ភ្នំពេញ៖ តារា​ចម្រៀង​ស្រី​រាង​ខ្ពស់​ស្រឡះ​កញ្ញា កែវ សុបញ្ញា អតីត​បេក្ខភាព​​ប្រកួត​​​ក្នុង​​កម្មវិធី The Voice Cambodia រដូវកាល​​ទី១ កាន់​​តែ​មាន​ប្រជាប្រិយភាព​លើ​អាជីព​ជា​តារា​ចម្រៀង និង​​​សម្ដែង​ក្រោម​ដំបូល​​​ផលិតកម្ម​​​ហង្សមាស​ ហើយ​​ក៏​សម​ប្រកប​នឹង​រឿង​បេះដូង​ផង​​ដែរ​។

នេះ​​បើ​តាម​ការ​បង្ហើប​ពី​​​សម្ព័ន្ធភាព​ជាមួយ​​បុរស​ជា​ម្ចាស់​ចិត្ត​ខ្លួន​បណ្តើរៗ តាម​បណ្តាញ​សង្គម តែ​​​​​មិន​ទាន់​បង្ហាញ​មុខ​មាត់​ពិត​នៅ​ឡើយ​ទេ​ថា ជា​អ្នកណា​។ កញ្ញា កែវ សុបញ្ញា ​បង្ហោះ​សារ​​​​ថា៖ «​មនុស្ស​​ដែល​ខ្ញុំ​ស្រឡាញ់ ​គឺ​ខ្ញុំ​រើស​ដោយ​បេះដូង ​និង​មនោសញ្ចេតនា​ផ្ទាល់​របស់​ខ្លួន​ឯង​។ ទោះ​អ្នក​មិន​​ល្អ​សម្រាប់​អ្នក​ផ្សេង ទោះ​អ្នក​បែប​ណា​ក៏​ដោយ​ ក៏​មិន​ជា​បញ្ហា សុំ​ត្រឹម​អ្នក​មាន​ការ​ស្រឡាញ់​ ស្មោះ​​ត្រង់ ចំពោះ​ខ្ញុំ​ ​តស៊ូ​ជាមួយ​ខ្ញុំ ​ច្បាស់លាស់​នឹង​ខ្ញុំ និយាយ​​ដោយ​សម្ដី​ត្រូវ​​ធ្វើ​ដោយ​ទង្វើ។ មនុស្ស​សាមញ្ញ​​​របស់​ខ្ញុំ»។​

ចាប់​​ពី​ក្លាយ​ជា​​តារា​ចម្រៀង និង​តារា​សម្តែង​អាជីព​ ១ រូប​ ដែល​កាន់​តែ​មាន​ភាព​លេច​ធ្លោ​ក្នុង​រង្វង់​​សិល្បៈ កែវ សុបញ្ញា មាន​ប្រជាប្រិយភាព​មិន​ចាញ់​តារា​រួម​ជំនាន់​ឡើយ​ ខណៈ​​តារា​ស្រី​រូប​នេះ ​តែង​តែ​មាន​វត្តមាន​នៅ​​លើ​ឆាក​ប្រគុំតន្ត្រី​តូច​ធំ​ជា​ច្រើន ​ក៏​ដូចជា​ចូលរួម​នៅ​​ក្នុង​កម្មវិធី​ផ្សេងៗ ​និង​បញ្ចេញ​ក្បាច់​​រាំ​ ព្រម​ទាំង​បទ​ចម្រៀង​​ថ្មីៗ​​ចេញ​ជា​ហូរហែ។​

ចំពោះ​វត្តមាន​​បុរស​ជា​សម្ព័ន្ធ​ស្នេហ៍​របស់​កញ្ញា កែវ សុបញ្ញា​ ជា​អ្នក​ជំនួញ ឬ​អ្នក​សិល្បៈនោះ ក៏​ ភ្នំពេញ​ ប៉ុស្តិ៍​ មិន​​អាច​ទទួល​បាន​ការ​បកស្រាយ​​ពី​តារា​ចម្រៀង​ស្រី​រាង​ស្រឡូន​រូប​នេះ​ឡើយ​ ដោយ​ប្រព័ន្ធទូរ​ស័ព្ទ​មិន​អាច​ទំនាក់​ទំនង​​បាន​។

ទន្ទឹម​នឹង​អាជីព​សិល្បៈ​​​​ឡើង​កូដ​នោះ​ ស្រី​ស្រស់ កែវ សុបញ្ញា ក៏​រឹតតែ​មាន​រូប​​​សម្រស់ សិចស៊ី​​ ទាក់ទាញ​ក្រុម​កន្លង់​តាម​សុំ​ស្នេហ៍ និង​ចង់​បាន​​តារា​ស្រី​រូប​នេះ​ ជា​​ម្ចាស់​បេះដូង​ក៏​មិន​តិច​​ឡើយ​​។​ នា​ពេល​កន្លង​មក តារាស្រី​វ័យ ២៨ ​ឆ្នាំ​ តែ​រូប​សម្រស់​​មិន​ជ្រេ​តាម​វ័យ​ កញ្ញា កែវ សុបញ្ញា ធ្លាប់​បាន​បង្ហើប​​​​ពី​ជីវិត​គូ​ស្រករ​ថា​៖ «​សម្រាប់​រឿង​នេះ ​មិន​ទាន់​មាន​ម្ចាស់​ចិត្ត​ទេ ប៉ុន្តែ​ក៏​កំពុង​តែ​មើល​ផង​ដែរ ហើយ​​​​​ក៏​ធ្លាប់​មាន​គេ​​ចូល​​​ស្តី​ដណ្តឹង​ដែរ​ ប៉ុន្តែ​ខ្ញុំ​បដិសេធ​​ដោយសារ​​ចង់​រក​​​លុយ​សិន ចង់​ឱ្យ​ការងារ​​​មាន​លំនឹង និង​រឹងមាំ​​ជាង​នេះ​សិន ចាំ​យើង​គិត​ព្រោះ​​ខ្លួន​ឯង​ក៏​ជិត​ចូល ៣០ ​ឆ្នាំ​ ស្អែក​ខាន​ស្អែក​ហើយ​​ហ្នឹង​​ ក៏​មិន​ចង់​នៅ​យូរ​»​។

កញ្ញា កែវ សុបញ្ញា តារា​ស្រី​​មាន​ភាព​រួសរាយ​​រាក់ទាក់​ មិន​ឆ្មើងឆ្មៃ​រូប​នេះ ​​ក៏​បាន​សម្តែង​នៅ​​​ក្នុង​​​​រឿង​ «​រាជិនី​ភូមិគ្រឹះ​» ជា​តួ​កាច និង​រឿង​ទី​២ កញ្ញា សុំ​លាក់​ចំណង​ជើង​សិន តែ​ការ​​​​​សម្តែង​រឿង​ក្រោយ​នោះ​ ទំនង​ជា​ត្រូវ​ដើរ​​ជា​តួ​​ស្លូត​ទេ ហើយ​ក៏​មាន​​រឿង​ទី​៣ ប្រហែល​​ជា​ត្រូវ​គេ​ឱ្យ​ដើរ​ជា​តួកាច ​ទៀត​ផង​ដែរ​​៕​