ភ្នំពេញ៖​ ស្ថានទូត​ជប៉ុន​ប្រចាំ​ប្រទេស​​កម្ពុជា ​រួម​សហការ​ជាមួយ​នឹង​​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​​​កម្ពុជា-ជប៉ុន (CJCC) និង​មជ្ឈមណ្ឌល​អាស៊ី​​​នៃ​​មូលនិធិ​ជប៉ុន (JFAC) នឹង​រៀបចំ​កម្មវិធី​បុណ្យ​​ផ្កាយ​ឆ្នាំ​ ២០២១ តាម​អនឡាញ​ ​ចាប់​ពី​ថ្ងៃទី​ ៩ ទៅ​ដល់​ថ្ងៃទី​ ១១ ខែ​ កក្កដា ឆ្នាំ ​២០២១ ​ដែល​​​ជំនួស​​ការ​រៀបចំ​នៅ​ទី​កន្លែង​ដូច​រៀង​រាល់​​ឆ្នាំ​។

កម្មវិធី​បុណ្យ​ដែល​រៀបចំ​ឡើង​តាំង​ពី​ឆ្នាំ ២០០៤ មក​នោះ​ នៅ​ក្នុង​គោល​បំណង​បន្ត​ជំរុញ​ការ​ផ្លាស់ប្តូរ​វប្បធម៌​រវាង​ប្រទេស​ជប៉ុន និង​កម្ពុជា។ ពិធី​បុណ្យ​ផ្កាយ​នេះ​​ គឺ​ជា​កម្មវិធី​បុណ្យ​ប្រពៃណី​ជប៉ុន ដែល​តែងតែ​ប្រារព្ធ​នៅ​ថ្ងៃទី​ ៧ ​ខែ​កក្កដា​ ជា​រៀងរាល់​ឆ្នាំ​នៅ​ប្រទេស​​ជប៉ុន​ រំឭក​ដល់​រឿង​គូ​ស្នេហ៍​​នៅ​​ឋានសួគ៌​ ១ គូ​ គឺ​នារី​តម្បាញ និង​បុរស​​គង្វាលគោ​។ បើ​តាម​តំណាល​រឿង​​​គូ​ស្នេហ៍ ១ ​គូ​នេះ ​​ត្រូវ​បំបែក​ដោយ​​ទន្លេ​អាមាណុហ្កាវ៉ា ហើយ​អាច​ជួប​គ្នា​បាន​​តែ​ម្តង​គត់​ក្នុង​ ​១ ​ឆ្នាំ​ គឺ​​នៅ​​ថ្ងៃទី​ ៧ ខែ​កក្កដា​។ ដូច្នេះ​ក្នុង​ថ្ងៃ​នោះ​ ប្រជាជន​​ជប៉ុន​នាំ​គ្នា​សរសេរ​បំណង​ប្រាថ្នា​របស់​​ខ្លួន​​ ហើយ​ចង​ព្យួរ​ទៅ​នឹង​មែក​​ឫស្សី​ ដើម្បី​បួងសួង​ឱ្យ​​បាន​សម្រេច​តាម​​​អ្វី​ដែល​ខ្លួន​ប៉ង​ប្រាថ្នា​។

បើ​​តាម​សេចក្តី​ជូន​ដំណឹង​ពី​សា្ថនទូត​​​ជប៉ុន​ប្រចាំ​ប្រទេស​កម្ពុជា​ បាន​ឱ្យ​ដឹង​​ថា៖ «​ក្នុង​​​អំឡុង​ពេល​ប្រារព្ធ​ពិធី​បុណ្យ​ផ្កាយ​អនឡាញ​ឆ្នាំ​ ២០២១ នេះ​ ​​ក្នុង​ប្រទេស​កម្ពុជា​ យើង​​នឹង​ធ្វើ​​ការ​​តុបតែង​ដើម​ឫស្សី​​​នៅ​ស្ថាន​ទូតជប៉ុន​។​ យើង​ខ្ញុំ​សូម​អញ្ជើញ​សាធារណជន​ចូល​​រួមកម្មវិធី​​​បុណ្យ​ផ្កាយ​អនឡាញ​ឆ្នាំ​ ២០២១ ដោយ​ផ្ញើ​បំណង​ប្រាថ្នា​របស់​លោក​​ លោកស្រី​ ​ចាប់​ពី​ថ្ងៃទី​ ២៣​ ខែ​មិថុនា ​ដល់​ថ្ងៃទី ១ ខែ​ កក្កដា ​ឆ្នាំ ២០២១ មក​កាន់​យើង​ខ្ញុំ។​ រាល់​បំណង​​​ប្រាថ្នា​របស់​លោក ​លោកស្រី​​នឹង​​ត្រូវ​ព្យួរ​នៅ​លើ​មែក​​​ដើម​ឫស្សី នៃ​​ស្ថាន​ទូត​ជប៉ុន ជាមួយ​នឹង​គ្រឿង​តុបតែង​​​លម្អ​ដទៃ​ទៀត ហើយ​ដើម​ឫស្សី​​នោះ​ នឹង​​ត្រូវ​បាន​បង្ហាញ​ក្នុង​វីដេអូ​នៃ​កម្ម​វិធី​បុណ្យ​ផ្កាយ​អនឡាញ​នៅ​ឆ្នាំ​ ២០២១ នេះ»។

