ភ្នំពេញ៖ កំពុង​រះលើ​វិថី​បទ​ចម្រៀង​អូរីជីណល តារាចម្រៀងចេះ​ទាំង​តែង​និពន្ធ លេង​ឧបករណ៍​ភ្លេង និង​ច្រៀង​ អ្នកនាង​ អេដា ស្រាប់តែ​បាត់​ខ្លួន​ពី​ពិភព​សិល្បៈ ដោយ​សូម្បី​តែ​គ្រប់​បណ្ដាញ​សង្គម​ដែល​នាង​ធ្លាប់តែ​បង្ហោះ​រូប និង​សំណេរ​ក៏ប្រែ​ជា​​អសកម្ម​ឈឹង។

ទើបតែ​ប៉ុន្មាន​ម៉ោង​មុន​នេះ តារា​ចម្រៀង​អូរីជីណលម្ចាស់បទ «នៅ​ទីនេះ​មាន​មនុស្ស​ខូចចិត្ត» បទ «ភ្លើង» និង​បទ «ពីរ​នាក់​បាន​ហើយ» និង​បទ​ចម្រៀង​ចុង​ក្រោយ​គឺ​បទ «មាន​អ្នក​ថែ​ឬ​នៅ?» អ្នកនាង គ្រួច ស​ចរិយា ហៅ អេដា បាន​ដាច់​ចិត្ត​លាត​ត្រដាង​ថា មូលហេតុ​ដែល​នាំ​ឱ្យ​នាង​ផ្ដាច់​ខ្លួន​ពី​ពិភពសិល្បៈ​ និង​សង្គម​មនុស្ស​គឺ​ដោយសារ​តែ​ជំងឺ​ផ្លូវ​ចិត្ត​អូស​បន្លាយយ៉ាង​យូរ។

តារាចម្រៀង​បទ​អូរីជីណល អ្នកនាង អេដា និង​តារាចម្រៀង មាស សុខសោភា។

ក្នុង​សំណេរ​ជាភាសាអង់គ្លេស​ទើប​បង្ហោះ​​អំបាញ់មិញ​នេះ តារាចម្រៀង អេដា បាន​បរិយាយ​ថា៖ «សួស្ដី…ខ្ញុំ​សង្ឃឹមថា​អ្នកទាំងអស់គ្នា​សុខសប្បាយណាស់ និង​មានសុខភាពល្អ​ទាំង​អស់​គ្នា! ជា​ដំបូង ខ្ញុំ​សូម​អភ័យទោស​ដល់​ស្ពុនស័រ (អ្នកឧបត្ថម្ភ​កម្មវិធី) និង​ទីភ្នាក់ងារ​ទាំងអស់ សម្រាប់​អវត្តមាន និង​ភាព​អសកម្ម​របស់ខ្ញុំ ដោយ​មិន​ឆ្លើយតប​សារ ហើយ​ថែមទាំង​លប់​ចោល​នូវ​មាតិកា​ពាណិជ្ជកម្ម ព្រមទាំង​ការ​បង្ហោះ​​លក្ខណៈ paid partnership លើ​បណ្ដាញសង្គម។ ខ្ញុំ​ក៏​សូម​អភ័យទោស​ដល់​អ្នកគាំទ្រ​ខ្ញុំទាំង​អស់ ដែល​ខ្ញុំ​បានលប់ចោល​នូវ​រូបថត និង​ខ្លឹមសារ​បង្ហោះ​ទាំងអស់ ដែល​ពួកគេ​ធ្លាប់បាន​ចុច Like និង​បញ្ចេញ​មតិ Comment ដោយសារ​អ្វីៗ​ទាំង​នោះ​ប្រហែល​ជា​ធ្លាប់​បាន​ជំរុញ​ពួកគេ ហើយ​​ក៏ជា​ទម្លាប់ដែល​ពួកគេ​ធ្លាប់​ផ្សារភ្ជាប់ទំនាក់ទំនង​ជាមួយ​ខ្ញុំ…»។

អ្នកនាង អេដា បាន​ដាច់ចិត្តទម្លាយមូលហេតុ​ដែលធ្វើ​ឱ្យ​នាង​សម្ងំ​រស់នៅយ៉ាងស្ងប់ស្ងាត់ ដោយសារ​តែ​វិបត្តិ​ជំងឺ​ផ្លូវ​ចិត្ត។

