ក្រុង​តូក្យូ៖ ទឹក​ជ្រោះ​មួយ​​​រចនា​ឡើង​ពី​អំពូល​ភ្លើង​រត់​ប្រដេញ​លើ​ផ្ទៃ​ថ្ម ខណៈ​ដើម​ផ្កា​អាហ្សាលា​ត្រូវបាន​តុបតែង​ភ្លើង​ពណ៌​ជះ​ស្រមោល​នៅ​ពិព័រណ៍​សិល្បៈ​ឌីជីថល​មួយ​ក្នុង​ព្រៃ​ប្រទេស​ជប៉ុន។

សិល្បៈ​តម្លើង​ពន្លឺ​ភ្លើង​ពណ៌​ដែល​រំលេច​នូវ​ទស្សនីយភាព​ផ្កា​រីក​ស្គុះ​ស្គាយ ត្រី​កូយ​យក្ស និង​អក្សរ​ផ្ចង់​ប្រពៃណី បាន​ផុស​ត្រដែត​ឡើង​នា​ពេល​ងងឹត​ ដែល​បង្កើត​បាន​ជា​ភាព​ទាក់ទាញ​នៅ​ពិព័រណ៍​ដែល​ផ្ដោត​សំខាន់​លើ​ធម្មជាតិ និង​បច្ចេកវិទ្យា។

ពិព័រណ៍​នេះ​ស្ថិត​នៅ​ក្នុង​តំបន់​ភ្នំ​ឃ្យូស៊ុ ភាគ​ខាង​ត្បូង​ប្រទេស​ជប៉ុន គឺជា​សិល្បៈ​តម្លើង​ពី​សហករ​សិល្បៈ​ teamLab។ ពួកគេ​មាន​ឈ្មោះ​បោះ​សំឡេង​ល្បី​ល្បាញ​លើ​ឆាក​អន្ដរជាតិ​ចំពោះ​ពិព័រណ៍​ទាក់​ទាញ​ចំណាប់​អារម្មណ៍​ដោយ​បំពាក់​បរិក្ខា​បញ្ចាំង​រូបភាព សោតទស្សន៍ និង​ការ​ឌីហ្សាញ​យ៉ាង​ផ្ចិត​ផ្ចង់។

ឌីជីថល និង​ធម្មជាតិ​ងាយ​ស្រួល​ក្នុង​ការ​ច្របាច់​បញ្ចូល​គ្នា​ ដោយសារ​ទឹក​ថ្នាំ​គំនូរ​គឺជា​ពន្លឺ​ភ្លើង។ AFP

តាកាស៊ិ គូដុ សមាជិក teamLab បាន​ប្រាប់​ AFPថា​៖ «​ជួន​កាល មនុស្ស​យើង​គិត​ថា សិល្បៈ​ឌីជីថល​ និង​ធម្មជាតិ​ជា​ពីរ​ផ្សេង​គ្នា​ស្រឡះ។ ប៉ុន្ដែ​ជាមួយ​គ្នា​នេះ យើង​គិត​ថា ឌីជីថល និង​ធម្មជាតិ​ងាយ​ស្រួល​ក្នុង​ការ​ច្របាច់​បញ្ចូល​គ្នា​ ដោយសារ​ទឹក​ថ្នាំ​គំនូរ​របស់​យើង​គឺជា​ពន្លឺ​ភ្លើង។ ដូច្នេះ យើង​មិន​បំផ្លាញ​ធម្មជាតិ​ យើង​មិន​គូរ​លើ​ដើម​ឈើ​ ឬ​ថ្ម​ផ្ទាល់​ នៅ​ពេល​ថ្ងៃ វា​នឹង​បាត់​ មើល​មិន​ឃើញ​ឡើយ​»។

