ភ្នំពេញ៖ កម្មវិធីប្រកួតប្រជែងសិល្បៈ K-POP World Festival ដែលទទួលការចាប់អារម្មណ៍ខ្លាំងពីសំណាក់យុវជនកម្ពុជា ស្រឡាញ់ក្រុម K-POP និងបានរៀបចំឡើង ដោយស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា ក្រោមការដឹកនាំពីក្រុមហ៊ុន K''ve Entertainment បានរកឃើញក្រុមជយលាភីប្រចាំឆ្នាំ ២០២១។
ព្រឹត្តិការណ៍ប្រកួតប្រជែងសិល្បៈ K-POP World Festival ដែលបានប្រារព្ធកម្មវិធីក្នុងប្រទេសកម្ពុជា មានតាំងពីឆ្នាំ ២០១១ មក ខណៈកម្មវិធីប្រកួតប្រចាំឆ្នាំនេះមានចំនួន ៤៥ ក្រុមបានដាក់ពាក្យចូលរួមប្រកួតតាមលក្ខណៈអនឡាញ ដែលបានប្រកាសលទ្ធផលកាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២១ កន្លងមក។ កម្មវិធីនេះ មានកិច្ចការសហការគ្នាពីខាងស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំប្រទេសកម្ពុជា មានលោកស្រី Lim Chae Young លេខាទី២ របស់ស្ថានទូតកូរ៉េ ជាតំណាង និងលោកស្រី Na Yun Jung ជានាយិកាប្រតិបត្តិរបស់ក្រុមហ៊ុន K''ve Entertainment។
បើតាមសុន្ទរកថាអបអរសាទររបស់លោក ផាក ហ៊ឹងខ្យង់ ជាឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា ថ្លែងលើកទឹកចិត្តថា៖ «ខ្ញុំសូមអរគុណដល់គណៈកម្មការវាយតម្លៃនៃការប្រកួតកម្មវិធី K-POP របស់ក្រុមហ៊ុន K''ve Entertainment និងយុវជនកម្ពុជាដែលមានចំណាប់អារម្មណ៍ខ្ពស់ និងផ្តោតការយកចិត្តទុកដាក់ចំពោះកម្មវិធី K-POP ហើយបានត្រៀមខ្លួនយ៉ាងស្វាហាប់ ទោះបីជាមានស្ថានភាពលំបាកដោយជំងឺកូវីដ ១៩ ក៏ដោយ»។
លោកបានបន្ថែមថា៖ «កម្មវិធី K-POP នេះ ក៏ជាបណ្តាញដ៏រឹងមាំនៅក្នុងការផ្សារភ្ជាប់ទំនាក់ទំនង រវាងយុវជនកូរ៉េ និងយុវជនកម្ពុជា ដែលមានការយល់ដឹង និងមានភាពរីករាយជាមួយនឹងសម្រស់នៃសិល្បៈ»។
បើតាមសេចក្តីប្រកាសព័ត៌មាននៃស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជាឱ្យដឹងថា កម្មវិធីប្រកួតប្រជែងសិល្បៈ K-POP World Festival ឆ្នាំនេះ បានរកឃើញជយលាភីលេខ ១ ដល់លេខ ៣ ដោយត្រូវបានជ្រើសរើសតាមរយៈការវិនិច្ឆ័យដោយយុត្តិធម៌ពីក្រុមគណៈកម្មការវាយតម្លៃ។ សម្រាប់ចំណាត់ថ្នាក់លេខ ១ ទទួលបានប្រាក់ចំនួន ១ ០០០ ដុល្លារ ចំណាត់លេខ ២ ទទួលបានប្រាក់ចំនួន ៥០០ ដុល្លារ និងចំណាត់ថ្នាក់លេខ ៣ បានប្រាក់ចំនួន ៣០០ ដុល្លារ។ លើសពីនេះក៏មានរង្វាន់ដូចជាអាល់ប៊ុម K-POP ឈុតម៉ាស់បិតមុខ និងសាប៊ូកក់សក់ ផ្តល់ជូនអ្នកចូលរួមផងដែរ។
