ភ្នំពេញ៖ កាល​ពី​ជិត​ ២ ទសវត្សរ៍​មុន អ្នក​ថតរូប​ជនជាតិ​អាល្លឺម៉ង់​ម្នាក់​បាន​ជួប​លោក​យាយ ឯម​ ធាយ​ ជា​អ្នក​របាំ​ព្រះរាជ​ទ្រព្យ​ និង​ជា​ទេវនាដ​និម្មិត និង​​​ហៅ​លោក​យាយ​ថា «​ព្រឹទ្ធាចារ្យ​របាំ​ព្រះរាជ​ទ្រព្យ​»។

កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន លោក​បាន​រៀបចំ​ពិព័រណ៍​សៀវភៅ​រូបថត​ស្ដីពី​ក្បាច់​របាំ​របស់​លោក​យាយ​ និង​ធ្វើ​ការ​បរិច្ចាគ​ប្រាក់​ពី​ការ​លក់​ជូន​ដល់​លោក​យាយ​​ទាំង​អស់​។

ពេល​នេះ មិត្ដភក្ដិ​អាល្លឺម៉ង់​រូប​នេះ​បាន​បង្ហាញ​ស្នាដៃ​សិល្បៈ​របស់​ខ្លួន​ជា​ថ្មី​ ដើម្បី​ឧទ្ទិស​ដល់​លោក​យាយ​ព្រឹទ្ធាចារ្យ​របាំ​ព្រះរាជ​ទ្រព្យ ដែល​បាន​ក្លាយ​ជា​ទេវនាដ​និម្មិត​។

វិចិត្រសាល​ស្រាអាត ​​រៀបចំ​ពិព័រណ៍​ថ្មី​មួយ «​ឧទ្ទិស​ដល់​វីរភាព​ទេវនាដ​និម្មិត​ ឯម ធាយ ដោយ​លោក Arjay Stevens» នៅ​ភោជនីយដ្ឋាន Le Phnom 1929 ក្នុង​សណ្ឋាគារ Raffles Le Royal Phnom Penh។

អ្នកនាង Cecile Eap ជា​ស្ថាបនិក​វិចិត្រសាល​ស្រាអាត​បាន​និយាយ​ថា៖ «ចំពោះ​​រូបថត​របស់​ព្រឹទ្ធាចារ្យ​របាំ​ រួម​នឹង​ថតរូប​របាំ​អប្សរា​ដទៃ​ទៀត ​ឧទ្ទិស​​ជូន​លោក​យាយ​ទៅ​កាន់​សុគតិភព​»។

ចំណូល​ពី​ការ​លក់​ស្នាដៃ​សិល្បៈ​ទាំង​​អស់​នឹង​ប្រគល់​ជូន «សាលា​សិល្បៈ​ចម្រុះ​ចំប៉ី» ​​ជា​សាលា​បង្រៀន​មិន​រក​ប្រាក់​​ចំណូល ដែល​ផ្ដល់​ឱ្យ​យុវជន​ហ្វឹកហាត់​ទម្រង់​សិល្បៈ​ប្រពៃណី​ រួម​ទាំង​​របាំ តន្ដ្រី និង​គំនូរ​​​ឥត​គិត​ថ្លៃ​។

លោក Arjay Stevens និង​លោក​យាយ ឯម ធាយ ព្រឹទ្ធាចារ្យ​របាំ​បុរាណ​ខ្មែរ​។ រូបថត សហ​ការី

យោង​តាម​វិចិត្រ​សាល​ស្រា​អាត​បាន​​ឱ្យ​ដឹង​ថា​៖ «​បេសកកម្ម​របស់​ចំប៉ី គឺ​លើក​ទឹក​ចិត្ដ​ដល់​យុវជន​បន្ដ​អភិរក្ស ការពារ និង​លើក​ស្ទួយ​ដួង​ព្រលឹង​វប្បធម៌​ជាតិ​ ដែល​ជា​គោល​បំណង​របស់​ព្រឹទ្ធាចារ្យ​របាំ​ផង​ដែរ​»។

អ្នកនាង Cecile បាន​និយាយ​ថា ពិព័រណ៍​នេះ​ជា​ការ​តាំង​បង្ហាញ​ស្នាដៃ​​លោក Stevens តែ​ក៏​មាន​ស្នាដៃ​​បោះពុម្ព​មួយ​ចំនួន​ទៀត​របស់​សិល្បករ​ដទៃ​​តាំង​បង្ហាញ​នៅ​លើ​តុ​ឯ​បរិវេណ​ខាង​ក្រៅ​សម្រាប់​ភ្ញៀវ​ចូល​សណ្ឋាគារ​បាន​ទស្សនា​ផង​ដែរ​។

