
អ្នកស្រី សោម រ៉ានី ជាអ្នកនឹកឃើញគំនិតច្នៃគ្រាប់ធញ្ញជាតិច្នៃជាគ្រឿងអលង្ការលក់ ជិត ១០ ឆ្នាំ មកហើយ។ រូបថត សហការី
ក្រុងសៀមរាប៖ បន្ទាប់ពីលែងលះស្វាមីជាជនជាតិ ឥណ្ឌា-អាល្លឺម៉ង់ និងបានវិលត្រឡប់មកខេត្តសៀមរាប ជាស្រុកកំណើតវិញម្នាក់ឯង មានតែសម្បកខ្លួន ទោះបីមានភាពទីទ័លក្រនូវទ្រព្យសម្បត្តិ តែមិនក្រគំនិត អ្នកស្រី សោម រ៉ានី ក៏នឹកឃើញការច្នៃប្រឌិតផលិតជាគ្រឿងប្រើប្រាស់បង្កើតចេញជាគ្រឿងអលង្ការពីគ្រាប់ធញ្ញជាតិ ផ្ដើមការផ្ញើលក់តាមតូបបរទេសនានា រហូតដល់អាចបើកហាងមួយដោយខ្លួនឯងត្រឹមពេល ១ ឆ្នាំក្រោយ។
ហាងលក់គ្រឿងអលង្ការដ៏ប្រណីតច្នៃពីគ្រាប់ធញ្ញជាតិធម្មជាតិពិតៗរបស់ស្រ្តីខ្មែរ នៅទឹកដីខេត្តសៀមរាបនោះឈ្មោះថា Graines de Cambodge ដោយអាជីវកម្មដំបូងក្នុងគ្រាលំបាក ដែលអ្នកស្រីបានចាប់ផ្តើមត្រឹមមានប្រាក់ជាប់ខ្លួនមិនទៅដល់ ១០០ ដុល្លារផងទេ។
អ្នកស្រី សោម រ៉ានី ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា៖ «សម័យនោះ ពេលលែងលះស្វាមី ហើយត្រឡប់មកស្រុកកំណើតវិញ ទាំងគ្មានអ្វីជាប់ខ្លួនមានតែគេសើចចំអក សូម្បីតែគ្រួសារក៏មិននៅខាងយើង។ ខ្ញុំមិនចង់ធ្វើការ ព្រោះមិនចង់ឮពាក្យបញ្ចើចបញ្ចើ ដែលកាន់តែធ្វើឱ្យនាងខ្ញុំបាក់ទឹកចិត្ត ហើយក្នុងចិត្តក៏គិតថា ចង់ធ្វើអ្វីដែលមិនមានអ្នកនៅក្បែរខ្លួន។ ម្យ៉ាងទៀតខ្ញុំមិនសូវមានចំណេះដឹង ទោះធ្វើការក៏ទទួលបានប្រាក់ខែទាប»។
ការនឹកឃើញយកគ្រាប់ធញ្ញជាតិមកច្នៃជាគ្រឿងអលង្ការនេះ គឺអ្នកស្រីនឹកឃើញចងចាំ កាលពីពេលរស់នៅ ប្រទេសឥណ្ឌា ជាចំណេះដែលបានពីអតីតស្វាមីជាមគ្គុទ្ទេសក៍ទេសចរណ៍ ហើយអ្នកស្រីក៏ធ្លាប់យកទៅសាកល្បងក្នុងហាងកាហ្វេរបស់ពួកគាត់ដែរ។ ដោយឃើញពីភាពស្រស់ស្អាត នៃគ្រាប់ធញ្ញជាតិនៅប្រទេសកម្ពុជា អ្នកស្រី សោម រ៉ានី ក៏ចាប់ផ្ដើមដើរប្រមូលគ្រាប់ជាង ២០ ប្រភេទ យកមកសាករៀនធ្វើ ដោយប្រើម៉ាស៊ីនស្វានជញ្ជាំងរៀនធ្វើ និងប្រើម្ជុលតូចចោះប្រហោង។
ពេលធ្វើបាន អ្នកស្រីសាកយកទៅដាក់តាមតូបផ្សារចាស់ ផ្សាររាត្រី និងលក់ឱ្យតូបបរទេស ខណៈពេលដំបូងគេថា តូចៗពេក គេមិនទិញទេ តែគេឱ្យគំនិតវិញថា ឱ្យសាកល្បងធ្វើទំហំធំៗ និងមានម៉ូដប្លែកជាងហ្នឹង។

