ក្រុង​ស្ដុកខុល៖ មន្ដ្រី​អ្នក​នាំពាក្យ​ពន្ធនាគារ​​បាន​ប្រាប់ AFP ថា​ អ្នក​យាមគុក​ ២ ​នាក់​ ត្រូវ​បាន​អ្នកទោស​ ២ នាក់​ ​ចាប់​ជា​ចំណាប់​ខ្មាំង​​អស់​រយៈពេល ៩ ​ម៉ោង​ កាល​ពី​ថ្ងៃ​ពុធ​ ដោយ​​ទាមទារ​ភីហ្សា​ជា​​ថ្នូរ​នឹង​ការ​ដោះលែង។

អ្នក​នាំពាក្យ​ពន្ធនាគារ​ឈ្មោះ ស្ទីណា លីលេស៍ បាន​និយាយ​ថា​ បុគ្គលិក​ឆ្មាំ​គុក​អត់​មាន​របួស​អ្វី​ទេ ហើយ​ពួក​គេ​​អាច​វិល​ត្រឡប់​ទៅ​ផ្ទះ​ជួបជុំ​​គ្រួសារ​ដោយ​សុវត្ថិភាព។

មន្ត្រី​ពន្ធនាគារ​ម្នាក់​ទៀត​ឈ្មោះ​ ថូខែល​ អូមនែល បាន​និយាយ​ទៀត​ថា ​អ្នក​ទោស​ទាំង​ ២ ​នាក់ ជាប់​ពន្ធនាគារ​​ពី​បទ​​ឃាតកម្ម​នៅ​ឯ​ពន្ធនាគារ​សន្តិសុខ​​ខ្ពស់ Hallby ជិត​ក្រុង Eskilstuna បាន​បន្លំ​ខ្លួន​ចូល​ដល់​តំបន់​​​​បម្រុង​​​ទុក​សម្រាប់​តែ​ឆ្មាំ​យាម​នៅ​ម៉ោង​​ប្រហែល ១២ និង ៣០ ​នាទី​រសៀល។

ទៅ​ដល់​ភ្លាម អ្នកទោស​ទាំង ​២ ​នាក់​​​​នោះ បាន​ចាប់​ឆ្នាំ​គុក ​២ ​នាក់​ ធ្វើ​ជា​ចំណាប់​ខ្មាំង​ដែល​ស្ថិតនៅ​ក្នុង​តំបន់​នោះ​តែ​ម្ដង​។

លោក អូមនែល បាន​និយាយ​ប្រាប់​ថា៖ «យើង​បាន​បញ្ជូន​អ្នក​សម្រុះសម្រួល​យ៉ាង​រហ័ស ហើយ​ក៏​បាន​ទូរស័ព្ទ​ទៅ​ប៉ូលិស​ភ្លាមៗ»។

យោង​តាម​សេចក្តី​រាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ស៊ុយអែត​បាន​ឱ្យ​ដឹង​ថា​ អ្នក​ចាប់​ចំណាប់​ខ្មាំង​បាន​ធ្វើ​ការ​ទាមទារ​ ២ ​ចំណុច ​​គឺ​ឧទ្ធម្ភាគចក្រ​សម្រាប់​​រត់​គេច​ខ្លួន ​និង​នំ​ភីហ្សា​ចំនួន ​២០ ​បន្ទះ​ សម្រាប់​ឲ្យ​អ្នក​ទោស​​ផ្សេង​ទៀត​ទទួល​ទាន​។

អ្នក​នាំពាក្យ​ពន្ធនាគារ​រូប​នេះ​បាន​​បញ្ជាក់​ប្រាប់​​ថា៖ «ត្រូវ​ហើយ ​ភីហ្សា​ត្រូវ​បាន​ប្រគល់​ជូន​អ្នក​ទោស​»។

ប៉ូលិស​បាន​និយាយ​ថា ​អ្នកទោស​ទាំង ២ ​នាក់ ​ត្រូវ​បាន​នាំ​ទៅ​កាន់​ប៉ុស្តិ៍​ប៉ូលិស ​ដើម្បី​ធ្វើ​ការ​សាកសួរ​ពី​បទ​ចាប់​ជំរិត៕ AFP/HR