
លោកមេធាវី តាំង ហេងហុក កាលពីពេលកន្លងមក ។ រូបថត សហការី
ជាទូទៅ ការធ្វើឱ្យខូចខាតឬបាត់បង់ទ្រព្យអ្នកដទៃដោយចេតនា គឺអ្នកប្រព្រឹត្តរមែងប្រឈមនឹងការទទួលខុសត្រូវដោយត្រូវផ្ដល់សំណងទៅតាមតម្លៃទ្រព្យសម្បតិ្តដែលបានខូចខាតឬបាត់បង់នោះ។ ចុះបើក្នុងករណីមានអគ្គិភ័យឆេះនៅទីតាំងក្រុមហ៊ុន ហើយប៉ះពាល់ដល់ទ្រព្យសម្បត្តិរបស់បុគ្គលិក តើម្ចាស់ក្រុមហ៊ុនទទួលខុសត្រូវដែរឬទេ?
ជុំវិញចម្ងល់នេះ ភ្នំពេញប៉ុស្ដិ៍បានសុំការពន្យល់ពីលោកមេធាវី តាំង ហេងហុក ជាប្រធានការិយាល័យមេធាវីរុងរឿងដែលមានទីតាំងស្ថិតនៅផ្ទះលេខ១៤អែន ផ្លូវបេតុង ភូមិដំណាក់ សង្កាត់គោកឃា្លង ខណ្ឌសែនសុខ រាជធានីភ្នំពេញ តាមរយៈសំណួរដូចខាងក្រោម៖
ឧបមាថា លោក(ក)បម្រើការក្នុងក្រុមហ៊ុន១ហើយចៃដន្យអគ្គិភ័យបានឆេះម៉ាស៊ីនភ្លើងក្នុងបរិវេណក្រុមហ៊ុននោះនិងរាលដល់ឆេះម៉ូតូរបស់លោក(ក)ដែលទុកក្នុងបរិវេណក្រុមហ៊ុនទៀត។ ករណីនេះតើម្ចាស់ក្រុមហ៊ុននឹងចេញសំណងដល់ការខូចខាតទ្រព្យសម្បត្តិរបស់គាត់ដែរឬទេ?
ឧប្បតិ្តហេតុគឺជាប្រព្រឹត្តការណ៍ដែលកើតឡើងមិនអាចគ្រប់គ្រងឬចៀសផុតបាន ប៉ុន្តែអាស្រ័យទៅលើការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នដើម្បីបង្ការកុំឱ្យមានបញ្ហាកើតឡើង។ ប៉ុន្តែត្រង់ចំណុចនេះគប្បីពិចារណាអំពីការត្រួតពិនិត្យ និងការគ្រប់គ្រងជាប្រចាំទីតាំងក្រុមហ៊ុនរបស់ខ្លួន ជាពិសេសម៉ាស៊ីនភ្លើងដែលជាកន្លែងមានហានិភ័យខ្ពស់តាមស្តង់ដាត្រួតពិនិត្យនៃម៉ាស៊ីន និងតាមការណែនាំរបស់អ្នកបច្ចេកទេសដើម្បីចៀសវាងបញ្ហាអាចកើតទ្បើងជាយថាហេតុ និងអាចនាំឱ្យមានការឆាបឆេះម៉ាស៊ីនភ្លើង ហើយអាចរាលដាលដល់ការឆេះ ឬ ខូចខាតដល់ទ្រព្យសម្បត្តិផ្សេងៗដែលនៅទីតាំងក្រុមហ៊ុននោះ។ ហេតុដូច្នេះ ទើបមានសំណួរចោទសួរតើ ករណីមានអគ្គិភ័យបានឆេះក្នុងបរិវេណក្រុមហ៊ុន និងរាលដល់ឆេះម៉ូតូរបស់លោក (ក) ជាបុគ្គលិក តើក្រុមហ៊ុនត្រូវទទួលខុសត្រូវលើការខូចខាតម៉ូតូរបស់លោក (ក) ដែរឬទេ ?
