ភ្នំពេញ៖ ក្រុម​យុវតី​កម្ពុជា​ SYNERGY បាន​ឈាន​ដល់​វគ្គ​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ក្នុង​ការ​ប្រកួត​ដោះស្រាយ​បញ្ហា​តាមរយៈ​​បច្ចេកវិទ្យា​ Technovation ជាមួយ​ការ​​អភិវឌ្ឍ​កម្មវិធី​ទូរស័ព្ទ​ស្ទួយ​បរិស្ថាន​ Bung-Baitong App ដែល​មិន​ប្រើប្រាស់​ក្រដាស​វិក្កយបត្រ​។

Technovation ជា​កម្មវិធី​បច្ចេកវិទ្យា​សកល​មិន​រក​ប្រាក់​ចំណេញ​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​​​សម្រាប់​​ផ្ដល់​ឱកាស​ឱ្យ​ក្មេង​ស្រី ​និង​គ្រួសារ​ឱ្យ​ក្លាយ​ជា​​អ្នក​ដឹក​នាំ អ្នក​បង្កើត ​និង​អ្នក​ដោះស្រាយ​បញ្ហា។

កម្មវិធី Bung-Baitong ត្រូវ​បាន​បង្កើត​ឡើង​ជា​ការ​ផ្ដល់​ភាព​ងាយ​ស្រួល​ និង​លើក​ទឹក​ចិត្ដ​ឱ្យ​អតិថិជន ក៏​ដូចជា​ ហាង​នានា​ជួយ​បរិស្ថាន​តាមរយៈ​ការ​កាត់​បន្ថយ​ក្រដាស​វិក្កយបត្រ​។

អ្នក​ប្រើប្រាស់​ Bung-Baitong អាច​ចេញ​វិក្កយ​បត្រ​មុខ​ម្ហូប និង​ភេសជ្ជៈ​លើឌីជីថល​ និង​រក្សា​ទុក​ក្នុង​កម្មវិធី​ទូរស័ព្ទ​នេះ​​សម្រាប់​ជា​អំណះអំណាង​ពេល​ក្រោយ​។ វា​ក៏​ជា​វេទិកា​ផ្សព្វផ្សាយ​ផលិតផល​មិន​ប៉ះពាល់​បរិស្ថាន​ ដូចជា បំពង់​បឺត​ដែក និង​ចង់​ប្រើប្រាស់​ច្រើន​ដង​ជាដើម​។

យុវតី លន ដារ៉ាស៊ូចេង ជា​សមាជិក​ក្នុង​ក្រុម SYNERGY ដែល​មាន​​វ័យ ១៦ ឆ្នាំ ទាំង ៤ នាក់ ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍​ថា​៖ «​ដំណើរ​ទៅ​កាន់​ការ​ប្រកួត Technovation 2021 ពិត​ជា​លំបាក​ និង​គួរ​ឱ្យ​បារម្ភ​។ យើង​មិន​អាច​ជួបជុំ​គ្នា​ជា​ក្រុម​ ដើម្បី​ធ្វើ​ការងារ​បាន។ ប៉ុន្ដែ​យើង​នៅ​តែ​អាច​ជម្នះ​ឧបសគ្គ​នានា​ក្នុង​ការ​បញ្ចប់​​កម្មវិធី​ទូរស័ព្ទ​នេះ​ និង​ដាក់​ទៅ​កាន់​ការ​ប្រកួត​សកល​ក្នុង​នាម​ជា​ក្រុម​តែ​មួយ ទោះ​យើង​គិត​ថា យើង​រត់​សឹង​តែ​មិន​ទាន់​​»។

យុវតី​រូប​នេះ ​​បន្ដ​ថា​៖ «​ទីបំផុត គ្រប់​យ៉ាង​មិន​ដើម្បី​តែ​យក​ចាញ់​ឈ្នះ​អ្វី​ឡើយ តែ​ជា​បទពិសោធ​ និង​មេរៀន ដែល​យើង​បាន​រៀន​មក​ជាមួយ​គ្នា​»។

