ភ្នំពេញ៖ ដោយ​សំអាង​លើ​ទុន​នៃ​អាជីព​​ការងារ​​ផ្តួចផ្តើម​ដំបូងជា​តារាម៉ូ​ដែល និង​បទពិសោធ​ការងារ​​សង្គម​សិល្បៈ​​រយៈពេល ៦ ឆ្នាំ គួប​ផ្សំ​រូប​សម្ផស្ស​ សមត្ថភាព​ ​ទេពកោសល្យ​ និង​ការ​ត្រៀម​​ខ្លួន​ទុក​មុន ១ ​ឆ្នាំ​ផង​នោះ ទើប​ជំរុញ​ឱ្យ​ទឹក​ចិត្ត​ស្រីស្អាត​រាង​តូច​ច្រឡឹង កញ្ញា ងិន រ៉ូហ្សា មាន​​សុទិដ្ឋិនិយម​ខ្លាំង​​ចំពោះ​លទ្ធផល​​ប្រកួត​ដណ្តើម​​​​តំណែង​កញ្ញាឯក​ចក្កវាឡ​កម្ពុជា​ឆ្នាំ ២០២១។ ​​​

ជា​បេក្ខភាព​​មួយ​រូប ដែល​បាន​ដាក់​ពាក្យ​ចូលរួម​កម្មវិធី​​ប្រកួត​កញ្ញាឯក​ចក្កវាឡ​កម្ពុជា​ប្រចាំ​ឆ្នាំ​​ ២០២១ កម្ពស់ ១,៦៨ ម៉ែត្រ វ័យ​ ២២ ឆ្នាំ កើត​នៅ​​ភ្នំពេញ កញ្ញា ងិន រ៉ូហ្សា ​បង្ហើប​ពី​គោល​ជំហរ និង​ភាព​ជឿជាក់​លើ​សមត្ថភាព​ និង​ទេពកោសល្យ​ខ្លួន​ថា៖ «​កម្មវិធី​ប្រកួត​​កញ្ញាឯក​ចក្កវាឡ​កម្ពុជា​ឆ្នាំ​ ២០២១ នាង​​ខ្ញុំ​​មាន​ជំនឿ​ចិត្ត​ខ្លាំង​លើ​ខ្លួន​ឯង​ថា នឹង​​អាច​ទទួល​បាន​លទ្ធផល​ល្អ​ ១០០ ភាគរយ​ ដោយសារ​​នាង​ខ្ញុំ​បាន​ត្រៀម​ខ្លួន​ឯង​​រួច​ជាស្រេច​​រយៈពេល ១ ឆ្នាំ សម្រាប់​ការ​ប្រកួត​មួយ​នេះ​​​»។​

ទោះបី​មាន​បទពិសោធ​ជា​តារា​ម៉ូដែល និង​ធ្លាប់​ជាប់​ចំណាត់​ថ្នាក់​ល្អ​ក្នុង​ការ​ប្រកួត​​ Miss & Mister Cat of City 2016 ដោយ​កញ្ញា​​ រ៉ូហ្សា ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ១ ​ផ្នែក​​ Miss Cat Walk 2016​ បាន​ប្រឡូក​​វិស័យ​សិល្បៈជា​ពិធីការិនី​ទូរទស្សន៍​ចំនួន ​៦ ​ឆ្នាំ​ និង​បាន​បញ្ចប់​ការ​សិក្សា​ផ្នែក​ទំនាក់​ទំនង​អន្តរជាតិ​នៅ​សាកលវិទ្យាល័យ​ មាន​ចំណេះដឹង​ល្អ​ផ្នែក​ភាសាបរទេស​មែន​​ក្តី ក៏​ស្រីស្រស់​រូប​នេះ​ នៅ​​​រង់ចាំ​ការ​វាយ​តម្លៃ​ពី​មហាជន​លើ​សមត្ថភាព និង​ទេពកោសល្យ​ខ្លួន​បន្ត​នាពេល​ប្រកួត​​។

កញ្ញា ងិន រ៉ូហ្សា ដែល​ជា​ពិធីការិនី​​នៃ​កម្មវិធី​ Revlon Face 2 Face ឆ្នាំ​ ២០១៨ ​នៅ​ប៉ុស្តិ៍​ទូរទស្សន៍ CTN និង​ជា​ទូតសុច្ឆន្ទៈ​នៃ​ផលិតផល ​Revlon កាល​នោះ បាន​បញ្ជាក់​ថា៖ «យ៉ាង​ណា ក៏​ត្រូវ​រង់ចាំ​ទុក​ឱ្យ​ប្រិយមិត្ត​​បងប្អូន​ ដែល​និយម​តាម​ដានកម្ម​វិធី​ប្រកួត​ Miss Universe Cambodia​ និង​វាយ​តម្លៃ​លើ​​​​សមត្ថភាព និង​ទេពកោសល្យ​​នាង​ខ្ញុំ​ នាពេល​ចាប់​ផ្តើម​​ប្រកួត​កម្មវិធី​តែ​ម្តង​»។​

តារា​ម៉ូដែល​រូប​ស្រស់ រ៉ូហ្សា ដែល​មាន​រាង​ស្រលូន​ស្អាត​​វ័យ ​២២ ឆ្នាំ អាច​និយាយ​បាន​ ៣ ភាសា គឺ​​ភាសា​ខ្មែរ​ដែល​ជា​ភាសា​កំណើត អង់គ្លេស​អាច​ប្រើ​​លក្ខណៈ​សកល​បាន​ និង​ចេះ​ភាសា​ថៃ​បន្តិចបន្តួច​​​នោះ​ បាន​បង្ហាញ​អំពី​​ឆន្ទៈ​ដ៏​មោះមុត​ក្នុង​​នាម​ជា​ស្រ្តី​ខ្មែរ​ត្រូវ​ចូលរួម​ការ​ប្រកួត​កញ្ញាឯក​ចក្កវាឡ​កម្ពុជា​ក្នុង​ឆ្នាំ​ ២០២១ ​នេះ​​។

កញ្ញា​បន្ថែម​ថា៖ «មូលហេតុ​ដែល​នាង​ខ្ញុំ​ចង់​​ដាក់​ពាក្យ​ប្រកួត​ដោយសារ​វេទិកា​នេះ វា​ល្អ​​សម្រាប់​ស្ត្រី​ខ្មែរ​ទាំង​អស់ អាច​​បង្ហាញ​សមត្ថភាព​ ទេពកោសល្យ​​​ខ្លួន និង​អាច​ឈាន​​​ដល់​ការ​សម្រេច​ក្តី​សុបិន​របស់​​ខ្លួន​ឯង​បាន​។​ មិន​តែ​ប៉ុណ្ណោះ​ វា​ក៏​ជា​ឱកាស​​អាច​ចូល​រួម​ ដើម្បី​​​ជួយ​ដោះស្រាយ​នូវ​​រឿង​រ៉ាវ ឬ​បញ្ហា​នានា​ជា​វិបត្តិ​​ក្នុង​សង្គម​ ដែល​កំពុង​​តែ​ត្រូវ​ការ​ជំនួយ​នោះ​ទៀត​ផង៕​