ការ​សម្តែង​របាំ​​គោះអង្រែ​របស់​ខ្មែរ នៅ​ក្នុងកម្ម​វិធី​បុណ្យ​ផ្កាយ​កាល​ពី​ឆ្នាំ​ ២០១៩ កន្លង​មក។​​ រូបថត សហ​ការី

ប្រភព​ខាង​លើ​បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា៖ «​លោក លោកស្រី អាច​ផ្ញើ​បំណង​​ប្រាថ្នា​របស់​លោក​ លោកស្រី ដោយ​​សរសេរ​ ឈ្មោះ​ផ្ទាល់​ខ្លួន ឬ​រហស្សនាម (ឈ្មោះ​ហៅ​ក្រៅ) ​និង​បំណង​ប្រាថ្នា​​លោក លោកស្រី​ជា​​ភាសា​ខ្មែរ​ ឬ​ភាសា​ជប៉ុន ឬ​ភាសា​អង់គ្លេស តាម​តំណ​ភ្ជាប់​ខាង​ក្រោម​នេះ​ https://​forms.​gle​/p​N​B​fQ2k4ithjAB816​។ សម្រាប់​ការ​សាកសួរ​ព័ត៌មាន​ សូមទាក់ទង​មក​កាន់​​​ផ្នែក​វប្បធម៌ និង​ព័ត៌មាន​នៃ​ស្ថានទូត​​ជប៉ុន​តាម​​ទូរស័ព្ទ​ ០២៣ ២១៧ ១៦១ (លេខ​ភ្ជាប់​បន្ត ១១២១)​ ឬ​ផ្ញើអ៊ីមែល​​ info.​jpn​@pp.​mofa​.​​go.jp​ និង​​សម្រាប់​ព័ត៌មាន​​បន្ថែម​ស្តីពី​ពិធី​បុណ្យ​នេះ ​សូម​ចូល​ទៅ​កាន់​គេហទំព័រ​ហ្វេសប៊ុក​នៃ​ពិធី​បុណ្យ​ផ្កាយ​​​អនឡាញ​ ២០២១៖ https://fb.me/e/4maLxGM5B។

គួរ​រំឭក​ដែរ​ថា កាល​ពី​ប្រារព្ធ​កម្ម​វិធី​បុណ្យ​ផ្កាយ​ឆ្នាំ​ ២០១៩ ​​មាន​កម្មវិធី​ជា​​ច្រើន​​ដូចជា ​កម្ម​វិធី​សិក្ខាសាលា និង​​​បទ​បង្ហាញ​​ទាក់ទង​នឹង​អានីមេខូសផ្លេ ការ​​ប្រកួត​ភាពយន្ត​ខ្លី ការ​បញ្ចាំង​ខ្សែ​ភាពយន្ត​ជប៉ុន​ ថ្នាក់​រៀន​​​​ចម្អិន​ម្ហូប​ជប៉ុន សិល្បៈ​បត់​ក្រដាស «​អូរីហ្គាមី​» រៀន​​សិល្បៈ​កាត់​ក្រដាស «​គីរីហ្គាមី​» ការ​​សរសេរ​​​អក្សរ​ផ្ចង់ «​ស្យូដូ​» សាកល្បង​​ស្លៀកពាក់​ប្រពៃណី «​ក្បិន​ខ្មែរ​» និង «​យូកាតា​ជប៉ុន​» ការ​សាកល្បង​​​ស្លៀក​​សម្លៀក​បំពាក់ និង​លេង​កីឡា «​កេនដូ​» និង​ «​អ៊ីអៃដូ​» ថ្នាក់​រៀន​បាញ់​ធ្នូ​មរតក​ខ្មែរ​ ព្រម​ទាំង​​ការ​តាំង​ពិព័រណ៍​ផ្សេងៗ​ទៀត​ ក្នុង​ពិធីបុណ្យ​​ផ្កាយ​​មួយ​នេះ​៕​