ភ្នំពេញ៖ ស្ងាត់ៗ! ​​ប្តី​ប្រពន្ធ​ដែល​ផ្តើម​អាជីព​ជា​​អ្នក​សិល្បៈ​ និង​​​ក្រោយ​ពី​រៀបការ​​ក៏​បង្កើត​អាជីវកម្ម​ក្រៅ​សិល្បៈ​​ដុះដាល​ដូច​ផ្សិត​អ្នកនាង គង់ ចាន់ស្រីមុំ និង​ស្វាមីលោក គឹម សីហា បង្ហើប​ពី​ទ្រព្យ​ធន​ពួក​គេ​រក​បាន​​រួម​គ្នា​ សល់​សម្រាប់​ទុក​ជា​កេរមរតក​ឱ្យ​កូន​ស្រី​​ដំបូង​ ទើប​វ័យ ​៣ ​ឆ្នាំ។​

ទោះបី​ជា​គេ​ឃើញ​​ប្តី​ប្រពន្ធ​អ្នក​សិល្បៈ ១​ គូ​នេះ ដែល​បច្ចុប្បន្ន​ជា​ម្ចាស់​អាជីវកម្ម​នៃ​ក្រុមហ៊ុន​លក់​ផលិតផល​រក្សា​សម្ផស្ស និង​បើក​ហាង​អាហារ​សុខភាព​ ​​យីហោជា​ឈ្មោះ​កូនស្រី​​​​ថា «MOMO» បាន​បង្ហោះ​សារ​បែប​ត្អូញ​ត្អែរ​មែន​​ក្តី តែ​មិន​មាន​ន័យ​ថា ពួក​គេ​មាន​ជីវភាព​ខ្សត់​ដូចជា​វាចា​នោះ​ឡើយ។

តារា​សម្តែង​ស្រី​ធ្លាប់​មាន​ឈ្មោះ​​បោះ​សំឡេង​ជា​តារា​ស្រី​សិចស៊ី សាច់​ខ្ចី អ្នកនាង គង់ ចាន់​ស្រីមុំ បច្ចុប្បន្ន​មាន​​វ័យ ​៣២ ឆ្នាំ បាន​បង្ហើរ​សារ​ នាពេល​ខ្លួន និង​ស្វាមី រួម​ទាំង​កូន​ស្រី​សំណព្វ​ចិត្ត​វ័យ ​៣ ​ឆ្នាំ ឈ្មោះ គឹម សីហ៍មរកត ហៅ MOMO បាន​ទៅ​មើល​ដី​​ដែល​​ទិញ​ ១ កន្លែង​ តាម​ហ្វេសប៊ុក​ និង​អ៊ីនស្តាក្រាម​ថា៖ «ហ៊ឹម! រកស៊ី​​យូរ​ហើយ គ្មាន​សល់​លុយ​អី​សោះ សល់​តែ​ក្រដាស​ប្លង់ ៦ កន្លែង អង្គុយ​ឱប​ទុក​ឱ្យ​កូន​តែ​ប៉ុណ្ណោះ។ តែ​ប៉ុណ្ណឹង​គ្រួសារ​តូច​យើង​មាន​សុខ​ហើយ។ ពួក​យើង​នឹង​បន្ត​កាន់ដៃ​គ្នា​ទៅ​ឱ្យ​ដល់​គោល​​ដៅ ដែល​អូន​បាន​ប្រាថ្នា។ អរគុណ ​ប្តី​ដែល​ផ្តល់​សុភមង្គល​ដល់​​កូន និង​គ្រួសារ»។​

ទោះបី​ជា​​មិន​អាច​សុំ​ការ​បញ្ជាក់​​លម្អិត​ថា ប្លង់​ផ្ទះ និង​ដី ៦ កន្លែង​នោះ ស្ថិត​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ទាំង​អស់ ឬ​មាន​នៅ​តាម​ខេត្ត​ផ្សេង​ទៀត​​ពី​ប្តី​ប្រពន្ធ​អ្នក​សិល្បៈ ដែល​ស្រាក់​ដៃ​គ្នា​បើក​អាជីវកម្ម​ ក្រោយ​ពី​រៀប​ការ​បាន​ ៦​ ឆ្នាំ មក​ហើយ​នោះ​ក្តី​ ព្រោះ​ទូរស័ព្ទ​មិន​អាច​ទាក់ទង​បាន​ក៏​គេ​សង្កេត​ឃើញ​​គ្រួសារ​តូច​នេះ​តែង​បង្ហាញ​ពី​​ភាព​ហ៊ឺហា ស៊ីវិល័យ និង​ធ្វើ​ដំណើរ​ក្រៅ​ប្រទេស​ជា​ញឹកញាប់​មិន​​ខ្វះ​ប្រាក់​ឡើយ។​