Bung-Baitong App ​​កើត​​ឡើង​​​​ពេល​​​​យុវតី​​ទាំង​ ៤ នាក់ ​ចាប់​ផ្ដើម​ស្រាវជ្រាវ​ឃើញ​ថា ​​ការ​​ប្រើប្រាស់​ក្រដាស​ច្រើន​លើ​ការ​​ចេញ​បុង​មុខ​ទំនិញ​​មាន​ផល​ប៉ះពាល់​ដល់​បរិស្ថាន​ និង​​ចង់​​កាត់​បន្ថយ​ការ​ប្រើប្រាស់​វា​។

រូបភាព​នៃ​កម្មវិធីទូរស័ព្ទ បុង បៃតង (Bung-Baitong App)​​។ រូបថត សហ​ការី

ដារ៉ាស៊ូចេង​ បាន​ឱ្យ​ដឹង​ថា៖ «មាន​ពេល​មួយ​យើង​អង្គុយ​ជុំ​គ្នា​ ពិភាក្សា​ពី​បញ្ហា​ដែល​យើង​ចង់​លើក​ឡើង​យើង​ក៏​នឹក​ឃើញ​​​ដល់​វិក្កយបត្រ​។ មុន​កូវីដ​ យើង​ចូលចិត្ត​ចូល​ហាង​កាហ្វេ ​ហើយ​​វា​រំខាន​ចិត្ត​យើង​ដែរ ​ពេល​យើង​ឃើញ​វិក្កយបត្រ​នៅ​មូរ​ខ្ញុក​ក្នុង​កាតាប​។ យើង​មើល​​ឃើញ​ពី​គុណវិបត្តិ​ជាច្រើន ហើយ​វា​មិន​អាច​ប្រើ​ឡើង​វិញ​បាន​​»​។​

យុវតី ស៊ន លេហ្សា ​​ឱ្យ​ដឹង​ថា នោះ​ហើយ​ជា​ដើម​ចម​នៃ​ការ​បង្កើត​ បុងបៃតង ដោយ​មាន​បំណង​ចង់​កាត់​បន្ថយ​ការ​ប្រើប្រាស់​ក្រដាស​វិក្កយបត្រ​ និង​ជួយ​​ដល់​បរិស្ថាន​ផង​ដែរ​។ ​

សមាជិក​ SYNERGY រូប​នេះ​ បាន​និយាយ​ថា​៖ «បុង បៃតង​ នឹង​ផ្ដល់ប្រយោជន៍​ដល់​ខាង​ហាង​កាហ្វេ​ដោយ​​​មិន​ចាំបាច់​ត្រូវ​ចំណាយ​​លើ​ក្រដាស​​វិក្កយបត្រ​ ព្រោះ​វា​អាច​ធ្វើ​បាន​នៅ​ក្នុង​ app ​ពួក​យើង​ជំនួស​វិញ​។ ឯ​អតិថិជន​ គឺ​មិន​ចាំ​បាច់​ត្រូវ​ទុក​ជាប់​ខ្លួន​នាំ​ឱ្យ​បាត់ ​ឬ​ក៏​ប៉ះពាល់​បរិស្ថាន​ដែរ»។​

នេះ​មិនមែន​ជា​លើក​ដំបូង​ទេ ដែល​សិស្ស​ស្រី​មក​ពី​ Liger Leadership Academy Foundation (LLA) បាន​ចូលរួម​ប្រកួត​ និង​​​ឈ្នះ​ការ​ប្រកួត​។ ក្រុម​យុវតី LiterTree ​អភិវឌ្ឍ​កម្មវិធី​អភិរក្ស​កំណាព្យ​ខ្មែរ Naeng-Norng (rhyme and rhythm) ផ្ដល់​អត្ថប្រយោជន៍​​ដល់​សិស្ស​-​និស្សិត​ ជា​ពិសេស​អ្នក​ដែល​ស្រឡាញ់​ចូលចិត្ដ​កំណាព្យ​។

