ភ្នំពេញ៖ រូប​ក្មេងស្រី​បើក​ម៉ាស់​សើច​ចេញ​ធ្មេញ​យ៉ាង​អស់​ពី​ចិត្ត​រំលេច​​ភាព​រីករាយ​ឥត​កង្វល់​​ គឺ​​គំនូរ​បង្កប់​ដោយ​​ក្ដី​សង្ឃឹម​​ ដែល​​​ត្រូវ​បាន​វិចិត្រករ​ វូ សុសំណាង រំលេច​ភាព​រស់រវើក​លើ​ផ្ទៃ​ចង្អេរ​​ដាក់​ក្នុង​ស៊ុម​កញ្ចក់ សម្រាប់​ការ​ប្រកួត​ស្នាដៃ​សិល្បៈ​​ White Canvas, 2020 កន្លង​ទៅ​នេះ។

ម្ចាស់​ស្នាដៃ​​បាន​បរិយាយ​​អត្ថន័យ​នៃ​​គំនូរ​ឈ្មោះ ​«Happy» នេះ​ថា​៖ «រូប​ក្មេង​ស្រី​ទម្លាក់​ម៉ាស់​ក្រោម​ចង្ការ​សើច ​គឺ​កូវីដ​​ម្នាក់ៗ​មាន​ការ​ភ័យ​ខ្លាច​តែ​បើ​យើង​មាន​សង្ឃឹម​ថា ​កូវីដ​នឹង​ចប់​ ​យើង​នឹង​សប្បាយ​ចិត្ត​។ រូប​ហ្នឹង​ គឺ​ដូចជា​យើង​អស់​​​ក្ដី​កង្វល់​អាច​មាន​សេរីភាព​សើច​សប្បាយ។ ​ខ្ញុំ​ចង់​ឱ្យ​អ្នក​ដែល​បាន​ឃើញ​រូប​ហ្នឹង​ទទួល​បាន​នូវ​អារម្មណ៍​រីករាយ​នោះ​»។

បើទោះ​ជា​មិន​ជាប់​ជយលាភី​ តែ​ម្ចាស់ស្នាដៃ​​រូប​នេះ​ទទួល​​បាន​ការ​ចាប់​អារម្មណ៍​​យ៉ាង​ខ្លាំង​​ ដោយ​គំនូរ​​ទំហំ ៤០ គុណ​​នឹង​ ៦០ សង់ទីម៉ែត្រ​នេះ ​អាច​​លក់​បាន​ក្នុង​តម្លៃ ៥៩៩ ដុល្លារ​។

វិចិត្រករ​ វូ សុសំណាង ដែល​ជ្រើសរើស​​​ក្រឡា​ចង្អេរ​ជំនួស​ឱ្យ​ផ្ទាំង​ក្រណាត់​បាន​ប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍​ថា ​ការ​គូរ​រូប​នេះ ជា​​ឧបនិស្ស័យ​របស់​​លោក​តាំង​ពី​កុមារ​ភាព​មក​ម្ល៉េះ។

កាល​ពី​ជាង​ ១០ ​ឆ្នាំ​មុន​ វិចិត្រករ​​​ក្រៅ​សាលា​​​រូប​នេះ​​ក៏​ធ្លាប់​ប្រាថ្នា​ប្រើ​ទេពកោសល្យ​គំនូរ​​​ជា​មុខ​របរ​ចិញ្ចឹម​ជីវិត​ដែរ ប៉ុន្តែ​កាល​នោះ​ទីផ្សារ​ស្នាដៃ​​សិល្បៈ​​មិន​ទាន់​អំណោយ​ផល​ ធ្វើ​ឱ្យ​រូប​លោក​សម្រេច​ចិត្ត​បោះបង់​ជក់ និង​ទឹកថ្នាំ ​​​ស្វែងរក​ការងារ​អាជីព​ផ្សេង​ទៀត។

វិចិត្រករ​ សុសំណាង ​​រំឭក​ប្រាប់​​ថា៖ «ខ្ញុំ​ចូលចិត្ត​គំនូរ​តាំង​ពី​នៅ​ក្មេង​​ ហើយ​កាល​ពី​ឆ្នាំ​ ២០០៧-២០០៨ ខ្ញុំ​ក៏​​​សាកល្បង​គូរ​លក់​តែ​គ្មាន​ទីផ្សារ​»។

អតិថិជន​លើក​បង្ហាញ​គំនូរ​លើ​តម្បាញ​ចង្អេរ​របស់​ពួកគេ​។ រូបថត សហ​ការី

លោក​​បាន​រៀបរាប់​​ថា៖ «ក្រោយ​មក​​ទៀត​ឆ្នាំ​ ២០១៨ ពេល​នោះ​ជា​ពេល​​ដែល​បណ្ដាញ​សង្គម​ចាប់​ផ្ដើម​ទូលំទូលាយ​ខ្លាំង ​ដូចជា ​ហ្វេសប៊ុក អ៊ីនស្តា្រក្រាម ខ្ញុំ​បាន​ឃើញ​វិចិត្រករ​ខ្មែរ​​​បង្ហោះ​ស្នាដៃ​ស្អាតៗ​ជាច្រើន​។ វា​​​ជំរុញ​ឱ្យ​ខ្ញុំ​ចាប់​យក​គំនូរ​ជាថ្មី​»។

