The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ឈុន ប៊ុនថន លើក​តម្កើង​​សិល្បៈ​បុរាណ​ក្នុង​អាជីព​កីឡា




ឈុន ប៊ុនថន លើក​តម្កើង​​សិល្បៈ​បុរាណ​ក្នុង​អាជីព​កីឡា

Content image - Phnom Penh Post
លោក ឈុន ប៊ុនថន (រូបសំពះ) ទទួលមេដាយពីលោក ថោង​ ខុន ក្នុងការ​ប្រកួត​នៅបុណ្យទន្លេ។ រូបថត សហ​ការី

ឈុន ប៊ុនថន លើក​តម្កើង​​សិល្បៈ​បុរាណ​ក្នុង​អាជីព​កីឡា

ភ្នំពេញ៖ នៅ​លើ​ទីលាន​ប្រកួត ឈុន ប៊ុនថន គ្រង​ឈុត​កីឡា​ជាមួយ​នឹង​ខោ​ខ្លី និង​អាវ​យឺត​វាល​ក្លៀក ជា​កីឡាករ​អត្ដពលិក​​​តំណាង​ជាតិ​ម្នាក់​ ដែល​មាន​ការ​តាំង​ចិត្ដ​មោះមុត​។ ប៉ុន្ដែ​នៅ​​ពេល​កាន់​ឧបករណ៍​តន្ដ្រី​បុរាណ​ខ្មែរ​​ចាប៉ី​ដង​វែង បុរស​រូប​នេះ​គ្រង​ឈុត​ប្រពៃណី​ជាមួយ​នឹង​សមត្ថភាព​ច្រៀង​​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​។

ថ្វី​ដ្បិត​ការ​លេង និង​ច្រៀង​​ចាប៉ី​ដង​វែង​គ្រាន់​តែ​ជា​ចំណូល​ចិត្ដ​​ការ​កម្សាន្ដ​បន្ទាប់​ពី​ការ​ហ្វឹកហាត់​រត់​ប្រណាំង​យ៉ាង​​ណា​ក៏​ដោយ ក៏​លោក ប៊ុនថន ចាត់​ទុក​ជា​ភាព​ចាំបាច់​មួយ​ក្នុង​នាម​លោក​ជា​អត្ដពលិក​តំណាង​ជាតិ ដែល​គួរ​តែ​ចេះ​ទម្រង់​សិល្បៈ​បុរាណ​ណា​មួយ​​របស់​ខ្មែរ។

លោក​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្ដិ៍​ថា​៖ «ឧបករណ៍​ចាប៉ី​ដងវែង​នេះ ខ្ញុំ​ទើបតែ​រៀន​នៅ​ក្នុង​​ឆ្នាំ​ ២០២០​។ ខ្ញុំ​គិត​ថា​ ​​ជា​កីឡាករ​តំណាង​ជាតិ​ ១ រូប ខ្ញុំ​​គួរ​តែ​រៀន​អ្វី​ដែល​ជា​តំណាង​របស់​ខ្មែរ​ ដើម្បី​ចូលរួម​ក្នុង​ការ​ជួយ​ថែរក្សា ​និង​ផ្សព្វផ្សាយ​វប្បធម៌​ជាតិ​។ ម្យ៉ាង​វិញ​ទៀត ​វា​ក៏​ធ្វើ​ឱ្យ​ខួរ​ក្បាល​យើង​សម្រាក​​ដែរ​»។

Content image - Phnom Penh Post
លោក ប៊ុនថន ​គ្រង​ឈុត​ប្រពៃណី​ឈរ​កាន់​ឧបករណ៍​តន្ដ្រីចាប៉ីដងវែង​​​ និង​ចាប៉ីដងវែងក្នុង​បន្ទប់​ធ្វើការ​។ រូបថត សហ​ការី

បច្ចុប្បន្ន លោក ឈុន ប៊ុនថន អាយុ ២៨ ​​ឆ្នាំ ជា​កីឡាករ​អត្ដពលិក​តំណាង​ជាតិ​លើ​វិញ្ញាសារ​រត់​ប្រណាំង​ដែល​បាន​​បង្កើត​ប្រវត្ដិសាស្ដ្រ​ថ្មី​មួយ​សម្រាប់​​ជាតិ​ បើ​ទោះបី​ជា​មិន​ទាន់​បាន​គ្រង​មេដាយ​ណា​មួយ​នៅ​ឡើយ​ក្ដី​។

