ឡូ​ស​អេ​ន​ជឺ​លេស​៖ តារាចម្រៀងវ័យ​ ៣៩ ​ឆ្នាំ​​​ ប្រ៊ីដនី ស្ពៀរ (Britney Spears) បាន​ទទូច​​ឱ្យ​ចៅក្រម​នៅក្នុង​សវនាការ​​​កាលពី​ថ្ងៃ​ពុធ ​ដើម្បី​បញ្ចប់ «ការ​គ្រប់គ្រង​ពី​អាណាព្យាបាល​ដ៏​ឃោរឃៅ» ដែល​​បាន​ផ្តល់ឱ្យ​ឪពុក​របស់​នាង​​មានសិទ្ធិ​គ្រប់គ្រងជីវិត​ឯកជន​របស់​​នាង​ក្នុង​ឆ្នាំ ២០០៨។

ក្នុង​ការ​បរិយាយ​រៀបរាប់រយៈពេល​ ២០ នាទី​ តាមរយៈ​វីដេអូ​ឃ្លី​ប​ តារា​ចម្រៀង​​រូបនេះ​បាន​​និយាយថា៖ «ខ្ញុំ​ចង់ ឲ្យ ជីវិត​របស់​​ខ្ញុំ​ត្រឡប់មកវិញ។ វា​មាន​រយៈពេល ១៣ ​ឆ្នាំ​ហើយ​ ហើយ​វា​ល្មម​គ្រប់គ្រាន់​ហើយ»។

ហិរញ្ញវត្ថុ ​និង​ជីវិត​ផ្ទាល់ខ្លួន​របស់​តារា​ស្រី​វ័យ​ជិត​ ៤០​ ឆ្នាំ​រូបនេះ ​​មួយ​ភាគ​ធំ​ត្រូវបាន​គ្រប់គ្រង​​ដោយលោក ចេមី ស្ពៀរ (Jamie Spears) ចាប់តាំងពី​នាងទប់​អារម្មណ៍​លែង​ជាប់​រួច​​សម្ដែង​អាកប្បកិរិយាបាក់ទឹកចិត្ត​ខ្លាំង​ជា​សាធារណៈ​​ កាលពី​ជាង ​១​ ទសវត្សរ៍​មុន​ ដែលនាំឱ្យ​អ្នកគាំទ្រ​មួយចំនួន​ចាប់ផ្តើម​យុទ្ធនាការ «ដោះលែង​ ប្រ៊ីដនី» (Free Britney) ​តាម​អនឡាញ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំថ្មីៗនេះ។

ក្នុង​ការ​រៀបរាប់​​​មួយ​ដែល ប្រ៊ីដនី​ អួលដើម​ក​ខ្លាំង​នោះ ​​នាងបាន​​និយាយថា ​តាម​ការរៀបចំ​ដោយ​ស្របច្បាប់​នាង​ត្រូវ​បាន​រារាំង​មិនឱ្យ​ដក​កង​ពន្យារ​កំណើត​ចេញ​ពី​ស្បូន ​ទោះបីជា​នាង​ចង់​ពពោះ​បានកូន​ថែមទៀត​ក៏ដោយ។

អ្នក​ម្តាយ​ដែលមាន ​២​​ នាក់​រូបនេះ​បាន​និយាយថា ​គំនាប​ពីអាណាព្យាបាល​បានធ្វើឱ្យ​នាង «បាក់ស្បាត» និង «បាក់​ទឹកចិត្ត» ជា​ខ្លាំង។

ក្រុមអ្នកគាំទ្រ ប្រ៊ីដនី ស្ពៀរ នៅ​ក្រុង​ឡូសអេនជើលេស ធ្វើ​ការ​ទាមទារ​ឱ្យ​អាណាព្យាបាល​នាង​ដោះលែង​នាង​ឱ្យ​មានសេរីភាព។ AFP

ប្រ៊ីដនី​ បាន​និយាយថា៖ «ខ្ញុំ​មិន​សប្បាយចិត្ត​ទេ។ ខ្ញុំ​គេង​អត់លក់។ ខ្ញុំ​ខឹង​ខ្លាំង​ណាស់។ ខ្ញុំ​អារម្មណ៍ដូច​ឆ្កួត ហើយ​ខ្ញុំ​យំ​រាល់ថ្ងៃ»។

តារាចម្រៀង​​ដ៏ល្បីល្បាញ​ខ្លាំង​តាំង​ពី​ឆ្នាំ ១៩៩៨ រូបនេះ​បាន​បន្ត​ថា៖ «ខ្ញុំ​ជឿជាក់ថា ​ការការ​គ្រប់គ្រង​​​នេះ​គឺជា​​រំលោភ​​បំពាន។ ខ្ញុំ​ចង់បាន​ការផ្លាស់ប្តូរ​ ខ្ញុំ​សម​នឹង​ទទួលបាន​ការផ្លាស់ប្តូរ» ។

