ក្រុង​ប៉ារីស៖ ទោះក្លាយ​ជា​មនុស្ស​រុក្ខជាតិ ជាមួយ​​ជំងឺ​ប៉ះពាល់​ដល់​ប្រព័ន្ធ​ខួរ​ក្បាល និង​សរសៃ​ប្រសាទ​ ដូចលោក Stephen Hawking មិន​អាច​រារ៉ាំង​សិល្បករ​ហ៊ីបហប​បារាំង​ពី​ការ​ផលិត​បទ​ចម្រៀង​ ដោយ​មិន​ប្រើ​អវៈយវៈអ្វីសោះ ក្រៅ​ពី​ភ្នែក​ទាំងគូ។

លោក ហ្គីលហេម «​ផូន​» ហ្គាល់ឡាត ជាសមាជិក​សហករណ៍​រ៉េប​បារាំង Fonky Family បាន​ធ្លាក់​ខ្លួន​ឈឺ​ជំងឺ​ប្រព័ន្ធ​ប្រសាទ និង​ខួរ​ក្បាល​ក្នុង​ឆ្នាំ​ ២០១៥ ហើយ​វាបាន​ធ្វើ​ឱ្យ​លោក​ដេក​នៅ​លើ​គ្រែ​ជា​រៀង​រាល់​រហូត​។

ប៉ុន្ដែ​ដោយ​មាន​ជំនួយ​ពី​សូហ្វវែរ ដែល​តាមដាន​ចលនា​កែវ​ភ្នែក​ដើម្បី​ត្រាប់​សកម្មភាព​ចុច​លើ​ (mouse) លោក​អាច​និពន្ធបទភ្លេង និង​សរសេរ​ចម្រៀង​ ក៏ដូចជា​និយាយ​តាម​សំឡេង​កុំព្យូទ័រ។

លទ្ធផល បាន​បង្ហាញ​នៅ​ក្នុងបទភ្លេង​អេឡេចត្រូ​មីនីអាល់ប៊ុម «​Listen and Donate» បាន​ចេញ​ផ្សាយ​កាលពី​សប្ដាហ៍​មុន និង​បាន​ទទួល​ការ​គាំទ្រ​ពី​វិរបុរស​តន្ដ្រី​ម្នាក់​របស់លោក​ផ្ទាល់ នោះគឺ អ្នក​និពន្ធ​ចម្រៀង​ចក្រភព​អង់គ្លេស Kate Bush។

លោក ហ្គីលហេម «​ផូន​» ហ្គាល់ឡាត មុនពេល​​ធ្លាក់​ខ្លួន​ឈឺ​ជំងឺ​ប្រព័ន្ធ​ប្រសាទ និង​ខួរ​ក្បាល​ក្នុង​ឆ្នាំ​២០១៥។

លោក​បាន​ឱ្យដឹងថា​៖ «​ពេល​ខ្មោច​យមរាជ​ចេញ​បាត់​ទៅ អរគុណ​ធំៗ​ដល់​ការ​វះកាត់​បំពង់​ខ្យល់ ខ្ញុំ​បានវិល​មក​កាន់​ការ​សរសេរ​ចម្រៀង​វិញ តែ​ខ្ញុំ​មិន​គិត​ថា ខ្ញុំ​អាច​ប្រើ​ភ្នែក​ធ្វើ​វាបាន​នោះទេ​»។

លោក​បាន​ចំណាយ​ពេល​ស្ទើរតែ ៤ ​ឆ្នាំ ​ក្នុង​ការ​ចាប់​ផ្ដើម​សរសេរចម្រៀង​ជា​ថ្មី​ក្រោយ​ធ្លាក់​ខ្លួន​ឈឺ។ ជំងឺ​សរសៃ​ប្រសាទ និង​ខួរក្បាល​ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សមត្ថភាព​គ្រប់​គ្រង​សាច់ដុំ ការ​ធ្វើ​ចលនា និយាយ ទទួលទាន និង​ដក​ដង្ហើម។

ប៉ុន្ដែ​បច្ចេកវិទ្យា​បាន​ជួយ​ឱ្យ​លោក ហ្គាល់ឡាត ដែល​មាន​វ័យ​ខ្ទង់ ៤០ ​ឆ្នាំ​មាន​លទ្ធភាព​ឡើងវិញ។

ភរិយាឈ្មោះ វ៉ាហ៊ីបា បាន​និយាយថា​៖ «​ខ្ញុំ​បាន​ទទួល​បង ផូន ដែល​ខ្ញុំ​ធ្លាប់​ស្គាល់​មក​វិញ​ ហើយ​ថែមទាំង​ខ្លាំង​ជាង​មុន​ទៀត​»។

លោក ផូន ខ្លួន​ឯង ក៏​ត្រូវ​ដកដង្ហើម​តាម​សួត​សិប្បនិម្មិតដែរ តែ​រស់​នៅ​ផ្ទះ​ក្នុង​តំបន់ Tarn នៅភាគ​នីរតី​ប្រទេស​បារាំង ជាមួយ​ភរិយា និង​កូន​ស្រីពីរនាក់។

ការ​វិល​មក​កាន់​ពិភព​តន្ដ្រី​ជា​លើកដំបូង​គឺជាអាល់ប៊ុម​ឆ្នាំ ២០១៩ «​Kate & Me» ដែល​ឧទ្ទីល​ដល់​និមិត្ដរូប​តន្ដ្រី Kate Bush និង​រួម​ទាំងអាល់ប៊ុម «​It''s Me Cathy» និង​បទចម្រៀង​ផលិតឡើង​វិញ​ «​Wuthering Heights» ផង​ដែរ៕ AFP/HR

ប៉ុន្ដែ​បច្ចេកវិទ្យា​បាន​ជួយ​ឱ្យ​លោក ហ្គាល់ឡាត ដែល​មាន​វ័យ​ខ្ទង់ ៤០​ឆ្នាំ​មាន​លទ្ធភាព​ផលិតតន្ត្រីឡើងវិញ​តាមរយៈ​ក្រសែភ្នែក។