ក្រុង​ញូវយ៉ក៖ ព្រះ​អង្គម្ចាស់​​ ហាររី នឹង​ព្រះរាជ​និពន្ធ​ជីវប្រវត្ដិ​ពី​ជីវិត​ឯកជន​ និង​ប្រកប​ដោយ​ភាព​ស្មោះ​ត្រង់​ ដែល​លាត​ត្រដាង​ពី «កំហុស​ឆ្គង» និង​ «​មេរៀន​​» ក្នុង​ឆាក​ជីវិត​ព្រះ​អង្គ​។ នេះ​បើ​យោង​តាម​ក្រុមហ៊ុន Penguin Random House​ បាន​ឱ្យ​ដឹង​កាលពី​ថ្ងៃ​ចន្ទ​។

សេចក្ដី​ប្រកាស​នេះ​ត្រូវបាន​ធ្វើ​ឡើង​ចំពេល​ទំនាក់​ទំនង​រង្គោះ​រង្គើ​រវាង​ទ្រង់​ និង​រាជ​វង្ស​ ​អង់គ្លេស ពី​ហេតុការណ៍​ដែល​មហេសី​ទ្រង់ ព្រះនាង មេហ្គាន ចោទ​ប្រកាន់​ពី​បទ​មាក់ងាយ និង​រើស​អើង ហើយ​ការ​រើ​រាជ​តំណាក់​ទៅកាន់​សហរដ្ឋ​អាមេរិក​ដ៏គួរ​ឱ្យ​ភ្ញាក់​ផ្អើល​កាល​ពី​ឆ្នាំ​មុន​។

យោងតាម​បណ្ដាញ​ផ្សព្វ​ផ្សាយ​ចក្រ​ភព​អង់គ្លេសបាន​បង្ហាញ​ថា វា​នឹង​ក្លាយជា​ព្រឹត្ដិការណ៍​ដំបូង​បំផុត​ចំពោះ​រាជវង្ស​ជាន់​ខ្ពស់​នៅ​ចក្រ​ភពអង់គ្លេស​ ព្រះ​រាជ​និពន្ធ​សៀវភៅ​បែប​នេះ។

ព្រះអង្គ​ម្ចាស់ ហារី និង​ចម្លាក់​ព្រះមាតា ដាយអាណា។ AFP

ព្រះ​អង្គម្ចាស់ ហាររី បាន​ឱ្យ​ដឹង​ក្នុង​សេចក្ដី​ថ្លែ​ងការណ៍​ចុះ​ផ្សាយ​ដោយ​រោង​ពុម្ព Penguin Random House បាន​ឱ្យ​ដឹង​ថា​៖ «​ខ្ញុំ​​នឹង​​សរសេរ​រឿង​រ៉ាវ​ទាំង​នេះ​ មិន​មែន​ក្នុង​នាម​ជា​រាជវង្ស​មួយ​អង្គ​នោះទេ តែ​ជា​មនុស្ស​ម្នាក់​ដូច​គេ​ដូច​ឯង​។ ខ្ញុំ​មាន​កិច្ចការ​ច្រើន​ត្រូវ​ធ្វើ​នា​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​នេះ ហើយ​ខ្ញុំ​រំពឹង​ថា ខ្ញុំ​នឹង​រាយ​រាប់​ប្រាប់​ពី​បញ្ហា​ផ្ទាល់​ខ្លួន ទាំងពេល​វេលា​ឡើង​ខ្ពស់​ត្រដែត និង​ធ្លាក់​ចុះ រួមទាំង កំហុស​ឆ្គង និង​មេរៀន​ជីវិត។ ខ្ញុំ​ចង់​និយាយថា មិន​ថា​យើង​មក​ពី​ប្រភព​ណា​នោះទេ យើង​មាន​ចំណុច​រួម​ជា​ច្រើន​លើស​ពី​ការ​គិត​»។

សៀវភៅ​នេះ​នឹង​ផ្ដោត​លើ​កុមារភាព​របស់​ទ្រង់ ព្រះជន្ម ១២ ​វស្សា ពេល​ព្រះ​មាតា ព្រះ​ក្សត្រិយ ដាយអាណា បាន​សោយ​ទីវង្គត​ក្នុង​ឧប្បត្ដិហេតុ​គ្រោះ​ថ្នាក់​ចរាចរណ៍​ក្នុង​ទីក្រុង​ប៉ារីស ក៏ដូចជា ការ​ចូល​ធ្វើ​ជា​នាយ​ទាហាន និង​បេសកកម្ម​ពីរ​លើក​ទៅកាន់​ប្រទេស​អាហ្វហ្គានីស្ថាន​ផង​ដែរ​។

ព្រះអង្គម្ចាស់ ហារី គ្រា​ចូល​ធ្វើ​ជា​នាយ​ទាហាន និង​បេសកកម្ម​ពីរ​លើក​ទៅកាន់​ប្រទេស​អាហ្វហ្គានីស្ថាន​ផង​ដែរ​។ AFP

យោងតាម​ក្រុមហ៊ុន​បោះពុម្ព បាន​ឱ្យ​ដឹង​ថា​៖ «​រឿង​រ៉ាវ​ជីវិត​របស់​ទ្រង់​ក៏នឹង​ផ្ដោតលើ​ភាព​រីករាយ​ ដែល​ទ្រង់​បាន​ក្លាយ​ជា​ព្រះ​បិតា និង​ព្រះ​ស្វាមី​មួយ​អង្គ​ផង​ដែរ​»។

ព្រះ​អង្គ​ម្ចាស់​ ហាររី ព្រះ​ជន្ម ៣៦ ​វស្សា និង​ព្រះនាង មេហ្គាន ព្រះ​ជន្ម ៣៩​វស្សា បាន​ផ្ដល់​បទសម្ភាស​ជាមួយ​កម្មវិធី​ជជែក​របស់​អាមេរិក​ដែល​រៀបចំ​ឡើង​ដោយ​ពិធីការិនី អូប្រា វីនហ្វ្រី ដែល​ជា​វិបត្ដិ​យ៉ាង​ធ្ងន់​ធ្ងរ​ជាមួយ​រាជវង្ស​នៅ​​​អង់គ្លេស​។

យោងតាម​របាយ​ការណ៍នានា បាន​បង្ហាញ​ថា សំណេរ​ព្រាង​ដំបូង​ជិត​រួចរាល់​ និង​គ្រោងសុំ​ការ​អនុម័យ​នៅ​ក្នុង​ខែ​តុលា។ ​

ព្រះ​អង្គម្ចាស់ ហាររី នឹង​ព្រះរាជ​ទាន​ថវិកា​​ពីការ​លក់​សៀវភៅ​ទៅ​អង្គការ​សប្បុរសធម៌​៕ AFP/HR

ព្រះនាង មេហ្គាន និ​ងព្រះអង្គម្ចាស់ហារី។ AFP

ព្រះអង្គម្ចាស់ហារី ព្រះនាង​មេហ្គាន និង​បុត្រ​ដំបូង។ AFP

អ្នកតាមដាន​បទ​សម្ភាស​​ពិធីការិនី អូប្រា វីនហ្វ្រី និង​ព្រះអង្គម្ចាស់​ ហារី ព្រមទាំង​ព្រះនាង​ មេហ្គាន។ AFP