ព្រៃវែង៖ សម្ភារ​ប្រើប្រាស់​ក្នុង​ផ្ទះ​បាយ​ ដែល​ផលិត​ឡើង​ពី​ប្លាស្ទិក​ ចាប់​ពី​កញ្ច្រែង​ កន្ធុន ចាន និង​បោយ​ទឹក​ រហូត​ដល់​ក្រាស់ កន្ថោរ​ កៅអី​ ត្រូវ​បាន​​ស្គាល់​ថា ​ជា​ផលិតផល​នាំ​ចូល​ពី​បណ្ដា​ប្រទេស​ជិត​ខាង។

ដោយ​មើល​ឃើញ​ពី​ការ​នាំចូល​យ៉ាង​គគ្រឹកគគ្រេង​ចំពោះ​សម្ភារ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ដែល​ខ្វះ​ពុំ​បាន​ទាំង​នោះ ក្នុង​នាម​ជា​អ្នក​លក់​ម្នាក់ អ្នកស្រី ជា បុប្ផា ខិតខំ​ប្រឹងប្រែង​ប្រែ​ក្លាយ​ការ​រក​ប្រាក់​ចំណេញ​លើ​កម្រៃ​ក្បាល​កាក់​មក​ជា​ការ​ផលិត​ខ្លួន​ឯង​។

អង្គុយ​ត្រួត​ពិនិត្យ​កញ្ច្រែង​លាង​បន្លែ​តូចៗ​រំលេច​ពណ៌​ស្រស់​ឆើត​ដ៏​ភ្លឺ​រលោង អ្នកស្រី បុប្ផា បាន​និយាយ​ថា៖ «រយៈពេល ​៥ ឆ្នាំ​នៃ​​មុខ​របរ​លក់​​សម្ភារ​ប្លាស្ទិក​​​ ​ខ្ញុំ​មើល​​ឃើញ​មាន​ការ​គាំទ្រ​ពី​អតិថិជន​ និង​ដៃគូ​ជា​ច្រើន។ ​ខ្ញុំ​ក៏​មាន​គំនិត​ថា ​បើសិន​ខ្ញុំ​អាច​ផលិត​ខ្លួន​ឯង​​​អាច​ស្រួល​ជាង​នាំចូល​ពី​បរទេស»។

ដោយសារ​សិប្បកម្ម​ជ័រ​នេះ​មិន​ទាន់​មាន​ភាព​ទូលំទូលាយ​នៅ​ក្នុង​ស្រុក ការ​​សិក្សា​ពី​បច្ចេកទេស និង​ម៉ាស៊ីន​ផលិត ត្រូវ​នាំចូល​ពី​បរទេស​ ដែល​ទាមទារ​ឱ្យ​ម្ចាស់​សិប្បកម្ម​ថ្មោង​ថ្មី​ត្រូវ​វេច​បង្វេច​ទៅ​ក្រេប​ជញ្ជក់​ចំណេះ​ដឹង​នៅ​ប្រទេស​ជិត​ខាង​។

អ្នកស្រី ជា បុប្ផា ​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍​ថា​៖ «​​ចាប់​ផ្ដើម​​​ដំបូង ដោយ​​គ្រួសារ​ខ្ញុំ​គាត់​ទៅ​រៀន​បច្ចេកទេស​នៅ​ប្រទេស​​វៀតណាម ​ព្រោះ​ការងារ​នេះ​ទាល់​តែ​ទៅ​រៀន​ខ្លួន​ឯង​ ទើប​យើង​អាច​យក​មក​ផលិត​បាន​។ រៀន​បាន ១ ​ឆ្នាំ​ យើង​ទិញ​ម៉ាស៊ីន​ ២ គ្រឿង ​​​មក​សាកល្បង»។

អ្នកស្រី​បាន​ឱ្យ​ដឹង​ថា សិប្បកម្ម​នេះ មាន​ម៉ាស៊ីន ២ គ្រឿង ជាមួយ​ពុម្ព​ជា​ច្រើន ដែល​អាច​ផលិត​សម្ភារ​ជា​ច្រើន​ប្រភេទ​។ ដោយ​ចាប់​ផ្ដើម​ពី​ដំណើរ​តេលតាល​ក្នុង​ការ​ផលិត​សាកល្បង​ អ្នកស្រី​ត្រូវ​ពឹង​​លើ​អ្នក​បច្ចេកទេស​បរទេស​មក​បង្ហាត់​បង្ហាញ​បន្ថែម​។

