ភ្នំពេញ៖ ក្រៅពី​អាជីព​សិល្បៈ​តារាចម្រៀង​យុវវ័យ​ដែល​ប្រឡូក​លើ​វិថី​សិល្បៈ ១០ ឆ្នាំ​ហើយ​នោះ កញ្ញា អ៊ី​វ៉ា នៅ​សង្វាត​រក​ចំណូល​បន្ថែម​ពី​ហាង​អាហារ សម្លៀកបំពាក់ គ្រឿងសម្អាង​ក្រោម​ស្លាក​យីហោ អ៊ី​វ៉ា សប ដែល​ស្ថិតនៅ​ផ្លូវជាតិ​លេខ ៤ ក្រុង​ច្បារមន​ទឹកដី​ខេត្តកំពង់ស្ពឺ។

ភាព​សកម្ម​នឹង​ការផ្សព្វផ្សាយ​ម្ហូបអាហារ​របស់​នាង បែរជា​ធ្វើឱ្យ​ជន​អគតិ​មួយចំនួន​កើត​គំនិត​រិះគន់ថា តារាចម្រៀង​កេរ្តិ៍ឈ្មោះ​ល្បី​គួរសម​រូបនេះ​បែរជា​មក​បង្ហោះ​លក់​បុកល្ហុង​រាល់ថ្ងៃ​អ៊ីចឹង?

ឆ្លើយតប​នឹង​ចម្ងល់​នេះ តារាចម្រៀង​រូប​ស្រស់​កញ្ញា ឃិន ស្រីនាថ ហៅ អ៊ី​វ៉ា បាន​បរិយាយ​តប​វិញ​ថា៖ «មាន​អ្នក​និយាយថា​ផុស​លក់​បុកល្ហុងដដែលៗរាល់ថ្ងៃ​អត់​ខ្មាស់​គេ​ទេ? មាន​អ្នក​ខ្លះទៀត​និយាយថា ធ្លាក់ខ្លួន​ហើយ​មើលទៅ​បានមក​លក់អ៊ីចឹង»។

តារាចម្រៀង​សាច់​សខ្ចី​មានកំណើត​នៅ​ទឹកដី​ខេត្តកំពង់ស្ពឺ​រូបនេះ​បាន​បកស្រាយ​ថា៖ «ចាស រកស៊ី​អត់​មានអី​ត្រូវ​ខ្មាស់​គេ​ផង ឱ្យតែ​សច្ចៈ​ទៀងត្រង់ ហើយ​ផុស​រាល់ថ្ងៃ​ហ្នឹង​ដោយសារតែ​ធ្វើ​ហាង​ហើយ​បើក​លក់​មិនទាន់​កើត​ព្រោះ​កូ​វីដ មិនទាន់​ស្ងាត់​ក៏​នៅតែ​បន្ត​ផុស​លក់​ដោយ​ការ​វេច​ខ្ចប់។ បើ​មិនឱ្យ​ខ្ញុំ​ផុស​ម៉េច​មាន​អ្នក​ដឹងថា​ខ្ញុំ​លក់​ទៅ? សម័យនេះ សម័យ​អន​ឡាញ​ណា​ចាស!»។

តប​ទៅនឹង​ការ​ដៀមដាម​ថា អាជីព​សិល្បៈ​របស់​តារា​ស្រី​រូបនេះ​ទំនងជា​អាប់រស្មី​បានជា អ៊ី​វ៉ា មក​ចាប់​ត្រឹម​របរ​លក់​បុកល្ហុង​នៅ​ទឹកដី​ខេត្តកំពង់ស្ពឺ​នោះ ស្រី​ស្រស់​និយម​តែងខ្លួន​បែប​ឃ្យូតៗរូបនេះ​បាន​លើកឡើងថា៖ «មិនមែន​ទាល់តែ​លក់​ពេជ្រ​លក់​ឡាន ឬលក់​របស់​ថ្លៃៗទើប​ឡូយ​មិន​ធ្លាក់ខ្លួន​ធ្លាក់កូដ​នោះទេ។ ខ្ញុំ​រក​តាម​សមត្ថភាព​​ខ្ញុំ។ មុខរបរ​អី​ក៏​មាន​​​តម្លៃ​ដែរ​ឱ្យ​តែ​ត្រឹមត្រូវ មិន​បោកប្រាស់​គេ»។

តារាចម្រៀង អ៊ីវ៉ា បាន​លើក​ហេតុផលថា៖ «យើង​សាក​ក្រលេក​មើល​ទៅ​អ្នក​មានៗ​ផង​​ គេ​មាន​ហើយ​គេ​នៅតែ​ខំ។ ចុះបើ​ខ្ញុំ​មិនមាន​ផង​មិនឱ្យ​ខ្ញុំ​ខំ​យ៉ាង​ម៉េច​ទៅ? បាន​លុយ​ណា​ចាយ? ច្រៀង​ក៏​នៅតែ​ច្រៀង រកស៊ី​ក៏រកស៊ី ធ្វើការ​ងារ​ក៏​ធ្វើ អា​ធំ​ផ្គុំ​ដោយ​អាតូច​ណា»។

តារាចម្រៀង​ស្រី​​ស៊ូ​រស់នៅទឹកដីកំពង់ស្ពឺ​មិន​រើ​​មក​​រស់នៅ​ហ៊ឺហារ​ឯ​ទីក្រុង​ភ្នំពេញ​រូបនេះ បាន​បញ្ចប់​សេចក្ដី​ថា៖ «ណ្ហើយ​ខ្ជិល​រៀបរាប់​ច្រើន ចម្លើយ​មានតែ​ប៉ុណ្ណឹង​ទេ​ណា​បង​ចែៗ​ខាង​ចេចចូច​អូ​ច​អេ​ច តិច​​ទៀត​ដល់​ម៉ោង​ផុស​លក់​បុកល្ហុង​ទៀត​លូ​វហើយ ហាហា អា​ជី​ណូ​ម៉ូ​តុ»៕