ភ្នំពេញ៖ បីដូច​ជា​ត្បូង​តំណក់​ទឹក​ដ៏​ភ្លឺ​រលើបរលោង​ផុស​​ត្រដែត​ពី​ស្រទាប់​ផ្កា​ច័ន្ទ​​ក្រឡា​ក្បាច់​រចនា​ខ្មែរ​​តាក់តែង​​លើ​​កាយ​តួអង្គ​ដ៏​រស់រវើក ស្នាដៃ​គំនូរ​​វិចិត្រករ​ក្រៅ​សាលា​​ លោក ណាក ណយ​ បាន​ធ្វើ​ឱ្យ​មហាជន​ចម្រុះ​ជាតិ​សាសន៍​​​សម្គាល់​​បាន​យ៉ាង​ច្បាស់​ ជាមួយ​អត្តសញ្ញាណ​​​ពណ៌​​ខៀវ​បៃតង​តំណាង​​ធម្មជាតិ និង​ការ​ច្របាច់​បញ្ចូល​ក្បាច់​បុរាណ​​ជា​សិល្បៈ​​​សហសម័យ​​ផុស​លើ​ផ្ទៃ​គំនូរ​​ទាំង​បង្កប់​អត្ថន័យ ទាំង​​ស្អាត​​ទាក់​ភ្នែក។

តាំង​ពី​កុមារភាព វិចិត្រករ​មាន​​កំណើត​​នៅ​ខេត្ត​សៀមរាប ណាក ណយ​ តែងតែ​ចូលចិត្ត​គូស​វាស​លើ​សៀវភៅ​នូវ​រូបភាព​ផ្សេងៗ រួច​សម្រាំង​​ទុក​នូវ​ស្នាដៃ​ល្អ​ឯក​ផ្ទាល់​ខ្លួន​។

វិចិត្រករ​​ស្វ័យ​ដុស​ខាត់​ឧបនិស្ស័យ​សិល្បៈ​​​ខ្លួន​ឯង​រូប​នេះ បាន​​រំឭក​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍​ ពី​ចំណុច​ចាប់​ផ្ដើម​ខ្លួន​ថា៖ «តាំង​ពី​រៀន​ថ្នាក់​មត្តេយ្យ​ខ្ញុំ​តែងតែ​ចូលចិត្ត​កាន់​ខ្មៅដៃ​គូរ​នេះ​គូរ​នោះ​ពេញ​សៀវភៅ​។ ខ្ញុំ​ដឹង​មក​រហូត​ថា ​ខ្ញុំ​ចូលចិត្ត​គំនូរ តែ​មិន​ជឿជាក់​ថា ​ខ្ញុំ​អាច​ធ្វើ​បាន​ទេ​»។

លោក ណាក ណយ បាន​រៀបរាប់​ទៀត​​ថា៖ «បញ្ចប់​បាក់ឌុប​នៅ​ឆ្នាំ​ ២០១៦ ខ្ញុំ​នៅតែ​វិលវល់​មិន​ដឹង​ខ្លួន​ថា ​​ចង់​ធ្វើ​អី​ឬ​​ស្រឡាញ់​អី​ឱ្យ​ប្រាកដ​។ ពេល​​ខ្ញុំ​ស្រាវជ្រាវ​នៅ​សាលា​ភូមិន្ទវិចិត្រ​សិល្បៈ​ភ្នំពេញ​ គេ​ផ្ដោត​លើ​គំនូរ​ដូច​ និង​ជា​គំនូរ​បុរាណ អ៊ីចឹង​ខ្ញុំ​ក៏​មិន​សូវ​ស្រឡាញ់​ទៀត ​ព្រោះ​ខ្ញុំ​ចូលចិត្ត​បែប​គំនូរ​សហសម័យ​»។

លោក​​ក៏​សម្រេច​ចិត្ត​ធ្វើ​ការ​ជំនួស​ឱ្យ​ការ​រៀន​បន្ត ហើយ​ឆ្លៀត​គូរ​គំនូរ​បណ្ដើរ​​ដោយ​សន្សំ​ចិត្ត​​ធ្វើ​ឱ្យ​ក្ដីស្រមៃ​ក្លាយ​ជា​ការ​ពិត​។

ចាប់​តាំង​ពី​ឆ្នាំ​ ២០១៦ ណាក ណយ ​ចាប់​ផ្ដើម​សន្សំ​ស្នាដៃ​ឆ្នើម​របស់​ខ្លួន។ បើទោះ​ជា​កាល​ណោះ​មិន​មាន​អ្នក​ទិញ​ស្នាដៃ​របស់​លោក​ក៏​ដោយ​ ក៏​លោក​​តែង​រំពឹង​​ថា ​ទឹក​ដៃ​ទាំង​នេះ​​ជា​​ភ័ស្តុតាង​បង្ហាញ​ដល់​អ្នក​ស្នេហា​គំនូរ​សិល្បៈ​​ដែល​អាច​ទំនុក​បម្រុង​​រូប​លោក​​ឱ្យ​បោះ​ជំហាន​ជា​សិល្បករ​សហសម័យ​ ១ រូប​។