តារាចម្រៀង​រូបនេះ​កម្រ​និយាយ​ដោយផ្ទាល់​អំពី​អាណាព្យាបាលរបស់នាង ​​ប៉ុន្តែ​មេធាវី​របស់​នាង​គឺ​លោក សាមៀល អ៊ីងហ្គេម (Samuel Ingham) បាន​និយាយ​កាលពី​ខែមេសា​ថា ប្រ៊ីដនី​ ចង់​និយាយ​ទៅកាន់​តុលាការ​ដោយផ្ទាល់​ជាហេតុ​ធ្វើ​ឱ្យ​មាន​​សវនាការ​​នៅ​ថ្ងៃ​ពុធ។

ប្រ៊ីដនី មាន​ទំនាក់ទំនងល្អក់កករ​ជាមួយ​​ឪពុក​នាង​ជា​យូរ​មកហើយ។

កាលពី​ឆ្នាំមុន​នាង​បានដាក់​ពាក្យសុំ​ដករូប​លោក​​​ចេញពី​ការគ្រប់គ្រង​ទ្រព្យសម្បត្តិ​​​របស់នាង ​និង​ផ្តល់​អំណាច​តែ​មួយ​គត់​លើ​​ស្ថាប័នហិរញ្ញវត្ថុ។ មេធាវី​ដែល​ចាត់តាំង​ដោយ​​តុលាការ​បាន​និយាយថា​ ប្រ៊ីដនី ខ្លាច​ឪពុក​របស់​នាងណាស់។

តារា​ចម្រៀង ប្រ៊ីដនី ស្ពៀរ នៅ​លើ​ឆាក​កាលពី​ឆ្នាំ ២០១៨ មុន​នឹង​ប្រកាស​ផ្អាក​ទទួល​ការ​សម្ដែង​ចាប់​តាំង​ពី​ឆ្នាំ ២០១៩។ AFP

ហួសហេតុ​ពេក

អ្នកគាំទ្រ​ ប្រ៊ីដនី បាន​ព្យាយាមរុករក​តម្រុយ​ពីសុខទុក្ខ​របស់នាង​តាម​​​បណ្តាញ​សង្គម​របស់​នាង​ជា​យូរ​មកហើយ ​ហើយ​ពួកគេ​ក៏​បាន​ដឹង​ថា​​​នាង​ប្រហែលជា​ចង់​លប់ចោល​ការគ្រប់គ្រង​របស់​​អាណាព្យាបាល។

កំណត់ត្រា​សម្ងាត់​ដែល​ត្រូវបាន​ចុះផ្សាយ​នៅ​ថ្ងៃ​អង្គារ​ដោយ​កាសែត​ញូវយ៉ក​ថែម​ស៍ បាន​និយាយពី ប្រ៊ីដនី ស្ពៀរ ថា​ ប្រព័ន្ធ​​​គ្រប់គ្រង​ដោយ​អាណាព្យាបាល​មាន «ការគ្រប់គ្រង​ច្រើនពេក ពោល​គឺ​ច្រើនពេក​ហើយ!" ហើយ​ថា​នាង​ត្រូវបាន​រារាំង​មិនឱ្យ​ធ្វើការ​សម្រេចចិត្ត​ដោយ​ខ្លួនឯងសូម្បីតែ តើ​អាច​​រាប់​អាន​នរណាជាមិត្ត រឿង​ស្នេហា ការ​ចំណាយ និង​សូម្បី​តែ​ជម្រើស​ពណ៌​ទូ​ចង្ក្រាន​បាយ​ក្នុង​ផ្ទះ​​​របស់​នាង។

ប្រ៊ីដនី ស្ពៀរ បាន​ប្រាប់​អ្នកស៊ើប​អង្កេតករណីនេះ​​​ថា​ នាង​ចង់ឱ្យ​ការ​ឃុំគ្រង​ពីអាណាព្យាបាល​​ត្រូវ​បញ្ចប់​ឱ្យបាន​ឆាប់​​តាម​ដែល​អាចធ្វើ​ទៅបាន​ ហើយ​ថា​នាង​ឈឺ​ចាប់​ណាស់​​ដោយសាររូបនាង​​ត្រូវបាន​គេ​ទាញយក​​ប្រយោជន៍។

បន្ទាប់ពី​ការ​លែងលះ​រវាង​នាង និង​អតីត​ស្វាមី ​ ខេវីន ហ្វើដឺឡាញ (Kevin Federline) ក្នុង​ឆ្នាំ ២០០៦ និង​​ការ​បាត់បង់​ការថែរក្សា​កូន​ៗ​របស់​នាង​នៅ​ឆ្នាំ​បន្ទាប់ ប្រ៊ីដនី ស្ពៀរ មាន​ក្លាយ​ជា​មុខ​សញ្ញា​​ប្រមាញ់​រូបថត​។

