ភ្នំពេញ៖ កើត​ចេញ​ពី​ផ្ទៃ​នៅ​វិនាទី​ចុង​ក្រោយ​នៃ​ដង្ហើម​អ្នក​ម្ដាយ​កើត​ជំងឺ​កូវីដ​ ​​ទារក ដាវីឌ ​​ដ៏តូច​​​ទម្ងន់​​តែ​ ២ ​គីឡូក្រាម ត្រូវ​​​​បាន​​ក្រុម​គ្រូពេទ្យ​​វះ​ពី​ផ្ទៃ​ម្ដាយ​មុន​ខែ​កំណត់​​ឱ្យ​រស់រាន​មាន​ជីវិត​តស៊ូ​នឹង​ភាព​កំព្រា​ ពេល​​អ្នកស្រី​​​​ វង្ស ដាណែត ជាម្ដាយ​បាន​​​បាត់បង់​ជីវិត​ភ្លាមៗ​។

ទារក​​កើត​​ចេញ​ពី​គភ៌ ៧ ​ខែ​រូប​នេះ​ ត្រូវ​បាន​ជីដូន​មក​ទទួល​ទៅ​ចិញ្ចឹម​នៅ​​ផ្ទះ​ ដែល​អង្គការ​មូលនិធិ​កុមារ​កម្ពុជា​ (CCF) ឱ្យ​ស្នាក់នៅ​។

ស្ថាបនិក​អង្គការ​លោក ស្កុត នីសិន ដែល​បី​បម​ទារក​តូច​ ដាវីឌ ក្នុងដៃ​បាន​រៀបរាប់​ថា៖ «ជា​សំណាង​ល្អ​ដែល​ផ្នត់​គំនិត​​របស់​ជនជាតិ​ខ្មែរ​អំពី «គ្រួសារ» ​មាន​អត្ថន័យ​ជ្រាលជ្រៅ​ និង​ទំនាក់ទំនង​ល្អ​ប្រសើរ​​ ក្រៅ​តែ​ពី​មនោសញ្ចេតនា​របស់​ឪពុកម្តាយ​ និង​បងប្អូន​បង្កើត។ ខ្ញុំ​មិនមាន​អារម្មណ៍​ថា​ ដាវីឌ​ ជា «ក្មេង​កំព្រា» ឡើយ ដោយ​គេ​​ត្រូវ​បាន​​នាំ​យក​ទៅ​រស់នៅ​ជាមួយ​អ៊ំស្រី បងប្អូន​ជីដូន​មួយ និង​សមាជិក​គ្រួសារ​​​ផ្សេង​ទៀត​របស់​គេ»។

ជា​រឿង​រីករាយ​មួយ​ ដែល​យ៉ាង​ហោច​​ខ្សែ​​ជីវិត​មិន​អាក្រក់​សម្រាប់​ការ​ចាប់​ផ្ដើម​នៃ​​ទារក​​តូច​មិន​ដឹង​អី​រូប​នេះ​ដោយ ​ដាវីឌ​ ពុំ​បាន​ឆ្លង​ជំងឺ​ផ្លូវ​ដង្ហើម​នេះ​ទេ​​។ ដោយ​កើត​តាំង​ពី​ថ្ងៃទី ៥​ ខែ​មិថុនា មក​ដល់​ថ្ងៃទី ៥​ ខែ​កក្កដា ​​ដាវីឌ ​និង​ អ៊ំស្រី​ទើប​ចប់​ការ​ធ្វើ​ចត្តាឡីស័ក​បន្ទាប់​​ធ្វើ​តេស្ត​ឃើញ​អវិជ្ជមាន​ ៤ ​​ដង។

អ្នកស្រី​​ ម៉ែន ស្រីពេជ្រ​ ជាជីដូន​បាន​រៀបរាប់​ទាំង​ទឹក​ភ្នែក​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍​ ពី​ជីវិត​ដ៏​កម្សត់​របស់​កូនស្រី វង្ស ដាណែត និង​ចៅ​ ដាវីឌ​ ថា​៖ «កាល​ពី​មុន​ ដាណែត​ ​ដើរ​រើស​អេតចាយ​ជាមួយ​​ប្ដី​ តែ​ក្រោយ​មក​ផ្ទះ​អេតចាយ​គេ​រើ​ចេញ​​ ហើយ​ប្ដី​រត់​ចោល​ គាត់​ក៏​មក​រស់នៅ​ជាមួយ​ខ្ញុំ​ពេល​ពពោះ ​៤ ​ខែ​ហើយ​»។

