ក្រុង​សាន់ហ្វ្រាន់ស៊ីស្កូ៖ កម្មវិធី​ណាត់ជួប​ស្នេហ៍​តាម​ទូរស័ព្ទ Tinder កាលពីថ្ងៃ​អង្គារ បាន​បន្ថែម​ជម្រើស​ពីរ​ទៀត​សម្រាប់​អ្នក​ស្គាល់​គ្នា​ពី​ចម្ងាយ​មុន​ពេល​ឈាន​ដល់​ការ​ណាត់​ជួប​ក្នុង​សម័យ​កាល​កូវីដ​នេះ។

នាយក​ប្រតិបត្ដិ Jim Lanzone បាន​ឱ្យ​ដឹង​អំឡុង​ពេល​រៀបរាប់​ត្រួស​ៗ​ពី​ជម្រើស​ថ្មី​នេះ​ថា​៖ «​មនុស្សសម័យ​ឥឡូវ​ចង់​ចំណាយ​ពេល​ស្គាល់​គ្នា​ពី​ចម្ងាយ​សិន​មុន​ពេល​សម្រេច​ចិត្ដ​ថា ពួកគេ​គួរ​ជួប​គ្នា​ដោយ​ផ្ទាល់​ឬ​យ៉ាង​ណា​»។

កម្មវិធី​ទូរស័ព្ទ​ស្វែង​រក​គូ​ស្រករ មិនថា វា​គ្រាន់តែ​ជា​ស្នេហា​មួយ​គ្រា ឬ​គូ​គាប់​ប្រចាំ​ជីវិត បាន​បង្ហាញ​មុខ​ងារ​ថ្មីៗ​ជា​ច្រើន រួម​មាន «​Hot Takes» ជា​សំណួរ​ចម្លើយ​ជ្រើស​រើស​ដើម្បី​ឱ្យ​ប្រាកដ​ថា តើ​ «​សារ​ញ៉ែ​គ្នា​» របស់​អ្នក​ប្រើ​ប្រាស់​វា​ស៊ី​មេទ្រី​គ្នា​កម្រិត​ណា។

Tinder ក៏​កំពុង​ផ្ដល់​ជម្រើស​ប​ន្ថែម​ឃ្លីប​វីដេអូ​ដើម្បី​អនុញ្ញាត​ឱ្យ​អ្នក​ប្រើ​ប្រាស់​បង្ហាញ​ពី​ដំណើរ​ជីវិត​ត្រួសៗ​ ​​ចំណុច​គួរ​ឱ្យ​ចាប់​អារម្មណ៍ ឬ​ការ​ផ្សងព្រេង​របស់​ខ្លួន។

កម្មវិធី​នេះ​ត្រូវបាន​ដាក់​ឱ្យ​ដំណើរ​ការ​នៅ​ប្រមាណ ១៩០​ប្រទេស​ និង​ដែន​ដី។ AFP

យោងតាម Lanzone បាន​ឱ្យ​ដឹងថា ពេល​វិបត្ដិកូវីដ​បង្ខំ​ឱ្យ​មនុស្ស​រក្សា​គម្លាត​សុវត្ថិភាព​ពី​គ្នា រួមទាំង​ការ​រៀនសូត្រ និង​ទំនាក់ទំនង​ក្នុង​សង្គម​ កម្មវិធីទូរស័ព្ទ​នេះ​បាន​ផ្ដល់​នូវឱកាស​បង្កើត​ទំនាក់​ទំនង​កាន់​តែ​ស៊ី​ជម្រៅ​លើ​អនឡាញ​មុន​ពេល​សម្រេច​ជួប​មុខ​គ្នា​ផ្ទាល់។ ​

លោក​បាន​បន្ដថា​៖ «​យុវជន​សម័យ​បច្ចុប្បន្ន​ប្រាថ្នា​ធ្វើ​អ្វីៗ​ខុស​ប្លែក​ពី​មុនបន្ដិច​ ដែល​មាន​សារ​សំខាន់ និង​មិនសូវ​ជួប​មុខ​គ្នា​ផ្ទាល់​ឡើយ​។ ទំនោរសម្រាប់​តែ​យុវវ័យ​​នេះ កើត​ឡើង​តាំងពី​មុន​កូវីដ​ម្លេះ​ ហើយ​ដល់​ពេល​កូវីដ​ចូល​មក វា​ពេញ​និយម​គ្រប់​វ័យ​ទាំង​អស់​»។

សម័យ​ក្មេង​ជំនាន់​ថ្មី (Gen Z) ដែលសំដៅ​លើ​មនុស្ស​អាយុ​ខ្ទង់ ២០ ​ឆ្នាំ មាន​ចំនួន​អ្នក​ប្រើ​ប្រាស់ Tinder ជាង​ពាក់​កណ្ដាល។ នេះ​បើ​យោងតាម​ក្រុមហ៊ុន​បាន​ឱ្យ​ដឹង​ដូច្នេះ។

កម្មវិធីទូរស័ព្ទ​នេះ​បាន​ផ្ដល់​នូវឱកាស​បង្កើត​ទំនាក់​ទំនង​កាន់​តែ​ស៊ី​ជម្រៅ​លើ​អនឡាញ​មុន​ពេល​សម្រេច​ជួប​មុខ​គ្នា​ផ្ទាល់។

លោក Lanzone បាន​លើក​ឡើង​ថា​៖ «​តម្រូវ​ការ​បឋម​សម្រាប់​មនុស្ស​គឺ​ជួប​មុខ​គ្នា​ផ្ទាល់ និង​ទាក់​នង​គ្នា​ក្នុង​ពិភព​ដ៏​ពិត​ប្រាកដ។ សំណួរ​សួរ​ថា តើ​ពួកគេ​ត្រូវ​ឈាន​ដល់​ដំណាក់​កាល​នេះ​បាន​យ៉ាង​ដូច​ម្ដេច​ និង​ឧបករណ៍​អ្វី​ខ្លះ​ដែល​ពួកគេ​គួរប្រើ​ដើម្បី​មាន​ឱកាស​ជួប​គ្នា​ផ្ទាល់​»។

Tinder រក​ចំណូល​ពី​ការ​ចុច​ជាវ (subscriptions) ដែល​ផ្ដល់​នូវ​មុខងារ​ច្រើន​ជម្រើស​ជាង​កម្មវិធី​ឥតគិតថ្លៃ​តាម​បែប​មូលដ្ឋាន។ កម្មវិធី​នេះ​ត្រូវបាន​ដាក់​ឱ្យ​ដំណើរ​ការ​នៅ​ប្រមាណ ១៩០​ប្រទេស​ និង​ដែន​ដី។

កម្មវិធី​រក​គូ​ស្រករ​ត្រូវបាន​ស្គាល់​ជា​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពី​ការ​ស្វែង​រក​ដៃគូ​ និង​ទាក់ទង​គ្នា​តាម​អនឡាញ៕ AFP/HR

កម្មវិធី​រក​គូស្រករ Tinder មានគេស្គាល់ច្រើន​ ដោយ​ការ​ជ្រើសរើស Yes គ្រាន់​តែ​អូស​ទៅស្ដាំ។