ក្រុងវ៉ាសូវី៖ ចូលចតនៅកំពង់ផែទន្លេមួយនៅក្រុងវ៉ាសូវី ជាប់នឹងទីគំនរធ្យូងថ្ម នាវារូបរាងប្លែកពីគេមួយគ្រឿង ត្រូវបានសាងសង់ដោយក្រុមមនុស្សគ្មានផ្ទះសម្បែង និងកំពុងរៀបចំសម្រាប់ដំណើរកម្សាន្តផ្សងព្រេងរបស់ខ្លួន។
នាវាចេញពីញើសឈាមជនអនាថាមួយគ្រឿងនេះ មានឈ្មោះថា «Father Boguslaw» តាមឈ្មោះបុរសដែលបានផ្តួចផ្តើមគម្រោងធ្វើសមាហរណកម្មប្រជាជនអនាថាគ្មានសម្បែងឱ្យត្រឡប់ទៅរស់នៅក្នុងសង្គមវិញ។
«ទីបំផុតនាវានេះរស់ហើយ!» នេះជាសម្លេងបន្លឺឡើងដោយប្រធានក្រុមរបស់ខ្លួនគឺលោក Waldemar Rzeznicki ដែលបានដឹកនាំគម្រោងនេះ នៅពេលដែលលោកលើកទង់ជ័យដងប្រវែង ១៧,៨ ម៉ែត្រ។
លោកបាននិយាយថា៖ «នាវានីមួយៗមានព្រលឹងរៀងៗខ្លួន ទូកនីមួយៗគឺខុសគ្នា។ ទូកមួយនេះពិតជាប្លែកពីគេ»។
ជាសមាជិកម្នាក់នៃគម្រោងនេះ លោក Slawomir Michalski អាយុ ៦៤ ឆ្នាំ ដែលគ្មានផ្ទះសម្បែងបាននិយាយថា យើងទទួលបានលទ្ធផលគួរឱ្យស្ញប់ស្ញែង បើទោះជាយើងគ្មានសម្ភារៈ និងឧបករណ៍គ្រប់គ្រាន់ក្នុងការផលិត។
បុរសចំណាស់រូបនេះបាននិយាយថា៖ «យើងមិនមានមធ្យោបាយបច្ចេកទេស អត់មានជំនួយពីកប៉ាល់ធំៗ ពីរថយន្តស្ទូចនោះទេ»។
លោកបានរៀបរាប់ថា៖ «យើងមានឧបករណ៍ DIY (ច្នៃខ្លួនឯងប្រើដោយដៃ) សាមញ្ញៗ ដូចជារណារ ពន្លាក ញញួរដែក ឧករណ៍កាត់ដែ និងសន្លឹកក្ដារធម្មតាៗ»។។
សម្ភារៈជាច្រើន ដូចជាឈើសម្រាប់ដងក្ដោង ដែកសន្លឹក ឬសំណ ត្រូវបានបរិច្ចាគ យកមកប្រើផ្សែផ្សាំនឹងម៉ូទ័រម៉ាស៊ូតចេញមកពីទូកនេសាទចាស់ត្រូវបានកែច្នៃប្រើប្រាស់ឡើងវិញ។
លោក Boguslaw Paleczny ដែលបានចាប់ផ្តើមជាវិស្វករកងទ័ពជើងទឹកមុនពេលក្លាយជាបុព្វជិកសាសនា បានស្លាប់ក្នុងឆ្នាំ ២០០៩ ដោយមិនបានរស់នៅ ដើម្បីមើលគម្រោងនេះចប់ចុងចប់ដើមដោយផ្ទាល់ភ្នែកនោះទេ។
មនុស្សសរុបប្រមាណ ៣០០ នាក់ ឥតផ្ទះសម្បែងនៅក្រុងវ៉ាសូវី បានស្ម័គ្រចិត្តចូលរួមក្នុងការសាងសង់នេះ។ អ្នកខ្លះធ្វើការតែ ១ ថ្ងៃ ឬ ២ ថ្ងៃ រីឯខ្លះទៀតចូលរួមជាច្រើនសប្តាហ៍ ឬក៏ច្រើនឆ្នាំ។
លោក Michalski បាននិយាយទាំងមោទនភាពថា៖ «យើងបានបញ្ចប់សក្ខីកម្មរបស់គាត់ហើយ»។
ផ្លាស់ប្តូរជីវិតខ្ញុំ
នៅមានការងារត្រូវធ្វើទៀតមុនពេល ដែលទូកចាប់ផ្តើមធ្វើដំណើរតាមបណ្តោយទន្លេ Vistula ទៅកាន់កំពង់ផែ Gdansk តាមផែនការចម្ងាយ ៤១៨ គីឡូម៉ែត្រ។
ទូកត្រូវការប្រព័ន្ធនាវាចរណ៍អគ្គិសនី និងឧបករណ៍សុវត្ថិភាព។ ប៉ុន្តែសម្រាប់លោក Marek Metrak ជាមនុស្សអនាថាម្នាក់ ដែលចូលរួមក្នុងគម្រោងតាំងពីដំបូងបាន បន្លឺប្រាប់ថា គោលបំណងរបស់លោកបានសម្រេចហើយ។
លោកបាននិយាយថា៖ «គម្រោងបានផ្លាស់ប្តូរជីវិតរបស់ខ្ញុំ ១៨០ ដឺក្រេ»។
បុរសអាយុ ៧៤ ឆ្នាំរូបនេះបាននិយាយថា៖ «ខ្ញុំបានទទួលជីវិតថ្មីមួយ។ ដូចជាទូកដែលបានអណ្ដែតលើទឹកហើយអាចបើកបាន។ ខ្ញុំក៏ក្លាយជាមនុស្សឯករាជ្យមួយរូប»។
អតីតជនអនាថារូបនេះបាននិយាយដោយមោទនភាពដោយកាន់កូនសោផ្ទះរបស់គាត់ថា៖ «ទើបតែ ២ សប្តាហ៍មុន ខ្ញុំបានទទួលកូនសោផ្ទះថ្មីរបស់ខ្ញុំពីក្រុមប្រឹក្សា។ ខ្ញុំកំពុងសរសេរសៀវភៅ។ ខ្ញុំមិនផឹកឬជក់បារីទៀតទេ។ ខ្ញុំមានអារម្មណ៍ក្មេងជាងវ័យ»៕ AFP/HR