
លោកមេធាវី ផុន ធារិន កាលពីពេលកន្លងមក ។ រូបថត សហការី
ជាទូទៅពលរដ្ឋគ្រប់រូបមានសិទ្ធិប្រកបអាជីវកម្មឬដាំដំណាំលើដីកម្មសិទ្ធិស្របច្បាប់របស់ខ្លួនដែលមានរៀងៗខ្លួន វៀរលែងតែដីនោះជារបស់សាធារណៈ ឬជាដីរបស់រដ្ឋ។ ចុះបើក្នុងករណីម្ចាស់កម្មសិទ្ធិបានដាំដំណាំនៅក្នុងបរិវេណលំនៅឋានដែលគាត់បានទិញពីម្ចាស់បុរី តើម្ចាស់បុរីនោះមានសិទ្ធិមកបំផ្លាញចោលវិញដែរឬទេ? ជុំវិញបញ្ហានេះភ្នំពេញប៉ុស្ដិ៍បានសុំការបកស្រាយពីលោកមេធាវី ផុន ធារិន ដែលបម្រើការនៅការិយាល័យមេធាវី ផុន ធារិន ស្ថិតនៅបុរីឌឺមេគ្គងរ៉ូយ៉ាល់ ផ្ទះលេខ ៧១ ផ្លូវ M08 ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ តាមរយៈសំណួរដូចខាងក្រោម៖
ឧបមាថា លោក (ក) បានទិញផ្ទះ ១ ល្វែងនៅក្នុងបុរីមួយហើយគាត់បានដាំដើមឈើនៅមុខផ្ទះក្នុងបរិវេណដីរបស់គាត់ តែត្រូវម្ចាស់បុរីកាប់ចោល។ តើម្ចាស់បុរីមានសិទ្ធិធ្វើបែបនេះទេ ព្រោះថាទាំងផ្ទះនិងបរិវេណដីដាំដើមឈើនោះ បានលក់ឱ្យ (ក) កាន់កាប់ជាកម្មសិទ្ធិរួចហើយ?
ប្រសិនបើលោក (ក) បានទិញផ្ទះ ១ ល្វែងនៅក្នុងបុរី ហើយគាត់បានដាំដើមឈើនៅមុខផ្ទះក្នុងបរិវេណដីរបស់គាត់ ករណីនេះម្ចាស់បុរីពុំមានសិទ្ធិកាប់ដើមឈើណាមួយដែលលោក (ក) បានដាំនៅលើដីដែលជាកម្មសិទ្ធិរបស់គាត់បានទេ ព្រោះថា លោក (ក) ម្ចាស់កម្មសិទ្ធិមានសិទ្ធិគ្រប់គ្រាន់ក្នុងការប្រើប្រាស់ អាស្រ័យផលនិងចាត់ចែងទៅលើដីនិងផ្ទះដែលជាកម្មសិទ្ធិរបស់ខ្លួន។ ទោះបីយ៉ាងណាក្តី ម្ចាស់ផ្ទះត្រូវអនុវត្តតាមគោលការណ៍ ការគ្រប់គ្រងរបស់បុរីដែលម្ចាស់នីមួយៗបានចុះកិច្ចព្រមព្រៀងជាមួយភាគីបុរី។
តើបែបនេះលោក (ក) អាចប្តឹងទៅអាជ្ញាធរមានសមត្ថកិច្ចទាក់ទងនឹងការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិគាត់បានដែរឬទេ? ហើយបើប្តឹងបាន តើពាក់ព័ន្ធនឹងបទល្មើសអ្វី?