ស្នាដៃ​គំនូរ​របស់​​ វិចិត្រករ ណាក ណយ ទទួល​បានការ​គាំទ្រ​ និង​ជាវ​ពីអតិថិជន​ភាគច្រើន​ជា​ភ្ញៀវបរទេស​។ រូបថត សហ​ការី

យុវជន​វ័យ​ ២១ ​ឆ្នាំ​រូប​នេះ​បាន​បន្ត​​​ថា​៖ «រហូត​ដល់​ឆ្នាំ ២០១៨​ ខ្ញុំ​សន្សំ​បាន​ ១០ ​ផ្ទាំង​ ហើយ​ក៏​ដើរ​ពី​ហាង​ ១ ​ទៅ​ ១ ​ដើម្បី​​សុំ​គេ​ដាក់តាំង​ស្នាដៃ​ក៏​បាន​ព្យាយាម​ទាក់ទង​ទៅ​ភ្នំពេញ​ដែរ។ ពេល​នោះ​មិន​មាន​អ្នក​ទទួល​ខ្ញុំ​ទេ​រហូត​ដល់​ជួប​​ហាង​កាហ្វេ Red Fox Espresso cafe ដែល​គេ​អនុញ្ញាត​ឱ្យ​ខ្ញុំ​តាំង​នៅ​ហាង​របស់​គេ​ ៣ ​ខែ ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​»។

ដូច​ពាក្យ​ស្លោក​ថា «ព្យាយាម​គង់​បាន​សម្រេច​»។ ការ​តាំងពិព័រណ៍​លើក​នោះ​ យុវជន​ ណាក ណយ​ ទទួល​បាន​ជោគជ័យ រហូត​វិវឌ្ឍ​ខ្លួន​ជា​សិល្បករ​ម្នាក់​​ក្នុង​ចំណោម​វិចិត្រករ​ចម្រុះ​ជាតិសាសន៍​នៅ​​​វិចិត្រសាល Tribe Cambodia ទឹកដី​សៀមរាប​អង្គរ​ក្នុង​ឆ្នាំ ២០១៨។​

ស្នាដៃ​គំនូរ​សហសម័យ​របស់ ណាក ណយ ​​មាន​ភាព​ប្លែក​ពី​រូប​គំនូរ​ដទៃ​ដោយការ​​គូរ​ភាព​ស្រមើស្រមៃ​​ជា​​សណ្ឋាន​​ស្លឹក ផ្កា​​ ​ស្រកា ត្បូង​ ​ដូច​ប៉ាក់ឌិន​ ក្រោម​ឥទ្ធិពល​​ពណ៌​ធម្មជាតិ​​​ចម្បង​​​គឺ​ បៃតង​ និង​​​ខៀវ​​។

រយៈពេល​ជាង​ ៣ ​ឆ្នាំ​ហើយ​ ដែល​យុវជន ​ណាក ណយ ធ្វើ​ការ​នៅ Tribe Cambodia ជាមួយ​បទពិសោធ​​ធ្លាប់​បាន​​តាំង​ពិព័រណ៍​ស្នាដៃ​ទាំង​​​នៅ​រាជធានី​ភ្នំពេញ ​និង​សៀមរាប​ប្រមាណ​​ជា​ ៨-៩ ​ដង​រួច​មក​។

គំនូរ​របស់​លោក​ទទួល​បាន​ការ​គាំទ្រ​​ និង​​ជាវ​ដោយ​អតិថិជន​ដែល​ភាគ​ច្រើន​ជា​ភ្ញៀវ​បរទេស។ លោក​​បាន​ឱ្យ​ដឹង​ថា​ គំនូរ​​​​សហសម័យ​ដ៏​គួរ​ឱ្យ​ពេញ​ចិត្ត​ជាង​គេ​ គឺ​ស្នាដៃ​ថ្មី​បំផុត​​របស់​លោក​ ដែល​​ស្ដែង​ពី​ការ​វិវឌ្ឍនៃ​ទឹកដៃ​ចុង​ក្រោយ​​បង្អស់​​។ គំនូរ​នោះ​​មាន​​ឈ្មោះ​ថា​ មាតា​ផែនដី «Mother Earth» មាន​ទំហំ ២ ម៉ែត្រ​ ៤ ​​ជ្រុង​ និង​​​តម្លៃ​ជាង ​៥ ០០០ ​ដុល្លារ​។

ណាក ណយ ​ធ្លាប់​គូរ​ទាំង​លើ​ក្រដាស ជញ្ជាំង​ និង​ក្រណាត់​ ដោយ​ស្នាដៃ​នីមួយៗ​​បង្កប់​នូវ​អត្ថន័យ​ស្ដីពី​បញ្ហា​សង្គម​​គ្រួសារ រឿង​រ៉ាវ​របស់​ស្រ្តី ការ​លើក​ទឹក​ចិត្ត​នារី និង​ក្រសែ​ភ្នែក​​មនុស្ស​ក្នុង​សង្គម​សម្លឹង​មើល​មក​កាន់​ស្ត្រី​​បច្ចុប្បន្ន​។

