ភ្នំពេញ៖ ជា​យុវជន​បញ្ឈប់​ការ​សិក្សា​​ ដើម្បីយ​ក​ពេល​វេលា​មក​ដោះស្រាយ​ជីវភាព​​ មឿន ចាន់ណា​​ ដែល​កាន់​​តែ​​អភ័ព្វ​​​នឹង​​ខ្សែ​ជីវិត​ខ្លួន​ពិការ​ដៃ​ទាំង​សង​ខាង បាន​ជម្នះ​ឧបសគ្គ​​ជីវិត​​បាត់បង់​អវយវៈ​ និង​បញ្ហា​បាក់​ទឹក​ចិត្ត​​រហូត​​​អាច​​រក​ការងារ​​​ចិញ្ចឹម​ជីវិត និង​បង្កើត​បាន​គ្រួសារ​មួយ​ដ៏​កក់​ក្ដៅ​។

កម្លាំង​ចិត្ត​ពី​សំណាក់​មនុស្ស​ជុំវិញ​ខ្លួន ជា​ពិសេស​អ្នក​ជាទី​ស្រឡាញ់​ បាន​ធ្វើ​ឱ្យ​លោក​ ចាន់ណា មិន​ត្រឹមតែ​ពុះពារ​ព្យុះ​ជីវិត​ផ្ទាល់​ខ្លួន​​ប៉ុណ្ណោះ​ទេ ថែម​ទាំង​​សង្វាត​​រក​​ការងារ​បន្ថែម ព្រោះ​តែ​មិន​អាច​ទប់ទល់​​ជាមួយ​​តម្រូវកា​រ​ជុំទិស​ក្នុង​អំឡុង​ពេល​​វិបត្តិ​កូវីដ​។

ជា​កូន​ច្បង​​នៅ​ក្នុង​ចំណោម​គ្រួសារ​​ជីវភាព​ខ្វះខាត​ដែល​មាន​​​​បងប្អូន ៣ ​នាក់ លោក ចាន់ណា ​ត្រូវ​ចេញ​រក​ការងារ​ជួយ​ឪពុក​ម្ដាយ​ និង​ប្អូន​តាំង​ពី​នៅ​ក្មេង​។​

លោក ចាន់ណា ជិះ​ម៉ូតូ​ដឹក​ទំនិញជូន​ភ្ញៀវ​ដល់​ផ្ទះ​។ រូបថត សហ​ការី

បុរស​វ័យ​ ២៧ ​ឆ្នាំ​រូប​នេះ​ បាន​រៀបរាប់​ប្រាប់ពី​ខ្សែ​ជីវិត​របស់​លោក​ប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍ ថា​៖ «ខ្ញុំ​រៀន​បាន​ត្រឹម​ថ្នាក់​ទី៩​​ ប៉ុណ្ណោះ​ ដោយ​កត្តា​ជីវភាព​ខ្ញុំ​បាន​រក​ការងារ​ធ្វើ​ជំនួស​វិញ​ ដោយ​កាល​ណោះ​ធ្វើ​ជា​ជាង​ផ្សារ​ដែក​។ ក្នុង​ឆ្នាំ​ ២០១៦ ខ្ញុំ​ក៏​ជួប​គ្រោះថ្នាក់​ឆក់​ខ្សែ​ភ្លើង​ក្នុង​ពេល​ធ្វើ​ការ រហូត​ត្រូវ​បាន​ពេទ្យ​ប្រាប់​ថា​ ត្រូវ​តែ​កាត់ដៃ​ទាំង ២ ចោល​ ព្រោះ​​វា​រលួយ​សរសៃ​​អស់​ហើយ​»។

ការ​លើក​ទឹក​ចិត្ត​ពី​មនុស្ស​ជុំវិញ​ខ្លួន​ គួប​ផ្សំ​នឹង​​ការ​ឃើញ​​​ឪពុក​ម្ដាយ​លំបាក​​​តត្រុក​​ធ្វើ​ស្រែ​ចម្ការ​ ចិញ្ចឹម​គ្រួសារ​ និង​សង​បំណុល​គេ​ បាន​ជំរុញ​ឱ្យ​យុវជន​ ចាន់ណា អាច​ក្រោក​ឈរ​​​បើក​ទំព័រ​ជីវិត​ថ្មី​​ក្រោយ​ពី​ចំណាយ​ពេលវេលា​ផ្សះ​របួស​ផ្លូវ​កាយ និង​ចិត្ត​​អស់​រយៈពេល​ជិត ២ ​ឆ្នាំ។​

