
លោកមេធាវី លី កុសល ពេលកំពុងបំពេញការងារកន្លងមក ។ រូបថត សហការី
ជាទូទៅ រាល់ការអនុវត្តការងារ ឬ សិទ្ធិអ្វីមួយរមែងត្រូវធ្វើឡើង ដោយផ្នែកលើនីតិវិធីឬតាមលក្ខខណ្ឌនានាដែលផ្នែកពាក់ព័ន្ធតម្រូវឱ្យមាន។ ករណីដូចជាការសុំសិទ្ធិកាន់កាប់ដីធ្លឺគឺអ្នកស្នើសុំក៏ត្រូវស្វែងយល់ពីលក្ខណសម្បតិ្តរបស់ខ្លួនផងដែរ។
ចង់ដឹងថាតើការសុំសិទ្ធិកាន់កាប់ដីធ្លីត្រូវផ្នែកលើកត្ដាអ្វីខ្លះនោះ ភ្នំពេញប៉ុស្ដិ៍បានសុំការពន្យល់ពីលោកមេធាវី លី កុសល ដែលមានការិយាល័យបម្រើការនៅផ្ទះលេខ៤៥Eo ផ្លូវលេខ៩ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ តាមរយៈសំណួរដូចតទៅ៖
តើពលរដ្ឋគ្រប់រូបអាចមានសិទ្ធិកាន់កាប់ដីធ្លីបានដោយផ្អែកលើកត្តាអ្វីខ្លះ?
សិទ្ធិកាន់កាប់ដីធ្លីឬកម្មសិទ្ធិ គឺជាសិទ្ធិមូលដ្ឋានរបស់ពលរដ្ឋ ដែលក្នុងនោះមានសិទ្ធិប្រើប្រាស់ អាស្រ័យផល និងចាត់ចែង ដែលជាទ្រព្យរបស់ខ្លួនដោយសេរីក្នុងកម្រិតនៃច្បាប់ ហើយអ្នកដែលមានសិទ្ធិកាន់កាប់ដីធ្លី ឬម្ចាស់កម្មសិទ្ធិអាចជាបុគ្គលម្នាក់ ជាគ្រួសារ ជាក្រុម ជាអង្គការ ជាសហគមន៍ពលរដ្ឋ ជាដើម។
រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៣ មាត្រា ៣១ បានចែងថាៈព្រះរាជាណាចក្រកម្ពុជា ទទួលស្គាល់ និងគោរពសិទ្ធិមនុស្សដែលមានចែងក្នុងធម្មនុញ្ញនៃអង្គសហប្រជាជាតិនិងសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស ដែលបានទទួលស្គាល់នូវគោលការណ៍នៃកម្មសិទ្ធិ។ ដោយឡែក យោងតាមមាត្រា ៤៤ នៃធម្មនុញ្ញបានចែងថាៈ ជនណាក៏ដោយ ទោះជាបុគ្គលក្តី ជាសមូហភាពក្តី មានសិទ្ធិជាម្ចាស់កម្មសិទ្ធិ។មានតែរូបវន្តបុគ្គល ឬនីតិបុគ្គលដែលមានសញ្ជាតិខ្មែរទេទើបមានសិទ្ធិជាម្ចាស់កម្មសិទ្ធិលើដីធ្លី។រួមទាំងច្បាប់ភូមិបាលកម្ពុជាឆ្នាំ ២០០១ ក៏បានបញ្ជាក់នូវការទទួលស្គាល់សិទ្ធិកាន់កាប់ដីធ្លី ផងដែរ។
កន្លងមកមានពលរដ្ឋខ្លះអះអាងថាដីដែលគាត់រស់នៅគឺជាដីកេរ្តិ៍ពីដូនតា តែគាត់មិនអាចសុំសិទ្ធិកាន់កាប់បាន។ តើករណីបែបនេះ ច្បាប់បានពន្យល់យ៉ាងម៉េចដែរ?