លោក ស្កុត នីសុន បានទៅដល់ភ្លាមៗនៅពេល ដាវីឌ ប្រសូត​ដោយ​ការ​វះកាត់​។ រូបថត សហ​ការី

ជីដូន ដាវីឌ ​​រំឭក​ប្រាប់​ថា៖ «ហើយ​ទើប​តែ​ ១៥ ​ថ្ងៃ​មុន​សម្រាល​ហ្នឹង​គាត់​ចេះ​តែ​ត្អូញ​ឈឺ​ក្នុង​ពោះ​ហើយ​​ហត់​រហូត​។ ខ្ញុំ​ក៏​ឱ្យ​គាត់​ទៅ​ពេទ្យ​មុន ​ចាំ​ខ្ញុំ​លក់​ពោត​បន្លែ​រួច ​ចាំ​ទៅ​តាម​ក្រោយ។ ប៉ុន្តែ​ពេល​ទៅ​ដល់​ពេទ្យ​​ ក្រោយ​ពិនិត្យ​កំហាក​ ​គេ​ប្រាប់​ថា​ គាត់​កើត​កូវីដ​។ ស្អែក​ឡើង​ថ្ងៃ​ទី ៥ ​គាត់​ក៏​សម្រាល​ប្រហែល​ជា​ម៉ោង​ ១២ យប់​ពេទ្យ​តេ​មក​​ថា​ សង្គ្រោះ​មិន​បាន​ទេ​»។

អ្នកស្រី ម៉ែន ស្រីពេជ្រ ​យំ​បណ្ដើរ​និយាយ​បណ្ដើរ​ថា អ្នកស្រី​​អាណិត​កូន​ណាស់ ព្រោះ​ចាប់​តាំង​ពី​ថ្ងៃ​​កូនស្រី​វ័យ​ទើប ​២៩ ឆ្នាំ ​ទៅ​ពេទ្យ​ដល់​ស្លាប់​ អ្នកស្រី​ពុំ​បាន​​​​ឃើញ​មុខ​កូន​ទេ។ ពេល​នៅ​រស់​ក៏​អ្នកស្រី​​មិន​មាន​លទ្ធភាព​ទិញ​អ្វី​ឆ្ងាញ់ៗ​ឱ្យ​កូន​ហូប មិន​ធ្លាប់​មាន​លុយ​ជូន​ទៅ​ពិនិត្យ ​ថត​អេកូ​ ឬ​សូម្បី​តែ​ថ្នាំ​ ១ ​គ្រាប់​​ឱ្យ​លេប​​។

បន្ទុក​គ្រួសារ​ធ្លាក់​​លើ​អ្នកស្រី​ទាំង​ស្រុង​។ ​ទោះជា​បាន​ជំនួយ​ពី​អង្គការ​​ជា​អង្ករ​ ១០ ​គីឡូ​ក្រាម និង​លុយ​ ១០ ​ម៉ឺន​ជា​រៀង​រាល់​អាទិត្យ​ តែ​ការ​មាន​សមាជិក​ដល់​ទៅ​ ១១ ​នាក់ ​គិត​ទាំង​ប្អូន​ ក្មួយ ​និង​កូនៗ វា​ពិត​ជា​ពិបាក​ណាស់​។ អ្នកស្រី​តែងតែ​ព្យាយាម​រក​​ចំណូល​​ខាង​ក្រៅ​ដោយ​ការ​ស៊ី​ឈ្នួល​​បោក​ខោអាវ ដើរ​លក់​បន្លែ និង​បោស​​សំរាម​ឱ្យ​គេ​។