លោក ប៊ុនថន បាន​​និយាយ​អំពី​សមិទ្ធផល​លេខ ៤ លើ​វិញ្ញាសា​រត់​ប្រណាំង ១ ៥០០ ​ម៉ែត្រ និង​លេខ ៥ លើ​ការ​រត់​ប្រណាំង ៨០០ ​ម៉ែត្រ ក្នុង​ព្រឹត្ដិការណ៍​ស៊ីហ្គេម​ឆ្នាំ ២០១៩ នៅ​ប្រទេស​ហ្វីលីពីន​ថា​៖ «​​វា​ជា​មុខ​មាត់​ប្រទេស​មួយ​ដែរ ​ព្រោះ​វិញ្ញាសា​កីឡា​ខ្ញុំ​ប្រកួត​នេះ ​មិន​​ទាន់​មាន​អ្នក​ជាប់​ចំណាត់​ថ្នាក់​នេះ​ទេ​​នៅ​ប្រទេស​យើង​ គឺ​ខ្ញុំ​បាន​បំបែក​ឯកទគ្គកម្ម​ថ្នាក់​ជាតិ​»។

ការ​ឈាន​ជើង​ឡើង​មក​ជាន់​ទីលាន​រត់​​ប្រណាំង​ក្នុង​ព្រឹត្ដិការណ៍​ថ្នាក់​ជាតិ និង​អន្ដរជាតិ​បាន​ក្លាយ​ជា​លទ្ធផល​ឥត​ព្រៀង​ទុក​របស់​យុវជន​ដែល​មាន​ចំណូល​ចិត្ដ​សិក្សា​អំពី​ទម្រង់​សិល្បៈ​បុរាណ​រូប​នេះ​។

Content image - Phnom Penh Post

យុវជន​មក​ពី​ខេត្ដ​ព្រៃវែង​រូប​នេះ បាន​​ឱ្យ​ដឹង​ថា​៖ «​វា​ហាក់​ដូចជា​ឆ្ងាយ​ពី​ក្ដី​ស្រមៃ​​របស់​ខ្ញុំ​បន្ដិច ប៉ុន្តែ​ការ​បាន​ធ្វើ​ជា​កីឡាករ​តំណាង​ជាតិ​ម្នាក់​ជា​រឿង​​មោទនភាព​មួយ​ដែរ​»។

លោក​បាន​រំឭក​ប្រាប់​ថា លោក​មាន​បំណង​ចង់​ក្លាយ​ជា​ស្ថាបត្យករ​ម្នាក់​ ដោយ​មាន​ឱកាស​ទទួល​បាន​អាហារូបករណ៍​នៅ​សាកលវិទ្យាល័យ​រយៈពេល​​ ២ ​ឆ្នាំ​ ក្នុង​ឆ្នាំ​ ២០១២។

ប៉ុន្ដែជា​និស្សិត​​ក្នុង​ដំណាក់កាល​រីកចម្រើន​អំឡុង​ពេល​សិក្សា​​នៅ​សាកល​វិទ្យាល័យ​ផ្នែក​សំណង់​ស៊ីវិល យុវជន​ ឈុន ប៊ុនថន ស្រាប់​តែ​ត្រូវ​បង្ខំ​ចិត្ដ​បោះបង់​ទាំង​ការ​សិក្សា និង​ទម្លាក់​ចោល​ទាំង​ក្ដី​ស្រមៃ​​​ត្រឹម​ពាក់​កណ្ដាល​ទី​។

ដោយសារ​កត្ដា​ជីវភាព​ ដែល​មិន​អាច​ទំនុក​បម្រុង​ការ​សិក្សា​របស់​ខ្លួន​ឯង ក្រោយ​សុពលភាព​អាហារូបករណ៍​​ត្រូវ​បាន​បញ្ចប់ ប៊ុនថន បន្ដ​ប្រវេប្រវា​​​ស្វែងរក​អាជីព​ពិត​ប្រាកដ​​មួយ​សម្រាប់​​ជីវិត​រហូត​ដល់​រក​ឃើញ​សមត្ថភាព​ពិសេស​ខាង​កីឡា​ដោយ​មិន​ដឹង​ខ្លួន​។