ចាន់ណា បាន​​ពោល​ទាំង​អួល​ដើម​ក​ថា​៖ «ខ្ញុំ​ដូចជា​មាន​ជីវិត​​ថ្មី​ពេល​ដែល​ត្រូវ​ក្រោក​ឡើង​បាត់​ដៃ​ដែល​ធ្លាប់​មាន​។ យ៉ាង​ណា​ខ្ញុំ​អរគុណ​កម្លាំង​ចិត្ត​ពី​គ្រួសារ បងប្អូន អ្នក​ជិត​ខាង ដែល​តែងតែ​លើក​ទឹក​ចិត្ត​ឱ្យ​ខ្ញុំ​តស៊ូ​ព្យាយាម​ឡើង​វិញ​។ វា​មិនមែន​ជា​ថ្ងៃ​បញ្ចប់​អី​បន្តិច​ទេ​»។

លោក​​បន្ត​ថា៖ «ខ្ញុំ​ក៏​ប្រាប់​ឱ្យ​ខ្លួន​ឯង​​រឹងមាំ​។ ខ្ញុំ​ក៏​មាន​​​គ្រួសារ​ និង​បងប្អូន​​ដែល​ត្រូវ​មើល​​ថែ​។​ ហើយ​ខ្ញុំ​ក៏​ចង់​ជួយ​សម្រាល​​ដល់​បន្ទុក​​ឪពុក​ម្ដាយ​របស់​ខ្ញុំ​ពី​បំណុល​ដែល​គាត់​ជំពាក់​​គេ​ផង​ដែរ​»។

លោក ចាន់ណា ក៏​​បាន​ទទួល​​​ធ្វើ​ជា​អ្នក​លក់​​គ្រឿង​ក្រអូប​តាម​អនឡាញ បន្ទាប់​មក​​ជា​អ្នក​លក់​​ស្បែក​ជើង កាបូប ​និង​សម្ភារ​ផ្សេងៗ​​វិញ​ម្ដង​ក្នុង​រយៈពេល​​ជាង ២ ​ឆ្នាំ​ចុង​ក្រោយ​មក​នេះ។​

ដោយ​អាជីវ​កម្ម​អនឡាញ​ចំណូល​គិត​​​ភាគរយ​ពី​ក្រុមហ៊ុន​ក៏​តានតឹង ផ្សំ​នឹង​​តម្រូវការ​ក៏​ច្រើន​ជាង​ចំណូល។ លោក ចាន់ណា ត្រូវ​រ៉ាប់រង​ចិញ្ចឹម​​​ភរិយា​ និង​កូន​ទើប​តែ​សម្រាល​បាន​ ៧ ខែ ដែល​ត្រូវ​ផ្ញើ​នៅ​ឪពុក​ម្ដាយ​ឯ​ស្រុក។ នៅ​មាន​បន្ទុក​​ថ្លៃ​ផ្ទះ​ជួល និង​ការ​ជួយ​ទំនុក​បម្រុង​អ្នក​មាន​គុណ និង​ប្អូន​ទើប​មាន​អាយុ ១០ ​ឆ្នាំ​ទៀត​។

លោក ចាន់ណា ភរិយា និង​កូន​តូច​ទើប ៧​ខែ និងសកម្មភាព​ស្វែង​រក​ក្ដាម​ខ្យង​ជា​អាហារ​។ រូបថត សហ​ការី

ដោយ​មាន​បំណង​ចង់​បង្កើន​ប្រភព​ចំណូល​ទប់​នឹង​ការ​ចំណាយ ​យុវជន​មាន​ស្រុក​កំណើត​​នៅ​ខេត្ត​កំពង់ធំ​រូប​នេះ​បាន​​អំពាវនាវ​រក​ការងារ​​បន្ថែម​នៅ​តាម​បណ្ដាញ​សង្គម​ថា៖ «ជម្រាប​សួរ​ពុកម៉ែ​បងប្អូន! តើ​បងប្អូន​មាន​ត្រូវការ​ជ្រើសរើស​អ្នក​ដឹក​ជញ្ជូន​ទំនិញ Online ទេ​? បើ​សិន​ជា​មាន​ឱ្យ​​ខ្ញុំ​សុំ​ចូល​ធ្វើ​មួយ​ផង ឬ​បងប្អូន​​ណា​ដែល​ស្គាល់​កន្លែង​ណា​គេ​ជ្រើសរើស​អ្នក​ដឹក​ជញ្ជូន​ជួយ​​​ប្រាប់​ផង ពី​ព្រោះ​ថា​ឥឡូវ​ខ្ញុំ​ត្រូវ​ការ​លុយ​ដើម្បី​ដោះស្រាយ​ជីវភាព​គ្រួសារ នឹង​បង់​ថ្លៃ​​ផ្ទះ​ជួល​គេ​។ សូម​ពុកម៉ែ​បងប្អូន​ជួយ​ស៊ែ​​បន្ដ​ម្នាក់​មួយ​ផង​។ សូម​អរគុណ​»។​

