ភ្នំពេញ៖ ផ្ដើម​​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ ពិព័រណ៍​ភ្នំពេញ​សិល្បៈ​បាន​ស្វាគមន៍​មហាជន​នៅ​វិចិត្រសាល​ FT Gallery ក្នុង​ឱកាស​បើក​សម្ពោធ​សាកល្បង​​ជាមួយ​ការ​​បង្ហាញ​ស្នាដៃ​សិល្បៈ​ជាង ១០០ របស់​​អ្នក​សិល្បៈ ៣៦ ​រូប ​ទាំង​ជាតិ និង​អន្ដរជាតិ​។

ពិព័រណ៍​លើក​ដំបូង​នេះ​ គឺ​ជា​បណ្ដុំ​ស្នាដៃ​ដែល​ត្រូវ​បាន​សម្រិតសម្រាំង​ពី​កម្មវិធី Open Call ដែល​កៀរគរ​អ្នក​សិល្បៈ​​ឱ្យ​បង្ហាញ​ស្នាដៃ​របស់​ខ្លួន​រួច​ត្រូវ​បាន​​ជ្រើសរើស​ដោយ​គណៈកម្មការ​ ​កាល​ពី​ដើម​ឆ្នាំ​។

លោក មីហ្គែល ជេរ៉ូនីម៉ូ ​អ្នក​រៀបចំ​​ព្រឹត្ដិការណ៍​ពិព័រណ៍​ម្នាក់​បាន​និយាយ​ថា​៖ «​យើង​បាន​រៀបចំ​កម្មវិធី Open Call ដើម្បី​អនុញ្ញាត​ឱ្យ​អ្នក​សិល្បៈ​ ទាំង​កម្ពុជា និង​បរទេស​ដាក់​បង្ហាញ​ស្នាដៃ​របស់​ខ្លួន​ ហើយ​ឥឡូវ​នេះ​យើង​បាន​រៀបចំ​ធ្វើ​ពិព័រណ៍​ស្នាដៃ​សម្រិតសម្រាំង​របស់​ពួក​គេ​នៅ​ទី​នេះ​»។

អ្នក​សិល្បៈ​ដែល​បាន​ផ្ញើ​ស្នាដៃ​របស់​ខ្លួន​ចូល​រួម​ក្នុង​កម្មវិធី Open Call មាន​ចំនួន ៨០ ​នាក់ ហើយ​ត្រូវ​បាន​ជ្រើសរើស​ចំនួន ៣៦ ​នាក់​ ពី​សំណាក់​គណៈកម្មការ​ចំនួន ៥ ​រូប​។

លោក ជេរ៉ូនីម៉ូ បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្ដិ៍​ថា​៖ «​គណៈកម្មការ​របស់​យើង​មាន​ទស្សនវិស័យ​ប្រាកដប្រជា​ក្នុង​ការ​​ជ្រើសរើស​ស្នាដៃ​សិល្បៈ​ដោយ​ផ្ដោត​លើ​ការ​បង្កប់​គំនិត​ជ្រាលជ្រៅ បច្ចេកទេស​ច្នៃ​ប្រឌិត និង​ទស្សនៈ​ឆ្លុះ​បញ្ចាំង​ពី​សិល្បៈ​សហសម័យ​។ ពួក​គេ​បាន​ជ្រើស​រើស​អ្នក​សិល្បៈ ៣៦ ​នាក់ ដែល​ភាគ​ច្រើន​ជា​ខ្មែរ តែ​ក៏​មាន​បរទេស​ ១១ ​ជនជាតិ​ផង​ដែរ»។

រូបភាព​គំនូរ​គូស​វាស​ពណ៌​ស និង​ខ្មៅ​ បង្ហាញ​ពី​ក្រុម​មនុស្ស​ជនជាតិ​ដើម​ភាគ​តិច​រ៉ូហ៊ីងយ៉ា ត្រូវ​បាន​មើល​ឃើញ​កំពុង​ដើរ​ភៀស​ខ្លួន​នៅ​លើ​វាល​ស្រែ​មួយ​។ វា​ត្រូវ​បាន​បោះឆ្នោត​ជា​ស្នាដៃ​សិល្បៈ​ឆ្នើម​បំផុត​។

លោក ជេរ៉ូនីម៉ូ បាន​និយាយថា​៖ «ស្នាដៃ​ត្រូវ​បាន​បោះ​ឆ្នោត​ច្រើន​បំផុត​មាន​ឈ្មោះ​ថា (ដំណើរ​ទៅ​ផ្ទះ​ដ៏​វែង​ឆ្ងាយ​) ដោយ​ផ្ដោត​លើ​ស្ថានភាព​ដ៏​លំបាក​របស់​ជនភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា នៅ​​មីយ៉ាន់ម៉ា​ ដោយ​អ្នក​សិល្បៈ​ជនជាតិ​​បង់ក្លាដែស Fawas Rob»។

