
គំនូរឈ្មោះ «Long walk home» ជាប់លេខ ១ ស្នាដៃវិចិត្រករបង់ក្លាដែស, គំនូរឈ្មោះ «Dinner» ស្នាដៃវិចិត្រករស្រី គឿម កូឡាប (ឆ្វេង) និងគំនូរឈ្មោះ «One Hundred Hands» ស្នាដៃវិចិត្រកស្រី ហ៊ុល កញ្ញា (ស្តាំ) ជាប់លេខ ២។ រូប សហការី
ភ្នំពេញ៖ ពិព័រណ៍ភ្នំពេញសិល្បៈ ដែលស្វាគមន៍មហាជននៅវិចិត្រសាល FT Gallery ក្នុងឱកាសបើកសម្ពោធសាកល្បងជាមួយការបង្ហាញស្នាដៃសិល្បៈជាង ១០០ របស់អ្នកសិល្បៈ ៣៦ រូប មានទាំងជនជាតិខ្មែរ និងអន្ដរជាតិ កាលពីដើមខែមិថុនា និងបានបញ្ចប់កាលពីថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០២១ កន្លងមក បានរកឃើញជយលាភីលេខ ១ និងលេខ ២។
ពិព័រណ៍លើកដំបូងនេះ សម្រិតសម្រាំងពីកម្មវិធី Open Call បានកៀរគរអ្នកសិល្បៈឱ្យបង្ហាញស្នាដៃខ្លួន និងជ្រើសរើសដោយគណៈកម្មការចំនួន ៥ រូប ក្នុងចំណោមស្នាដៃផ្ញើរបស់អ្នកសិល្បៈ ៨០ នាក់ ជ្រើសបានចំនួន ៣៦ នាក់ ដែលភាគច្រើនជាខ្មែរ និងជនបរទេស ១១ សាសន៍។
លទ្ធផលនៃការវាយតម្លៃពីគណៈកម្មការក្នុងពិព័រណ៍នោះ រកឃើញគំនូរមានចំណងជើងថា «Long walk home» ជាស្នាដៃរបស់វិចិត្រករជនជាតិបង់ក្លាដែស ជាប់ចំណាត់ថ្នាក់លេខ ១ ខណៈគំនូរឈ្មោះ «Dinner» ជាស្នាដៃរបស់វិចិត្រករស្រី គឿម កូឡាប និងគំនូរឈ្មោះ «One Hundred Hands series» ជាស្នាដៃរបស់វិចិត្រករស្រី ហ៊ុល កញ្ញា ទទួលបានចំណាត់ថ្នាក់លេខ ២ ដូចគ្នា។

គំនូរឈ្មោះ «Long walk home» ជាប់លេខ ១ ស្នាដៃវិចិត្រករបង់ក្លាដែស។ សហការី
អត្ថន័យនៃគំនូរ «Long walk home» ត្រូវបានវិចិត្រករជនជាតិបង់ក្លាដែស លោក Fawaz Aziz Rob បានពណ៌នាថា ៖«រយៈពេលប្រមាណ ១ ទសវត្សរ៍មុន ជនភៀសខ្លួននៅលើសកលលោកបានកើនជាងទ្វេដង។ បច្ចុប្បន្នចំនួនជាង ២៦ លាននាក់ បានរស់នៅក្នុងតំបន់សហគមន៍នានានៃបណ្តាប្រទេសជិតខាងនៃសាមីជាតិខ្លួន។ អត្រានៃជនភៀសខ្លួនខ្ពស់ជាងគេមាន ៦៨ ភាគរយ ដែលមានប្រភពមកពី ៥ ប្រទេស។ គំនូរខ្ញុំនេះ សំដៅលើជនភៀសខ្លួន អម្បូររ៉ូហ៊ីងយ៉ា (Rohingya) ត្រូវបានសម្លាប់ដោយយោធាមីយ៉ាន់ម៉ា»។
ចំណែកស្នាដៃ «Dinner» ត្រូវបាន គឿម កូឡាប បកស្រាយថា៖ «ចង់បង្ហាញពីជីវភាពនៃគ្រួសារនៅទីជនបទ ដែលប្រកបរបរចិញ្ចឹមជីវិតជាអ្នកនេសាទ។ អាហារពេលល្ងាចនេះ ឆ្លុះបញ្ចាំងពីសមាជិកគ្រួសារ ៤ នាក់ កំពុងអង្គុយរង់ចាំរបបអាហារស្មើៗគ្នា នូវមុខម្ហូបមានត្រីតូច ១ ក្បាល»។ វិចិត្រករស្រី ដែលមានស្រុកកំណើតនៅខេត្តបាត់ដំបង វ័យ ៣៣ ឆ្នាំរូបនេះ បង្ហើបពីអារម្មណ៍ខ្លួនថា៖ «ខ្ញុំពិតជាសប្បាយចិត្តណាស់ រូបខ្ញុំបានជាប់ចំណាត់ថ្នាក់លេខ ២ ក្នុងកម្មវិធី PENH ART។ អគុណ Erick និងគណៈកម្មការ និងក្រុមការងារ ដែលបានបង្កើតកម្មវិធីនេះឡើង ទោះបីជាមានបញ្ហាកូវីដក៏ដោយ»៕