នៅ​ក្នុង​ការ​ចាប់​ផ្ដើម​ជាថ្មី​ លោក សុសំណាង​ រំពៃរក​​​​អ្វី​ដែល​​​ថ្មី​ប្លែក​ពី​គេ​។ គាប់​ជួន​​វេលា​មួយ​​ លោក​បាន​​​ធ្វើ​ដំណើរ​ឆ្លង​កាត់​កន្លែង​លក់​ចង្អេរ ​ហើយ​​ក៏​ស្រាប់​តែ​នឹក​ភ្នក​​ចង់​សាកល្បង​ប្រើ​ជក់​គូស​វាស​លើ​វា​។

លោក​ក៏​ទិញ​ចង្អេរ​នោះ​មក ​ហើយ​ចាប់ផ្ដើម​​ពិសោធ​គូរ​លើ​ផ្ទៃ​របស់វា។ ក្រោយ​ពី​​គូរ​រួច​ឃើញ​ថា​ស្អាត​ ហើយ​លោក​​​បាន​កាត់​តែ​ផ្ទៃ​ក្រឡា​ចង្អេរ​មួយ​ផ្នែក​យកទៅ​ដាក់​​ស៊ុម​។ ស្នាដៃ​សិល្បៈ​ដ៏​ប្លែក​ភ្នែក​នេះ​​មាន​អ្នក​ចាប់​អារម្មណ៍​ និង​កុម្ម៉ង់​ទិញ​​ជា​បន្តបន្ទាប់​។

គំនូរ​លើ​ផ្ទៃ​ក្រឡា​ចង្អេរ​ត្រូវ​បាន​ម្ចាស់​​ស្នាដៃ​​អះអាង​ថា ​អាច​រក្សា​​ទុក​បាន​យូរ​ដូច​លើ​ក្រដាស​ ឬ​ក្រណាត់​ដែរ ដោយសារ​លោក​បាន​ប្រើប្រាស់​បច្ចេកទេស​ទឹក​ថ្នាំ​ត្រឹមត្រូវ។

វិចិត្រករ​វ័យ ៣៤ ឆ្នាំ​រូប​នេះ ​បាន​ឱ្យ​ដឹង​ថា៖ «បើ​យើង​ដាក់​តាំង​តែ​ក្នុង​ផ្ទះ​ ឬ​ហាង​​​ គឺ​ទុក​បាន​យូរ​ មិន​ហើរ​ពណ៌​ទេ​ ព្រោះ​ខ្ញុំ​លាប​ថ្នាំ​ការពារ​។ យើង​​​​ដាក់​ស៊ុម​​​កញ្ចក់​ការពារ​ពីក្រៅ​ ដែល​រឹតតែ​បាន​យូរ​ ព្រោះ​បទពិសោធ​ផ្ទាល់​រូប​ខ្ញុំ​គូរ​ទុក​នៅ​ផ្ទះ​ក៏​ទុក​បាន​យូរ​ដែរ​»។

ក្រៅ​ពី​ការ​ច្នៃ​ប្រឌិត​លើ​ចង្អេរ​ លោក សុសំណាង ​នៅ​មាន​​គូរលើ​ក្ដារ​កុង​ប្លាកេ បន្ទះ​ឫស្សី​ និង​ស្រទប​ធាង​ដូង។ យ៉ាង​ណាមិញ​ ភាព​លេច​ធ្លោរ​នៃ​គំនូរ​​លើ​ចង្អេរ​​ជាភាព​ច្នៃ​ប្រឌិត ​​រំលេច​នូវ​​ទឹក​មុខ​​ដ៏​រស់រវើក​ដូច​ម្ចាស់​គំនូរ​តែ​ម្ដង​។

ស្នាដៃ​នីមួយៗ​ត្រូវ​បាន​អតិថិជន​​កោត​​សរសើរ ដោយ​​វិចិត្រករ​រូបនេះ​ដក់​ជាប់​នូវ​សម្ដី​ភ្ញៀវ​ម្នាក់​ដែល​ប្រាប់​លោក​ថា៖ «​មាន​អតិថិជន​​សរសើរ​ស្នាដៃ​អ្នក​​ពិតជា​អស្ចារ្យ ប្រទេស​យើង​ត្រូវ​ការ​អ្នក​មាន​ទេពកោសល្យដូចអ្នក​​​»។

នេះ​​ជា​កម្លាំង​ចិត្ត​ដែល​វិចិត្រករ​​រូប​នេះ​​តែងតែ​យក​ចិត្ត​ទុកដាក់​ និង​ធ្វើ​ឱ្យ​ល្អ​បំផុត​សម្រាប់​អតិថិជន​ បើ​ទោះ​ជា​កិច្ចការ​គំនូរ​ជា​ការងារ​​បន្ថែម​របស់​លោក​ បន្ទាប់​ពី​អាជីព​ជា​អ្នក​ផលិត​ធ្មេញ​​សេរ៉ាម៉ិច​មួយរូប​​ក៏​ដោយ​។

