ភ្នំពេញ៖ បន្ទាប់ពីស្ងាត់ស្ងៀមមួយស្របក់នៅលើវិថីសិល្បៈ នាគ្រាស្រុកទេសកំពុងតែជួបវិបត្តិកូវីដ ១៩ នោះ ស្រាប់តែគូស្នេហ៍ជាតារាចម្រៀងដូចគ្នា និងមានវ័យស្មើគ្នា កញ្ញា ទេព បូព្រឹក្ស និងលោក ងួន ចាន់ដេវីត ហៅ ជី ដេវីត បង្កើតការភ្ញាក់ផ្អើលជាថ្មី ជាមួយដំណឹងកំពុងតែមានបុត្រលើកដំបូង ដើម្បីរឹតបន្តឹងចំណងស្នេហ៍ពួកគេប្រមាណជាង ៤ ឆ្នាំមកនេះ។
នេះបើតាមការបង្ហោះរូបភាពផ្អែមល្ហែម និងសារជាភាសាអង់គ្លេសយ៉ាងខ្លី មានន័យជ្រៅសម្រាប់គូស្នេហ៍មួយគូនេះពីតារាចម្រៀងប្រុសលោក ជី ដេវីត ដែលប្រែសម្រួលជាភាសាខ្មែរថា៖ «ខ្ញុំ និងកូនរបស់ខ្ញុំ!»។
ក្រោយពីបង្ហោះរូបភាព និងសារនោះមក ក៏មានប្រិយមិត្តជាអ្នកគាំទ្រ និងមិត្តអ្នកសិល្បៈ បានសម្តែងការត្រេកអរ និងបង្ហាញភាពភ្ញាក់ផ្អើលមួយរំពេច ដោយសារមានអ្នកខ្លះសរសេរថា៖ «សូមអបអរសាទរ!» និងអ្នកខ្លះទៀតថា៖ «Mommy Cute Daddy Handsome»។ តែក៏មានអ្នកតាមដានខ្លះមិនជឿទុកចិត្តទៅនឹងដំណឹងនោះផងដែរ ដោយពួកគេគិតថា នេះគឺគ្រាន់តែជាដំណឹងប្លែកបែបទាក់ទាញចំណាប់អារម្មណ៍មហាជនប៉ុណ្ណោះ។ អ៊ីចឹងហើយ បានជាពួកគេនិយាយថា៖ «Prank ទៀតហើយមែន? ហ៊ានតែ Prank យំហើយ! លែងចង់ជឿហើយបើ Prank រហូត»។
ការពិត ឬយ៉ាងណា ភ្នំពេញ ប៉ុស្តិ៍ ក៏មិនអាចទទួលបានការបកស្រាយពីសំណាក់តារាចម្រៀងទាំងពីរបាននោះឡើយ ដោយសារប្រព័ន្ធទូរស័ព្ទរបស់អ្នកទាំង ២ ដែលធ្លាប់ទូរស័ព្ទចូលកាលពីមុន នាពេលនេះ មិនអាចទាក់ទងបាន។
កន្លងមកប្រមាណ ២ ឆ្នាំ ចុងក្រោយនេះ គូស្នេហ៍ជាតារាដែលធ្វើឱ្យអ្នកគាំទ្រ អន្ទះសាចង់ឃើញក្រាបផ្ទឹមចូលរោងជ័យរបស់កញ្ញា ទេព បូព្រឹក្ស និងលោក ជី ដេវីត រងមន្ទិលសង្ស័យនូវកាលបរិច្ឆេទចូលរោងជ័យ ក្រោយពីក្លាយជាគូដណ្តឹងនឹងគ្នានោះ។
ភ្ជាប់ជាមួយរូបថតកៀកកើយផ្អែមល្ហែមជាច្រើនសន្លឹក មានទាំងកាយវិការឱបថើបប៉ះបបូរមាត់ យ៉ាងស្អិត នៅទឹកដីទេសចរណ៍ធម្មជាតិខេត្តមណ្ឌលគិរី ងួន ចាន់ដេវីត បានភ្ជាប់នឹងសំណេរឱ្យជាតម្រុយថា៖ «ផ្ញើសេចក្ដីនឹករឭក និងសេចក្ដីស្រឡាញ់នៅមណ្ឌលគិរី សាងនូវអនុស្សាវរីយ៍នាមុនពេលឃ្លាតពីពាក្យសង្សារ»៕