ក្រុង​វិចតូរីយ៉ា៖ ចង់​ទិញ​ «​បក្សី​ឌីជីថល​» ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន​មែន​ទេ? ជា​អ្វីដែល​ត្រូវបាន​ហៅថា​​ដំបូង​បំផុត​ក្នុង​លោក ​ក្រុម​អភិរក្សនៅ​ប្រទេស​សីស្ហែល បាន​បង្កើត​ផែន​ការ​លក់​វត្ថុ​ឌីជីថល​ ឬហៅថា NFTs នៃ​អម្បូរ​សត្វ​ល្វាចេក​ (magpie robin) ដ៏​កម្រ​បំផុត​ប្រចាំ​ប្រទេស​ដែន​កោះ​មួយ​នេះ។

អង្គការ​សមាគមន៍ Nature Seychelles បាន​ឱ្យ​ដឹងថា គោល​បំណង​ចម្បង​គឺ​រៃ​អង្គាស​ប្រាក់​សម្រាប់​កិច្ចការ​អភិរក្ស ខណៈ​ប្រភព​មូលនិធិ​ចាស់​បាន​អស់​អំឡុងពេល​វិបត្ដិ​កូវីដ ១៩។

បក្សី​ឌីជីថល​ភ្លោះ​ពណ៌​ស និង​ខ្មៅ​អាច​លក់​ក្នុង​តម្លៃ​ទាប​ត្រឹម​តែ ១០​ដុល្លារ ឬ​ខ្ពស់​បំផុត​រហូត​ដល់ ១​ម៉ឺន​ដុល្លារ ដោយ​នាយកប្រតិបត្ដិ​​ Nature Seychelles នីម៉ាល់ សះ បាន​ប្រាប់ AFP ថា ពួកគេ​បាន​រៃ​អង្គាស​ប្រាក់​ ២ ៥០០​ ដុល្លារ​ នៅ​ថ្ងៃ​ដំបូង​នៃការ​បើក​យុទ្ធនាការ​ថ្ងៃ​ចន្ទ។

បក្សី​ល្វាចេក នៅ​សីស្ហែល ត្រូវបាន​ដាក់​លក់​ជា​បក្សី​ឌីជីថល​ដើម្បី​រក​មូលនិធិ​អភិរក្ស។ AFP

NFTs ឬវត្ថុ​ឌីជីថល មាន​ដូចជា គំនូរ គំនូរជីវចល តន្ដ្រី រូបភាព ឬ​វីដេអូ ដែល​ទម្រង់​វត្ថុ​ពិត​ត្រូវបាន​បញ្ចាក់​បច្ចេកវិទ្យា​ប្លុកឆែន ដែល​រារាំងការ​លួច​ចម្លង​ស្នាដៃ ឬ​លួច​គ្រប់​គ្រង។

ប្រជុំ​កោះ​លើ​មហាសមុទ្រ​ឥណ្ឌា គឺជា​ជម្រក​សត្វ​ពពួក​បក្សី​ល្វាចេក​ ៤០០ ​ក្បាល ដោយ​ ៥៩ ​ក្បាល​ ត្រូវបាន​រក​ឃើញ​នៅ​លើ​កោះ​ព្រៃ​ Cousin Island។

អង្គការ Nature Seychelles បាន​ចេញ​លក់​វត្ថុ​ឌីជីថល​ត្រឹមចំនួន​កំណត់តែ ៥៩​ ដើម្បី​តំណាង​ឱ្យ​បក្សីរស់​នៅ​លើ​ដែន​ Cousin Island។

លោក សះ បាន​និយាយថា​៖ «​យើងអាច​ចូលរួម​ចំណែក​អ្វីដែល​ខ្លួន​មាន ហើយ​ប្រាក់​ទាំង​នោះ​នឹងមក​កាន់​ពួក​យើង​ដោយ​ផ្ទាល់​ដើម្បី​ជួយ​កិច្ចការ​គ្រប់​គ្រង​បក្សី​កម្រ​ទាំង​នោះ​»៕ AFP/HR

រូបថត​បក្សី​ល្វាចេកនៅ​ប្រទេស​ភូមា​ ដែលជា​​ត្រូវបាន​ចត្វ​ទុក​ជា​សត្វ​កម្រ​។ AFP