លោក Stevens ​ជា​អ្នក​វិទ្យាសាស្ដ្រ​បរិស្ថាន​ប្ដូរ​អាជីព​មក​ជា​អ្នក​សិល្បៈ​ និង​អ្នក​ថតរូប​បាន​ចាប់​អារម្មណ៍​ខ្លាំង​នឹង​សិល្បៈ​នៅ​អាស៊ី​អាគ្នេយ៍ តាំង​ពី​បាន​មក​ដល់​ទឹក​ដី​កម្ពុជា​ដំបូង​ក្នុង​ឆ្នាំ​ ១៩៩៦​ ដោយ​រយៈពេល​ ២០ ​ឆ្នាំ​នេះ លោក​បាន​ថតរូប​រាប់​ម៉ឺន​សន្លឹក​។

អ្នកនាង Cecile បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្ដិ៍​ថា​៖ «​ក្នុង​ឆ្នាំ​ ២០១៥ លោក​ Arjay Stevens ដែល​បាន​ជួប​ដូន​ចាស់​ដំបូង​នៅ​ពាក់​កណ្ដាល​ទសវត្សរ៍​ឆ្នាំ​ ១៩៩០ បាន​បោះ​ពុម្ព​សៀវភៅ​រូបថត​របស់​លោក​យាយ​ដើម្បី​លក់​រៃ​អង្គាស​ប្រាក់​ជូន​លោក​យាយ​ក្រោយ​បាន​ដឹង​ថា ប្រាក់​ចូល​និវត្ដន៍​របស់​លោក​យាយ​បាន​តែ ២០ ​ម៉ឺន​រៀល​ប៉ុណ្ណោះ​ ក្នុង​ ១ ខែ​»។

តាំង​ពី​ខែ​មិថុនា ​ស្រាអាត ចាប់​ផ្ដើម​រៀបចំ​ពិព័រណ៍​រយៈពេល​ខ្លី​នៅ​ភោជនីយដ្ឋាន​ក្នុង​សណ្ឋាគារ Raffles នេះ​រៀងរាល់​ខែ និង​មាន​សកម្មភាព​សិល្បៈ​នានា​​រៀង​រាល់​សប្ដាហ៍​។

អ្នកនាង​​និយាយ​ថា​៖ «​ស្រាអាត មាន​​កិត្ដិយស​រៀបចំ​កម្មវិធី​សិល្បៈ​ និង​ពិព័រណ៍​លើក​ស្ទួយ​ស្នាដៃ​សិល្បៈ​នៅ​សណ្ឋាគារ Raffles»។

តាម​គោលការណ៍​រស់នៅ​ប្រក្រតី​តាម​គន្លង​ថ្មី សណ្ឋាគារ​រៀបចំ​បរិវេណ​រក្សា​គម្លាត​សុវត្ថិភាព​ពី​ចន្លោះ​តុ​មួយ​ទៅ​តុ​មួយ​ទៀត​ ដោយ​មាន​ការ​វាស់​កម្ដៅ ស្គេន QR Code និង​​អ្នក​រត់​តុពាក់​ម៉ាស់​ជាដើម​។

​ទិដ្ឋភាព​ថតរូប​ពិព័រណ៍ស្ដីពី​ទេវនាដនិម្មិត និងក្បាច់​របាំ​អប្សរា។ហ៊ាន រង្សី

ស្ថាបនិក​ស្រាអាត​បាន​ឱ្យ​ដឹង​ថា៖ «​ការ​សម្ដែង​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​មុខ​តុ​ភ្ញៀវ​ ហើយ​ភ្ញៀវ​អាច​​​ទស្សនា​ពិព័រណ៍​រូបថត​ក្នុង​ចំនួន​កំណត់​ដែល​រៀបចំ​ឡើង​​ដោយ​បុគ្គលិក​សណ្ឋាគារ​»។

