ភ្នំពេញ៖ ទោះបី​ជា​​វិស័យ​សិល្បៈ​ហាក់​នៅ​ទ្រឹង​ដោយសារ​វិបត្តិ​កូវីដ ១៩ មែន​ក្តី តែ​មហាជន​សង្កេត​ឃើញ​​ថា តារា​ចម្រៀង​ស្រី​រូប​ស្រស់​ សាច់​សខ្ចី​​នៅ​ផលិតកម្ម​សាន់ដេ កញ្ញា វីរៈ និច្ច កាន់​តែ​មាន​ភាព​ហ៊ឺហា​ខ្លាំង​ជាមួយ​ការ​សម្ញែង​នូវ​​​ផ្ទះ​វីឡា និង​រថយន្ត​ទំនើប​។

ពេល​​ថ្មីៗ​នេះ​ ស្រាប់​តែ​តារា​ចម្រៀង​ស្រី​ល្បី​ លំដាប់​មធ្យម​នៅ​​ទ្រនំ​សាន់ដេ​ ដែល​​​​អភិវឌ្ឍ​​ខ្លួន​​ពី​​បេក្ខនារី​ស្រី​ស្អាត​​ចំណាត់​ថ្នាក់​លេខ​ ២​ ឆ្នាំ​២០១៤ កញ្ញា វីរៈ និច្ច ​បង្ហោះ​បណ្តុំ​រូបភាព​នៅ​នែបនិត្យ​ជាមួយ​​​រថយន្ត​ទំនើប​ម៉ាក​ Roll Royce ឈរ​បង្អួត​រាង​​ពី​មុខ​ផ្ទះ​វីឡា​ស្កឹមស្កៃ​ ​បង្ហើរ​​​​​សារ​យ៉ាង​ខ្លី​ថា៖ «Me or Car or house?»។

តារា​​ចម្រៀង​ស្រី​ជា​ក្មួយ​​តារា​ចម្រៀង​ប្រុស​លោក ខាន់ ចេមស៍ ដែល​​ជ្រក​នៅ​​ទ្រនំ​​សាន់ដេ​​​ដូចគ្នា ស្រូប​បាន​ប្រជាប្រិយភាព​​ខ្លាំង​គួរ​សម​​ពី​​​អ្នក​គាំទ្រ​ កាល​ពី​​មិន​​​​ទាន់​​កើត​វិបត្តិ​កូវីដ​ ខណៈ​​កញ្ញា​​​បាន​វិវឌ្ឍ​ខ្លួន​ពី​អាជីព​តារា​ម៉ូដែល និង​​​អតីត​ជា​ស្រី​ស្អាត​​​លេខ ២​ ​ឆ្នាំ ២០១៤។ កញ្ញា វីរៈ និច្ច បង្កើត​ភាព​ភ្ញាក់​​ផ្អើល​​​ដល់​មហាជន​ជា​រឿយៗ​ផង​ដែរ​ រយៈពេល​​ជាង​​ ១ ​ឆ្នាំ ​ចុង​ក្រោយ​នេះ គេ​ឃើញ​ថា​វិស័យ​សិល្បៈ​​ហាក់​មិន​​មាន​អ្វី​​លេច​ធ្លោ​ទេ តែ​កញ្ញា​បែរ​ជា​​បង្ហាញ​ភាព​ហ៊ឺហា​របស់​ខ្លួន​ខ្លាំង​ទៅ​វិញ ដូចជា​ផ្ទះ​វីឡា និង​​​ឡាន​​ទំនើប​ជា​​ដើម​​​ គឺ​សុទ្ធ​តែ​​មាន​តម្លៃ​រាប់​សិប​ម៉ឺន​ដុល្លារ​ឯណោះ​។​

