ភ្នំពេញ៖ គ្រង​មកុដ​ច្នៃ​ដោយ​ដៃ​ពី​រុក្ខជាតិ​សម្លៀក​បំពាក់​ពណ៌​ស​ដ៏​បរិសុទ្ធ ក្រុម​នាដកា​ដែលតែង​​​ប្រណិប័តន៍​ទម្លាប់​​រៀបចំ​បាយសី​​ធ្វើ​ពិធី​បួងសួង​បារមី​ស័ក្ដិសិទ្ធិ​​​​នៃ​ប្រាង្គប្រាសាទ​​ខ្មែរ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ ​កំពុង​​តស៊ូ​ទាំង​ត្រដាបត្រដួស ព្រោះ​ខ្សត់​ឱកាស​​អាស្រ័យ​ផល​ពី​​ទេសចរណ៍​។

ក្រុម​នាដកា​អង្គរ​ស័ក្ដិសិទ្ធិ ​ត្រូវ​​បាន​​បង្កើត​ឡើង​ជាង​ ១៤ ឆ្នាំ​​មក ​ហើយ​ដោយ​អ្នក​ស្រី កន្ថា រ៉ាវីន ដែល​បាន​​អះអាង​ថា​ នេះ​ជា​ក្រុម​របាំ​ទី១ ​ខាង​វិញ្ញាណ ​និង​បាន​ភ្ជាប់​ខ្សែ​ស័ក្តិសិទ្ធិ​ដំបូង​បង្អស់​នៅ​លើ​ពិភព​លោក​។

ប៉ុន្តែ​ក្រុម​សិល្បៈ​​ដែល​ចិញ្ចឹម​ជីវិត​​ដោយ​​ផ្ដល់​ទស្សនីយភាព​សម្ដែង​​នៅ​​​សៀមរាប​នោះ​ ​បាន​​រង​ផល​ប៉ះពាល់​​យ៉ាង​ខ្លាំង​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​​។

ស្ថាបនិក ​​អ្នកស្រី ​រ៉ាវីន​ បាន​​​អំពាវនាវ​​សប្បុរសជន​​​ឱ្យ​ជួយ​ឧបត្ថម្ភ​ដល់​ក្រុម​របាំ​ ម្បី​បន្ត​​​ខ្សែ​ស័ក្ដិសិទ្ធិ​នាំ​សុខ​សន្តិភាព​​ពិភព​លោក តាមរយៈ​ពិធី​បួងសួង​ឧទ្ទិស​​ដល់​ព្រលឹង​បារមី​វត្ថុ​ស័ក្តិសិទិ្ធ​តាម​ប្រាសាទ​ខ្មែរ។

អ្នកស្រី​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍​ ថា៖ «បើ​ពួក​គេ​ជា​ក្រុម​សិល្បៈ​ធម្មតា ខ្ញុំ​ឱ្យ​គេ​ផ្ដាច់​សិន​ចាំ​ចប់​កូវីដ​បន្ត​ទៀត​ក៏​បាន តែ​ព្រោះ​ពួក​គេ​ជា​ក្រុម​ពិសេស​ ហើយ​បើ​​​ផ្ដាច់​ខ្សែ​ស័ក្តិសិទ្ធិ​នេះ​ គឺ​មិន​ងាយ​​ភ្ជាប់​វិញ​បាន​ទេ​។ ខ្ញុំ​បាន​ចំណាយ​ទាំង​ពេល​វេលា កម្លាំង​ចិត្ត ព្រលឹង និង​ថវិកា​​​ពី​ហោប៉ៅ​ខ្ញុំ​ផ្ទាល់​តាំង​ពី​ផ្ដើម​កូវីដ​ ដើម្បី​បើក​​ប្រាក់​ខែ​ឱ្យ​ពួក​គេ​»។