លោក ចេង ចិន្ដា អ្នក​សម្របសម្រួល​ផ្នែក​បង្រៀន​នៅ​សាលា Liger Leadership Academy Foundation (LLA) ជា​គ្រឹះ​​ស្ថាន​សិក្សា​​​ដែល​យុវតី​ទាំង​ ៤ នាក់ កំពុង​រៀន​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍​ថា៖ «សាលា​យើង​ គឺ​មាន​បង្រៀន​ទាំង​មុខវិជ្ជា​ទូទៅ​គម្រោង​ និង​ភាព​ជា​អ្នក​ដឹកនាំ​។ ដោយ​មើល​ឃើញ​ Technovation ជា​កម្មវិធី​​ល្អ​ត្រូវ​​នឹង​​អ្វី​ដែល​សាលា​ចង់​បាន​ ខាង​សាលា​បាន​ចូល​រួម​តាំង​ពី​ឆ្នាំ ២០១៧​»។​

គោលដៅ​ គឺ​សម្រាប់​ឱ្យ​ក្មេង​ស្រី​​មាន​ចំណេះដឹង​ផ្នែក​បច្ចេកវិទ្យា​ ដោយ​រៀន​កត់​សម្គាល់​ពី​បញ្ហា​ក្នុង​សហគមន៍​របស់​ពួក​គេ​ ​រៀន​សរសេរ​កូដ សរសេរ​​ផែនការ​ជំនួញ​ និង​បង្កើត​កម្មវិធី​ទូរស័ព្ទ​ក្នុង​បំណង​​​ដោះស្រាយ​បញ្ហា​ផ្សេងៗ។

យុវតី ដារ៉ាស៊ូចេង បាន​បន្ដ​​ថា​៖ «ដំបូង សាលា LLA ជា​អ្នក​ណែនាំ Technovation ឱ្យ​​ពួក​យើង​ស្គាល់ ​តែ​ការ​សម្រេច​ចិត្ត​ គឺ​នៅ​លើ​យើង។ ដោយ​យើង​ជា​មិត្ត​រួម​បន្ទប់​​ស្នាក់​នៅ​សាលា​ស្រាប់ ​​ក្រោយ​ពី​​សម្រេច​ចិត្ត​ចូលរួម​ក៏​បង្កើត​ជា​ក្រុម»​។​

ស៊ន លេហ្សា ​​និយាយ​ពី​ការ​ពុះពារ​ចូលរួម​ក្នុង​ការ​ប្រកួត​​លក្ខណៈ​សកល​​ឆ្នាំ​ទី៣​​ របស់​ខ្លួន​ថា ពួក​គេ​ពិត​ជា​ចូលចិត្ដ​កម្មវិធី​នេះ ដោយសារ​វា​ផ្ដល់​ឱកាស​ដល់​សិស្ស​ស្រី​បាន​បង្ហាញ​ពី​សមត្ថភាព​ខ្លួន​ឯង​លើ​វិស័យ​បច្ចេកវិទ្យា​ ដែល​កន្លង​មក​វាជា​ជំនាញ​ត្រូវ​បាន​ចាត់​ទុក​ជា​កិច្ចការ​របស់​ប្រុសៗ​។

សមាជិក ២ នាក់​ទៀត លឹម មោលីណាកា និង​ ឆែម ឌីណា ​​បន្ថែម​ថា​៖ «កាលពី​មិន​ទាន់​​ចូលរួម Technovation យើង​​ខ្ញុំ​មិន​ធ្លាប់​ចូលចិត្ត​កូដ​អី​ទេ​។ តែ​​ពេល​រៀន​ យើង​បាន​ឃើញ​ពី​សារៈសំខាន់​របស់​វា ដែល​​​ឱ្យ​យើង​គិត​ពី​បញ្ហា​ និង​រួបរួម​គ្នា​ក្នុង​ការ​ដោះស្រាយ​»។

វេបសាយ​ Technovation បង្ហាញរូបភាពយុវតី និង​ទង់ជាតិ​កម្ពុជា​​។ រូបថត សហ​ការី

បើទោះ​ជា SYNERGY មិន​បាន​​ជាប់​ក្នុង​ជម្រើស​ថ្នាក់​ជាតិ​តែ​ពួក​គេ​​​ជាប់​វគ្គពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ជា​សកល ​និង​កំពុង​រង់ចាំ​លទ្ធផល​បញ្ចប់​មុន​នឹង​ឈាន​​ទៅ​ដល់​ការ​ប្រកួត​ពិភព​លោក (World pitch) ដែល​ធ្វើ​ឡើង​តាម​អនឡាញ​ពី​សហរដ្ឋ​អាមេរិក​ថ្ងៃទី​ ១២​ និង​ ១៣ ខែ​ សីហា​ ​ឆ្នាំ ២០២១។

