ភ្នំពេញ៖ ប្រិយមិត្ត​គាំទ្រ​ភ្ញាក់​ផ្អើល​ទៅ​នឹង​ភាព​ប្រែប្រួល​របស់​តារា​ចម្រៀង​ស្រី​កំពុង​​ឡើង​​កូដ​នៅ​លើ​ទ្រនំ​ថោន ដែល​​នា​ពេល​ថ្មីៗ​នេះ ​​កញ្ញា ស៊ូ ស៊ីរីកា ​បង្ហាញ​នៅ​តាម​បណ្តាញ​សង្គម​អ៊ីនស្តាក្រាម និង​​ហ្វេសប៊ុក​​។​

ជា​មួយនឹង​​រូបរាង​ស្គម​ជាង​មុន ក្នុង​ឈុត​រ៉ូប​ខ្មៅ​រឹប​ចេញ​រូបរាង​ ហើយ​រូប​សម្រស់​វិញ ​ក៏​កាន់​តែ​ស្រស់​​ស្អាត​​ តារា​ចម្រៀង​ស្រី​​រូប​នេះ​​​ ស៊ូ ស៊ីរីកា ក៏​​បង្ហើរ​សារ​យ៉ាង​ខ្លីជា​ភាសាអង់គ្លេស ដែល​​ប្រែ​សម្រួល​ជាភាសា​​ខ្មែរ​​​​ថា៖ «រីករាយ​នឹង​ជីវិត​ខ្លួន​ឯង គ្មាន​​​​ពេល​ទំនេរ​ Drama ទេ!»។​ រំពេច​នោះ មាន​អ្នក​គាំទ្រ​​ជាច្រើន​បាន​​​​លាន់​​មាត់​សរសើរ​គ្រប់ៗ​គ្នា ​សឹង​​​តែ​​ប្រើ​នូវ​ពាក្យ​​ពេចន៍​តែ​មួយ​ថា៖ «អីយ៉ា!​ ពិត​ជា​ស្អាត​មែន​ទែន កញ្ញា ស៊ីរីកា​!​» ខណៈ​ម្ចាស់​សាមី​ខ្លួន​វិញ ​ក៏​គ្មាន​ពាក្យ​ច្រើន​ក្រៅ​ពី​ពាក្យ​ថា៖ «អរគុណ»។​

គួរ​រំឭក​ដែរ​ថា កាល​ពី​​ឆ្នាំ​ ២០២០ គ្រាន់​តែ​​បាន​ចេញ​បទ​​ចម្រៀង​​ថ្មី​​មាន​ចំណង​ជើង​​ថា «ជំនូន» ដែល​ជា​​ការ​បក​​ស្រាយ​​ដោយ​​​តារា​​ចម្រៀង​នៅ​​ទ្រនំ​ថោន កញ្ញា​ ស៊ូ ស៊ីរីកា និង​​លោក ប៊ូអូប៊ី​ ស្ថិត​​​នៅ​ក្នុង​សមិទ្ធផល​រួម​គ្នា​រវាង​កិច្ច​សហការ​​ផលិតកម្ម​ថោន ​និង​ GMM ទទួល​បាន​នូវ​​ការ​ចាប់​​អារម្មណ៍​ពី​​មហាជន​​ទាំង​​ការ​សរសើរ និង​ការ​បង្អាប់​ ក្រោយ​ពី​បាន​​ប្រកាស​ពី​កិច្ច​ព្រមព្រៀង​គ្នា​​​នោះ​មក។​

គ្រាន់​តែ​តារា​ចម្រៀង​ស្រី​​សំឡេង​ផ្អែម​​​ពីរោះ កញ្ញា ស៊ូ ស៊ីរីកា បង្ហោះ​បទ ​«ជំនូន»​ នៅ​តាម​ហ្វេសប៊ុក​ខ្លួន ដោយ​មាន​​​​សារ​​​​បាន​បញ្ជាក់​ថា៖ «​សូម​ស្វាគមន៍​បទ​ចម្រៀង​​ដំបូង ដែល​ជា​កិច្ចសហការ​​រវាង​ផលិតកម្ម Town និង GMM Grammy ​បទ «ជំនូន-The Gifts»។ សម្រាប់​បងប្អូន​មាន​ចម្ងល់​រឿង​បទ​​ថ្មី​នាង​ខ្ញុំ ដែល​សហការ​​ជាមួយ​​ផលិតកម្ម ​GMM របស់​ប្រទេស​​ថៃ​ អាច​​​សួរ​បាន​​ដោយ​​រីករាយ​ឆ្លើយ​»។

ក្រៅ​ពី​មាន​ការ​ចូល​ចុច​ Likes បង្ហាញ​​ពី​ការ​ពេញ​ចិត្ត​យ៉ាង​ច្រើន​ចំពោះ​​បទ​ «ជំនូន» ដែល​ជា​ទម្រង់​បទ​ចម្រៀង​មាន​​ការ​សហការ​​​គ្នា​រវាង​ផលិតកម្ម​នៃ​ប្រទេស ​២ ​ផ្សេង​​​គ្នា​នោះ ក៏​​​បញ្ចេញ​ជា​មតិ​ទាំង​​សរសើរ​ផង និង​​បែប​​បង្អាប់​ផង​ ​តាម​ហ្វេសប៊ុក​។

ភាគ​ច្រើន​គេ​ឃើញ​មាន​​​​មតិ​សរសើរ​ និង​​បង្ហាញ​​ពី​ទឹក​ចិត្ត​គាំទ្រ​​​​បទ​ចម្រៀង​​​របស់​តារា​​​ផលិតកម្ម​ថោន​​ ​ដោយ​​​​ការ​លើក​ឡើង​ថា៖ «​ពិត​ជា​ប្លែក​​មែន! ធ្លាប់​តែ​ឃើញ​បែប​កម្សត់ និង​​សំឡេង​បែប​​​ខ្ពស់​ម្តង​​នេះ ​ប្លែក​​ពិត​ជា​ទាក់ទាញ​​ពីរោះ​​ណាស់​អត្ថន័យ​ជ្រាលជ្រៅ​​​សម្រាប់​អ្នក​មាន​ប្ដី​ប្រពន្ធ​។​ ពីរោះ​ខ្លាំង​ណាស់ បង ស៊ីរីកា​ ស្រឡាញ់​ពេញ​​បេះដូង ​​ហើយ​កាយ​វិការ​ទាំង​ការ​ស្លៀក​ពាក់​ ស័ក្តិសម ហើយ​ស៊ី​ជាមួយ​នឹង​បទ (ជំនូន) ណាស់ ហើយ​នៅ​ខាង​ក្រៅ​ក៏​ស្អាត​​​​ទៀត។ ខ្ញុំ​សូម​គាំទ្រ​គ្រប់​ទម្រង់​សិល្បៈ​​ចម្រៀង ​និង​ក្បាច់រាំ ដែល​បង្ហាញ​​ពី​វប្បធម៌​របស់​ជាតិ​យើង»។​

យ៉ាង​ណា​ក៏​មាន​អ្នក​រិះគន់​បែប​បង្អាប់​ផង​​ដែរ ចំពោះ​ការ​ចេញ​ចម្រៀង​បទ ​«ជំនូន» នេះ​ដោយ​មាន​​អ្នក​​លើក​ឡើង​ចំៗ​ថា៖ «​បើ​​អត់​​មាន​​សហការ​​ទេ​​ ប្រហែល​គ្មាន​បទ​ចេញ​ទៀត​ទេ មើល​ទៅ town​ ហ្នឹង​​។​​»៕