អតីត​​ជនភៀស​ខ្លួន​ពី​របប​ខ្មែរ​​ក្រហម ដែល​បច្ចុប្បន្ន​​រស់នៅ​ប្រទេស​អង់គ្លេស​​​រូប​នេះ​ ​បាន​បង្កើត​អង្គការ​ ងិន ការ៉េត​សម្រាប់​​កម្ពុជា (NKFC) និង​សាលា​រចនា​ និង​វិចិត្រ​សិល្បៈ​សម្ដេច​ព្រះរៀម​បុប្ផាទេវី​ឈូក​ស​។

ក្រុម​របាំ​គ្រង​ឈុត​ស​តំណាង​ឱ្យ​ភាព​ជ្រះថ្លាបរិសុទ្ធ ក្នុងការបួងសួង​ឧទ្ទិស​ដល់បារមី​វត្ថុស័ក្ដិសិទ្ធិ។ រូបថត សហ​ការី

អ្នកស្រី​រំឭក​​មុន​​បង្កើត​​ក្រុម​របាំ​អង្គរ​ស័ក្ដិសិទ្ធិ​​​​​ថា​៖ «ពេល​ខ្ញុំ​ត្រឡប់​​​​កាល​ពី​ឆ្នាំ​ ១៩៩២ ខ្ញុំ​ធ្ងន់​បេះដូង​ពិបាក​ចិត្ត​ដែល​ពួក​គាត់​​ជួប​ទុក្ខ​វេទនា។ ខ្ញុំ​មាន​វិប្បដិសារី​ ដែល​ខ្ញុំ​មិន​អាច​នៅ​ក្នុង​ពេល​​​ប្រទេស​ជួប​ភាព​ខ្មៅ​ងងឹត​។ ខ្ញុំ​សម្រេច​ចិត្ត​រក​វិធី​ ដើម្បី​ជួយ​ពួក​គាត់​ឱ្យ​បាន​»។

អ្នកស្រី​បន្ត​ថា៖ «ដោយ​មាន​អ្នក​ចាំ​ប្រឹក្សា​មាន​បទពិសោធ​ច្រើន​ឆ្នាំ​​លើ​ការ​អភិវឌ្ឍ​​ ខ្ញុំ​​​រក​ឃើញ​​ផ្លូវ​ទៅ​បេះដូង​​អាណាចក្រ​បុរាណ​ខ្មែរ​»។

ឆ្នាំ ១៩៩៩ អង្គការ NKFC ​​​ផ្ដើម​នៅ​ទី​ជនបទ​​​ជិត​ប្រាសាទ​បន្ទាយស្រី​ ដោយ​​បាន​​ជួយ​ពលរដ្ឋ​​ ​២ ៨៦៩​ គ្រួសារ​ក្រីក្រ​លំបាក​​ក្នុង ១៤ ​ភូមិ​។ អង្គការ​​បង្រៀន​​​ពី​អនាម័យ ចំណេះដឹង​ការ​រៀបចំ​​​ក្នុង​គ្រួសារ លើក​កម្ពស់​​ការ​យល់​ដឹង​ពី​អំពើ​ហិង្សា ជំងឺ​អេដស៍​ និង​បញ្ហា​សង្គម​នានា​ដល់​អ្នក​ភូមិ​។

នៅ​​ឆ្នាំ ២០០៤ អ្នកស្រី​​​​សង់​សាលា​ឈើ​សាមញ្ញ​មួយ​នៅ​ជើង​ភ្នំដី​ ដើម្បី​​​​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ហើយ​កម្មវិធី​បណ្ដុះបណ្ដាល​របាំ និង​តន្ត្រី​សម្រាប់​កុមារ​ផ្ដើម​នៅ​​ឆ្នាំ ២០០៧។

វិន័យ​នៃ​ការ​រក្សា​ភាព​ស្អាត​បាត​​មុន​នឹង​ចូលរួម​ហាត់​របាំ​ធ្វើ​ឱ្យ​​កម្មវិធី​អង្គការ​រីក​ចម្រើន។ ជំនួស​ឱ្យ​ការ​អូស​ទាញ​កុមារ​​មក​​ហាត់ ពួក​គេ​ប្រមូល​គ្នា​មក​រៀន​របាំ​។ ឪពុក​ម្ដាយ​ក្មេងៗ​ពិត​ជា​​ត្រេកអរ​យ៉ាង​ខ្លាំង​។