​កញ្ច្រែង​ពណ៌ឆើត​ភ្លឺ​រលោង​ ជាផលិតផលមួយ​របស់ បុប្ផា 9999។ រូបថត សហ​ការី

ការ​ផលិត​សាកល្បង​ដែល​ចាប់​ផ្ដើម​ចេញ​ដំណើរ​​ពាក់​កណ្ដាល​ឆ្នាំ​ ២០១៨ ​សិប្បកម្ម​ បុប្ផា 9999 ​អាច​ផលិត​សម្ភារ​ជ័រ​បាន ៥ ​មុខ ដូចជា កញ្ច្រែង​លាង​បន្លែ កន្ថោរ កន្ធុន និង​បោយ​ទឹក​ ២ ​ប្រភេទ​។

បច្ចុប្បន្ន ស្ដ្រី​ខ្មែរ​មក​ពី​ខេត្ដ​ព្រៃវែង​​រូប​នេះ ដោយ​ប្រើប្រាស់​ម៉ាស៊ីន​ជា​ច្រើន​គ្រឿង អាច​​ផលិត​នូវ​សម្ភារ​​​ប្លាស្ទិក​​​ ៨៥ ​មុខ រួម​ទាំង​ កន្ធុន​បោក​ខោអាវ​ ក្រឡ កញ្ច្រែង​ផ្កាប់​ចាន និង​ឧបករណ៍​ចូក​សំរាម​ ជាមួយ​នឹង​ក្ដី​រំពឹង​អាច​ផ្គត់ផ្គង់​តម្រូវ​ការ​ក្នុង​ស្រុក និង​បង្កើត​ការងារ​ដល់​ពលរដ្ឋ​ខ្មែរ​ផង​ដែរ​។

ជាមួយ​តម្លៃ​ចាប់​ពី ៥០០ រៀល ទៅ ២ ​ម៉ឺន​រៀល អាស្រ័យ​លើ​ទំហំ និង​ខ្នាត អ្នកស្រី បុប្ផា បាន​អះអាង​ពី​គុណភាព​ខ្ពស់​ចំពោះ​សម្ភារ​ជ័រ​របស់​ខ្លួន ​ទោះបី​​ជា​ទទួល​ចំណេះដឹង​ពី​ប្រទេស​ជិត​ខាង​​តែ​មួយ​យ៉ាង​ណា​ក៏​ដោយ​។

ស្ដ្រី​វ័យ ៤០ ឆ្នាំ​រូប​នេះ ​និយាយ​ថា​៖ «​សម្ភារ​ប្លាស្ទិក​យើង​ មាន​គុណភាព​ស្វិត​ ភ្លឺ​ និង​ធន់​ជាង​ [ផលិតផល​នាំចូល​] ក៏​ដូចជា​មិន​មាន​ក្លិន និង​មិន​ប៉ះពាល់​សុខភាព​អ្នក​ប្រើ​។ យើង​មិន​ប្រើ​សារធាតុ​គីមី​បន្ថែម​ភាព​ភ្លឺ​រលោង​​តែ​យើង​ប្រើ​វត្ថុ​ធាតុ​ដើម​សុទ្ធ​ ១០០ ​​ភាគរយ​ ហើយ​ការ​ប្រើប្រាស់​ពណ៌ ត្រូវ​បាន​ត្រួត​ពិនិត្យ​ត្រឹម​ត្រូវ​នាំចូល​ពី​ជប៉ុន​។ ចំណែក​ឯ​ជ័រ ជា​ប្រភេទ PP & Pet ផលិត​ចេញ​ពី​កាក​ប្រេង​»។

ស្ថិត​ក្នុង​ឃ្លាំង​សិប្បកម្ម​ដំបូល​ខ្ពស់ គ្រឿង​ម៉ាស៊ីន​តម្រៀប​នៅ​ជាប់​ជញ្ជាំង​​ឃ្លាំង ខណៈ​ផលិតផល​សម្រេច​ត្រូវ​បាន​​វេច​ខ្ចប់​ច្រក​បាវ​ជា​ហូរហែ ម្ចាស់​សិប្បកម្ម​ផលិតផល​ក្នុង​ស្រុក​រូប​នេះ​បាន​អះអាង​​ថា អ្នកស្រី​បាន​ប្រើប្រាស់​វត្ថុ​ធាតុ​ដើម​ក្នុង​ស្រុក​ខ្លះ​​ ដូចជា ប្លាស្ទិក​ចាស់ៗ​ចម្រាញ់​ប្រើ​​ប្រាស់​ឡើង​​វិញ​។

ចំពោះ​ដំណើរការ​សិប្បកម្ម​ជ័រ​ដំបូង​ដែល​គ្មាន​បទពិសោធ​ទាល់​តែ​សោះ ពី​អ្នក​ធ្លាប់​តែ​ទិញ​មក​លក់​ស្រាប់​ៗ អ្នកស្រី បុប្ផា ទទួល​ស្គាល់​ថា វា​ពិត​ជា​កិច្ចការ​ដ៏​លំបាក​មួយ​ទាំង​បញ្ហា​បច្ចេកទេស និង​រយៈពេល​នៃ​ការ​សិក្សា​ខ្លី​។

