ក្រុង​ហ្សេរុយសាឡឹម៖ អ៊ីស្រាអែល​ត្រៀម​រៀបចំ​ព្រឹត្ដិការណ៍​ប្រកួត​កញ្ញា​ឯកចក្កវាឡ​ជា​លើក​ដំបូង ដែល​នឹង​ដាក់​បញ្ចាំ​ង​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ពី​រីសត​សមុទ្រ​ក្រហម​នៃ​ទីក្រុង​អៃឡាត។ នេះ​បើ​យោង​តាម​ក្រសួង​ទេសចរណ៍​ប្រទេស​នេះ​បាន​ឱ្យ​ដឹង​កាលពី​ថ្ងៃ​អង្គារ។

រដ្ឋ​មន្ដ្រី​ក្រសួង​ទេសចរណ៍ យូអែល រ៉ាហ្សវូហ្សាវ បាន​ឱ្យ​ដឹង​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​តាម​វីដេអូ​ថា​៖ «​ខ្ញុំ​មាន​ក្ដី​រំពឹង​យ៉ាង​មុត​មាំ​ថា ក្នុង​ខែ​ធ្នូ យើង​នឹង​រៀបចំ​មិន​ត្រឹម​តែ​ជា​ព្រឹត្ដិការណ៍​ប្រកួត​កញ្ញា​ឯកចក្កវាឡ​លើ​ក​ទីមួយ​នៅ​អ៊ីស្រាអែល​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​សំខាន់​បំផុត​នោះ គឺ​ការ​អបអរ​បញ្ចប់​វិបត្ដិ​កូវីដ​»។

ការ​ប្រកួត​បវរកញ្ញា​ឆ្នាំ​២០២០ ត្រូវបាន​លុប​ចោល​ដោយសារតែ​ការ​រីករាល​ដាល​ជំងឺ​កូវីដ ១៩ តែ​នៅ​ក្នុង​ខែ​ឧសភា បវរកញ្ញា​ម៉ិកស៊ិក អេនដ្រៀ មេហ្សា ត្រូវបាន​បំពាក់​មកុដ​ចក្កវាឡ​ នៅ​រដ្ឋ ​Florida។

ព្រឹត្ដិការណ៍​ប្រកួត​កញ្ញា​ឯកចក្កវាឡ​ជា​លើក​ដំបូង ដែល​នឹង​ដាក់​បញ្ចាំ​ង​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ពី​រីសត​សមុទ្រ​ក្រហម​នៃ​ទីក្រុង​អៃឡាត។ AFP

ការ​ប្រកួត​នៅ​ចុង​ឆ្នាំ​នេះ នឹង​ក្លាយ​ជា​ព្រឹត្ដិ​ការណ៍​លើក​ទី ៧០​ ហើយ​មាន​គណប្រតិភូ​មក​ពី​ជាង ១០០​ប្រទេស​ជុំវិញ​ពិភពលោក​មក​កាន់​ប្រទេស​អ៊ីស្រាអែល។

ក្រសួង​ទេសចរណ៍​បាន​ដក​ស្រង់​ប្រធាន​រៀបចំ​ព្រឹត្ដិការណ៍​កញ្ញា​ឯកចក្ដវាឡ អ្នកស្រី ផូឡា អេម ស៊ូហ្គាត ដោយ​បាន​និយាយ​ថា អ៊ីស្រាអែល ស្ថិត​ក្នុង​បញ្ជី​សម្រាំង​នៃ​ប្រទេស​រៀបចំ​ការ​ប្រកួត​នេះ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ដោយសារ​តែ​ប្រទេស​នេះសម្បូរ​ទៅ​ដោយ​ប្រវត្ដិ​សាស្ដ្រ ទេសភាព​ស្រស់​ស្អាត និង​ប្រពៃណី​ផូរផង់។

ការ​ប្រកួត​នេះ​ក៏​បាន​ទាក់ទាញ​មតិ​រិះគន់​នា​ពេល​កន្លង​ដោយសារ​រឿង​ប្រើប្រាស់​វេទិកា​សម្ញែង​រាង​សិចស៊ី​របស់​បេក្ខនារី​នីមួយៗ។

ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ វាបាន​ផ្លាស់​ប្ដូរ​មុខមាត់​ ដោយ​ផ្ដោត​សំខាន់​លើ​តម្លៃ​ស្ដ្រី និង​សកម្មភាព​របស់​ពួកនាង៕ AFP/HR

បវរកញ្ញា​ម៉ិកស៊ិក អេនដ្រៀ មេហ្សា ត្រូវបាន​បំពាក់​មកុដ​ចក្កវាឡ​ នៅ​រដ្ឋ ​Florida។ AFP