ផ្អែកតាមមាត្រា ៧៤២ នៃក្រមរដ្ឋប្បវេណី (កំហុសចេតនា និងអចេតនាក្នុងអំពើអនីត្យានុកូល) ចែងថា៖
ក-ធ្វើអំពើបំពានដោយព្យាករទុកជាមុនអំពីការកើតទ្បើងនៃលទ្ធផល ហើយដោយទទួលយកការកើតទ្បើងនៃលទ្ធផលនោះ ។
ខ-ធ្វើអំពើដែលបើតាមប្រក្រតី បុគ្គលដែលមានឋានៈនៃការងារ ឬបទពិសោធស្មើគ្នានឹងអ្នកធ្វើអំពើនោះ អាចព្យាករទុកជាមុនអំពីការកើតឡើងនៃលទ្ធផលក៏ដោយ ក៏អ្នកធ្វើអំពើនោះនៅតែពុំបានព្យាករទុកជាមុនអំពីការកើតឡើងនៃលទ្ធផលនោះ ដោយសារការធ្វេសប្រហែសមិនប្រុងប្រយ័ត្ន ហើយទោះជាមានករណីកិច្ចចៀសវាងនូវលទ្ធផលនោះក៏ដោយ ក៏នៅតែប្រព្រឹត្តផ្ទុយនឹងករណីយកិច្ចនោះ។
ផ្អែកតាមមាត្រា ៧៤៨ នៃក្រមរដ្ឋប្បវេណី ចែងថា នីតិបុគ្គលត្រូវទទួលខុសត្រូវក្នុងការខូចខាត ដែលអភិបាល ឬ អ្នកតំណាងឯទៀត បានបង្កដល់អ្នកដទៃដោយខុសច្បាប់ ដោយកំហុសចេតនា ឬដោយកំហុសអចេតនាក្នុងការអនុវត្តភារកិច្ច ។
តាមការពិនិត្យលើអង្គហេតុ និងអង្គច្បាប់ខាងលើឃើញថា ថៅកែក្រុមហ៊ុន អាចប្រឈមនឹងការទទួលខុសត្រូវដោយសារអំពើអនីត្យានុកូល ដែលកើតចេញពីការឆេះម៉ាស៊ីនភ្លើង ហើយរាលដាលឆេះដល់ម៉ូតូរបស់លោក (ក) ជាបុគ្គលិក ដោយមូលហេតុថាក្រុមហ៊ុនមានការធ្វេសប្រហែសបណ្តាលឱ្យកើតរឿងហេតុនេះទ្បើង លើកលែងតែករណីប្រធានសក្តិប៉ុណ្ណោះទើបក្រុមហ៊ុនអាចរួចផុតពីការទទួលខុសត្រូវបាន ។
ករណីនេះដែរបើមាននរណាម្នាក់ក្នុងក្រុមហ៊ុនខាងលើបង្កជាភ្លើងឆេះម៉ូតូរបស់លោក(ក)វិញ តើម្ចាស់ក្រុមហ៊ុនជាអ្នកទទួលខុសត្រូវឬយ៉ាងណា?
ជាទូទៅបុគ្គលគ្រប់រូបដែលជានីតិជន(អាយុចាប់ពី១៨ឆ្នាំឡើងទៅ)ដែលបង្កការខូចខាតដល់ទ្រព្យអ្នកដទៃប្រឈមនឹងទទួលខុសត្រូវលើសំណងដោយផ្អែកលើទំហំនៃការខូចខាតនៃអំពើរបស់សាមីខ្លួននោះ ។ ប៉ុន្តែមានករណីពិសេសមួយ ប្រសិនបើនិយោជិតនៃក្រុមហ៊ុនបំពេញការងាររបស់ខ្លួនក្នុងអំទ្បុងម៉ោងការងារគឺជាការទទួលខុសត្រូវរបស់និយោជក ។
ផ្អែកតាមមាត្រា ៧៤៧ កថាខណ្ឌ១ នៃក្រមរដ្ឋប្បវេណី ចែងថា បុគ្គលដែលប្រើនិយោជិតដើម្បីអនុវត្តកិច្ចការ ត្រូវទទួលខុសត្រូវក្នុងការសងការខូចខាត ដែលនិយោជិតបានបង្កដល់អ្នកដទៃដោយខុសច្បាប់ ដោយកំហុសចេតនា ឬដោយកំហុសអចេតនានៅក្នុងការអនុវត្តកិច្ចការនោះ ។ ហេតុដូច្នេះ ប្រសិនបើបុគ្គលិកដែលបង្កការខូចខាតដល់លោក(ក )ក្នុងអំទ្បុងពេលបំពេញភារកិច្ចរបស់ខ្លួននោះ គឺក្រុមហ៊ុនប្រឈមជាមួយការទទួលខុសត្រូវលើការសងការខូចខាត ។
ដូចគ្នានេះដែរ បើចោរលួចម៉ូតូលោក(ក)ដែលទុកក្នុងបរិវេណក្រុមហ៊ុនក្នុងម៉ោងដែលលោក(ក)កំពុងបំពេញការងារឱ្យក្រុមហ៊ុន តើក្រុមហ៊ុននឹងត្រូវដោះស្រាយបែបណា?