ក្នុង​សំណេរ​ដ៏​វែង​នោះ​ផង​ដែរ តារាចម្រៀង​អូរីជីណល អ្នកនាង អេដា បាន​រៀបរាប់​បន្ត​ទៀត​ថា៖ «ខ្ញុំ​បាន​នឹង​កំពុង​តស៊ូ​នឹង​​បញ្ហា​ជំងឺ​បាក់ទឹកចិត្ត និង​​អារម្មណ៍​អន្ទះសារ​ច្របូក​ច្របល់​ជា​យូរ​ណាស់​មក​ហើយ រហូត​វា​ក្លាយ​ទៅ​ជា​​ការ​ជម្នះ​​ដ៏សាមញ្ញ​ដែល​ខ្ញុំ​ត្រូវ​តែ​ប្រឈម​នឹង​វា។ ខ្ញុំជឿថា​​ អ្នក​ទាំងអស់គ្នា​មួយចំនួន​ប្រហែល​ជា​ធ្លាប់​ឆ្លង​កាត់​ដូច​ជា​ខ្ញុំដែរ។ ប៉ុន្តែ​​ក្នុង​វេលា​កន្លងមក​ផង​ដែរ មានពេល​ខ្លះ​បញ្ហា​ជំងឺ​ផ្លូវ​ចិត្ត​បាន​វាយ​ប្រហារ​ខ្ញុំ​ខ្លាំង​ពេក​រហូត​ដល់ខ្ញុំ​បាត់បង់​ភាព​ម្ចាស់​ការ​លើ​ខ្លួន​ឯង​ ពុំអាច​គ្រប់គ្រង​ខ្លួន​ឯង​ដោយ​ងាយ​ស្រួលបាន។ ខ្ញុំ​ពិត​ជា​កំពុង​តែតទល់​នឹង​បញ្ហា​ជំងឺ​​បាក់ទឹកចិត្ត អារម្មណ៍​អន្ទះសារ​ច្របូក​ច្របល់​ និង​បញ្ហា​សុខភាព ល្វើយ​ល្ហិតល្ហៃ​ ហើយ​វា​ពិត​ជា​ពិបាក​ក្នុង​ការ​ពិពណ៌នា​ឱ្យ​ងាយស្ដាប់ណាស់…»។

អ្នកនាង អេដា និង​ម្ចាស់ស្នេហ៍សញ្ជាតិ​អាមេរិក លោក អេឡិន។

តារាចម្រៀង​ធ្លាប់​ហែល​ឆ្លង​ជីវិត​អាពាហ៍ពិពាហ៍​កាល​ជិត ១០​ឆ្នាំ​មុន ​អ្នកនាង អេដា បាន​​រៀបរាប់​បន្ត​ថា៖ «មាន​ពេល​ខ្លះ​ ខ្ញុំ​មិនអាច​បើក​ចិត្ត​ឆ្លើយ​សំណួរ​ ទាំង​អារម្មណ៍​ខ្ញុំ​ក្ដុកក្ដួល​ទប់​ទឹក​ភ្នែកមិន​បាន​ ហើយខ្ញុំ​លែង​មានអារម្មណ៍​ជឿជាក់ បាត់បង់ភាពច្នៃប្រឌិត លែង​ទ្រាំទ្រ​នឹង​សម្លេង​រំខាន​បាន លែង​អាច​គិត​​ពីទំនួលខុសត្រូវ​ការងារ លែង​អាច​​ចូលចុះ​ក្នុង​សង្គម បាត់បង់​​​ចំណង់អាហារ​ មិន​អាច​សូម្បី​តែ​បើក​មើល IG និង FB ព្រោះតែអារម្មណ៍​ច្របូកច្របល់​មិននឹងនរ​បារម្ភ​ខ្លាច​​មតិ និង​ទស្សនៈ​អ្នកដទៃ​មក​លើ​ខ្លួន​ឯង…»។

តារាស្រី​រាង​តូច​ច្រឡឹង​វ័យ​សាមស្ដើង​រូបនេះ បាន​ពិពណ៌នា​អាការៈ​របស់នាង​ទៀត​ថា៖ «ខ្ញុំ​លែង​ចង់​ញ៉ាំ​អ្វីទាំង​អស់ សូម្បី​តែ​របស់​ខ្ញុំ​ចូលចិត្ត​ញ៉ាំ​បំផុត​។ កីឡា និង​សកម្មភាព​ដែល​ខ្ញុំ​ធ្លាប់​ចូលចិត្ត​ធ្វើ ក៏​ខ្ញុំ​​ល្វើយ​នឹង​ធ្វើ​វា ហើយ​ខ្ញុំ​មានតែ​ចំណាយពេល​ពី​មួយថ្ងៃទៅ​មួយថ្ងៃ​​សោកស្ដាយ​នូវ​អ្វី​ដែល​បាន​កើតឡើង ហើយ​ស្ដាយ​ថា​ខ្ញុំ​គួរ​តែ​អាច​កែ​កុន​អតីតកាល​ឱ្យ​ប្រសើរ​ជាង​នេះ ហើយ​អ្វី​ដែល​សំខាន់បំផុត​នោះ គឺ​ខ្ញុំ​មានបញ្ហា​គេង​មិន​លក់​ធ្ងន់ធ្ងរ។ ខ្ញុំ​ពិត​ជា​ខ្លាច និង​អន្ទះសារ​ក្នុង​ចិត្ត ភ័យ​ថា​ប្រសិន​បើ​ស្ថានភាព​ខ្ញុំ​រឹត​តែ​យ៉ាប់យឺន​ជាង​នេះ ខ្ញុំ​ខ្លាច​ខ្ញុំ​​បាត់​បង់​ភាព​ជា​ខ្លួន​ឯងទាំងស្រុង…»។