លោក វូ សុសំណាង បង្ហាញរូប​ព្រះពុទ្ធលើ​ស្រទបធាងដូង និងស្នាដៃគំនូរ​យក្សា​លើ​រង្វង់​ឈើ​របស់​ជាង​ផលិត​ធ្មេញ​សេរ៉ាម៉ិច​​។ រូបថត សហ​ការី

ការ​កុម្ម៉ង់​ភាគ​ច្រើន​តម្រូវ​ឱ្យ​លោក​គូរ​តាម​​រូបថត ​ដែល​លោក​អាច​ធ្វើ​បាន​​ស្ទើរ​តែ​ ១០០ ភាគរយ គួប​ផ្សំ​​​ការ​រចនា​រូបភាព​ឱ្យ​មាន​ជីវិត​រស់​រវើក។

គំនូរ​លើ​ក្រដាស​ A4​ ធម្មតា​មាន​តម្លៃ​ចាប់ពី​ ២០ ដុល្លារ។ រីឯ​​រូប​លើ​​ឫស្សី​ និង​ចង្អេរ​មាន​តម្លៃ​​​ពី​ ៣៥ ដុល្លារ​ ភ្ជាប់​ជាមួយ​ការ​ដាក់​​ស៊ុម​រួច​ជា​ស្រេច​។

លោក​​ធ្លាប់​ទទួល​ការ​កុម្ម៉ង់​​គូរ​​​ឡូហ្គោ​គំនូរ​បុរាណ និង​ក្បាច់​ខ្មែរ ដោយ​​លោក​បាន​ទទួល​ការ​បណ្ដុះបណ្ដាល​​​បន្តិចបន្តួច​ក្រៅ​ម៉ោង​ពី​លោកគ្រូ​នៅ​សាលា​វិចិត្រ​សិល្បៈ។

អតិថិជន​លោក​​ភាគ​ច្រើន​ គឺ​ជា​ភ្ញៀវ​ក្នុង​ស្រុក ​និង​មាន​បរទេស​តិច​តួច​ដែល​​ទាក់ទង​តាម​ភ្ញៀវ​ខ្មែរ​។​

មិន​ខុស​ពី​វិចិត្រករ​ដទៃ​​ ក្ដី​សុបិន​​​ថ្ងៃ​អនាគត​របស់​​លោក​ សុសំណាង ​គឺ​ការ​ពង្រឹង​សមត្ថភាព មហិច្ឆតា​បើក​វិចិត្រសាល​តាំង​​បង្ហាញ​ស្នាដៃ​ជូន​ដល់​ទស្សនិកជន​​អ្នក​ស្នេហា​សិល្បៈ​​ និង​ការ​​បណ្ដុះបណ្ដាល​សិល្បៈ​ដល់​ក្មេង​ជំនាន់​ក្រោយ​ឱ្យ​ចេះ​តៗ​គ្នា​។

លោក​ក៏​បាន​បង្ហាញ​អំពី​ចំណាប់​អារម្មណ៍​​ផង​ដែរ​ថា៖ «ខ្ញុំ​ចង់​ផ្ដាំ​ផ្ញើ​ទៅ​បងប្អូន​ខ្មែរ​ទាំង​អស់​ឱ្យ​បន្ត​គាំទ្រ​ និង​ឱ្យ​តម្លៃ​ស្នាដៃ​ខ្មែរ​ក្នុង​ស្រុក​ឱ្យ​វិចិត្រករ​មាន​ទីផ្សារ​ទូលំទូលាយ​។ បើ​ពួក​គាត់​អាច​លក់​ក្នុង​តម្លៃ​មួយ​សមរម្យ​ ឬ​ខ្ពស់​គាត់​មិន​ពិបាក​​ទៅ​ដើរ​រក​ការងារ​ផ្សេង​ទេ​។ អ៊ី​ចឹង​ ធ្វើ​ឱ្យ​គាត់​ធ្វើ​តែ​ការងារ​សិល្បៈ​នាំ​ឱ្យ​គាត់​មាន​គំនិតច្នៃ​ និង​ប្លែកៗ​ ​ដើម្បី​អភិវឌ្ឍ​ខ្លួន​ឯង ​និង​វិស័យ​សិល្បៈ​​នៅ​កម្ពុជា​ឱ្យ​កាន់​តែ​រីក​ចម្រើន​ និង​មាន​គេ​ស្គាល់​ច្រើន​»។

ព័ត៌មាន​​បន្ថែម​ពី​ស្នាដៃ​សិល្បៈ​របស់​លោក វូ សុសំណាង មាន​នៅ​​ទំព័រ​ហ្វេសប៊ុក www.facebook.com/SamnangVou៕