សិល្បករ​សហសម័យដែល​ធ្លាប់​បាន​ចូល​រៀន​សាលា​ហ្វារ​ពន្លឺសិល្បៈ​បាន​ ១ ​ខែ​កន្លះ​ ក៏​ត្រូវ​ផ្អាក​វិញ​ ​រូប​នេះ​បាន​ពន្យល់​ថា៖ «ទី១ ដោយសារ​ក្បាច់​ខ្ញុំ​មាន​ផ្កា​មាន​លក្ខណៈ​ទន់ភ្លន់​គូរ​ជាមួយ​ស្រ្តី​​សម​ជាង​។ ទី២ ​គឺ​ដោយសារ​ខ្ញុំ​បាន​កម្លាំងចិត្ត​ពី​ម្ដាយ​ខ្ញុំ​ដែល​គាត់​​ខិតខំ​ចិញ្ចឹម​កូន ​និង​ដើម្បី​គ្រួសារ​ខ្លាំង​។ ពេល​មើល​ឃើញ​រឿងរ៉ាវ​ជីវិត​គាត់​ ខ្ញុំ​ចាប់​ផ្ដើម​គូរ​រឿង​គាត់​ព្រោះ​គាត់​ជា​ស្ត្រី​ដែល​តស៊ូ​គ្រប់​រឿង​ដែល​គាត់​ធ្វើ​»។

ក្នុង​អាជីព​ជា​អ្នក​សិល្បៈ​​ វិចិត្រករ​វ័យ​ក្មេង​ ណាក ណយ ធ្លាប់​លក់​រូប​បាន​ជាង​ ១០០ ផ្ទាំង​ គិត​ទាំង​គំនូរ​បោះពុម្ព​មាន​កំណត់​​។

យុវជន​រូប​នេះ​​រំឭក​ប្រាប់​ថា​​៖ «រឿង​ដែល​ល្អ​បំផុត​នៅ​ពេល​បាន​ក្លាយ​ជា​វិចិត្រករ ​គឺ​ខ្ញុំ​បាន​រស់នៅ​ជាមួយ​ក្ដី​ស្រឡាញ់​​ ក្ដី​ស្រមៃ​ដែល​មាន​តាំង​ពី​តូច​គឺ​អាជីព​ជា​អ្នក​សិល្បៈ​ និង​បាន​បញ្ចេញ​មតិ​យោបល់​របស់​ខ្លួន​ឯង​ទៅ​កាន់​សង្គម​តាម​រយៈ​គំនូរ​»។

នៅ​ថ្ងៃ​អនាគត​ ណាក ណយ រំពឹង​ថា ​​ខ្លួន​នឹង​​អាច​មាន​ឈ្មោះ​បោះ​សំឡេង​​ទៅ​ក្រៅ​ប្រទេស​ក៏​ដូច​ជា​ពង្រីក​​មហិច្ឆតា​​ប្រឡូក​នៅ​ក្នុង​វិស័យ​ហ្វេស្សិន ដោយសារ​លោក​ប្រាថ្នា​​ចង់​ឃើញ​ស្នាដៃ​របស់​ខ្លួន​មាន​​​ជីវិត​រស់​រវើក​នៅ​ក្រៅ​ផ្ទាំង​គំនូរ​។

ជា​អ្នក​សិល្បៈ​ក្រៅ​សាលា តស៊ូ​រហូត​​ដល់​មាន​ការ​ទទួល​ស្គាល់​ស្នាដៃ​គំនូរ​​ ណាក ណយ ​ក៏​ចង់​ផ្ដាំ​ទៅ​អ្នក​មាន​ឧបនិស្ស័យ​ដូច​ជា​រូប​លោក​ថា​៖ «បើ​គាត់​ស្រឡាញ់​​ហើយ​កុំ​ឆាប់​បោះបង់ ត្រូវ​តែ​មាន​ភាព​អត់ធ្មត់​ ព្រោះ​​ខ្ញុំ​ឃើញ​ក្មេង​ក្រោយៗ អ្នក​ដែល​ទើប​​ប្រឡូក​ថ្មី​គាត់​មិន​សូវ​មាន​ភាព​អត់ធ្មត់​ប៉ុន្មាន​ទេ។​ ពេល​គូរ​បាន​គាត់​ចង់​តែ​លក់​ឱ្យ​បាន​ តែ​វា​មិន​អាច​ទៅ​រួច​ទេ ​ព្រោះ​ការងារ​នេះ​ចំណាយ​ពេល​រាប់​ឆ្នាំ​ទម្រាំ​គេ​មើល​ឃើញ​យើង​ ឃើញ​បំណិន​យើង​»។

ព័ត៌មាន​បន្ថែម​អាច​ទំនាក់ទំនង វិចិត្រករ​ ណាក ណយ​​តាម​គេហទំព័រ​ហ្វេសប៊ុក ​@naknoy.art៕