ភ្នំពេញ៖ មហោស្រព​សម្ដែង​តន្ត្រី​អាស៊ាន​​ (AMS) បាន​វិល​ត្រឡប់​មក​ជា​ថ្មី​នៅ​ខែ​កញ្ញា ក្នុង​ឆ្នាំ​ទី២​ របស់​ខ្លួន ដោយ​កាន់​តែ​បំពេញ​ភាព​ចម្រុះ​សម្បូរ​​បែប​​នៃ​សិល្បៈ តាមរយៈ​​ការ​ចូលរួម​​ពី​សិល្បករ​-​សិល្បការិនី​​​ចំនួន​ ២ ​ប្រទេស​បន្ថែម​ទៀត​គឺ ប្រទេស​កម្ពុជា និង​ប្រទេស​វៀតណាម។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់ AMS កម្មវិធី​មហោស្រព​រយៈពេល​ ៣ ​ថ្ងៃ​នេះ​ នឹង​ធ្វើ​ឡើង​លក្ខណៈ​​អនឡាញ​នៅ​ចុង​សប្ដាហ៍​នាថ្ងៃ​ទី ១១ និង ១២ ខែ​កញ្ញា តាមរយៈ​បណ្ដាញ​សង្គម​វីដេអូ​យូធូប ដោយ​រំលេច​នូវ​ការ​​សម្ដែង​ពី​តារា​​សិល្បៈ​​ពី​បណ្ដា​ប្រទេស​​នានា​ក្នុង​តំបន់។

ដោយ​ឡែក​នៅ​ថ្ងៃទី ១៣ ខែ​កញ្ញា មហោស្រព​សម្ដែង​តន្ត្រី​អាស៊ាន​នេះ​​នឹង​​ផ្ដល់​នូវ​កម្មវិធី​ជំនួប​ឯកជន​ ដោយ​ផ្ដល់​ឱកាស​ដល់​សិល្បករ​-សិល្បការិនី​ទើប​នឹង​រះ​ថ្មី​អាច​ផ្សាភ្ជាប់​ទំនាក់ទំនង​ជាមួយ​អ្នក​ជំនាញ​ក្នុង​ឧស្សាហកម្ម​តន្ត្រី​សកល។

មហោស្រព​នេះ​ ត្រូវ​បាន​សហការ​រៀបចំ​ដំបូង​​កាល​ពី​ឆ្នាំ​មុន​ ដោយ​ប្រទេស​ស្ថាបនិក​ទាំង ​៥ ​នៅ​អាស៊ាន មាន​ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និង​ថៃ ខណៈ​ឆ្នាំ​នេះ​​កម្ពុជា និង​វៀតណាម​​​ បាន​ចូលរួម​ពង្រីក​​កម្មវិធី​ឱ្យ​កាន់​តែ​សម្បូរ​បែប។

សហស្ថាបនិក​មហោស្រព AMS លោក ភីយ៉ាពង្ស ភី មូអ៊ិនប្រាសឺតឌី បាន​និយាយ​ថា៖ «​វិបត្តិ​កូវីដ​សកល​ផ្ដល់​ឱកាស​​ប្លែក​ម៉្យាង​​ដល់​សិល្បករ និង​អ្នក​រៀបចំ​មហោស្រព​តន្ត្រី»។

លោក ភី ដែល​ជា​នាយក​សហការ​ផ្នែក​អប់រំ កិច្ចការ​រដ្ឋាភិបាល និង​សហប្រតិបត្តិការ និង​ក្រុមហ៊ុន​តន្ត្រី Fungjai មាន​មូលដ្ឋាន​នៅ​ក្រុង​បាងកក បាន​​បន្ត​ថា៖ «ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​វីរុស មហោស្រព​​សម្ដែង​សិល្បៈ​ជា​ច្រើន​​ជុំវិញ​ពិភព​លោក​បាន​ចាប់​យក​​ឆាក​អនឡាញ ដែល​មាន​ន័យ​ថា​ យើង​អត់​ចាំបាច់​ចំណាយ​ថវិកា​​​ធ្វើ​ដំណើរ និង​ស្នាក់នៅ​ ដើម្បី​ចូលរួម​នោះ​ទេ»។