ពិព័រណ៍ ដែល​បើក​សម្ពោធ​នៅ​ថ្ងៃ​សុក្រ​ និង​បន្ដ​រហូត​ដល់​ថ្ងៃទី ៧ ខែ​វិច្ឆិកា ស្ថិត​ក្នុង​ឧទ្យាន​មួយ​ដែល​ហ៊ុំព័ទ្ធ​ដោយ​ព្រៃ​បុរាណ​ក្នុង​តំបន់​សាហ្គា​ក្បែរ​ណាហ្គាស៊ីគិ។

សេនស័រ​បង្កប់​ក្នុង​ព្រៃ​ផ្កា​អាហ្សាលា​ក្រាសៗ​នឹង​មើល​ឃើញ​ ពេល​មនុស្ស​ដើរ​កាត់​ ដោយ​បញ្ជូន​ពន្លឺ​ភ្លើង​ភ្លិប​ភ្លែត​រត់​កាត់​ដើម​ឈើ​នៅ​ជុំវិញ​ពួកគេ។

សមាជិក​ក្រុម teamLab ឈរ​ក្នុង​ពិព័រណ៍​ភ្លើង​នៅ​តំបន់​ព្រៃធម្មជាតិ​ជប៉ុន។ AFP

នៅ​លើ​ផ្ទៃ​ស្រះទឹក ដែលរំលេចនូវ​ពន្លឺភ្លើង​បង្កប់​ពណ៌​ស្វាយ​ចាស់ លឿង និង​បៃតង​ ជះ​ពន្លឺ​ចាំង​ឆ្លុះ​ស្រមោល​ដើម​ឈើ​យ៉ាង​ស្រស់​ស្អាត។ នៅ​ក្នុង​ផ្ទះ​បោះ​បង់​ចោល​មួយ ទម្រង់​ថ្ម​ធំ​មួយ​ផុស​ផុត​​ផ្ទៃ​ដី ដែល​រំលេច​នូវ​ពន្លឺ​ភ្លើង​ពី​ទី​ងងឹត។

លោក គូដុ បាន​និយាយ​ថា លោក​សង្ឃឹម​ថា ពិព័រណ៍​សិល្បៈ​តម្លើង​ពន្លឺ​ភ្លើង​ពណ៌​នេះ មាន​ចំណង​ជើង​ថា «​​teamLab:ព្រៃ​ឈើ​ដែល​អាទិទេព​គង់​នៅ​» នឹង​បង្កើតជា​ទស្សនីយភាព​អស្ចារ្យ​សម្រាប់​មហាជន​ក្នុង​បរិស្ថាន​ធម្មជាតិ​ដ៏​ត្រកាល។

លោកបាន​ឱ្យដឹងថា​៖ «​ស្លឹក​ឈើហាក់​ដូចជា​មាន​ពណ៌តែ​បៃតង​ តែ​សម្រាប់​ពួក​យើងវា​ជា​អេក្រង់​ប៉ុណ្ណោះ​»៕ AFP/HR

ឌីជីថល និង​ធម្មជាតិ​ងាយ​ស្រួល​ក្នុង​ការ​ច្របាច់​បញ្ចូល​គ្នា​ ដោយសារ​ទឹក​ថ្នាំ​គំនូរ​គឺជា​ពន្លឺ​ភ្លើង។ AFP

សមាជិក​ក្រុម teamLab ឈរ​ក្នុង​ពិព័រណ៍​ភ្លើង​នៅ​តំបន់​ព្រៃធម្មជាតិ​ជប៉ុន។ AFP

ឌីជីថល និង​ធម្មជាតិ​ងាយ​ស្រួល​ក្នុង​ការ​ច្របាច់​បញ្ចូល​គ្នា​ ដោយសារ​ទឹក​ថ្នាំ​គំនូរ​គឺជា​ពន្លឺ​ភ្លើង។ AFP

សមាជិក​ក្រុម teamLab ឈរ​ក្នុង​ពិព័រណ៍​ភ្លើង​នៅ​តំបន់​ព្រៃធម្មជាតិ​ជប៉ុន។ AFP