ដោយ​ត្រូវ​បន្ដ​អភិវឌ្ឍ​បន្ថែម​ទៀត មុន​ពេល​អាច​ដាក់​ឱ្យ​ដំណើរការ​នៅ​លើ​ប្រតិបត្ដិការ​ទូរស័ព្ទ​នានា ស្ថាបនិក​ Bung-Baitong App ដែល​​​ស្ថិត​ក្នុង​វ័យ​សិក្សា​ទាំង​នេះ ក៏​បាន​ជួប​ការ​លំបាក​ក្នុង​ការ​សរសេរ​កូដ និង​មិន​អាច​ជួប​ជុំ​​ជា​ក្រុម​​​។

យុវតី ឌីណា បាន​ឱ្យ​ដឹង​ថា​៖ «​៤ ​សប្ដាហ៍​ដំបូង​ យើង​អាច​ជុំគ្នា​។ តែ​ក្រោយពី​សម្រាក​យើង​​ទៅ​ស្រុក​កំណើត​យើង​មិន​អាច​មក​វិញ​ដោយសារ​ស្ថាន​ភាពកូវីដ​។ App ​នេះ​ត្រូវការ​ការ​សរសេរ​កូដ​កម្រិត​ខ្លាំង​។ ​យើង​​​មាន​ចំណេះ​តិចតួច​បំផុត​ទៅ​លើ​វា​។ យើង​ត្រូវ​រៀន​ដោះស្រាយ​បញ្ហា រៀន​សរសេរ​កូដ​ពី​វីដេអូ ​និង​ឯកសារ​ផ្សេងៗ​ដោយ​​ខ្លួន​ឯង​ទាំង​អស់»។

ពួក​គេ​ទទួល​បាន​ចំណេះដឹង​ច្រើន​ណាស់​ទាំង​ការ​សរសេរ​កូដ ការ​សរសេរ​​ផែនការ​ជំនួញ​ និង​ទំនាក់ទំនង​ ហើយ​​អាច​ស្វែង​​យល់​ពី​​សមត្ថភាព​ពិសេស​​របស់​ខ្លួន ​និង​ធ្វើ​បទ​បង្ហាញ​ដោយ​មាន​ទំនុក​ចិត្ត​ជាង​ឆ្នាំ​មុនៗ​​ទៀត​ផង​។

យុវតី មោលីណាកា ​​​និយាយ​​លើក​ទឹក​ចិត្ត​ដល់​​ក្មេង​ស្រី​ចូលរួម​​កម្មវិធី​ Technovation ថា៖ «វា​គ្មាន​អ្វី​ត្រូវ​ខាតបង់​ពេល​ដែល​​យើង​ចូលរួម​ទេ មាន​តែ​ទទួល​បាន​ទាំង​បទពិសោធ ​និង​ចំណេះ​ដឹង​។ អ្នក​​អាច​បង្កើត​ App ​ជួយ​ដល់​សហគមន៍​របស់​អ្នក​ទៀត​ផង​។ អ្នក​នឹង​ដឹង​ថា​ អ្នក​អាច​ធ្វើ​បាន​ជាង​អ្វី​ដែល​អ្នក​​គិត​ដល់​»។​

លោក​ ចិន្តា ​បន្ដ​ថា​៖ «​ទាំង​គ្រូ​ និង​បុគ្គលិក​ទាំង​អស់ ​យើង​មាន​មោទនភាព​ រីករាយ ​និង​រំភើប​ឃើញ​​សិស្ស​យើង​​ទទួល​លទ្ធផល​ជោគជ័យ​ក្នុង​ការ​ខិតខំ​ប្រឹងប្រែង​របស់​គាត់។​ ពួក​គាត់​ធ្វើ​ពី​ផ្ទះ​ ប្រឹង​អស់​ពី​​សមត្ថភាព​​ និង​មិន​ត្អូញត្អែរ​ទេ​»៕