ក្រុង​ប៉ារីស៖ នៅ​ក្នុង​មណ្ឌល​ថែទាំ​ពិសេស​មួយ​ កុមារា​កំពុង​សម្រាក​ព្យាបាល​លើ​គ្រែ​ពេទ្យ​ម្នាក់​បាន​ទស្សនា​ការ​សម្ដែង​របាំ​របស់​អ្នក​របាំ​ល្បី​មក​ពី​ Paris Opera នៅ​ចំពោះ​មុខក្នុង​សម្លៀកបំពាក់​ប្រពៃណី។

អ្នករបាំ ហ៊ូហ្គូ ម៉ារឆានដ៍ បាន​និយាយ​ពេល​លោក​ចាប់​ផ្ដើម​បញ្ចេញ​ក្បាច់​រាំ​ជាមួយ​ដៃគូ ដូរ៉ូធី ហ្គីលប៊ឺត នៅ​ក្បែរ​គ្រែ​ពេទ្យ​ និង​ម៉ាស៊ីន​ជំនួយ​វេជ្ជសាស្ដ្រ​ថា​៖ «យើង​នឹង​ដើរ​ផង រាំ​ផង។ យើង​មក​ទី​នេះ បំណង​និយាយ​ពាក្យ​សួស្ដី​ផង​ដែរ​»។

ក្នុង​បន្ទប់​សម្រាក​ព្យាបាល​មួយ មានក្មេង​ម្នាក់​កំពុង​មើល​ពួកគេរាំ ដោយ​បើក​ភ្នែក​ធំៗ ពេលក្បាច់​រាំ​របស់ ហ្គីលប៊ឺត ធ្វើឱ្យ​ប៉ោង​រវិចៗ។

លោក ម៉ារឆានដ៍ បាន​និយាយ​ថា​៖ «​យើង​មើល​ឃើញ​ថា របាំ​បាន​ជួយ​ពួកគេ​បន្ធូរ​បន្ថយ​ភាព​តាន​តឹង​នៃ​ផ្លូវ​អារម្មណ៍​របស់​ពួកគេ​»។

អ្នករបាំ ដូរ៉ូធី ហ្គីលប៊ឺត លើកដៃ​លា​កុមារ​ដែល​សម្រាក​នៅមន្ទីរពេទ្យ ក្រោយសម្ដែង​រួច។ AFP

អ្នកស្រី ហ្គីលប៊ឺត បាន​បន្ថែម​ថា​៖ «​តាម​មើល​ក្រសែ​ភ្នែក​របស់​ពួកគេ យើង​ឃើញ​មាន​ពន្លឺ​តិច​ៗ ជាមួយ​ភាព​ចង់​ដឹង​ ប្រហែល​ជា​ចូល​ចិត្ដ​ខ្លះ​ដែរ ឬ​ប្រហែល​ឆ្ងល់​ថា តើ​មនុស្ស​នៅ​លើ​ផែនដី​មាន​ប្រភេទ​នេះដែរ?​»។

នៅ​លើ​គ្រែ​ពេទ្យ កុមារី អាយុ ១៥ ​ឆ្នាំ ម៉េលី បាន​ញញឹម​ពេល​បាន​ឃើញ​លោក ម៉ារឆានដ៍ ហក់​លោត​កាត់​មាត​ផ្លូវ​ដើរ​នៃ​អគារ។

កុមារី​តូច​នេះ បាន​សួរ​ថា​៖ «​ពេល​រាំ​របាំ​បាឡេ​ អត់​មាន​ត្រូវ​និយាយ​គ្នា​អី​ទេ?​»។

ដូច្នេះ អ្នក​របាំ​ទាំងពីរ​ បាន​បង្ហាញ​ការ​សម្ដែង​កំប្លុក​កំប្លែង​ខ្លះៗ។

ដោយ​ធ្វើ​កាយវិការ​ដៃ​ជា​ទម្រង់​មកុដ​ពាក់​លើ​ក្បាល អ្នកស្រី ហ្គីលប៊ឺត បាន​ឱ្យ​ដឹង​ថា​៖ «​ខ្ញុំ​ជា​រាជនី​ហង្ស​»។

Fabrice Lesage ប្រធាន​មណ្ឌល​ថែទាំ​ពិសេស បាន​និយាយថា​៖ «​យើង​មើល​ឃើញ​ពី​ឥទ្ធិពល​វិជ្ជមាន​ចំពោះ​អ្នក​ជំងឺ​មួយ​ចំនួន។ យើង​ឃើញពួកគេ​ញញឹម​ ដោយ​សារ​កន្លង​មក ពួកគេ​មិន​ធ្លាប់​ញញឹម​សោះ។ របាំ​បាន​ផ្ដល់​ថាមពល​ដ៏ប្រសើរ​ពួកគេ​»៕ AFP/HR

អ្នករបាំ ហ៊ូហ្គូ ម៉ារឆានដ៍ និង ដូរ៉ូធី ហ្គីលប៊ឺត បង្ហាញ​ក្បាច់​រាំដល់​កុមារ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ។ AFP