ក្រុងអាថែន៖ វិចិត្រករគំនូរលើជញ្ជាំងសម័យថ្មីនៅក្រុងអាថែនម្នាក់បានបញ្ចូលស្នាដៃទេវកថាក្រិក និងទម្រង់សិល្បៈប៊ីហ្សាទីន ជាមួយគំនូរលើជញ្ជាំង និងសិល្បៈតាមដងផ្លូវ ដើម្បីបង្ហាញពីឥទ្ធិពលនៃវីរុសកូរ៉ូណាបង្ខំមនុស្សនៅទូទាំងពិភពលោកក្រោកឡើងបង្ហាញសាមគ្គីភាពរួមគ្នា។
ចាប់ពីក្រុងបាងកក ក្រុងរ៉ាបាត និងក្រុងហ៊្សូរិច លោក ហ្វីកូស បានគូរគំនូរលើជញ្ជាំងនៃទីក្រុងជាច្រើន តែបច្ចុប្បន្នលោកបានបន្ថែមពណ៌ចាំងឆ្លុះពន្លឺព្រះអាទិត្យនៃអគារទីក្រុង នីកូស៊ី នៃសាធារណរដ្ឋសៃប្រើស។
យុវជនវ័យ ៣៣ ឆ្នាំរូបនេះ បានចំណាយពេលដើរលុកលុយតាមច្រកល្បៀងនៃទីក្រុងចំណាស់នីកូស៊ី បំណងស្វែងរកជញ្ជាំងប្រើជាក្រណាត់គំនូររបស់ខ្លួន។
វិចិត្រករក្រិក ដែលហៅខ្លួនថា «វិចិត្រករគំនូរលើជញ្ជាំងសម័យថ្មី» បាននិយាយថា លោករស់នៅលើដែនកោះមេឌីទែរណេនេះរយៈពេលជាច្រើនឆ្នាំអំឡុងពេលវិបត្ដិកូវីដ ១៩ ដែលជាប្រធានបទក្នុងគម្រោងស្នាដៃចុងក្រោយបំផុតរបស់លោក។
លោកបាននិយាយថា៖ «ប៉ុន្ដែទស្សនៈរបស់ខ្ញុំពិតជាខុសពីនេះ។ ខ្ញុំព្យាយាមសម្របទៅកាន់បរិស្ថានជុំវិញ និងចូលចិត្ដប្រើពណ៌តាមអ្នកនៅជិតៗ»។
ឈរនៅលើក្ដារន្ទាល លោកចាប់ផ្ដើមកាន់ជក់គូសវាសលើរូប អាម៉ារ៉ាគូស ជាអ្នកផលិតគ្រឿងក្រអូបឱ្យអាទិទេព Aphrodite ដែលលោកនិយាយថា វាជាជំនឿផ្ដល់អត្ថប្រយោជន៍ដល់ជីវិតអំឡុងពេលវិបត្ដិកូវីដនេះ។
បន្ដិចម្ដងៗ ការគូសវាសរំលេចកាន់តែច្បាស់នូវតួអង្គមនុស្សប្រុសពណ៌បៃតងដោយមានដុះឫសឈើចេញពីក្បាល និងស្លឹកឈើចេញពីទ្រូង ហើយឫសបន្ដដុះចាក់ចេញពីជើង។
លោក ហ្វីកូស បាននិយាយថា លោកប្រើឥទ្ធិពលនៃពណ៌ផ្សេងៗ ចាប់ពីបុរាណក្រិក រហូតដល់អេហ្ស៊ីប និងជប៉ុន។
លោកបានបន្ដថា៖ «ខ្ញុំបានសិក្សាពីគំនូរប៊ីហ្សាទីន តាំងពីអាយុ ១៣ ឆ្នាំ នៅក្រុងអាថែន ហើយខ្ញុំបានរៀនពីសិល្បៈចិញ្ចើមផ្លូវនៅតាមដងវិថីនានា។ សិល្បៈចិញ្ចើមផ្លូវមានដូចជាគំនូរលើជញ្ជាំង ហើយវាមានលក្ខណៈខុសប្លែកគ្នា។ យើងគួរតែដាក់សញ្ញាតែម។
លោកបានធ្វើការស្រាវជ្រាវលើប្រវិត្ដិសាស្ដ្រ និងទេវកថាវិទ្យា ហើយពេលការស្រាវជ្រាវបានបញ្ចប់ ដំណើរការគូរវាសចាប់ផ្ដើមរយៈពេលពី ២ ឬ ៣ថ្ងៃ។
លោកបានអះអាងថា៖ «ស្នាដៃសិល្បៈខ្ញុំប្រើប្រាស់តាមទេវកថាក្រិកច្រើន ដោយសារខ្ញុំជឿថា បើអទិទេពទាំងនោះនៅមានជីវិត ពួកគេច្បាស់ជាមានរឿងច្រើនត្រូវនិយាយ»៕ AFP/HR