ប្រសូត​ក្នុង​ឆ្នាំ​ ១៩៣២ នៅ​ក្នុង​ព្រះ​រាជវាំង​ជាទី​ដែល​ឪពុក​ម្ដាយ​ជា​ចុងភៅ​​ថ្វាយ​រាជវង្ស​ លោក​យាយ​ ធាយ ត្រូវ​បាន​ព្រះមហាក្សត្រ ព្រះបាទ​​នរោត្ដម​ សីហនុ សព្វ​ព្រះរាជ​ហឫទ័យ​​លើក​ទឹក​ចិត្ដ​ឱ្យ​ហាត់​របាំ​។

របាំ​ព្រះ​រាជ​ទ្រព្យ ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​បំណង​​​កម្សាន្ដ​ ក៏​ដូចជា​សម្ដែង​ក្នុង​កម្មវិធី​សម្រាប់​ព្រះ​រាជា​។ ព្រះមហាក្សត្រ ក៏​បាន​នាំ​ក្រុម​របាំ​ និង​តន្ដ្រី​​​ទៅ​ក្រៅ​ប្រទេស​ជាមួយ​ទ្រង់​ផង​ដែរ។

ក្នុង​សម័យ​ខ្មែរ​ក្រហម លោកយាយ ធាយ មិន​អាច​លាក់​បាំង​អត្ដសញ្ញាណ​បាន​ដោយសារ​លោក​យាយ​ជា​អ្នក​សម្ដែង​ល្បី​ម្នាក់​។ ប៉ុន្ដែ​ក្រុម​គ្រួសារ​លោក​យាយ​ត្រូវ​បាន​ជម្លៀស​ទៅ​កាន់​ខេត្ដ​បាត់ដំបង លោក​យាយ​ត្រូវ​បាន​កម្មាភិបាល​ខ្មែរ​ក្រហម​ឱ្យ​សម្ដែង​ក្នុង​កម្មវិធី​របស់​ពួក​គេ​។

លោក​យាយ ធាយ បាន​បង្រៀន​របាំ​តាំង​ពី​មុន​ពេល​មាន​សាលារៀន​របាំ​មក​ម្ល៉េះ​។ អ្នក​​មាន​ចំណាប់​អារម្មណ៍​ អាច​ចុះ​ឈ្មោះ​រៀន​តៗគ្នា​។

លោក​យាយ​បាន​ចូល​និវត្ដន៍​ក្នុង​ឆ្នាំ​ ៥៥ ​ឆ្នាំ តែ​បេះដូង​អ្នក​របាំ​រូប​នេះ នៅ​តែ​បន្ដ​ការងារ​ក្នុង​​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​រហូត​មក។

រូបថត​ព្រឹទ្ធាចារ្យ​របាំ បង្ហាត់​ក្បាច់​របាំ​នៅ​ភោជនីយដ្ឋាន Le Phnom 1929។ ហ៊ាន រង្សី

កាល​ពី​ថ្ងៃទី ១៥ ខែ​ មិថុនា ឆ្នាំ​ ២០២១​ កន្លង​ទៅ​នេះ ព្រឹទ្ធាចារ្យ​របាំ ឯម ធាយ បាន​ចែក​ឋាន​ដោយ​រោគាពាធ​ក្នុង​អាយុ ៨៩ ​ឆ្នាំ​ ក្រោយ​ពី​ដំណើរ​ដ៏​វែង​ឆ្ងាយ​លើ​កិច្ចការ​អភិរក្ស​សិល្បៈ​ដួង​ព្រលឹង​ជាតិ​។

ក្នុង​លិខិត​បញ្ជូន​ទៅ​កាន់​គ្រួសារ​របស់​លោក​យាយ ដែល​វិចិត្រសាល​ស្រាអាត បាន​ដក​ស្រង់​សំណេរ​របស់​លោក​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន សែន ដោយ​បាន​​សរសេរ​ថា​៖ «​ពេញ​មួយ​ឆាក​ជីវិត​ ព្រឹទ្ធាចារ្យ​របាំ ឯម ធាយ​ បាន​បូជា​កម្លាំង​កាយ​ចិត្ដ​​រួម​ចំណែក​លើក​ស្ទួយ និង​អភិរក្ស​សិល្បៈ​វប្បធម៌​ជាតិ​ដ៏​រុងរឿង​»។

ពិព័រណ៍​នេះ ត្រូវ​បាន​រៀបចំ​ឡើង​ពេញ​ ១ ខែ​កក្កដា ​នៅ​ភោជនីយ​ដ្ឋាន Le Phnom 1929 ក្នុង​សណ្ឋាគារ Raffles Le Royal Phnom Penh​ ក្នុង​រាជធានី​ភ្នំពេញ៕