ចំពោះពលរដ្ឋខ្លះដែលបានអះអាងថាដីដែលគាត់រស់នៅគឺជាដីកេរ្តិ៍ពីដូនតាតែគាត់មិនអាចសុំសិទ្ធិកាន់កាប់បាន។ ករណីនេះជួនកាលគាត់មិនបានដឹងថាប្រភេទដីធ្លីខ្លះ ជាប្រភេទកម្មសិទ្ធិសាធារណៈរបស់រដ្ឋ មិនអាចក្លាយជាការកាន់កាប់ដោយលទ្ធកម្មបានទេ មិនអាចលក់ដូរបាន ហើយក៏មិនអាចកំណត់អាជ្ញាយុកាលបានទេយោងតាមច្បាប់ភូមិបាល។ ដីជាកម្មសិទ្ធិសាធារណៈរបស់រដ្ឋ មានដូចជាៈ
-ទ្រព្យកើតឡើងពីធម្មជាតិ ដូចជា ព្រៃឈើ ភ្នំ ផ្លូវទឹក បឹងធម្មជាតិ ច្រាំងទន្លេ ត្រើយសមុទ្រ...។ល។
-ទ្រព្យទាំងឡាយដែលជាកម្មវត្ថុនៃការរៀបចំ ពិសេសសម្រាប់ប្រយោជន៍ទូទៅ មានដូចជា កំពង់ផែ ផ្លូវដែក តីរឋាន ស្ថានីយរថភ្លើង និងព្រលានយន្តហោះ។
-ទ្រព្យទាំងឡាយដែលត្រូវបានដាក់ឲ្យប្រើប្រាស់ជាសាធារណៈតាមស្ថានភាពពីកំណើតឬក្រោយពីបានរៀបចំ មានដូចជា ផ្លូវថ្នល់ ផ្លូវលំ ផ្លូវរទេះ ផ្លូវដើរ សួនច្បារ និងឧទ្យានសាធារណៈ និងដីចំណី។
-ទ្រព្យទាំងឡាយដែលត្រូវបានដាក់ឲ្យដំណើរការសម្រាប់សេវាសាធារណៈមានដូចជា សាលារៀន ឬអគារសិក្សា អគាររដ្ឋបាល មន្ទីរពេទ្យសាធារណៈទាំងឡាយ។ ទ្រព្យទាំងឡាយដែលបង្កើតជាដែនបម្រុងធម្មជាតិការពារដោយច្បាប់ ។
បេតិកភណ្ឌបុរាណវិទ្យា វប្បធម៌ និងប្រវត្តិសាស្ត្រ។ អចលនទ្រព្យជាព្រះរាជទ្រព្យដែលមិនមែនជាទ្រព្យសម្បត្តិឯកជនរបស់ព្រះរាជវង្ស។ អចលនវត្ថុ ជាព្រះរាជទ្រព្យ ត្រូវបានចាត់ចែងដោយព្រះមហាក្សត្រកំពុងគ្រងរាជ្យ។
មានករណីខ្លះប្លង់កម្មសិទ្ធិត្រួតស៊ីគ្នា ឬក៏ចូលដីអ្នកដទៃរហូតបង្កើតជាទំនាស់កើតឡើង តើបញ្ហានេះ ខាងផ្នែកណាជាអ្នកទទួលខុសត្រូវ?
ចំពោះករណីប្លង់កម្មសិទ្ធិត្រួតស៊ីគ្នាឬក៏ចូលដីអ្នកដទៃរហូតបង្កើតជាទំនាស់កើតឡើង អ្នកដែលទទួលខុសត្រូវក្នុងការដោះស្រាយ មានដូចជា ការចូលរួមដោះស្រាយរវាងភាគីទំនាស់ ក្រុមប្រឹក្សាឃុំសង្កាត់ គណៈកម្មការសុរិយោដីធ្លី គណៈកម្មការរដ្ឋបាល អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី និងតុលាការ។ និយាយរួមការដោះស្រាយទំនាស់កើតឡើង ត្រូវមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។
តាមច្បាប់ការរស់នៅលើដីដោយសន្តិភាពរយៈពេល៥ឆ្នាំឡើងទៅ គឺពលរដ្ឋអាចសុំសិទ្ធិកាន់កាប់បាន តែត្រូវខាងជំនាញបដិសេធដោយសំអាងថា ជាដីរដ្ឋ លុះក្រោយមក ដីនេះក៏ក្លាយជាកម្មសិទ្ធិអ្នកផ្សេង។ តើករណីបែបនេះខាងណាជាអ្នកទទួលខុសត្រូវ?
