ក្រុង​តូក្យូ៖ វាជា​មធ្យោបាយ​កាត់​បន្ថយ​ឧក្រិដ្ឋកម្មដែល​មាន​លក្ខណៈ​ខុស​ប្លែក។ ក្រុម​សណ្ដាប់​ធ្នាប់ នាំ​គ្នា​ដើរ​ឃ្លាំ​មើល​ និង​រក្សា​សុវត្ថិភាព​តាម​ដង​ផ្លូវ​សម្រាប់​សិស្ស​សាលា។ ជួប​ជាមួយ​កង​សុខន​ Paw Patrol ក្នុង​ពិភព​ពិត​នៅ​ក្រុង​តូក្យូ។

ពួកគេ​ប្រហែល​ជាគ្មាន​ឧបករណ៍​បច្ចេកវិទ្យា​ និង​បរិក្ខា​ជួយ​មិត្ដភក្ដិ​ក្នុង​គំនូរ​ជីវចល​នោះទេ តែ​សុខនល្បាត​​ វាន់-វ៉ាន់ (បូ-បូ) ទាំង​នេះ មាន​ភារកិច្ច​ពិសេស​ក្នុង​ខណ្ឌ​ការ៉ាស៊ូយ៉ាម៉ា នៃ​ទីក្រុង​តូក្យូ។

កុមារ យូរីកា អ៊ី​ហ្គារ៉ាស៊ិ អាយុ ១២​ ឆ្នាំ មាន​ភារកិច្ច​ឃ្លាំ​មើលឆ្កែ រោម​ស្រម៉ូវ​​ សាគូរ៉ា ពេល​ខ្លួន​ធ្វើដំណើរ​ពី​សាលា​រៀន​ត្រឡប់​ទៅ​ផ្ទះ​វិញ។

ឆ្កែឆ្មោះ សាគូរ៉ា ស្ថិត​ក្នុង​ចំណោម​សុខន ១៥០ ក្បាល​ ដែល​បង្កើត​បាន​ជា​កង​ល្បាត​ វ៉ាន់-វ៉ាន់ ជា​កម្មវិធី ដែល​ចុះ​បញ្ជី​ឆ្កែ និង​ម្ចាស់​របស់​ពួកគេ​ក្នុង​ការ​បណ្ដើរ​គ្នា​រៀង​រាល់​ថ្ងៃ​ក្នុង​ខណ្ឌ​សុវត្ថិភាព ជាមួយ​សកម្មភព​តាមដាន​កុមារ អង្កេត​ពលរដ្ឋ​ និង​ជួយ​ស្វែង​រក​ឧក្រិដ្ឋ​ជន​ជាដើម។

ឆ្កែ​យ៉កសៀរ ទែររីយើ អាយុ ៩​ឆ្នាំ រង់​ចាំ​ក្នុង​ការ​ចូលរួម​កង​ល្បាត វ៉ាន់​-​វ៉ាន់។ AFP

កម្មវិធី​ការ៉ាស៊ូយ៉ាម៉ា គឺជា​គំនិត​ផ្ដួចផ្ដើម​សហគមន៍​វ័យ​ចំណាស់​បំផុត​មួយ​ក្នុង​ប្រទេស​ជប៉ុន និង​ត្រូវបាន​បង្កើត​ឡើង​ដោយ​មន្ដ្រី​ប៉ូលិស​ក្នុង​ស្រុក​ម្នាក់។

អ្នកស្រី​ កៃកុ ស៊ីម៉ីហ្សុ ប្រធាន​ក្រុម​ល្បាត​នា​ពេលបច្ចុប្បន្ន បាន​និយាយថា​៖ «​ម្ចាស់​សុខន​អាច​បណ្ដើរ​ពួកវា​ដើរ​នៅ​ពេល​ណា​ក៏​បាន ឱ្យ​ពួកគេ​មាន​ពេលវេលា​ ដោយ​ត្រូវ​ពាក់​កន្សែង​ដូច​គ្នា​»។