ពិព័រណ៍​ទម្រង់​សិល្បៈ​ដំឡើង វីដេអូ​ រូបថត សិល្បៈ​ឌីជីថល គំនូរ​សហសម័យ និង​ការ​សម្ដែង។ ហ៊ាន រង្សី

ពិព័រណ៍​ភ្នំពេញ​សិល្បៈ ដែល​គ្រោង​រៀបចំ​ឡើង​ក្នុង​ខែ​មីនា តែ​ត្រូវ​ពន្យារ​ដោយសារ​ការ​រឹត​បន្ដឹង​កូវីដ គឺ​ជា​វេទិកា​សិល្បៈ​សហសម័យ​កម្ពុជា រួម​មាន​​ សិល្បៈ​ដំឡើង វីដេអូ​ រូបថត សិល្បៈ​ឌីជីថល គំនូរ​សហសម័យ និង​ការ​សម្ដែង​ ដែល​ចាប់​ផ្ដើម​ពី​ថ្ងៃទី ៥ រហូត​ដល់​ថ្ងៃទី ២៧ ខែ​មិថុនា។

ស្នាដៃ​សិល្បៈ​របស់​ពួក​គេ ក៏​នឹង​ត្រូវ​​តាំង​បង្ហាញ​រួម​ជាមួយ​ស្នាដៃ​សិល្បៈ​​របស់​អ្នក​សិល្បៈ​ជា​ភ្ញៀវ​កិត្ដិយស ដូចជា ពេជ្រ សុភាព, ថាង សុធា, អាលី អានីដា, ឆូយ ធៀនលី, ថូរ វុត្ថា, ឈីម សុធី និង​ សៅ ស្រីម៉ៅ​ ជាដើម​។

លោក​បាន​និយាយ​ថា លោក​ជា​អ្នក​រៀបចំ​កម្មវិធី​ម្នាក់​ផង​នោះ បាន​បង្ហាញ​ចម្លាក់​ ១ និង​វីដេអូ​ ១ ដែល​ទាក់ទង​នឹង​ចម្ងល់​នៃ​តុល្យភាព និង​អេឃ្វីលីប្រ៊ីអូ (តុល្យភាព)។

ប្រធានបទ និង​រចនាប័ទ្ម​នានា​ត្រូវ​បាន​អនុញ្ញាត ដោយសារ​តែ​ព្រឹត្ដិការណ៍​នេះ​​បើក​ទូលាយ​ដល់​អ្នក​សិល្បៈ​បង្ហាញ​​នូវ​អ្វី​ដែល​ពួក​គេ​ចង់​។

កញ្ញា ដាកូតា ហ្គីហ្សាដ ជា​អ្នក​ថត​រូប​ជនជាតិ​បារាំង​បាន​ប្រើ​បង្អួច​ទូរថភ្លើង​​ជា​ស៊ុម​រូបថត​រំលេច​ទេសភាព​នានា​​​​លើ​ដំណើរ​ពី​ភ្នំពេញ​ទៅ​តាកែវ។

រូបថត​ទំហំ ៣១ x ៤១ ចំនួន ១០ ​ផ្ទាំង ត្រូវ​បាន​តាំង​​បង្ហាញ​ ១ ​រូប​ និង​ស៊ុម​ ១ ​រៀងៗ​ខ្លួន ខណៈ​ស៊ុម​ធំ ​១ ​មាន​​រូបថត​តូចៗ​ចំនួន ៤៨ ​សន្លឹក​ ស្ថិត​​​នៅ​ចំ​កណ្ដាល​។

សំណេរ​ក្រោម​រូបថត បាន​សរសេរ​ថា​៖ «​កាមេរ៉ា​របស់​កញ្ញា​បាន​ផ្ដិត​យក​រូបភាព​ជា​ច្រើន​សន្លឹក​ ១ ​ប៉ុស្ដិ៍ ​ហើយ​ ១ ​ប៉ុស្ដិ៍​ទៀត ទៅ​តាម​ល្បឿន​រថភ្លើង​ ហើយ​ត្រូវ​បាន​ជ្រើសរើស​រូបភាព​ល្អ​បំផុត​ក្នុង​ចំណោម​នោះ​»។

ស្នាដៃ​សិល្បៈ​ប្លែកៗ​ទាក់ទង​នឹង​ប្រធានបទ​​រួម ដូចជា យេនឌ័រ និង​តួនាទី​ស្ដ្រី​ក្នុង​សង្គម​ បរិស្ថាន និង​ការ​អភិវឌ្ឍ បញ្ហា​សង្គម​ពាក់ព័ន្ធ​ជន​ចំណាក​ស្រុក និង​ជន​ភៀស​ខ្លួន​។

