
លោក មេធាវី ទៀង វុទ្ធា កាលពីពេលកន្លងមក។ រូបថត សហការី
តាមច្បាប់ ការថតរូបអ្នកដទៃ ឬមន្ត្រីណាម្នាក់ មិនមែនចេះធ្វើបានគ្រប់ទីកន្លែងនោះទេ។ ផ្ទុយទៅវិញមានកន្លែងខ្លះមានលក្ខណៈឯកជនដោយអ្នកថតត្រូវសុំការអនុញ្ញាតជាមុនសិន ហើយមានខ្លះត្រូវបានគេដាក់បម្រាមទៀតផង។
ចុះបើការថតរូបនោះធ្វើឡើងនៅទីសាធារណៈ ហើយជារូបមន្ត្រីសាធារណៈទៀតនោះ តើការថតរូបនោះខុសច្បាប់ដែរឬទេ? ជុំវិញចម្ងល់នេះ ភ្នំពេញប៉ុស្ដិ៍ បានសុំការពន្យល់ពីលោកមេធាវី ទៀង វុទ្ធា បម្រើការនៅការិយាល័យមេធាវី ធីវី ផ្ទះលេខ ៥០ BEO ផ្លូវ ២៨២ សង្កាត់បឹងកេងកង ១ ខណ្ឌបឹងកេងកង រាជធានី-ភ្នំពេញ តាមរយៈសំណួរដូចតទៅ៖
ឧបមាថា លោក (ក) ជាអ្នកកាសែតបានដើរតាមផ្លូវសាធារណៈហើយបានប្រទះឃើញទីតាំងមួយមាននគរបាលប្រមូលផ្តុំគ្នាច្រើន។ ពេលនោះលោក (ក) ចាប់អារម្មណ៍ហើយថតរូបផ្តិតយកទិដ្ឋភាពទាំងមូលពីចម្ងាយតែត្រូវនគរបាលឃាត់ខ្លួនគាត់។ តើការឃាត់ខ្លួននោះត្រឹមត្រូវតាមច្បាប់ឬ?
ប្រសិនបើមានករណីដូចខាងលើគឺការឃាត់ខ្លួននោះមិនត្រឹមត្រូវតាមច្បាប់ទេ បើការថតនោះបានធ្វើឡើងនៅទីតាំងសាធារណៈមិនប៉ះពាល់ដល់សិទ្ធិខាងរូបភាពនៃបុគ្គលក្នុងទីកន្លែងឯកជនទេ ដែលតម្រូវឱ្យមានការព្រមព្រៀងជាមុន អនុលោមតាមមាត្រា ៣០២ នៃក្រមព្រហ្មទណ្ឌ។
លោក (ក) មុននឹងថត គាត់បានពិនិត្យមើលទីតាំងនោះមិនឃើញមានដាក់ស្លាកសញ្ញា ឬសរសេរស្លាកហាមថតរូបទេ ហើយម្យ៉ាងនៅទីសាធារណៈទៀត។ ម្យ៉ាងលោក (ក) បានពាក់កាតកាសែតត្រឹមត្រូវផង ដូច្នេះទង្វើរបស់លោក (ក) បែបនោះ គួរតែត្រូវសមត្ថកិច្ចឃាត់ខ្លួនគាត់ឬយ៉ាងណា?
តាមច្បាប់ សេរីភាពខាងសារព័ត៌មានត្រូវបានធានាដោយរដ្ឋធម្មនុញ្ញមាត្រា ៣១ និងមាត្រា ៤១ (មាត្រា ១ ច្បាប់ស្តីពីរបបសារព័ត៌មាន)។ ទង្វើរបស់លោក (ក) គឺជាការបំពេញភារកិច្ចជាអ្នកសារព័ត៌មាន ដែលធានាដោយរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីរបបសារព័ត៌មាន សមត្ថកិច្ចមិនគួរឃាត់ខ្លួនគាត់នោះទេ ព្រោះមិនពាក់ព័ន្ធនឹងសិទ្ធិបូរណភាពបុគ្គលឯកជនដែលចាំបាច់ត្រូវមានការព្រមព្រៀងជាមុននោះទេ។
ម្យ៉ាងវិញទៀត មន្ត្រីនគរបាលក៏បានដឹងថាទីសាធារណៈនឹងមានការថត ដូចជា សួនសាធារណៈទីប្រជុំជនផ្សេង។ល។ ជាពិសេសនៅពេលដែលមិនមានដាក់ស្លាកសញ្ញាហាមថត។
ប្រសិនបើ ការិយាល័យនគរបាលនោះសរសេរស្លាកហាមថតរូប តែទីតាំងនោះស្ថិតនៅទីសាធារណៈ តើលោក (ក) មានសិទ្ធិថតបានឬយ៉ាងណា?
ទោះបីជាមានការថតរូបនោះធ្វើឡើងចំពោះការិយាល័យនគរបាលដែលស្ថិតនៅទីសាធារណៈក៏ដោយ កាលណាមានការហាមឃាត់ លោក (ក) មិនអាចថតផ្តិតយករូបភាពនោះបានទេ ប្រសិនបើមិនបានស្នើសុំការអនុញ្ញាតជាមុនទេនោះ។
សូមលោកមេធាវី ជួយពន្យល់ ឬបកស្រាយពាក់ព័ន្ធការថតរូបនេះផងថា តើកន្លែងណាត្រូវថតរូបបាន ហើយកន្លែងណាខ្លះដែលមិនត្រូវថតបាន?
កន្លែងដែលថតរូបមិនបានគឺសំដៅទីកន្លែងឯកជនដែលការថតនោះនាំឱ្យប៉ះពាល់ដល់បុគ្គលឯកជនហើយគ្មានការព្រមព្រៀងពីបុគ្គលនោះ ឬទីកន្លែងសាធារណៈដែលមានដាក់ស្លាកហាមថត។
កន្លែងដែលថតបានគឺជាទីកន្លែងសាធារណៈដែលមិនមានស្លាកហាមថត ឬទីកន្លែងឯកជនទទួលបានការអនុញ្ញាតឱ្យថត ឬត្រូវបានសន្មតថាជាការអនុញ្ញាតឱ្យថានៅពេលដែលមានបុគ្គលនោះបានដឹងអំពីការថតហើយបុគ្គលនោះមិនជំទាស់ (មាត្រា ៣០២ នៃក្រមព្រហ្មទណ្ឌ)៕