គួរ​បញ្ជាក់​​ថា តារា​ស្រីរូប​ស្រស់ អ្នក​នាងគង់ ចាន់ស្រីមុំ បាន​ធ្វើ​ការ​វះ​កាត់​សម្រាល​កូន​ស្រី​ដំបូង​​របស់​ខ្លួន​ដោយ​ជោគជ័យ នៅ​ព្រឹក​​ថ្ងៃទី ៧ ខែ កក្កដា ឆ្នាំ ២០១៨ ពោល​​គឺ​បន្ទាប់​ពី​ថ្ងៃ​ខួប​កំណើត​របស់​នាង ដែល​ប្រព្រឹត្ត​ទៅ​យ៉ាង​សប្បាយ​អស់ដៃ​ជាមួយ​សាច់​ញាតិ ព្រម​ទាំង​មិត្តភក្តិ​ជិត​ស្និទ្ធ កាល​ពី​រាត្រី​ថ្ងៃទី ៦ ខែ កក្កដា ឆ្នាំ​ដដែល ​ឯ​មន្ទីរពេទ្យ Chetra Polyclinic & Julie Maternity។

បើ​តាម​វីដេអូ​ឃ្លីប​ខ្លី​មួយ ដែល​បង្ហាញ​ពី​មុខ​មាត់​កូនស្រី​ជា​ទី​ស្រឡាញ់​របស់​ខ្លួន​នោះ​ លោក គឹម សីហា ជាប្តី​ និង​ជា​ប៉ា បាន​បញ្ជាក់​ថា កូនស្រី​ដែល​ទើប​តែ​សម្រាល​​នៅ​ថ្ងៃ​ពិសេស គឺ​ថ្ងៃទី ៧​ ខែ ៧ នាវេលា​ម៉ោង ៧ ព្រឹក​ ត្រូវ​បាន​ដាក់​ឈ្មោះថា គឹម សីហ៍មរកត ហៅ​ថា «ម៉ូម៉ូ»។

ចំណង​ស្នេហ៍​ជិត​​ ១ ​ទសវត្សរ៍​​ ​រវាង​លោក​ គឹម សីហា និង គង់ ចាន់​ស្រីមុំ ​ឈាន​ដល់​ដំណាក់កាល​​ក្រាប​ផ្ទឹម​តាម​ទំនៀម​ទម្លាប់​ខ្មែរ​ ​រៀបការ​​កាល​ពី​ថ្ងៃ​ទី​ ១៤ ខែ​ មីនា ឆ្នាំ​ ២០១៦ នៅ​​សណ្ឋាគារ​លំដាប់​ផ្កាយ​​ សូហ្វីតែល​ភ្នំពេញ​ភូគីត្រា ខណៈ​​ពេល​ដែល​ការ​​ចំណាយ​​លើ​ពិធី​មង្គលការ​​នោះ​ ​មិន​​បូក​បញ្ចូល​នឹង​តម្លៃ​ចិញ្ចៀន​ពេជ្រ​អស់​​ជាង ​១០ ម៉ឺន​ដុល្លារ​។

ក្រោយ​ពី​រៀប​ការ​រួច​​មក ​អ្នក​​ទាំង​ ២​ ​ក៏​បាន​រួម​​គ្នា​បោះ​ទុន​បើក​មុខ​ជំនួញ​ជាច្រើន​ ដូចជា​​បើក​​ហាង​លក់​​សម្លៀក​បំពាក់​នាំចូល​ទឹក​អប់​ម៉ាក​​ផ្ទាល់​ខ្លួន និង​បើក​ដំណើរការ​​ភោជនីយដ្ឋាន​ជា​ដើម​៕