តារាចម្រៀង​ អេដា មានទេពកោសល្យ​និពន្ធ លេង​ឧបករណ៍ភ្លេង និង​ច្រៀង។

ក្នុង​ស្ថានភាព​នេះ​ដែរ អ្នកនាង អេដា ក៏​បាន​​បញ្ជាក់​ដែរ​ថា នាង​បាន​ស្វែង​រកជំនួយ និង​បាន​ជួប​អ្នក​ជំនាញ​ចិត្ត​សាស្ត្រ ព្រមទាំង​​កំពុង​ប្រើប្រាស់​ឱសថ​តាម​វេជ្ជបញ្ជា។

ខណៈ​ពេលកំពុង​តែ​ផ្ដាច់ខ្លួន​ពី​សង្គម​ និង​អាជីព​សិល្បៈ​​ព្រោះតែ​បញ្ហា​ផ្លូវ​ចិត្ត​នេះ អ្នកនាង អេដា ក៏​បាន​ប្រាប់ផង​ដែរ​ថា៖ «ខ្ញុំអាច​​និយាយ​​ជាមួយ​ដៃគូ និង​មនុស្ស​ជិត​ដិត​ខ្លាំង​តែប៉ុន្មាន​​នាក់​ប៉ុណ្ណោះ។ អរគុណ​ពួកគេ​ដែល​មិន​ធ្វើ​ឱ្យ​ខ្ញុំ​មាន​អារម្មណ៍​ឯការ​ក្នុង​ការ​ជម្នះ​ជំងឺ​ផ្លូវ​ចិត្ត​នេះ»។

តារាចម្រៀងបទអូរីជីណល អ្នកនាង អេដា ដែល​ធ្លាប់តែ​សកម្ម​នឹង​​បញ្ដាញ​សង្គម និង​កម្មវិធីសិល្បៈ​​នានា។

ក្រោពី​បរិយាយ​ប្រាប់​ស្ថានភាព​សុខភាព​ផ្លូវ​ចិត្ត តារាចម្រៀង​អូរីជីណល​រូបនេះ​ក៏​បាន​ទទូច​ផង​ដែរ​ថា៖ «អ្វី​ដែល​ខ្ញុំ​ស្នើ​សុំ​ពេល​នេះ​គឺ សូមមេត្តា​​ទុក​ឱ្យខ្ញុំ​បានដក​ឃ្លា​ពីអ្វីៗ​គ្រប់​យ៉ាង​ដែល​ខ្ញុំ​បាន​​កំពុង​ធ្វើ ហើយ​សូមមេត្តា​កុំ​វាយតម្លៃ​ខ្ញុំ និង​​មនុស្ស​មាន​វិបត្តិ​ផ្លូវ​ចិត្ត​ដទៃ​ទៀត ហើយ​សូម​មេត្តា​យកចិត្ត​ទុក​ដាក់​លើ​មនុស្ស​ជាទីស្រឡាញ់​របស់អ្នក​ប្រសិន​បើ​ពួកគេ​មាន​ជំងឺ​បាក់ទឹកចិត្ត​ដោយ​មិន​ដឹង​​ខ្លួន និង​ជំរុញ​ឱ្យ​ពួកគេ​ជឿជាក់​ស្វែង​រក​ជំនួយពីអ្នកជំនាញ​ផ្លូវចិត្ត។ សម្រាប់រូបខ្ញុំ​ផ្ទាល់ វា​ពិត​ជា​លំបាក​ខ្លាំង​ណាស់ ខ្ញុំ​ពិបាក​នឹង​បង្ហាញ​ឱ្យ​ឃើញ​នូវ​ស្ថានភាព​នេះ​ណាស់ ហើយ​ខ្ញុំ​សង្ឃឹម​ថា​ខ្ញុំ​​នឹង​បាន​សប្រសើរ​ឡើង និង​ជម្នះ​លើ​ជំងឺ​ផ្លូវ​ចិត្ត​នេះ​បាន»។

នៅ​ចុង​បញ្ចប់នៃ​សារ​ដ៏​វែងអន្លាយ​នេះ អ្នកនាង​ អេដា ក៏​បាន​បញ្ជាក់ថា៖ «នេះ​ជា​ជំហាន​ដំបូង​របស់ខ្ញុំ​ក្នុងការ​​ជាសះស្បើយ គឺ​ការ​បើក​ចិត្ត​បរិយាយ​រឿងរ៉ាវ​នេះ។ ខ្ញុំសូមទោស និង​អរគុណ​អ្នកទាំងអស់គ្នា។ សូម​ឱ្យ​មានសុខសប្បាយ​ទាំងអស់គ្នា»៕

អ្នកនាង អេដា និង​ម្ចាស់ស្នេហ៍សញ្ជាតិ​អាមេរិក លោក អេឡិន។

សារ​បរិយាយ​ពីស្ថានភាព​សុខភាព​ផ្លូវ​ចិត្ត​របស់​អ្នកនាង អេដា ដែល​ទើបតែ​បង្ហោះ​ប៉ុន្មាន​ម៉ោង​មុននេះ។