អតីត​អ្នក​នាំចូល​សម្ភារ​ជ័រ​រូប​នេះ បាន​បន្ដ​ថា៖ «ថ្វី​ដ្បិត​តែ​បច្ចុប្បន្ន​យើង​អាច​ផលិត​ខ្លួន​ឯង​​ តែ​រាល់​ថ្ងៃ​យើង​ក៏​នៅ​​​មាន​អ្នក​បច្ចេកទេស​ធ្វើ​ការ​ជាមួយ​ ព្រោះ​ម៉ាស៊ីន​​មាន​ច្រើន​គ្រឿង​ ដែល​មិន​អាច​គ្រប់គ្រង​ខ្លួន​ឯង​អស់​ទេ​»។​

​ទិដ្ឋភាព​នៅ​ក្នុង​ឃ្លាំង​សិប្បកម្ម​ផលិត​សម្ភារ​ប្រើប្រាស់​ធ្វើពី​ជ័រ​។ រូបថត សហ​ការី

អ្នកស្រី​បន្ថែម​ថា​៖ «​យើង​ក៏​ចង់​រក​អ្នក​បច្ចេកទេស​បន្ថែម ​​កុំ​ឱ្យ​ពិបាក​ហៅ​ជាង​ពី​ក្រៅ​ដូច​រាល់​ថ្ងៃ​ ពេល​ម៉ាស៊ីន​ខូច ​ព្រោះ​ពេល​នេះ​កូវីដ ​​កាន់​តែ​យ៉ាប់។ មិនមែន​​ថា ​មិន​ចង់​រក​ជាង​ក្នុង​ស្រុក​ តែ​ដូច​ដឹង​ដោយសារ​ខាង​យើង​មិន​ទាន់​ទូលំទូលាយ​ខាង​ផលិតផល​នេះ​​»។​

អ្នកស្រី​ដែល​ចង់​ពង្រីក​អាជីវកម្ម​ឱ្យ​កាន់​តែ​ធំ​ដើម្បី​ផ្គត់ផ្គង់​​លើ​ទីផ្សារ​ក្នុង​ស្រុក​​រូបនេះ​ បាន​ឱ្យ​ដឹង​ថា ​ក្រៅពី​មាន​មោទនភាព​អាច​ផលិត​ដោយ​ខ្លួន​ឯង​ មួយ​ទៀត​គឺ​អ្នកស្រី​រីករាយ​​ជួយ​យុវជន​​​មាន​ការងារ​ ដោយ​​បាន​បណ្ដុះបណ្ដាល​​បុគ្គលិក​ប្រមាណ ១០ ​នាក់​។

ដើម្បី​បង្កើន​កម្លាំង​ការងារ និង​ផ្គត់ផ្គង់​តម្រូវការ​ទូទាំង​ប្រទេស អ្នកស្រី បុប្ផា បាន​បន្ថែម​ការ​ផលិត​សម្ភារ​ជ័រ​យ៉ាង​​តិច​ជាង ១០០ ​មុខ​ទៀត រួម​ទាំង កន្ដ្រក​ដើរ​ផ្សារ និង​កៅអី​ធំៗ​។

ជាមួយ​តម្រូវ​ការ​ខ្ពស់ អ្នកស្រី​និយាយ​​ពី​ក្ដី​រំពឹង​ថា​៖ ​«ខ្ញុំ​ចង់​សំណូមពរ​ឱ្យ​បងប្អូន​ជនរួមជាតិ​យើង​ជួយ​គាំទ្រ​ផលិតផល​នៅ​ក្នុង​ស្រុក​ឱ្យ​បាន​ច្រើន​ ដើម្បី​បង្កើត​​​ឱកាស​ការងារ​ដល់​ពលរដ្ឋ​​​»។​

អ្នកស្រី​បាន​ពន្យល់​ថា​៖ «​អតិថិជន​ភាគ​ច្រើន​​យល់​ថា​ ទំនិញ​ក្នុង​ស្រុក​មាន​​តម្លៃ​​ថ្លៃ។ ប៉ុន្ដែ​មិន​មែន​ទំនិញ​របស់​យើង​នោះ​ទេ​។​ ​វា​ប្រហាក់​ប្រហែល​​ទំនិញ​នាំចូល ​តែ​គុណភាព​ គឺ​ល្អ​ជាង​​»។​​

សម្រាប់​ព័ត៌មាន​​លម្អិត សុំ​ទាក់ទង​​ទូរស័ព្ទ​លេខ ០៧១ ៨៤៥ ៦៦៦២/០៩៧ ៧២២ ៦១១៧ និង​ហ្វេសប៊ុក @CheaBopha9999៕