ក្រុង​ប៉ារីស៖ ​ជា​អាហារ​ឆ្ងាញ់​របស់​បារាំង​ ប៉ុន្តែ​វា​តែង​​រង​សម្ពាធ​ជេរ​ស្ដី​ពី​សកម្មជន​​ការពារ​សិទ្ធិ​សត្វ​។ ​​តើ​ថ្លើម​ក្ងាន ឬ​ថ្លើម​ទា ​ដែល​បារាំង​ហៅ​ថា ហ្វ័រក្រា បាន​ផលិត​ចេញ​ពី​ការ​បណ្ដុះ​កោសិកា​ដើម​នៅ​មន្ទីរ​ពិសោធន៍​នោះ អាច​ទទួល​បានការ​គាំទ្រ​លើ​តុអាហារ​ដល់​កម្រិត​ណា​?

នោះ​​ជា​គោលដៅ​សម្រាប់​ក្រុមហ៊ុន Gourmey មាន​មូលដ្ឋាន​នៅ​ក្រុង​ប៉ារីស​ និង​ជា​ការ​បណ្តាក់​ទុន​ពី​អឺរ៉ុប និង​អាមេរិក​ ​ក្នុង​​​ថវិកា​​ ១០ ​លាន​ដុល្លារ ដើម្បី​ធ្វើ​ឱ្យ​រូបមន្ត​ធ្វើ​ម្ហូប​ថ្លើម​​ទា​ថ្លើម​ក្ងាន​រាង​​សំប៉ែតៗ​នេះ​ ចេញ​ពី​មន្ទីរ​ពិសោធន៍​ទៅ​​កាន់​ចាន​ម្ហូប​។​

លោក​ នីកូឡាស ​ម៉ូន វ័រ​ គឺ​ជា​ស្ថាបនិក​ម្នាក់​ក្នុង​ចំណោម ​៣ ​​​នាក់ របស់​ក្រុមហ៊ុន Gourmey បាន​និយាយ​ថា៖ «វា​ជា​ផលិតផល​ដ៏​ចម្រូង​ចម្រាស ហើយ​យើង​ពិត​​ជា​ត្រូវ​ការ​ជម្រើស​​ហ្វ័រក្រា​ថ្មី​សន្លាង»។

រសជាតិ​ដ៏​ឆ្ងាញ់​ជាប់​ចិត្ត​របស់​វា ​ជា​​លទ្ធផល​នៃ​ការ​​បញ្ច្រក​អាហារ​​តាម​បំពង់​​​​រុក​ចូល​ក​បក្សី​ ដែល​ការ​អនុវត្ត​នេះ​ត្រូវ​គេ​​ចាត់​ទុក​ថា​ ជា​ទង្វើ​​សាហាវ​ឃោរឃៅ​ចំពោះ​សត្វ។

រដ្ឋ​កាលីហ្វ័រនីញ៉ា​បាន​ហាមប្រាម​ការ​​លក់​ហ្វ័រក្រា​​ជា​ច្រើន​​ឆ្នាំ​មក​ហើយ ខណៈ​ញូវយ៉ក​គ្រោង​នឹង​​ដាក់​អាហារ​នេះ​ក្រៅ​ច្បាប់​នៅ​ឆ្នាំ​ក្រោម។

អង់គ្លេស​​​ហាម​​ការ​ផលិត​ហ្វ័រក្រា និង​កំពុង​តែ​ថ្លឹង​ថ្លែង​​ដាក់​បម្រាម​លក់​ដូរ​វា ខណៈ​សភា​អឺរ៉ុប​​កាល​ពី​ខែ​មុន​បាន​ស្នើ​​លប់​បំបាត់​ការ​បញ្ច្រក​​ចំណី​ទា និង​ក្ងាន​ ដើម្បី​ប្រមូល​ផល​ថ្លើម​ធំៗ។

ក្រុមហ៊ុន Gourmey បាន​ចំណាយ​ពេល​ជាង ២ ​ឆ្នាំ​ អភិវឌ្ឍ​ថ្លើម​បក្សី ដែល​មាន​រសជាតិ​ស្ទើរ​តែ​ដូច​គ្នា​បេះ​បិទ​នឹង​របស់​ធម្មជាតិ ដើម្បី​ផ្គត់ផ្គង់​ផ្ទះ​បាយ​ចុងភៅ​បារាំង និង​អ្នក​និយម​​​​ហ្វ័រក្រា។

​យុវជន​បារាំង​បណ្ដុះ​កោសិកាស៊ុតទា​បង្កើត​ថ្លើម​ទា​បញ្ឈប់​ការ​ចិញ្ចឹមព្រៃផ្សៃ។ រូបថត AFP

ក្រោយ​ពី​​សាកល្បង​ប្រមាណ ៦០០​ ដង ក្រុមហ៊ុន​ដែល​មាន​បុគ្គលិក​ ២០ នាក់ និង​សហស្ថាបនិក​លោក អង់តូនីន ដាវីដូហ្វ ​អ្នក​ជំនាញ​ជីវកោសិកា និង​​វិចទ័រ សាយូស ជា​អ្នក​ជីវ​មូលេគុល។

លោក សាយូស បាន​អះអាង​ថា៖ «​បើ​និយាយ​ពី​រសជាតិ សាច់ និង​សណ្ឋានភិនភាគ វា​​ដូច​ទៅ​នឹង​ហ្វ័រក្រា​​មែនទែន ៩០ ​ភាគរយ​ឯណោះ។ អ្នក​​​បាន​ភ្លក្ស​វា​ស្ទើរ​មិន​ដឹង​ថា ជា​ហ្វ័រក្រា​ផលិត​នៅ​មន្ទីរពិសោធន៍​ទេ»។

ពួក​គេ​បាន​ប្រើ​បច្ចេកទេស​ដក​យក​កោសិកា​ពី​ស៊ុត​ទា រួច​ដាក់​ក្នុង​​កែវ​ចិញ្ចឹម​​អាលុយមីញ៉ូម ទុក​ឱ្យ​កោសិកា​នោះ​​ហែល​ក្នុង​សូលុយស្យុង​ជីវជាតិ​ក្នុង​សីតុណ្ហភាព ៣៧ ​អង្សាសេ។

កោសិកា​ថ្លើម​​ចាប់​ផ្ដើម​លូត​លាស់​ដោយ​ប្រើ​ពេល ២ ទៅ ​៣ ​សប្ដាហ៍ មុន​នឹង​​​ប្រេង​រុក្ខជាតិ​ត្រូវ​បាន​បន្ថែម ដើម្បី​ឱ្យ​សណ្ឋាន​​ថ្លើម​​​មាន​ជាតិ​ខ្លាញ់​​រលើប។​

ប៉ុន្តែ​​​ហ្វ័រក្រា​​​ដែល​បណ្ដុះ​ពី​កោសិកា​ចាំបាច់​​​ត្រូវ​ការ​វិញ្ញាបនបត្រ​ពី​អាជ្ញាធរ​សុខាភិបាល ខណៈ​បច្ចុប្បន្ន​មាន​តែ​​សិង្ហបុរី​ប៉ុណ្ណោះ​ ដែល​អនុម័ត​​ឱ្យ​ប្រើប្រាស់​ផលិតផល​សាច់​​​មាន់​​ផលិត​ពី​មន្ទីរ​ពិសោធន៍៕ AFP/HR