ប៉ុន្តែ​រឿង​ដែល​អស្ចារ្យ​បំផុត​នោះ​ គឺ​នៅ​ពេល​​ចូល​មក​ដល់​ទីធ្លា​ហាត់​ ក្មេងៗ​​ហាក់​ដូចជា​មាន​វិញ្ញាណ​អប្សរា​ដែល​ឆ្លាក់​ជាប់​ជញ្ជាំង​មក​សណ្ឋិត​ឱ្យ​នៅ​ឋាន​មួយទៀត​។

ក្រុម​របាំស្រី​ក៏​ទទួល​បាន​ការ​បង្ហាត់​​រៀន​ធ្វើ​បាយសី សម្លៀកបំពាក់ មកុដ ដោយ​ខ្លួន​ឯង​ពី​ផ្កា ​និង​ធម្មជាតិ​។

អ្នកស្រី​ រ៉ាវីន​ ​រៀបរាប់​ថា​៖ «ក្រុម​របាំ​ធ្វើ​មកុដ​ពី​ស្លឹក​ត្នោត។ គេ​យក​ស្លឹក​ជា​តំណាង​នៃ​ការ​បួងសួង​។ ជួន​គេ​យក​​ស្បៃមុង​មក​ពាក់​ជា​ការ​បួងសួង​ឱ្យ​ជំងឺ​គ្រុនចាញ់​​ចេញ​ឆ្ងាយ​។ ពួក​គេ​តែងតែ​ស្លៀកពាក់​ស​ពេល​បួងសួង​​បញ្ជាក់​ពី​ភាព​បរិសុទ្ធ​។ គ្រប់​​អ្វី​ដែល​យើង​ធ្វើ​ គឺ​សុទ្ធ​តែ​មាន​ជា​តំណាង​»។

វេលា​ ៥ ឆ្នាំ​បន្ទាប់​​មក ពួក​គេ​បាន​​បួងសួង​នៅ​តាម​ប្រាសាទ​​បាន ​៤២ និង​បន្ត​ប្រណិប័តន៍​ការ​​​បួងសួង​រាល់​ថ្ងៃ ដោយ​​សូត្រ​ធម៌ និង​តាំង​សមាធិ​។

ស្ថាបនិក​រូប​នេះ​បាន​បន្ត​ថា៖ «នៅ​​ថ្ងៃ​ចម្រើន​ព្រះជន្ម​​​ហ្លួងម៉ែ​គាត់​នឹង​ធ្វើ​រួច​បញ្ជូន​ទៅ​ហ្លួង​ម៉ែ និង​ធ្លាប់​ធ្វើ​ជូន​ដល់​ហ្លួង​សីហមុនី និង​បួងសួង​គ្រប់​កិច្ចការ​ដែល​កើត​ឡើង​លើ​ពិភព​លោក​ទាំង​មូល​ដោយ​មិន​មាន​ការ​ទទួល​ជា​លុយ​ទេ​ ពី​ព្រោះ​វា​នឹង​សាប​ហើយ​មិន​ស័ក្តិសិទ្ធិ»។

​សិល្បការិនី​លះបង់​ពេលាហ្វឹកហាត់ និង​ធ្វើការបួងសួង​ ទោះ​​ក្នុង​ពេល​ដ៏លំបាក​នៃ​វិបត្តិ​កូវីដ​​។ រូបថត សហ​ការី

ភាព​វិសេស​វិសាល​នៃ​ក្រុម​នាដកា​នេះ ​ពួក​គេ​ទៅ​​សម្តែង​​​ដល់​វត្តភូ​ ទឹក​ដី​ឡាវ ប្រទេស​ជប៉ុន និង​បណ្ដា​រដ្ឋ​ជា​ច្រើន​នៅ​សហរដ្ឋអាមេរិក ដើម្បី​ភ្ជាប់​ព្រលឹង​ជន​ភៀស​ខ្លួន​​ជាមួយ​ទឹក​ដី​អង្គរ​ខ្មែរ​។

