាស់វត្ថុបាត់នោះអាចទាមទារឱ្យអនុប្បទានិកនោះសងវត្ថុនោះមកវិញបាន ក្នុងអំឡុងពេល ២ ឆ្នាំ គិតចាប់ពីពេលបាត់ ឬពេលត្រូវបានលួច។
ម្យ៉ាងទៀតមាត្រាដដែលក៏បានកំណត់ថា ប្រសិនបើអនុប្បទានិកបានទិញវត្ថុបាត់ ឬលួចនោះដោយសុចរិត តាមរយៈការលក់ដេញថ្លៃ ឬនៅផ្សារសាធារណៈ ឬពីពាណិជ្ជករឬអាជីវករដែលលក់វត្ថុប្រភេទដូចគ្នានេះ ជនរងគ្រោះ ឬម្ចាស់វត្ថុបាត់មិនអាចទាមទារឱ្យសងវត្ថុនោះវិញបានទេបើមិនសងប្រាក់ដែលអ្នកកាន់កាប់នោះបានបង់។ តាមអត្ថន័យបានបង្ហាញថា ប្រសិនបើម៉ូតូដែលបាត់ទៅ មិនទាន់ដល់រយៈពេល ២ ឆ្នាំ ហើយលោក (ក) បានឃើញម៉ូតូរបស់ខ្លួនត្រូវអ្នកផ្សេងជិះ លោក (ក) អាចធ្វើការទាមទារម៉ូតូដែលបាត់នោះពីលោក (ខ) វិញបាន ប៉ុន្តែលោក (ក) ត្រូវចេញថ្លៃប្រាក់ដែលលោក (ខ) បានទិញពីក្រុមហ៊ុន ដោយហេតុថា លោក (ខ) បានទិញម៉ូតូនោះដោយសុចរិតព្រមទាំងមានលិខិតបញ្ជាក់ពីក្រុមហ៊ុនត្រឹមត្រូវដោយលោក (ខ) ពុំបានដឹងថាម៉ូតូដែលខ្លួនបានទិញនោះជាម៉ូតូដែលចោរបានលួចទៅលក់ឱ្យក្រុមហ៊ុនទេ ព្រោះក្រុមហ៊ុនក៏បានចេញលិខិតទិញលក់ជូនលោក (ខ) ផងដែរ ហេតុដូច្នេះលោក (ក) ត្រូវបង់ប្រាក់ទៅលោក (ខ) ក្នុងករណីដែលលោក (ក) ចង់ទាមទារម៉ូតូនោះពីលោក (ខ) វិញ។
ក្នុងករណីនេះ ប្រសិនបើលោក (ក) គ្រាន់តែចាំស្លាកលេខម៉ូតូហើយគាត់ពុំមានឯកសារគ្រប់គ្រាន់សម្រាប់បញ្ជាក់ថា គាត់ពិតជាម្ចាស់កម្មសិទ្ធិករ ហេតុនេះគាត់ពុំអាចធ្វើការទាមទារម៉ូតូដែលបាត់នោះត្រឡប់មកវិញបានទេ៕