​តារាចម្រៀង និងអ្នកសិល្ប​ៈដែលបានចូលរួមមហោស្រព AMS កាលពីឆ្នាំមុន​​។ រូបថត សហ​ការី

ទាំង​សិល្បករ តន្ត្រីករ​អន្តរជាតិ និង​ទីភ្នាក់ងារ​ស្វែងរក​តារា គ្រាន់​តែ​ចូល​មក​​កម្មវិធី​អនឡាញ​នេះ ពួក​គេ​អាច​ជួប​គ្នា​ចរចា និង​រួម​ដំណើរ​​បើក​ទ្វារ​ឆ្ពោះ​ទៅ​អនាគត។

លោក​ ភី បាន​បញ្ជាក់​ថា៖ «មហោស្រព​របស់​យើង​ត្រូវ​បាន​បង្កើត​នៅ​ឆ្នាំ ២០២០ ចំពេល​​មាន​វិបត្តិ​កូវីដ ដែល​បង្ខំ​ឱ្យ​កម្មវិធី​ធ្វើ​ឡើង​អនឡាញ​ទាំង​ឆ្នាំ​មុន និង​ឆ្នាំ​នេះ។ ប៉ុន្តែ​នៅ​ថ្ងៃ​អនាគត​ យើង​នៅ​តែ​សង្ឃឹម​ថា ​នឹង​អាច​រៀបចំ​​​ឆ្លាស់​គ្នា​នៅ​តាម​បណ្ដា​ប្រទេស​អាស៊ាន​ដែល​ជា​សមាជិក»។

មហោស្រព​​ AMS ឆ្នាំ​នេះ នឹង​មាន​សិល្បករ​-សិល្បការិនី​ចំនួន ២៨ ​នាក់ ​មក​ពី​ ៧ ​ប្រទេស ដោយ​ក្នុង​ ៤ ​ប្រទេស​​​មាន​តំណាង ៤ ​នាក់។ យ៉ាងណាមិញ បញ្ជី​រាយនាម​អ្នក​សិល្បៈ​នៅ​ពុំ​ទាន់​ត្រូវ​បាន​បង្ហាញ​ឈ្មោះ​នៅ​ឡើយ​ទេ។

តារា​សិល្បៈ​ដែល​នឹង​ចូលរួម​ត្រូវ​​ត្រៀម​​ផលិត​វីដេអូ​ជា​ការ​ប្រគំ​តន្ត្រី​ ច្រៀង​ សម្ដែង ឬ​លេង​ឧបករណ៍​ភ្លេង​រយៈពេល​កន្លះ​ម៉ោង សម្រាប់​ការ​ផ្សព្វផ្សាយ​ជូន​ទស្សនិកជន ក្រុមហ៊ុន​អ្នក​រៀបចំ​កម្មវិធី ភ្នាក់ងារ​ចែកចាយ​តន្ត្រី និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​បាន​ទស្សនា។

បង្កើត​ឡើង​ដោយ​អ្នក​រៀបចំ​ និង​ផ្សព្វផ្សាយ​ការ​ប្រគំ​តន្ត្រី​មក​ពី ៥ ​ប្រទេស​ឆ្នាំ​នេះ ស្ថាបនិក​មហោស្រព​​រីករាយ​ដែល​មាន​ការ​ចូលរួម​ពី​​កម្ពុជា និង​វៀតណាម ​ដោយ​រំពឹង​ថា ឆ្នាំ​ក្រោយៗ​​នឹង​​​ទទួល​បាន​គ្រប់​បណ្ដា​ប្រទេស​​អាស៊ាន​ទាំង​អស់៕