ជីដូន​ដែល​​តស៊ូ​ចិញ្ចឹម​តំណក់​ឈាម​បន្សល់​ពី​​កូនស្រី​ធ្វើ​មរណកាល​រូប​នេះ​​បន្ត​ថា៖ «កាល​មុន​កូវីដ​ ខ្ញុំ​ដើរ​បោក​ខោអាវ​ឱ្យ​គេ​ តែ​ពេល​កូវីដ​អត់​មាន​អ្នក​ហៅ​ឱ្យ​បោក​ អ៊ីចឹង​បាន​ខ្ញុំ​ទៅ​ដើរ​បេះ​បន្លែ​ និង​រាវ​ខ្យងខ្ចៅ។ ពេល​​រក​មិន​បាន​ ខ្ញុំ​ក៏​ទៅ​បោស​សំរាម​កន្លែង​គេ​លក់​បន្លែ​ ប្រហែល​ម៉ោង​ ៧ រហូត​ដល់​ម៉ោង ៩ ទៅ ១០ យប់​​បាន​មក​វិញ។ ​អ៊ីចឹង​​​គេ​ឱ្យ​បន្លែ​ខ្លះៗ​បាន​ខ្ញុំ​យក​មក​លក់​»​។

ឯ​ស្វាមី​អ្នកស្រី​ធ្វើការ​សំណង់​ ប៉ុន្តែ​ធ្វើ​បាន​មិន​ប៉ុន្មាន​អាទិត្យ​ត្រូវ​មេការ​បោក​រត់​ចោល។ ចំណែក​ប្អូន​ គឺ​ត្រូវ​មើល​​​កូន​ ដែល​សុទ្ធតែ​តូចៗ​ និង​ខ្លះ​នៅ​រៀន​ជាមួយ​អង្គការ​មិនទាន់​អាច​ជួយ​សម្រាល​បន្ទុក​​​ដែល​ធ្វើ​ឱ្យ​អ្នកស្រី​រ៉ាប់រ៉ង​ជីវិភាព​ទាំង​ត្រដាប​ត្រដួស​។

អ្នកស្រី​ ស្រីពេជ្រ បាន​និយាយ​ថា​ ​មក​ដល់​ពេល​នេះ​កុំតែ​បាន​អង្គការ​មូលនិធិ​កុមារ​កម្ពុជា​ ដែល​មាន​​លោក​ ស្កុត នីសិន ​ជា​ស្ថាបនិក​ជួយ​ទេ កុំ​អី​អ្នកស្រី​មិន​ដឹង​ថា ​ពួក​គាត់​នឹង​រសាត់​អណ្ដែត​​ដល់​ណា​ទេ។

វេលា​​អ្នកស្រី​រំភើប​ចិត្ត​បំផុត​នោះ​ គឺ​នៅ​ថ្ងៃ​ដែល​អ្នក​ស្រី​យក​ចៅ ដាវីឌ​ ចេញ​ពី​ពេទ្យ​ លោក ស្កុត នីសិន បាន​​​មក​មើល​ដោយ​គ្មាន​ការ​រើសអើង​។

ជីដូន​កម្សត់​រូប​នេះ​​រំឭក​​​ថា៖ «ថ្ងៃ​នោះ​​ពេល ​ដាវីឌ​ មក​ដល់​ គ្មាន​អ្នកណា​ហ៊ាន​​មក​មើល​ទេ ប៉ុន្តែ​ប៉ា ស្កុត មក​ដល់​ភ្លាម​លើក​បី​ជាប់​នឹង​ដៃ​។ បើ​កុំ​តែ​បាន​​គាត់​ និង​ខាង​អង្គការ​ជួយ​ទំនុក​បម្រុង​ពី​ ១ អាទិត្យ​ ទៅ​ ១ អាទិត្យ ខ្ញុំ​និង​ចៅ​ស្លាប់​មិន​ខាន​»​​។

ជីដូន ម៉ែន ស្រី​ពេជ្រ ងូតទឹកឱ្យទារកតូច ដាវីឌ។ រូបថត សហ​ការី

មក​ដល់​ពេល​នេះ ​ថ្វី​ដ្បិត​ថា​ ដាវីឌ​ នៅ​មាន​អាការ​ហត់​ តែ​ក្រុម​គ្រូពេទ្យ​​ថា​ ពុំ​មាន​សញ្ញា​​​អី​គួរ​ឱ្យ​បារម្ភ​ទេ​។ ទារក ដាវីឌ ​មាន​ស្ថានភាព​​ប្រសើរ​ជាង​មុន​ច្រើន ​ហើយ​មាន​រាងកាយ​សម្បទា​មាំមួន ​និង​ឡើង​ទម្ងន់​​ ២,៨ គីឡូក្រាម ​​​​រយៈពេល​ ១ ខែ​នេះ​។

