ក្រុង​សិង្ហបុរី៖ ប្រទេស​សិង្ហបុរី កាល​ពី​ថ្ងៃពុធ បាន​បង្ហាញ​កសិដ្ឋាន​រោង​ចក្រ​ថាមពល​សូឡា​បណ្ដែត​ទឹក​ដ៏​ធំបំផុត​មួយ​ក្នុង​លោក​ ដែល​គ្រប​ដណ្ដប់​លើ​ផ្ទៃ​ដី​ទំហំ​ប៉ុន​កីឡដ្ឋាន​បាល់​ទាត់​ចំនួន ៤៥​ ជា​ផ្នែក​មួយ​នៃ​គម្រោង​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទាំង​កញ្ចក់​របស់​រដ្ឋ​មួយ​នេះ។

គម្រោង​នេះ​គឺជា​ផែន​ការ​មហិច្ឆតា​របស់​ប្រទេស​សិង្ហបុរី ដោយ​បាន​បំពាក់​ផ្ទាំង​សូឡា ១២២ ០០០ ​បន្ទះ នៅ​លើ​អាងស្ដុក​ទឹក Tengeh Reservoir ដែល​នឹង​ផលិត​ថាមពល​អគ្គិសនី​គ្រប់​គ្រាន់​ក្នុង​ការ​ដំណើរ​ការ​រោង​ចក្រ​កែច្នៃ​ទឹ​កស្អាត​ចំនួន ៥។

សិង្ហបុរី​ស្ថិត​ក្នុង​ប្រទេស​បញ្ចេញ​ឧស្ម័ន​កាបោ​ឌីអុកស៊ី​ដ៏​ធំ​មួយ​តាម​ដង់ស៊ីតេនៅ​អាស៊ី ហើយ​បញ្ហា​ខ្វះ​ដី​របស់​ប្រទេស​តូច​នេះ​ធ្វើ​ឱ្យ​ជួប​ការ​លំបាក​ក្នុង​ការ​ស្វែង​រក​ប្រភព​ថាមពល​កកើត។

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដ៏​រីកចម្រើន​បាន​ងាក​មក​បង្កើត​រោង​ចក្រ​ថាមពល​នៅ​តាម​សមុទ្រ និង​អាង​ស្ដុក​ទឹក​វិញ ហើយ​ក៏​មាន​បំណង​ផលិត​ថាមពល​សូឡូ​កើន​ឡើង ៤​ ដង​ នៅ​ត្រឹ​មឆ្នាំ​ ២០២៥ ខាង​មុខ។

ទិដ្ឋភាពកសិដ្ឋាន​ថាមពល​សូឡា​លើ​ផ្ទៃ​ទឹក​ ៤៥​ហិកតា​ក្នុង​អាង​ស្ដុក​ទឹក​ Tengehប្រទេស​សិង្ហបុរី។ រូបថត AFP

កសិដ្ឋាន​ថាមពល​សូឡា​ថ្មី​នេះ​ អាច​ផលិត​អគ្គិសនី​រហូត​ដល់ ៦០ មេហ្គាវ៉ាត់ ហើយ​នឹង​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទាំង​កញ្ចក់​ស្មើ​នឹង​ការ​ដក​រថយន្ដ​ចេញ​ពី​ផ្លូវ​ ៧​ ពាន់​គ្រឿង។ នេះ​បើ​យោង​តាម​ Sembcorp Industries និង​ទីភ្នាក់ងារ​ធនធាន​ទឹកជាតិ PUB។

​​Sembcorp បាន​បង្កើត​គម្រោងដែល​គ្រប​ដណ្ដប់​លើ​ផ្ទៃ​ដី​ទឹក​ប្រមាណ ៤៥​ ហិកតា​ ដោយ​មាន​ការ​គាំទ្រ​ពី​ទីភ្នាក់ងារ​ធនធាន​ទឹក។

នាយក​ប្រតិបត្ដិ​ទីភ្នាក់ងារ​ធនធាន​ទឹក ង៉ ជូហ៊ីបាន​និយាយថា​៖ «​ថាមពល​សូឡា​ផលិត​អគ្គិសនីស្អាត​ និង​បៃតង និង​ជា​គន្លឹះ​ក្នុង​ការ​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ពុល​ទាំង​ទីភ្នាក់ងារ PUB និង​ទូទៅ​ប្រទេស​សិង្ហបុរី​»។

សិង្ហបុរី ក៏​បាន​បង្កើត​រោង​ចក្រ​ថាមពល​សូឡា​មួយ​នៅ​ Johor Strait ដែល​បាន​ខ័ណ្ឌ​ចែក​រដ្ឋ​ដែន​កោះ​ពី​ប្រទេស​ម៉ាឡេស៊ី​ ក៏ដូចជា​រោង​ចក្រ​ថាមពល​នៅ​លើ​ដី​គោក​ផង​ដែរ។

​កសិដ្ឋាន​ថាមពល​សូឡា​​​ផ្គុំ​ពី​ផ្ទាំង​សូឡា ១២២០០០​បន្ទះ​ ស្មើនឹង​កីឡដ្ឋាន​បាល់ទាត់ ៤៥។ រូបថត AFP

រដ្ឋាភិបាល​កាល​ពី​ខែ​កុម្ភៈបាន​បង្ហាញ «​ផែន​ការ​បៃតង​» ដែល​ណែនាំ​កម្មវិធីជា​ច្រើនដូចជាការ​ដាំ​ដើម​ឈើកាត់​បន្ថយ​សំរាម​ចាក់​នៅលើ​គំនរ​សំរាម និង​កសាង​កន្លែង​សាក​ថាមពល​បន្ថែម​ដើម្បី​លើក​ទឹកចិត្ដ​ការ​ប្រើ​ប្រាស់​រថយន្ដ​អគ្គិសនី។

សិង្ហបុរីបាន​ប្ដេជ្ញា​សម្រេច​គោល​ដៅ​ការ​បញ្ចេញ​ឧស្ម័ន​ដល់​កម្រិត​សូន្យ​ឱ្យ​បាន​ឆាប់​បំផុត​នៅ​ត្រឹម​ពាក់​កណ្ដាល​សតវត្សរ៍ទី២១។

ក្រុម​អ្ន​ក​រិះ​គន់បាន​និយាយ​ថា​ គោល​បំណង​របស់​រដ្ឋ​មួយ​នេះ​ស្ថិត​នៅ​ពី​ក្រោយ​បណ្ដា​ប្រទេស​អភិវឌ្ឍ​ដទៃ​ទៀត ហើយ​ប្រទេស​នេះ​មិន​ទាន់​បាន​ខិត​ខំ​ប្រឹង​ប្រែង​សម្រេច​មហិច្ឆតា​បរិស្ថាន​របស់​ខ្លួន​នៅ​ឡើយ​ទេ​៕ AFP/HR

ទិដ្ឋភាពកសិដ្ឋាន​ថាមពល​សូឡា​លើ​ផ្ទៃ​ទឹក​ ៤៥​ហិកតា​ក្នុង​អាង​ស្ដុក​ទឹក​ Tengehប្រទេស​សិង្ហបុរី។ រូបថត AFP