ក្រុមអ្នកគាំទ្រ ប្រ៊ីដនី ស្ពៀរ នៅ​ក្រុង​ឡូសអេនជើលេស ធ្វើ​ការ​ទាមទារ​ឱ្យ​អាណាព្យាបាល​នាង​ដោះលែង​នាង​ឱ្យ​មានសេរីភាព។ AFP

ក្រោម​ការឃ្លាំមើល​ពី​ឪពុក​នាង ប្រ៊ីដនី បាន​វិល​ត្រឡប់មក​សម្តែង​វិញ និង​បាន​ចេញចម្រៀង​​ ៣ អាល់​ប៊ុ​ម​ រួម​ទាំង​ការ​បង្ហាញ​​ខ្លួន​នៅលើ​បណ្ដា​កញ្ចក់​ទូរទស្សន៍​។

ប៉ុន្តែ​នៅ​ខែមករា​ឆ្នាំ ២០១៩ នាង​បានប្រកាស​ជាបន្ទាន់​ថា​ នាង​នឹង​ផ្អាក​ការសម្តែង​របស់​នាងរ​ហូត​ដល់​មានការ​ជូន​ដំណឹង​ជាថ្មី​។

នាង​បាន​និយាយថា​ឪពុក​នាង​ និង​អ្នក​ផ្សំគំនិត ​តែងតែ​គំរាម​នាង​ជារឿយៗ​។

ប្រ៊ីដនី ស្ពៀរ បានទម្លាយថា៖ «ប្រសិនបើ​ខ្ញុំ​មិន​ដូច្នោះ​​ទេ ​គឺ​ធ្វើ​អ្វីដែល​ពួកគេ​ប្រាប់​ខ្ញុំ ធ្វើ​អ្វី​ដែល​ពួកគេ​ប្រើ​ខ្ញុំ​ដូច​ទាសករ​ឱ្យ​ធ្វើ នោះ​ពួកគេ​នឹងដាក់​​ទណ្ឌកម្ម​ខ្ញុំ»។

ទស្សនិកជន​ចូល​មក​ទទួលបទពិសោធ​នៅ​បន្ទប់ពិព័រណ៍​ស្នាដៃ​ចម្រៀង ប្រ៊ីដនី ស្ពៀរ Baby one more time។ AFP

តារាចម្រៀង​រូបនេះ​ក៏​បាន​ទម្លាយ​ផង​ដែរ​ថា ​​គ្រូពេទ្យ​បានបង្ខំ​ដាក់​ថ្នាំ​ឱ្យ​នាង​មាន​អារម្មណ៍​បាត់​ម្ចាស់ការ ដូច​ស្រវឹង​ធីងធោង។ នាង​មិន​ត្រូវបាន​គេ​អនុញ្ញាតឱ្យ​ផ្លាស់ប្តូរ​សម្លៀក​បំពាក់​ជា​​ឯកជន ​ឬ​បើកបរ​រថយន្ត​​ផ្ទាល់ខ្លួន​ទេ។

មេធាវី​របស់ Jamie Spears និយាយថា​គាត់​បាន​បំពេញការងារ​បាន​យ៉ាង​ល្អ​ក្នុងការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​កូនស្រី​របស់គាត់។

ប៉ុន្តែ​ចៅក្រម​បានសម្រេច​​កាលពី​ខែកុម្ភៈ​ថា ​ទាំង​ឪពុក​ និង​អ្នកគ្រប់គ្រង​ទ្រព្យសម្បត្តិ​នាង Bessemer Trust នឹង​ត្រួត​ពិនិត្យ​ហិរញ្ញវត្ថុ​របស់​តារា​ចម្រៀង​រូបនេះ​ដោយ ​បដិសេធ​សិទ្ធិ​សម្រេច​​ផ្ដាច់មុខ​ក្នុង​ការ​ធ្វើ​វិនិយោគ​ទុន​របស់​លោក ចេមី ស្ពៀរ តែឯង។

នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដែល​បាន​អាន​នៅក្នុង​តុលាការ​មេធាវី​របស់​ឪពុក​នាង​ បាន​និយាយថា៖ «ពិត​ជា​សោកស្តាយណាស់​​​​​ដែល​នាង​មានការ​​ឈឺចាប់​ខ្លាំង តែ​តាមពិត​គាត់ពិត​ជា​ស្រឡាញ់​​កូនស្រី​របស់គាត់​ខ្លាំងណាស់»៕ AFP/HR

តារាចម្រៀង ប្រ៊ីដនី ស្ពៀរ ចូលរួម​កម្មវិធី​សិល្បៈ​កាលពី​ឆ្នាំ ២០១៥។ AFP