យុវជន ដែល​មាន​រូបរាង​ស័ក្ដិសម​ជា​កីឡាករ​ប្រើ​ល្បឿន​រូប​នេះ ​បន្ដ​ថា​៖ «​ខ្ញុំ​មិន​ចង់​ដើរ​លេង​ប៉ោ​ឡែ​ទេ។ ខ្ញុំ​ក៏​ខិតខំ​ប្រឹង​ហាត់​កីឡា​តែ​ពេល​ហ្នឹង​​មិន​បាន​​គិត​ថា ​ចង់​ជាប់​ជម្រើសជាតិ​អី​ទេ ​គ្រាន់​តែ​​ចង់​ហាត់​ដើម្បី​សុខភាព»​។ ​​

លោក ប៊ុនថន ​​និយាយ​ថា​៖ «​ក្រោយ​​មក ​ខ្ញុំ​ក៏​សាក​ដាក់​ពាក្យ​ចូលរួម​ប្រកួត​ក្នុង​​វិញ្ញាសា​ទ្រីយ៉ាត្លុង (Triathlon) ដែល​មាន​ហែលទឹក​ ជិះកង់​ និង​រត់។ ប៉ុន្ដែ​​ខ្ញុំ​បាន​ចូលរួម​ប្រកួត​អាខ្វាត្លុង (Aquathlon) ហែល​ទឹក ​និង​រត់​ហើយ​​ក៏​ជាប់​លេខ​ ១ ​ចុង​ឆ្នាំ​ និង​ត្រូវ​បាន​ជ្រើសរើស​​ចូល​ជា​កីឡាករ​ជម្រើសជាតិ​នៅ​ឆ្នាំ​ ២០១៤​»។​

អំឡុង​ពេល​ហ្វឹកហាត់​ក្នុង​សហព័ន្ធ​កីឡា​ទ្រីយ៉ាថ្លុង និង​បាន​បន្ដ​បេសកកម្ម​បោះ​ជំរំ​ហ្វឹកហាត់​នៅ​ប្រទេស​ថៃ​ ក្នុង​ឆ្នាំ​ ២០១៥ លោក ប៊ុនថន បាន​ហោះ​ជំហាន​ទៅ​មុខ​ ១ កម្រិត​ទៀត ជាមួយ​ការ​ដាក់​ពាក្យ​ប្រឡង​ជាប់​ជា​គ្រូ​បង្វឹក​កីឡា​ ដែល​មាន​មូលដ្ឋាន​នៅ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​។

ដោយ​ត្រូវ​បំពេញ​ភារកិច្ច​ជា​អ្នក​ថតរូប និង​សរសេរ​ព័ត៌មាន​កីឡា​តិចតួច​ លោក ប៊ុនថន បាន​ឆ្លៀត​ពេល​ទៅ​​សិក្សា​ផ្នែក​ព័ត៌មាន​មួយ​ទៀត​នៅ​ដេប៉ាតឺម៉ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សារគមនាគមន៍​ (DMC) នៅ​​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។

យុវជន​មើល​ឃើញ​សារៈសំខាន់​នៃ​ការ​​សិក្សា​រូប​នេះ ក៏​ស្រាប់​តែ​មាន​ចំណាប់​អារម្មណ៍​គំនូរ​ ១ ​មុខ​ទៀត ពេល​បាន​រៀន​ពី​ប្រវត្ដិ​នៃ​រូបថត​ ដើម្បី​ស្វែង​យល់​ពី​ប្លង់​នៃ​រូប​។

ប៉ុន្ដែ​ទាំង​​នោះ​មិន​មែន​ជា​ជំនាញ​​ស្នូល​ ដែល​អត្ដពលិក​រូប​នេះ​សិក្សា​ស៊ីជម្រៅ​សម្រាប់​ជា​អាជីព​នោះ​ទេ ដោយ​​វា​គ្រាន់តែ​មុខ​វិជ្ជា​បន្ថែម​សម្រាប់​រូប​លោក​ប៉ុណ្ណោះ​។