ការប្រើដែកស្វានច្នៃគ្រាប់ធញ្ញជាតិ ជាគ្រឿងអលង្ការប្រណីតនៅហាង Graines de Cambodge ខេត្តសៀមរាប។ សហការី
អ្នកស្រី សោម រ៉ានី លើកឡើងថា៖ «ខ្ញុំត្រឡប់មកផ្ទះវិញ ហើយគិតមើលទៀត។ ១០ ថ្ងៃ ក្រោយក៏យកទៅឱ្យគេមើលម្ដងទៀតរបស់ខ្លះគេក៏ទិញ ឯខ្លះទៀតក៏អត់។ យើងក៏បន្តច្នៃតទៅទៀត យូរៗទៅចេះតែបានគំនិត ចេះតែយកទៅបោះឱ្យគេ និងហាងបរទេសផ្សេងៗ ប្រហែលជា ១ ឆ្នាំក្រោយ គឺឆ្នាំ ២០១២ បានបើកហាងខ្លួនឯង»។
ពេលផ្ដើមធ្វើដំបូង វាមិនងាយស្រួលទេ ដោយអាចបណ្តាលឱ្យមានគ្រោះថ្នាក់ ដាច់ដៃ ដាច់ជើង បង្កស្នាមរបួស មកដល់សព្វថ្ងៃ ព្រោះមិនចេះវិធីចោះគ្រាប់តូចៗ ហើយវារអិលតែពេលនោះអ្នកស្រី នៅតែព្យាយាមធ្វើបន្ត ទោះបីជាលំបាកយ៉ាងណាក៏ដោយ។
អ្នកស្រី រ៉ានី ក៏រំឭកបញ្ជាក់ថា តាមពិតគ្រាប់ធញ្ញជាតិបែបធម្មជាតិ វាងាយខូច មិនអាចប្រើបានយូរទេ ហើយបើដាក់ថ្នាំ គឺថាអ្នកប្រើខ្លះអាចនឹងមានប្រតិកម្មស្បែក អ៊ីចឹងហើយអ្នកស្រីប្រាប់ក្បួនថែរក្សា និងសំដិល តែចំណុចនេះ សម្រាប់បរទេសគេមិនប្រកាន់ និងនៅតែគាំទ្រ។
ម្ចាស់ហាង Graines de Cambodge បច្ចុប្បន្នរស់នៅថៃជាមួយគ្រួសារថ្មី និងតែងតែឡើងចុះខ្មែររូបនេះបានលើកឡើងថា៖ «តែឥឡូវខ្ញុំចាប់ផ្ដើមដឹងពីវិធីសាស្រ្តប្រើឱ្យបានយូរ ដោយការយកវាទៅហាលថ្ងៃ ចំហុយឱ្យឆ្អិន និងលាបប្រេងដូងឱ្យមានសំណើម។ មួយវិញទៀត បច្ចុប្បន្ននេះ ខ្ញុំបានចម្រាញ់យកតែគ្រាប់ ដែលមាំ និងមេមិនសូវស៊ី ដូចជាគ្រាប់បេង គ្រាប់សាគូ គ្រាប់អង្គញ់ និងគ្រាប់ឈូកជាដើម»។
សម្រាប់គ្រឿងអលង្ការ និងគ្រឿងលម្អនានា ដែលជាស្នាដៃច្នៃពីគ្រាប់ធញ្ញជាតិ ដោយអ្នកស្រីធ្វើសម្រាប់គ្រប់ឱកាស ដូចជាពេលថ្ងៃ គឺតូចៗ និងសម្រាប់កម្មវិធីយប់ ព្រលប់ រាងធំៗ ស្អាតប្លែកភ្នែក និងមានទាំងម៉ូដ ១ ជាន់ ២ ជាន់ ពណ៌ធម្មជាតិ និងចម្រុះ។
គ្រឿងអលង្ការទាំងនោះ រួមមាន ខ្សែដៃ ខ្សែក ក្រវិល កាបូប ឬអំពូលភ្លើង ជាស្បង់ព្រះ រួមទាំងធ្លាប់ច្នៃធ្វើបិទនៅលើរ៉ូបផងដែរ ហើយគ្រឿងអលង្ការមានតម្លៃចន្លោះពី ៣ ដុល្លារ ទៅ ១០០ ដុល្លារ ឯរបស់លម្អផ្សេងៗ គឺមានតម្លៃចាប់ពី ៦០ ដុល្លារ ទៅ ៤០០ ដុល្លារ។