បើម្ចាស់បុរីកាប់ដើមឈើនៅលើដីដែលជាកម្មសិទ្ធិរបស់លោក (ក) ករណីនេះគាត់អាចប្ដឹងទៅអាជ្ញាធរមានសមត្ថកិច្ចទាក់ទងទៅនឹងការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់គាត់បានពីបទធ្វើឲ្យខូចខាតដោយចេតនា យោងតាមមាត្រា ៤១០ នៃក្រមព្រហ្មទណ្ឌបានបញ្ញត្តិថាអំពើប្រព្រឹត្តដោយចេតនាដោយបំផ្លិចបំផ្លាញធ្វើឲ្យទ្រុឌទ្រោម ឬធ្វើឲ្យខូចខាតទ្រព្យសម្បត្តិរបស់អ្នកដទៃនោះ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៦ (ប្រាំមួយ) ខែទៅ ២ (ពីរ) ឆ្នាំ និងពិន័យជាប្រាក់ពី ១ ០០០ ០០០ (មួយលាន) រៀល ទៅ ៤ ០០០ ០០០ (បួនលាន) រៀល លើកលែងតែការខូចខាតមានលក្ខណៈស្រាល។ បន្ថែមលើសពីនេះ តាមមាត្រា ៤១១ នៃក្រមព្រហ្មទណ្ឌក៏បានកំណត់ពីស្ថានទម្ងន់ទោសបានចែងថា កាលណាបទល្មើសនេះបានប្រព្រឹត្តនៅក្នុងទីកន្លែងជាលំនៅឋានឬកាលបើបទល្មើសនេះបានប្រព្រឹត្តនាំឲ្យខូចប្រយោជន៍ដល់ដំណាំឬកសិផល។
បើផ្ទះដែលលោក (ក) ទិញនោះគាត់បង់លុយឱ្យអ្នកលក់អស់ហើយ ដូចនេះតើគាត់មានសិទ្ធិធ្វើអ្វីបានចំពោះផ្ទះនោះនិងលើទំហំដីរបស់គាត់ដែលមាននៅក្នុងប្លង់ដី?
បើផ្ទះដែលលោក (ក) ទិញនោះគាត់បង់លុយឲ្យអ្នកលក់គ្រប់ចំនួនរួចរាល់អស់ហើយ គាត់នឹងក្លាយជាម្ចាស់កម្មសិទ្ធិករលើដី និងផ្ទះរួមទាំងវត្ថុផ្សេងៗដែលមានលើដីនោះ ហើយគាត់មានសិទ្ធិអំណាចតាមផ្លូវច្បាប់ដើម្បីធ្វើសកម្មភាពប្រើប្រាស់ អាស្រ័យផលនិងចាត់ចែងលើទ្រព្យដែលជាកម្មសិទ្ធិរបស់ខ្លួនដោយសេរីពេញលេញក្នុងទំហំដែលច្បាប់បានកម្រិត ដោយយោងតាមមាត្រា១៣៨ នៃក្រមរដ្ឋប្បវេណី។
ចុះបើសិនលោក (ក) បង់រំលស់ តើគាត់មានសិទ្ធិធ្វើអ្វីៗបានទេចំពោះផ្ទះនោះ? ឬក៏បង់លុយអស់ទើបមានសិទ្ធិកាន់កាប់ផ្ទះបាន?
ប្រសិនបើលោក (ក) បង់រំលស់ផ្ទះមិនទាន់គ្រប់ចំនួន គាត់មានសិទ្ធិត្រឹមតែប្រើប្រាស់ដូចជាការស្នាក់នៅ សិទ្ធិក្នុងការជួលឬអាស្រ័យផលលើដំណាំ ដើមឈើដែលគាត់បានដាំនៅលើដីនិងផ្ទះតែប៉ុណ្ណោះ តែគាត់ពុំទាន់មានសិទ្ធិក្នុងការចាត់ចែង ដាក់បញ្ចាំ ឬផ្ទេរកម្មសិទ្ធិទៅឲ្យអ្នកផ្សេងបានទេ ព្រោះម្ចាស់កម្មសិទ្ធិនៅតែជាឈ្មោះរបស់ម្ចាស់បុរី ឬម្ចាស់គម្រោង ដរាបណាគាត់មិនទាន់បង់ប្រាក់គ្រប់ចំនួន៕