តាមច្បាប់ការរស់នៅលើដីដោយសន្តិភាពរយៈពេល ៥ ឆ្នាំឡើងទៅ ដោយបានអាស្រ័យផលនៃភោគៈ ដោយសន្តិវិធីនិងមិនមានការជំទាស់ មានលក្ខណៈត្រឹមត្រូវតាមច្បាប់ក្នុងការកាន់កាប់ជាឯកជន គឺពលរដ្ឋមានសិទ្ធិស្នើសុំបណ្ណកម្មសិទ្ធិជាស្ថាពរបាន។ ចំពោះខាងជំនាញបដិសេធដោយសំអាងថាជាដីរបស់រដ្ឋនោះ ប្រជាពលរដ្ឋត្រូវយកភ័ស្តុតាងមកបញ្ជាក់ទៅខាងជំនាញថា ខ្លួនបានបំពេញលក្ខខណ្ឌ នៃភោគៈដោយសន្តិវិធី និងមិនមានការជំទាស់ចាប់ពី ៥ (ឆ្នាំ)នៅលើអចលនវត្ថុនោះ ជាពិសេសការកាន់របស់ខ្លួនគឺធ្វើឡើងដោយពិតប្រាកដ គ្មានហិង្សា ដឹងឮ ជាសាធារណៈគ្មានការអាក់ខាន និងដោយសុចរិត។ យោងតាមមាត្រា ៣០ និង ៣៨ នៃច្បាប់ភូមិបាលឆ្នាំ ២០០១។
ក្នុងករណីរកឃើញថាការចេញប្លង់កម្មសិទ្ធិកើតឡើងពីការឃុបឃិតគ្នាឬមានការសូកប៉ាន់ តើអ្នកប្រព្រឹត្ត ប្រឈមនឹងទោសយ៉ាងណា?
ការចេញប្លង់កម្មសិទ្ធិកើតឡើងពីការឃុបឃិតគ្នាឬមានការសូកប៉ាន់ដោយកសាងបណ្ណដោយបំពាន អ្នកដែលប្រព្រឹត្ត ទាំងមន្ត្រីឬអាជ្ញាធរ ប្រឈមនឹងការផ្តន្ទាទោសពិន័យជាប្រាក់ពី ១០ ០០០ ០០០ (ដប់លាន) រៀល និងត្រូវទទួលទោសរដ្ឋបាលថែមទៀត។ ជាពិសេស បើការដកហូតអចលនវត្ថុ បានប្រព្រឹត្តទៅដោយហិង្សា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ៦ (ប្រាំមួយ) ខែ ដល់ ២ (ពីរ)ឆ្នាំ ថែមទៀត។ យោងតាមមាត្រា ២៦១ នៃច្បាប់ភូមិបាលឆ្នាំ ២០០១។
តាមច្បាប់តើពលរដ្ឋមានសិទ្ធិសុំកម្មសិទ្ធិលើដី ភ្នំ ឬបឹងបានដែរទេ? បើបាន ឬមិនបាន តើមូលហេតុអ្វី?
ដូចដែលបានបកស្រាយសំណួរខាងលើរួចមកហើយ តាមច្បាប់ភូមិបាល ដីភ្នំ ឬដីបឹង គឺសុទ្ធសឹងតែជាទ្រព្យ សម្បត្តិសាធារណៈរបស់រដ្ឋគឺមិនអាចលក់ដូរបានឡើយ ហើយកម្មសិទ្ធិនៃទ្រព្យទាំងនោះ មិនអាចកំណត់អាជ្ញាយុកាលបាននោះទេ។ យោងតាមមាត្រា១៥ និង១៦ នៃច្បាប់ភូមិបាលឆ្នាំ២០០១៕