តាមសេចក្តីប្រកាសព័ត៌មានខាងលើបានបន្តឱ្យដឹងទៀតថា៖ «គោលបំណងនៃការរៀបចំកម្មវិធីប្រកួតប្រជែង K-POP World Festival នេះធ្វើឡើងដើម្បីធ្វើការជ្រើសរើសអ្នកតំណាងរបស់ប្រទេសកម្ពុជា សម្រាប់ចូលរួមក្នុងកម្មវិធីប្រកួតអន្តរជាតិធំវគ្គទី១ និងទី២ នៅឯទីក្រុងសេអ៊ូល និងវគ្គផ្តាច់ព្រ័ត្រនៅទីក្រុងឆាំងវ៉ុន (Changwon) ប្រទេសកូរ៉េខាងត្បូង នៅក្នុងខែតុលា ឆ្នាំ ២០២១ តាមអនឡាញ។
ខណៈស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំប្រទេសកម្ពុជា និងក្រុមហ៊ុន K''ve Entertainment បានរៀបចំការប្រកួតជម្រុះនៅកម្ពុជា ចាប់ពីថ្ងៃទី ៦ ដល់ទី ១៦ ខែកក្កដា និងប្រកាសលទ្ធផលនៅថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០២១»។
ចំណាត់ថ្នាក់លេខ ១ បានទៅលើក្រុម Dinest ចំណាត់ថ្នាក់លេខ ២ បានទៅលើក្រុម One Time និងចំណាត់ថ្នាក់លេខ ៣ បានទៅកញ្ញា កែវ រតនា (Keo Ratana) ឯក្រុមរាំក្រុមរាំចម្រុះ ដែលមានសមាជិក ១១ នាក់ មានឈ្មោះ Dinest ទទួលបានជយលាភីកិត្តិយស។
តំណាងក្រុមរាំជយលាភី Dinest បង្ហាញពីក្តីស្រឡាញ់របស់ពួកគេចំពោះ K-POP នេះថា៖ «ចាប់តាំងពីខ្ញុំស្គាល់ក្រុម K-POP និងក្រុម idol កូរ៉េ មកក៏មានចំណូលចិត្តចង់រៀនរាំ ហើយក្រុមរាំរបស់ខ្ញុំ ក៏បង្កើតមានឡើង។ មានអារម្មណ៍ថា ជីវិតប្រចាំថ្ងៃធម្មតារបស់ខ្ញុំបានផ្លាស់ប្តូរ»។
ក្រុមរាំជយលាភីនោះ ក៏បានថ្លែងពីអារម្មណ៍ទទួលបានជ័យជម្នះរបស់ខ្លួនដែរថា៖ «យើងបានចូលរួមក្នុងព្រឹត្តិការណ៍នេះ ដើម្បីឱ្យគណៈកម្មការវិនិច្ឆ័យ និងទស្សនិកជនបញ្ជាក់ពីសមត្ថភាពរបស់យើង ហើយយើងខ្ញុំសូមថ្លែងអំណរគុណជាអនេក និងសម្តែងក្តីរីករាយណាស់ ដែលទទួលបានលទ្ធផលល្អ»។
សម្រាប់វីដេអូ ដែលទាក់ទងនឹងព្រឹត្តការណ៍ប្រកួតសិល្បៈ K-POP World Festival ឆ្នាំនេះ ត្រូវបានបញ្ចូលនៅក្នុងគណនីហ្វេសប៊ុករបស់ស្ថានទូតសាធារណរដ្ឋកូរ៉េ ប្រចាំនៅប្រទេសកម្ពុជា និងតាមគណនីហ្វេសប៊ុកក្រុមហ៊ុន K''ve Entertainment៖ https: //www.facebook.com/KVEentertainment ប្រសិនបើប្រិយមិត្តចាប់អារម្មណ៍ចង់ទស្សនានូវកម្មវិធីនេះឡើងវិញ៕