ជាគោលការណ៍ រូបវន្តបុគ្គលដែលទទួលខុសត្រូវក្នុងរឿងក្តីព្រហ្មទណ្ឌអាចជា ចារី (ជនដៃដល់) សហចារី អ្នកសមគំនិត និងអ្នកផ្តើមគំនិត។ យោងតាមមាត្រា ២៤ នៃក្រមព្រហ្មទណ្ឌ (គោលការណ៍ឯកត្តកម្មនៃការទទួលខុសត្រូវព្រហ្មទណ្ឌ) ចែងថា ៖ “បុគ្គលម្នាក់ៗទទួលខុសត្រូវព្រហ្មទណ្ឌតែចំពោះអំពើផ្ទាល់ខ្លួនប៉ុណ្ណោះ” ។
ត្រង់ចំណុចនេះ ប្រសិនបើ ជនល្មើស ដែលបានប្រព្រឹត្តបទល្មើសលួច គឺគាត់ត្រូវទទួលខុសត្រូវព្រហ្មទណ្ឌចំពោះមុខច្បាប់ តាមមាត្រា ៣៥៣ នៃក្រមព្រហ្មទណ្ឌ ដោយហេតុថា ក្នុងរឿងព្រហ្មទណ្ឌ ជនណាប្រព្រឹត្ត គឺជននោះជាអ្នកទទួលខុសត្រូវ។ ដូច្នេះក្រុមហ៊ុនអាចសហការជាមួយលោក (ក) ព្រមទាំងផ្តល់ភ័ស្តុតាងផ្សេងៗ ដើម្បីប្តឹងទៅអាជ្ញាធរមានសមត្ថកិច្ចដែលនៅជិតបំផុតឬប្តឹងទៅអយ្យការអមសាលាដំបូងរាជធានី/ខេត្តដែលមានសមត្ថកិច្ច ដើម្បីស្វែងរកជនល្មើសមកផ្តន្ទាទោសតាមផ្លូវច្បាប់ និងសងសំណងនៃការខូចខាតដល់លោក (ក) ផងដែរ ពោលគឺជនល្មើសត្រូវទទួលខុសត្រូវទាំងផ្នែកព្រហ្មទណ្ឌ និងរដ្ឋប្បវេណី ។
ចុះបើលោក(ក)មិនមែនជាបុគ្គលិកបម្រើការនៅក្នុងក្រុមហ៊ុននោះទេ តែគាត់ទៅលេងមិត្តគាត់ក្នុងក្រុមហ៊ុនខាងលើ ហើយត្រូវបានចោរលួចម៉ូតូគាត់។ បើដូច្នេះថៅកែក្រុមហ៊ុននោះត្រូវសងដែរទេ?
ដូចបានបញ្ជាក់នៅក្នុងសំណួរខាងលើរួចហើយ ពាក់ព័ន្ធនឹងគោលការណ៍ឯកត្តកម្មនៃការទទួលខុសត្រូវព្រហ្ម-ទណ្ឌ គឺបុគ្គលម្នាក់ៗទទួលខុសត្រូវព្រហ្មទណ្ឌតែចំពោះអំពើផ្ទាល់ខ្លួនប៉ុណ្ណោះ ពោលគឺមិនអាចឱ្យបុគ្គលដែលពុំបានប្រព្រឹត្តអំពើទាល់តែសោះមកទទួលខុសត្រូវចំពោះអំពើរបស់អ្នកដទៃទ្បើយ ។ រីឯការទទួលខុសត្រូវក្នុងអំពើអនីត្យានុកូលចំពោះអំពើរបស់អ្នកដទៃដែលមានចែងក្នុងក្រមរដ្ឋប្បវេណីទៀតសោតគឺកម្រិតត្រឹមតែការទទួលខុសត្រូវរបស់និយោជិតចំពោះអំពើអនីត្យានុកូលរបស់និយោជិតដែលបង្កទ្បើងក្នុងអំទ្បុងពេលបំពេញការងារប៉ុណ្ណោះ ឬការទទួលខុសត្រូវរបស់អ្នកត្រួតពិនិត្យចំពោះអំពើអនីត្យានុកូលរបស់អនីតិជនឬជនដែលត្រូវបានកម្រិតសមត្ថភាព ៕