រាល់​ពេល​បួងសួង​ អ្នក​មើល​តែងតែ​មាន​ភាព​ព្រឺព្រួច​ដោយ​​អំណាច​នៃ​អស្ចារ្យ​ ហើយ​ក្រុម​របាំ​​ហាក់​ដូច​ជា​មាន​អ្វី​សណ្ឋិត។ ទន្ទឹម​នឹង​នោះ​ ​តាម​ជំនឿ​ផ្លូវ​ចិត្ត​អ្នក​ចូលរួម​ហាក់​​​មាន​សន្តិភាព​ ដោយ​បារមី​នៃ​​ខ្សែ​ស័ក្តិសិទិ្ធ​ ដែល​​ក្រុម​របាំ​​​ភ្ជាប់​​​ព្រលឹង​វិញ្ញាណ​។

អ្នកស្រី​ រ៉ាវីន​ បាន​សម្ដែង​ការ​ឈឺ​ចាប់​នៃ​​ការ​ថមថយ​សមាជិក​​ ១៧៦ ​នាក់ មក​សល់​ត្រឹម​ ២៥ ​នាក់​ ព្រោះ​តែ​គ្មាន​ចំណូល។

អ្នកស្រី​ថា៖ «ខ្ញុំ​បង្កើត​វា​ឡើង​ខ្ញុំ​ស្រឡាញ់​ណាស់​ ចង់​ថែ​រក្សា​វា​ឱ្យ​ដល់​ទីបញ្ចប់។ តែ​នេះ​ មិន​មែន​​សម្រាប់​ខ្ញុំ​ម្នាក់​ទេ​ គឺ​​ប្រទេស​ជាតិ​ទាំង​មូល​។ ហេតុ​នេះ​ បើ​ខ្មែរ​មិន​កាន់​ដៃ​ខ្ញុំ​ទេ ខ្ញុំ​ទៅ​លែង​រួច​ហើយ​។ បើ​ថ្ងៃ​មុខ​វា​បាត់បង់​នោះ​​គ្រប់គ្នា​នឹង​ស្ដាយ​ក្រោយ​»។

ក្នុង​ការ​បួងសួង​ទាំង​ការ​រៀបចំ​​គ្រប់​យ៉ាង អ្នក​របាំ​ត្រូវ​ថ្វាយ​ពេល​វេលា​​ទាំង​អស់​ ដោយ​ពួក​គេ​មិន​អាច​ធ្វើ​ការងារ​អ្វី​បាន​ទេ​។

អ្នកស្រី​​បន្ត​ទាំង​ក្ដុកក្ដួល​​​ថា​៖ «ខ្ញុំ​យល់​ថា ​គ្រប់​គ្នា​សុទ្ធ​តែ​រង​ផលប៉ះពាល់​ពី​កូវីដ តែ​បើ​មាន​តែ​សប្បុរសជន​ ៤ ពាន់​​នាក់ ​ស្ម័គ្រ​ចិត្ត​ឱ្យ​តែ ១ ដុល្លារ​ ១ ខែ​ និង​​ ១២ ដុល្លារ​ក្នុង​ ១ ឆ្នាំ ក្រុម​របាំ​​នេះ​ នឹង​នៅ​តែ​អាច​បន្ត​ការ​បួងសួង​ជូន​ពរ​ជ័យ​រួម​ទាំង​បន្ត​ខ្សែ​ស័ក្តិសិទ្ធិ​នេះ​រហូត​ទៅ​»។

ការ​បរិច្ចាគ​នៅ​កម្ពុជា​អាច​ធ្វើ​​តាម​រយៈ ABA Account 199 656 699 ឈ្មោះ​ TOAN EK SOPHIE និង​​អន្តរជាតិ​​ https://www.nkfc.org/donate/​៕