​ស្នាដៃ​ជាង ១០០ របស់​អ្នក​សិល្បៈ ៣៦​រូប​ ទាំង​ជាតិ និង​អន្ដរជាតិ​ ត្រូវបាន​តាំងបង្ហាញ​​​ដល់ថ្ងៃទី​២៧ ខែមិថុនា។ រូបថត ហ៊ាន រង្សី

លោក ជេរ៉ូនីម៉ូ បាន​និយាយ​ថា​៖ «ខ្ញុំ​ខ្លួន​ឯង​មាន​សិល្បៈ​ដំឡើង​ជា​សំឡេង ហៅ​ថា (ផ្ទះ) ទាក់ទង​ជាមួយ​ស្ថានភាព​ជន​ចំណាក​ស្រុក​កម្ពុជា​ ដែល​បាន​វិល​​មក​​មាតុ​ប្រទេស​វិញ​ក្នុង​ឆ្នាំ​ ២០២០ អំឡុង​ការ​រាតត្បាត​កូវីដ​»។

កញ្ញា សៅ ស្រីម៉ៅ ជា​អ្នក​សិល្បៈ​ក្រាហ្វិក និង​គំនូរ មក​ពី​បាត់​ដំបង នឹង​បង្ហាញ​សិល្បៈ​សម្ដែង​ក្នុង​នាម​ជា​អ្នក​សិល្បៈ​កិត្ដិយស​ ដើម្បី​រួម​ចំណែក​ក្នុង​ព្រឹត្ដិការណ៍​ពិព័រណ៍​ដំបូង​នេះ​។

កញ្ញា​បាន​ប្រាប់​​ ភ្នំពេញ​ ប៉ុស្ដិ៍ ដោយ​បង្ហាញ​ពីការ​សម្ដែង​ស្រដៀង​នឹង​​អ្វី​ដែល​ធ្លាប់​បាន​ធ្វើ​នៅ​លើ​គណនី​យូធូប​ «សម្ពាធ» ថា​៖ «​ខ្ញុំ​គិត​ថា ជា​ការ​សម្ដែង​ដែល​ហៅ​ថា «Depress» ហើយ​​យើង​គិត​ថា ខ្ញុំ​នឹង​សម្ដែង​នៅ​ថ្ងៃទី ១២ បើ​គ្មាន​ប្រែប្រួល​ទេ​នោះ»។

ភ្ញៀវ​ត្រូវ​ចុះ​ឈ្មោះ​ដោយ​កក់​កន្លែង​ឥត​គិត​ថ្លៃ​ទៅ​តាម​គោល​ការណ៍​សុវត្ថិភាព​តម្រូវ​ដោយ​ក្រសួង​សុខាភិបាល និង​អាជ្ញាធរ​ក្នុង​ការ​ទប់ស្កាត់​ការ​រីក​រាលដាល​វីរុស​។

លោក ជេរ៉ូនីម៉ូ មក​ពី​ព័រទុយហ្គាល់​បាន​​ឱ្យ​​ដឹង​ថា៖ «​យើង​អនុញ្ញាត​ឱ្យ​អ្នក​​ចូល​ទស្សនា​ទៅ​តាម​ការ​ណាត់​ពេល​​​ជា​មុន​ ដែល​យើង​តម្រូវ​ឱ្យ​មាន​ចំនួន​ត្រឹម ១៥ ​នាក់​ម្ដង​ក្នុង​វិចិត្រសាល ដោយ​ការ​កក់​កន្លែង​តាមរយៈ​ការ​​ចុះ​ឈ្មោះ​តាម​តំណ​ភ្ជាប់​នេះ https://bit.ly/3veDSVr»។

ពិព័រណ៍​ភ្នំពេញ​សិល្បៈ​នៅ Factory Phnom Penh ដោយ​បើក​ទ្វារ​​ពី​ម៉ោង ១០​ ព្រឹក​ដល់​ម៉ោង​ ៦ ​ល្ងាច​ ពី​ថ្ងៃ​អង្គារ​ដល់​ថ្ងៃ​សៅរ៍ ហើយ​ថ្ងៃ​អាទិត្យ ពី​ម៉ោង ១០ ​ព្រឹក​ ដល់​ម៉ោង ១ ​រសៀល និង​ពី​ម៉ោង ៣ ​រសៀល​ដល់​ម៉ោង ៦ ​ល្ងាច ហើយ​សម្រាក​នៅ​ថ្ងៃ​ចន្ទ​។

សម្រាប់​ព័ត៌មាន​លម្អិត សុំ​ចូល​ទៅ​កាន់​ទំព័រ​ហ្វេសប៊ុក @PenhArtFair និង​វេបសាយ​ penhartfair@gmail.com៕