កាល​ដើម​ឆ្នាំ​ ២០២០ តារា​​​ស្រីស្រស់ ​រាង​ខ្ពស់​ស្រឡះ ជា​អ្នក​មាន​ស្រុក​​កំណើត​​នៅ​ឯ​ខេត្ត​​​កំពង់ចាម​ ​ដែល​​ក្តោប​បាន​នូវ​ភាព​ល្បី​ចាប់​តាំង​​ពី​ចាប់​ដៃគូ​ច្រៀង​ជាមួយ​​ នាយ ​ចឺម ​កញ្ញា វីរៈ និច្ច ធ្លាប់​បង្ហើប​ប្រាប់​ពី​គម្រោង​ការ​ងារ​រកស៊ី​ផ្ទាល់​​ខ្លួន​​ក្រៅ​សិល្បៈ ដែល​ចំណាយ​ទុន​ប្រមាណ​ ១០ ម៉ឺន​ដុល្លារ​។ កញ្ញា​​ប្រាប់​​ថា​៖ ​«​​ការ​​ពិត​ទៅ​​​ នា​ពេល​​​អនាគត​នាង​​ខ្ញុំ​មាន​គម្រោង​​បង្កើត​​​របរ​​រក​ស៊ី​ផ្ទាល់​​ខ្លួន​ ដែល​នាំ​យក​នូវ​ផលិតផល​រក្សា​សម្ផស្ស​ល្បីៗ​ ពី​បរទេស​​លក់​ផ្តាច់​មុខ​​​​នៅ​​ស្រុក​​ខ្មែរ តែ​មិន​ទាន់​ដល់​ពេល​ព្រោះ​​ខ្ញុំ​​​​ ត្រូវ​​​ការ​សិក្សា​ពី​ទីផ្សារ​សិន​ និង​កំពុង​តែ​សន្សំ​ដើម​ទុន សម្រាប់​​ការងារ​រក​ស៊ី​លើ​របរ​នេះ»។

កញ្ញា​ វីរៈ​ និច្ច បន្ត​ថា​៖ «​បច្ចុប្បន្ន​ ខ្ញុំ​​ធ្វើ​ជា​​តំណាង​​ចែកចាយ​​ធំ​មួយ​ដែរ​ ឱ្យ​​ផលិតផល​របស់​ពូ​​ខ្ញុំ ​[ខាន់ ចេមស៍]​ ជិត​​​កន្លះ​ឆ្នាំ​ហើយ។​ ​ខណៈ​​ពេល​នេះ​ក៏​អាច​ជា​ឱកាស​​សិក្សា​ស្វែង​​​យល់​បន្ថែម​​ទុក​ជា​ទុន​គំនិត ដើម្បី​​​ឈាន​​ទៅ​រក​ការ​ធ្វើ​​អាជីវកម្ម​ខ្លួន​ឯង​ នា​​ពេល​អនាគត​​។ ចំពោះ​​​​​ដើម​ទុន​​វិញ ខ្ញុំ​គិត​ថា ក៏​ត្រូវ​ត្រៀម​ចន្លោះ​ពី​​ ៥ ​​ទៅ ១០ ម៉ឺន​ ទើប​​​អាច​​បង្កើត​​មុខ​​​របរ​នេះ​»​។

ដោយ​ឡែក​ចំពោះ​ប្រភព​ប្រាក់​ចំណូល​ដែល​​ចំណាយ​លើ​ការ​ទិញ​ផ្ទះ​វីឡា និង​រថយន្ត​ទំនើប ដែល​ទើប​​តែ​បាន​​បង្ហាញ​ក្នុង​ពេល​ថ្មីៗ​នេះ ​មិន​​ត្រូវ​បាន​កញ្ញា វីរៈ និច្ច​ បង្ហើប​ឱ្យ​ដឹង​ឡើយ​ ខណៈ​ប្រព័ន្ធ​ទូរស័ព្ទ​​របស់​កញ្ញា​មិន​អាច​ទាក់ទង​​​បាន​។

ប៉ុន្តែ​បើ​តាម​​សកម្មភាព​​​ក្នុង​​​បណ្តាញ​​សង្គម​ហ្វេសប៊ុក​វិញ គេ​ឃើញ​ថា កញ្ញា វីរៈ និច្ច ឧស្សាហ៍​ចុះ​ទៅ​តាម​ខេត្ត​ជាមួយ​លោក ខាន់ ចេមស៍ ដែល​ជា​ពូ​របស់​នាង ជាមួយ​នឹង​របរ​ថ្មី​ គឺ​ជា​ភ្នាក់ងារ​​ពុះដីឡូត៍​លក់​៕​