ចុង​ឆ្នាំ ២០១៧ លោក ប៊ុនថន ឈប់​​ពី​ប្រភេទ​កីឡា​​ទ្រីយ៉ាត្លុង។ លោក​​​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ផ្នែក​រត់​ប្រណាំង​ ៨០០ ​ម៉ែត្រ ​ជាប់​លេខ​ ១ ក្នុង​ឆ្នាំ​ ២០១៨ ហើយ​លោក​​​ត្រូវ​បាន​ជ្រើសរើស​ជា​អត្ដពលិក​​​ជម្រើសជាតិ​​ក្នុង​ប្រភេទ​​កីឡា​អត្តពលកម្ម​។

Content image - Phnom Penh Post
លោក ប៊ុនថន រួមនឹងមិត្ដភក្ដិ និង​គ្រូបង្វឹក​មុន​ពេល​ទៅប្រកួត​ស៊ីហ្គេម ហ្វីលីពីន។ រូបថត សហ​ការី

លោក ប៊ុនថន បាន​លើក​ឡើង​ថា​៖ «​ថ្ងៃ​អនាគត​ខ្ញុំ​មិន​ចង់​បាន​អ្វី​ធំ​ដុំ​ពី​កីឡា​នេះ​ទេ។ ខ្ញុំ​គ្រាន់​តែ​ចង់​ធ្វើ​ជា​គ្រូ​បង្វឹក​​កីឡា​ដ៏​ច្បាស់លាស់ ​និង​មាន​វិជ្ជាជីវៈ​ម្នាក់ ដោយ​មិន​ចង់​ឱ្យ​មាន​ការ​វាយ​​តម្លៃ​ថា ​ការ​លេង​កីឡា​គ្មាន​កំណើត។ ខ្ញុំ​ចង់​ឱ្យ​ប្រជាជន​ស្វែង​យល់​ពី​កីឡា​ឱ្យ​បាន​ច្រើន​ជាង​មុន»​។​

បច្ចុប្បន្ន​ អត្ដពលិក​រត់​ប្រណាំង​ជម្រើស​​ជាតិ​រូប​នេះ ​ក៏​បាន​បង្កើត​ទំព័រ​ហ្វេសប៊ុក​​​ផ្ទាល់​ខ្លួន​ «Cambodia Running Coach» សម្រាប់​បើក​​បង្ហាត់​ការ​រត់​ជា​​ច្រើន​ប្រភេទ​ ទាំង​រត់​ដើម្បី​ស្រក ​និង​ឡើង​ទម្ងន់ ហាត់​ឱ្យ​រត់​លឿន និង​ហាត់​ ដើម្បី​សុខភាព​។

ជាមួយ​នឹង​សារ​លើក​ទឹក​ចិត្ដ​​ពលរដ្ឋ​ចូលរួម​លេង​កីឡា លោក ឈុន ប៊ុនថន ​បញ្ជាក់​ថា​៖ ​«​​ក្នុង​ការ​ហាត់​​កីឡា​ យើង​ត្រូវ​​រក​គ្រូបង្វឹក ​ឬ​អ្នក​ហាត់​មួយ​​​មាន​ជំនាញ​ច្បាស់លាស់ ដែល​ដឹង​​​ថា​គួរ​ហាត់​បែប​ណា​មិន​ប៉ះពាល់។ ​វា​ក៏​ធ្វើ​ឱ្យ​យើង​ចៀសឆ្ងាយ​ពី​គ្រឿង​ញៀន អំពើ​ឧបាយមុខ​ ដោយ​មាន​សុខភាព​ល្អ​ ​និង​អាច​ផ្ដល់​អនាគត​ល្អ​​ដែរ​»។

ក្រៅ​ពី​កីឡា​ដើម្បី​សុខភាព និង​បំបាត់​​ស្ដ្រេស លោក ប៊ុនថន តែងតែ​ចាប់​យក​ឧបករណ៍​ចាប៉ី​ដង​វែង​ ដេញ​តាម​ចង្វាក់​របស់​​ឧបករណ៍​តន្ដ្រី​ខ្សែ ២ នេះ ​បំបាត់​ភាព​ធុញ​ថប់ និង​​ស្ទួយ​ពី​សារៈសំខាន់​នៃ​តន្ដ្រី​ខ្មែរ​ផង​ដែរ៕

អត្ថបទគួរចាប់អារម្មណ៍