ស្ថាបនិក​អង្គការ​ CCF លោក ស្កុត នីសិន​ ជាង​ ១៧ ​ឆ្នាំ​មក ហើយ​ដែល​លោក​​​ជួយ​ប្រែ​ក្លាយ​វាសនា​​ក្មេងៗ​ក្រីក្រ​ និង​ក្មេង​រើស​សំរាម​ភាគ​ច្រើន​នៅ​ស្ទឹងមានជ័យ​តាមរយៈ​ការ​ផ្ដល់​ការ​សិក្សា​ដល់​ពួក​គេ​។

លោក​​ប្រាប់ ​ភ្នំពេញ ប៉ុស្ដិ៍ ថា​៖ «វា​បាន​ធ្វើ​ឱ្យ​ជីវិត​​ខ្ញុំ​មាន​ន័យ​ពិត​ប្រាកដ​ និង​ហាក់​បាន​បំពេញ​​ពេល​​​បាន​ជួយ​អ្នក​​ដែល​ត្រូវ​ការ​។ ​ខ្ញុំ​បាន​រក​ឃើញ​​សុភមង្គល​ពិត​ប្រាកដ​នោះ​ គឺ​មិនមែន​លើ​សម្ភារ​និយម​នោះ​ទេ​»​។

ស្ថាបនិក​អង្គការ​ដែល​លះបង់​វិថី​​ហូលីវូដ​​​ និង​កៀរ​គរមិត្ត​វិស័យ​ភាពយន្ត​មក​ជួយ​កម្ពុជា​រូប​នេះ​​បន្ត​ថា៖ ​«ការ​បង្កើត​អង្គការ CCF ឡើង​ពេល​​បាន​ឃើញ​សមិទ្ធផល​របស់​បុគ្គល​ដែល​​យើង​ជួយ មិន​ថា​ជា​កូនៗ​ដែល​ចង់​ទៅ​សាលារៀន ឪពុក​ម្តាយ​ ឬ​ជីដូនជីតា​ដែល​ឈឺ ចាស់​ជរា​គ្មាន ​អ្នក​មើល​ថែ និង​ស្ត្រី​មាន​ផ្ទៃ​ពោះ​ នោះ​គឺ​ជា​​សុភមង្គល​ដ៏​ថ្លៃថ្លា»​។

លោក​ ស្កុត បន្ថែម​ថា៖ «ទោះ ​ដាវីឌ ​បាត់បង់​ម្តាយ​មែន តែ​អ្នក​ទាំង​អស់​គ្នា ​ជា​ផ្នែក​មួយ​នៃ​ការ​ផ្ដល់​ភាព​កក់ក្តៅ​ និង​​អនាគត​ភ្លឺស្វាង​សម្រាប់​ ដាវីឌ»។

ជា​ចុង​ក្រោយ​អ្នកស្រី​ ម៉ែន ស្រីពេជ្រ​ បាន​ស្នើ​សូម​ដល់​សប្បុរសជន​ថា​៖ «បើ​មាន​សប្បុរសជន​​ចង់​ជួយ ខ្ញុំ​មិន​សូម​អ្វី​ច្រើន​ទេ​ ​​ត្រឹម​មាន​រ៉ឺម៉ក​ដើរ​ទិញ​អេតចាយ​មួយ​ក៏​បាន ​ដើម្បី​ទប់ទល់​​ជីវភាព​គ្រួសារ និង​សូម​ឱ្យ​មាន​អាហារ​ហូប​គ្រប់គ្រាន់​ គឺ​បាន​ហើយ​»។

សម្រាប់​អ្នក​ដែល​ចង់​ជួយ​​អ្នកស្រី ​និង​គ្រួសារ ដាវីឌ ​គឺ​អាច​ទំនាក់ទំនង​លេខ​​ទូរស័ព្ទ​ ០៦៩ ៣០៦ ១៧៦។

ព័ត៌មាន​បន្ថែម​ពី​ការ​​ចូលរួម​​បរិច្ចាគ​​ដល់​​អង្គការ​មាន​នៅ​ទំព័រ​​ហ្វេសប៊ុក @Cambodianchildrensfund៕