អ្នកស្រី បាន​បន្ដថា​៖ «​សកម្មភាព​ល្បាត​របស់​សុខន​នៅតាម​ដង​វិថី មាន​ន័យ​ថា យើង​អាច​ជួយ​តំបន់​លំនៅឋាន​កាត់​បន្ថយ​បញ្ហា​ឧក្រិដ្ឋ​កម្ម​»។

ម្ចាស់​ឆ្កែ​ភាគច្រើន​​ជា​ឪពុក​ម្ដាយសិស្ស​ និង​ជា​អតីត​សិស្ស​សាលា​ក្នុង​តំបន់ តែ​អ្នក​ខ្លះ​ទៀត គ្រាន់តែ​ចង់​ចូលរួម​កិច្ច​ការ​ល្បាត​ក្នុង​សហគមន៍​​ដែល​ខ្លួន​រស់​នៅ ស្របពេល​នឹង​ដើរ​​កម្សាន្ត​ជាមួយ​សម្លាញ់ជើង​បួន​ផង។

ម្ចាស់ឆ្កែ​ចូលរួម​កម្មវិធី​បណ្ដើរ​សុនខ​ល្បាត​សហគមន៍ ភាគច្រើន​គឺ​ជា​ឪពុកម្ដាយសិស្សសាលា។ AFP

សំខាន់ ការងារ​ល្បាត​មិន​មែន​គ្រាន់តែជា​ការ​សម្ញែង​នោះទេ។ កង​ល្បាត​ដើរ​ឃ្លាំ​មើលតាមផ្លូវ និង​សម្គាល់​ភាពមិនប្រក្រតី​តាមគេហដ្ឋាន ដោយ​ក្នុង​នោះ​មាន​ករណី​បន្ទប់​ក្នុង​ផ្ទះ​បើក​ភ្លើង​ចោល​ជា​ច្រើនថ្ងៃ។

ប្រធាន​ក្រុម​ល្បាត ស៊ីមីហ្សុ បាន​ប្រាប់ AFP ថា​៖ «​​​សមាជិក​យើង​ម្នាក់​ក៏​បាន​​រក​ឃើញ​មនុស្ស​ចាស់​​ដេក​ស្លាប់​តែ​ឯង​»។

សម្រាប់​សមាជិក​វ័យ​ក្មេង អ៊ី​ហ្គារ៉ាស៊ិ សុខន​​មិនត្រឹម​តែ​ដើរ​តួជា​សន្តិសុខ​ការពារសហគមន៍​នោះទេ ពួកវា​ថែមទាំង​គួរ​ឱ្យ​ស្រឡាញ់ និង​អាច​ពឹង​អាស្រ័យ​ពេលរួមដំណើរទៀត​ផង។

កុមារ ​អ៊ី​ហ្គារ៉ាស៊ិ បាន​បន្ដថា​៖ «ការ​ដើរ​​ម្នាក់​ឯង អាច​ធ្វើ​ឱ្យ​ខ្ញុំ​ខ្លាច​តិច​តួច​ដែរ។ តែ​ដើរ​ជាមួយ​ឆ្កែ វា​ការ​បណ្ដើរ​គ្នា​លេង​ដ៏​គួរ​ឱ្យ​រីករាយ​ ហើយ​ខ្ញុំ​ក៏មាន​អារម្មណ៍​សុវត្ថិភាពពេល​ធ្វើដំណើរ​ជាមួយ​​ពួកវា​ផង​ដែរ​»៕ AFP/HR

សុខន​ប្រមាណ ១៥០​ ក្បាល​ បង្កើត​ជា​កង​ល្បាត វ៉ាន់​-វ៉ាន់ ជា​កម្មវិធី​ល្បាត​ប្រចាំថ្ងៃ។ AFP

ម្ចាស់ឆ្កែ​ចូលរួម​កម្មវិធី​បណ្ដើរ​សុនខ​ល្បាត​សហគមន៍ ភាគច្រើន​គឺ​ជា​ឪពុកម្ដាយសិស្សសាលា។ AFP