ក្រុង​ញូវដែលី៖ ការ​ប្រមាញ់​រក​ឧក្រិដ្ឋជន​ដ៏​ធំ​មួយ​កំពុង​ប្រតិបត្ដិការ​នៅ​ភាគ​កណ្ដាល​ប្រទេស​ឥណ្ឌា ក្រោយ​ពី​ចោរ​ ១ ​ក្រុម​​ បាន​លួច​អាចម៍​គោ​ជិត​ ​១​ តោន​ចេញ​ពី​ភូមិ​។

អ្នក​ភូមិ​នៅ​ភាគ​កណ្ដាល​រដ្ឋ​ឆាត​ទីសហ្គា បាន​ប្ដឹង​ប៉ូលិស​​ពី​សប្ដាហ៍​មុន ក្រោយ​ពី​អាចម៍​គោ​ជាង ៨០០ ​គីឡូក្រាម ​បាន​បាត់​ពី​ឃ្លាំង​ស្ដុក។

ប៉ូលិស​បាន​ឱ្យ​ដឹង​ថា ក្រុម​ចោរ​ចូល​លួច​​​ពេល​យប់​នៅ​ភូមិ​ឌូរេនណា ស្រុក​កូបា និង​បាន​រត់​គេច​ខ្លួន​ជា​មួយ​អាចម៍​គោ​​តម្លៃ​​ ១ ៦០០ ​រូពី (៨៨ ០០០ ​រៀល)។

ប៉ូលិស​ឈ្មោះ​ ហារីស តាន់ដេការ ​​ប្រាប់ AFP ​នៅ​ថ្ងៃ​ពុធ​ថា​៖ «​យើង​បាន​សាក​សួរ​ជន​សង្ស័យ​ប៉ុន្មាន​នាក់​ តែ​មិន​​ឈាន​ដល់​ការ​ចាប់​ខ្លួន​​ទេ​»។

លោក​​​បន្ដ​ថា មិន​ច្បាស់​ថា តើ​ជន​សង្ស័យ​អាច​ផ្ទេរ​អាចម៍គោ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​នោះ​បាន​ដោយ​របៀប​ណា​ ឬ​ក៏​លួច​តាម​វិធី​ណា​ឡើយ។

លោក​ថា​៖ «​ការ​ស៊ើប​អង្កេត​កំពុង​ធ្វើ​បន្ដ​ និង​ខិតខំ​ប្រឹងប្រែង​ចាប់​ជន​ល្មើស​ឱ្យ​ទាល់​តែ​បាន​»។

រដ្ឋ​ឆាតទីសហ្គា ​ទិញ​អាចម៍​គោ​ពី​ប្រជាកសិករ​តម្លៃ ២០០ ​រូពី (១ ​ម៉ឺន​រៀល​) ក្នុង​ ១០០ ​គីឡូក្រាម ក្រោម​ផែនការ​របស់​រដ្ឋ​មក​ផលិត​ជី​កំប៉ុស​។

ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ រដ្ឋ​របស់​ឥណ្ឌា​ជា​ច្រើន​​​ លើក​ទឹក​ចិត្ដ​ឱ្យ​ប្រជាកសិករ​លក់​អាចម៍​គោ​សម្រាប់​ធ្វើ​ជី​កសិកម្ម​សរីរាង្គ​ និង​នៅ​មាន​តម្រូវ​ការ​អាចម៍​គោ​ច្រើន​ទៀត​​ក្នុង​ការ​ផលិត​​ស្ទួយ​​បរិស្ថាន ដូចជា ចង្កៀង​ដី​ឥដ្ឋ និង​​សម្រាប់​បំណង​សាសនា​ជាដើម​។

ព្រហ្មញ្ញ​សាសនិក​មួយ​ចំនួន​ចាត់​ទុក​គោ​ជា​សត្វ​ពិសិដ្ឋ​ និង​ប្រើ​អាចម៍​​​ទឹក​នោម​គោ​ជា​ឱសថ​បុរាណ និង​បង្កើត​​កម្មវិធី​សាសនា​ជា​ច្រើន​​។

ក្នុង​ឆ្នាំ​ ២០១៩ រដ្ឋាភិបាល​ព្រហ្មញ្ញ​និយម​​​​លោក​នាយករដ្ឋ​មន្ដ្រី ណារេនដ្រា មូឌី ​​វិនិយោគ​ប្រាក់ ៥ ​ពាន់​លាន​រូពី (៦,៧ ​លាន​ដុល្លារ) ស្រាវជ្រាវ​​ការ​អភិវឌ្ឍ​ថ្នាំ​​ និង​ផលិតផល​​អនាម័យ​ពី​អាចម៍ និង​ទឹក​នោម​គោ៕ AFP/HR