
រូបតំណាង៖ ការរៀបពិធីមង្គលការនៅទីធ្លារឥតដំបូល ឬមានដំបូលគ្របបរិវេណខ្លះ ត្រូវបានអនុញ្ញាតនៅអង់គ្លេស។ AFP
ក្រុងឡុងដ៍៖ រដ្ឋាភិបាលអង់គ្លេសបានថ្លែងកាលពីថ្ងៃអាទិត្យថា នៅខែកក្កដា ខាងមុខនេះ នឹងមានការអនុញ្ញាតឱ្យរៀបពិធីមង្គលការមិនមែនជំនឿសាសនា នៅបរិវេណបើកចំហរ ក្នុងប្រទេសអង់គ្លេស និងវែលជាលើកដំបូង ក្រោយពីវិស័យមួយនេះរងផលប៉ះពាល់យ៉ាងខ្លាំងវិបត្តិកូវីដសកល។
រហូតមកដល់ពេលនេះអង់គ្លេស និងវែលបានអនុញ្ញាត ឱ្យតែពិធីមង្គលការរបស់ ជ្វីហ្វ និងឃ្វីក នៅបរិវេណក្រៅអគារប៉ុណ្ណោះ ខណៈដែលពលរដ្ឋទៀតត្រូវរៀបការនៅក្នុងបន្ទប់ ឬរចនាសម្ព័ន្ធអចិន្ត្រៃយ៍។ រីឯប្រទេសស្កុតឡេនអនុញ្ញាតឱ្យមានពិធីមង្គលការនៅខាងក្រៅទីវាល។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក Robert Buckland បានប្រាប់ទូរទស្សន៍ Sky News ថា កំណែទម្រង់នេះបានផ្តល់នូវ៖ «ភាពបត់បែនកាន់តែច្រើន សម្រាប់ពិធីមង្គលការដើម្បីឱ្យមានភ្ញៀវអាចមានចំនួនច្រើន តាមរបៀបប្រកបដោយសុវត្ថិភាព»។
ក្រសួងយុត្តិធម៌បានលើកឡើងថា យោងតាមច្បាប់ថ្មីចាប់ពីថ្ងៃទី ១ ខែកក្កដា ប្រជាជននៅប្រទេសអង់គ្លេស និងវែលនឹងអាចធ្វើពិធីមង្គលការមិនមែនសាសនា និងពិធីអបអរភាពជាដៃគូនៅខាងក្រៅ ឬក្រោមអគារមានដំបូលផ្នែកខ្លះ នៅតាមកន្លែងដែលបានអនុម័តដូចជាសណ្ឋាគារ។
សេចក្ដីសម្រេចនេះគឺមានលក្ខណៈបណ្តោះអាសន្ន ដែលនឹងដំណើរការដល់ខែមេសាឆ្នាំក្រោយ ទោះបីរដ្ឋាភិបាលបានឱ្យដឹងថា នឹងមានការពិគ្រោះយោបល់ថាការអនុវត្តនេះនឹងមានលក្ខណៈជាអចិន្ត្រៃយ៍ ឬយ៉ាងណា។

រូបតំណាង៖ ការរៀបពិធីមង្គលការនៅទីធ្លារឥតដំបូល ឬមានដំបូលគ្របបរិវេណខ្លះ ត្រូវបានអនុញ្ញាតនៅអង់គ្លេស។ AFP
ការអនុញ្ញាតនេះគឺដើម្បីជំរុញដល់វិស័យអាពាហ៍ពិពាហ៍ ដែលអនុញ្ញាតឱ្យគ្រប់ទិដ្ឋភាពនៃពិធីមង្គលការនឹងប្រព្រឹត្តទៅនៅខាងក្រៅអគារជាលើកដំបូង។
រដ្ឋាភិបាលបាននិយាយថា ការផ្លាស់ប្តូរច្បាប់នេះផ្តល់នូវភាពបត់បែនកាន់តែច្រើន «ជាពិសេសក្នុងពេលមានជំងឺរាតត្បាត»។
អ្នកប្រកបរបររកស៊ីវិស័យរៀបចំពិធីមង្គលការ និងម្ចាស់ទីតាំងបានត្អូញត្អែថា ការរឹតត្បិតលើការប្រារព្ធពិធីក្នុងអំឡុងពេលមានរោគរាតត្បាតបានធ្វើឱ្យអាជីវកម្មរបស់ពួកគេដេកស្ដូកតែម្ដង។
អ្នករៀបចំគម្រោងអាពាហ៍ពិពាហ៍លោកស្រី Sarah Haywood អ្នកនាំពាក្យក្រុមយុទ្ធនាការអាពាហ៍ពិពាហ៍អាពាហ៍ពិពាហ៍ចក្រភពអង់គ្លេសបានសរសេរលើបណ្ដាញសង្គមធ្វីតធើរថា៖ «ដំណឹងល្អខ្លះ!»។
គួររំឭកផងដែរថា លោកនាយករដ្ឋមន្ត្រី Boris Johnson បានរៀបការកាលពីខែឧសភា ដោយបានលប់ចោលចំនួនភ្ញៀវចំនួន ៣០ នាក់ ហើយភ្ញៀវមិនត្រូវបានអនុញ្ញាតឱ្យរាំនៅក្នុងពិធីមង្គលការនោះឡើយ៕ AFP/HR

លោកនាយករដ្ឋមន្ត្រី Boris Johnson បានរៀបការកាលពីខែឧសភា ដោយបានលប់ចោលចំនួនភ្ញៀវចំនួន ៣០នាក់។ AFP