លោក​ ចាន់ណា ដែល​អាច​បើក​ម៉ូតូ​ដឹក​ទំនិញ​ឱ្យ​ម៉ូយ​បាន បាន​បញ្ជាក់​ពី​ការ​ធ្វើ​ដំណើរ​​របស់​លោក​ថា​៖ «ដោយ​ការងារ​​អនឡាញ​ ពេល​មាន​ភ្ញៀវ​កុម្ម៉ង់ ពេល​ខ្លះ​ខ្ញុំ​ក៏​ ដឹក​ជញ្ជូន​ឱ្យ​ពួក​គាត់​។

ដំបូងៗ​ពិបាក​ដែរ តែ​បើ​ត្រូវ​រក​ដើម្បី​ក្រពះ​វា​មិន​ពិបាក​ពេក​ទេ ខ្ញុំ​អាច​ជិះ​ទៅ​ធម្មតា​ដូច​គេ​អ្នក​​មាន​កាយសម្បទា​គ្រប់គ្រាន់​ដែរ​។ ថា​ទៅ​ការងារ​អី​ក៏​ខ្ញុំ​អាច​បាន ​ឱ្យ​តែ​គេ​ទទួល​ខ្ញុំ​ធ្វើ​ការ​»។

មេ​គ្រួសារ ដែល​មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​រូប​នេះ បាន​បន្ដ​ថា​​ តាម​ពិត​ពី​មុន​មក​លោក​ក៏​ធ្លាប់​​មាន​បងប្អូន​សប្បុរស​​ផ្ដល់​ជំនួយ​​ច្រើន​ជា​ដើម​ទុន​ក្នុង​ការ​រកស៊ី​​នៅ​ពេល​លោក​​មក​ទីក្រុង​​​ភ្នំពេញ​ដំបូងៗ​ ដោយ​ឃើញ​​​​ពី​ភាពតស៊ូ​ និង​ឯករាជភាព​របស់​លោក​​ក្នុង​ការ​ធ្វើ​ការ​ចិញ្ចឹម​ជីវិត​​ដោយ​មិន​​​លើកដៃ​សុំ​គេ​។

លោក ចាន់ណា ពិការដៃដោយសារឆក់ខ្សែភ្លើង សំពះឪពុកម្ដាយ។ រូបថត សហ​ការី

លោក​ក៏​រីករាយ​ដែល​កន្លង​មក​​លោក​មិន​ធ្លាប់​មាន​អ្នក​រើសអើង​ស្អប់ខ្ពើម​អី​ទេ មាន​តែ​អ្នក​ចង់​​ជួយ ​និង​លើក​ទឹក​ចិត្ត​ជនពិការ​​ឱ្យ​ប្រឹងប្រែង​តស៊ូ។

បុរស​ពិការ​តស៊ូ​ធ្វើ​​បង្គោល​គ្រួសារ​ដ៏​រឹងមាំ​​រូប​នេះ​ ក៏​​បាន​បន្ថែម​ទៀត​ថា​៖​ «ខ្ញុំ​ចង់​អរគុណ​សប្បុរសជន​ទាំង​ឡាយ​ដែល​​តែងតែ​ជួយ​គាំទ្រ​ និង​ផ្ដល់​ជា​ថវិកា​សម្រាប់​ខ្ញុំ​កន្លង​មក​»។

លោក​លើក​ឡើង​ថា៖ «​​ខ្ញុំ​ចង់​ផ្ដាំ​​ទៅ​ដល់​បងប្អូន​ដែល​ពិការ​ពី​កំណើត ​ឬ​ក៏​ពិការ​ដោយ​គ្រោះ​ថ្នាក់​​ដោយ​ហេតុ​ណា​មួយ សូម​ឱ្យ​​ពួក​គាត់​តស៊ូ​ព្យាយាម​ក្រោក​ឈរ​ជម្នះ​គ្រប់​ឧបសគ្គ​ ត្រូវ​មាន​សង្ឃឹម​ និង​ដើម្បី​ភាពជោគជ័យ​ទៅ​ថ្ងៃ​អនាគត​»។

ព័ត៌មាន​បន្ថែម​ពី​ ចាន់ណា​ មាន​នៅ​​គេហទំព័រ​ហ្វេសប៊ុក​ @Channaonlineship168 និង​ទំនាក់ទំនង​បាន​តាមរយៈ​ទូរស័ព្ទលេខ ០៩៧ ២០០ ២៤៣៥ និង ០៩៣ ៣២៣ ៦៧៤៕