ការខំប្រឹងប្រែង និងដុងពីកំណើត គួបផ្សំនឹងទឹកចិត្តស្រឡាញ់អ្នកស្រី រ៉ានី បានបើកហាងជិត ១០ ឆ្នាំហើយ និងមានការគាំទ្រច្រើនពីអតិថិជនបរទេស រហូតអាចពង្រីកបាន ២ សាខា។

អ្នកស្រី សោម រ៉ានី ជាអ្នកនឹកឃើញគំនិតច្នៃគ្រាប់ធញ្ញជាតិច្នៃជាគ្រឿងអលង្ការលក់ ជិត ១០ ឆ្នាំ មកហើយ។ រូបថត សហការី
ដោយសារបញ្ហាកូវីដហាងដំបូងនៅសៀមរាប ដែលដើមឡើយមាន ៣ ត្រូវបិទអស់ ២ នៅសល់ ១ និងទើបបើកហាងថ្មី A& Eva Fashion ជាហាងលក់ខោអាវ និងផលិតផលសិប្បកម្មរបស់កម្ពុជាច្រើនមុខទៀត ដោយមានទាំងថ្មគជ់ និងគ្រាប់ឈើនានា។
ពេលចាប់ផ្ដើមមានបុគ្គលិក អ្នកស្រីបានបង្រៀនដល់អ្នកគ្រប់គ្រងហាង និងបង្ហាត់តទៅកូនក្រុមទាំងក្មេងៗ និងចាស់ សុទ្ធតែជាស្រី្ត ដែលមិនសូវមានចំណេះដឹង ដើម្បីឱ្យពួកគាត់មានការងារធ្វើ ខណៈអតិថិជនអ្នកស្រីភាគច្រើនជាភ្ញៀវទេសចរហើយក៏មានការបោះដុំ នៅក្រៅប្រទេស និងលក់តាមសណ្ឋាគារទៀតផង។
អ្នកស្រី រ៉ានី វ័យ ៣៤ ឆ្នាំ រូបនេះបន្ថែមថា៖ «ម៉ូយដែលខ្ញុំបោះដុំឱ្យ គឺម៉ូយដែលធ្លាប់មកស្រុកខ្មែរ ដែលគេបានឃើញហាង Workshop ផលិតផល និងគុណភាព ជារបស់ខ្ញុំស្រាប់ អ៊ីចឹងគេទៅស្រុកវិញ គេក៏ទិញតាម និងកុម្ម៉ង់តទៀត និយាយរួម មិនមានភ្ញៀវណាដែលគេមិនស្គាល់ខ្ញុំទេ»។
ថ្វីដ្បិតពេលនេះ ហាងរបស់អ្នកស្រីដំណើរការមិនសូវល្អ តែអ្នកស្រីនៅតែមានក្តីសង្ឃឹមថា អាចវិលមកតក់ៗវិញនៅ ៣ ទៅ ៤ខែបន្ទាប់ជាមិនខាន។
អ្នកស្រី រ៉ានី មានសុទិដ្ឋិនិយមថា៖ «ហាងខ្ញុំនេះ គឺដូចជាកូនរបស់ខ្ញុំ ហើយខ្ញុំនឹងមិនបោះបង់វាឡើយ។ ម្យ៉ាងវិញទៀត វាក៏ជួយដល់បុគ្គលិក ឱ្យមានការងារ ទោះបីសព្វថ្ងៃ ពួកគាត់ត្រូវចែកវេណម្នាក់ ១០ ថ្ងៃៗ ធ្វើការក៏ដោយ។ បញ្ហាកូវីដ យើងដំណើរការមិនសូវល្អ ខ្ញុំចង់អភិវឌ្ឍអាជីវកម្ម នៅលើឌីជីថល និងផ្ដើមការលក់តាមអនឡាញ។ អតិថិជនមិនអាចមកលេងប្រទេសយើង និងហាងខ្ញុំបាន ដូច្នេះខ្ញុំចង់ឱ្យផលិតផលខ្ញុំ អាចទៅដល់គ្រប់ជាតិសាសន៍ ដោយការនាំចេញ និងធ្វើការលក់តាមអនឡាញ»។
សម្រាប់ព័ត៌មានបន្ថែម អតិថិជនអាចទាក់ទង នៅតាមរយៈគេហទំព័រហ្វេសប៊ុកឈ្មោះ @aevafashion និង @grainesdecambodge៕