ក្រុងឡុងដ៍៖ ផុសចេញវិថីដ៏មមាញឹកកណ្តាលទីក្រុងឡុងដ៍ តំបន់ទេសចរណ៍កូនភ្នំសិប្បនិម្មិត Marble Arch Mound ដ៏ឆ្គងភ្នែកមិនត្រឹមតែធ្វើឱ្យអ្នកមកលេងភាគច្រើនខកចិត្តទេ ថែមទាំងត្រូវបានបង្ខំចិត្តបង្វែរប្រាក់កក់សំបុត្រឱ្យភ្ញៀវវិញ រហូតដល់មានការកែលម្អ និងសមទំនង។
ខណៈអំឡុងពេលរីករាលដាលនៃជំងឺកូវីដនៅអង់គ្លេស ពលរដ្ឋជាច្រើនព្យាយាមចៀសឆ្ងាយពីទីប្រជុំជននៃក្រុងឡុងដ៍ តំបន់ទេសចរណ៍ទើបបើកថ្មីកណ្ដាលរាជធានីកាលពីថ្ងៃចន្ទនេះ បានស្រូបយកភ្ញៀវជាច្រើន ១ ប្រាវ ឱ្យមកឡើងកូនភ្នំសិប្បនិម្មិតកម្ពស់ ២៥ ម៉ែត្រ ដោយចុះមកវិញជាមួយការខកចិត្ត និងមតិសើចចំអក។
ដោយបានប្រកាសសងប្រាក់ទិញសំបុត្រដល់ភ្ញៀវវិញ ក្រុមប្រឹក្សា Westminster នៅថ្ងៃអង្គារបានទទួលស្គាល់ថា៖ «កូនភ្នំស្មៅដែលរំពឹងថា ផ្ដល់ឱ្យភ្ញៀវនូវការគយគន់ទស្សនីយភាពទីក្រុងឡុងដ៍ ពេញ ១ ជុំនោះ នៅពុំទាន់បញ្ចប់រួចរាល់សម្រាប់ភ្ញៀវទេ»។
ក្នុងចំណោមវត្តមានភ្ញៀវដ៏តិចនាក់ លោក ចច ស្មីត កំពុងជ្រកភ្លៀងបានប្រាប់ AFP ថា៖ «ខ្ញុំនឹងហៅវា [កូនភ្នំ] នោះថា ដំរីពណ៌ស ឬក៏អាចថា ដំរីសដែលគ្របដោយស្មៅ»។
ផលិតករភាពយន្តរូបនេះបានបន្ថែមថា៖ «ភ្នំ ១ ផ្ទាំងនេះមើលទៅអត់ទំនង ហើយវាអត់ស៊ីនឹងសោភណភាពទីក្រុង»។
ចង្អុលទៅខ្លោងទ្វារថ្មម៉ាបសតវត្សរ៍ទី ១៩ ក្បែរនោះ អ្នកមកទស្សនាម្នាក់ទៀតអ្នកស្រី ជេកគី វីតឆែល និយាយថា៖ «កូនភ្នំនេះ វាគ្របបាំងសម្រស់ខ្លោងទ្វារ Marble Arch នេះអស់រលីង»។
ជាមួយតម្លៃសាងសង់ ២,៧ លានដុល្លារ ដោយក្រុមហ៊ុនស្ថាបត្យកម្មហូឡង់ សំណង់ជាក់ស្ដែងហាក់លេចរូបរាងឡើងឆ្ងាយពីប្លង់នៃក្ដីស្រមៃ។
ភ្ញៀវដែលកក់សំបុត្រពីមុនត្រូវបានផ្តល់ជូនប្រាក់សំណង ហើយមិនមានការលក់សំបុត្របន្តទៀតទេ រហូតដល់ការកែលម្អត្រូវបានបញ្ចប់។
កាលពីថ្ងៃពុធ មានតែភ្ញៀវ ១ ក្រុមតូចប៉ុណ្ណោះ បានដើរឡើងជណ្តើរភ្នំ។ ក្នុងនោះមានលោក រ៉ូប៊ឺត យ៉ាំង អាយុ ៦៤ ឆ្នាំ និងដៃគូរបស់គាត់។
អ្នកទាំង ២ បានសំបុត្រចូលដោយឥតគិតថ្លៃពីមិត្តភក្តិ និងមិនរំពឹងថា មានអ្វីអស្ចារ្យឡើយ។
ទេសភាពពីលើពំនូកកូនភ្នំដែលត្រូវបានរចនាឡើងដើម្បីផ្តល់ទស្សនីយភាពផ្សារទំនើប វិថីអុកស្វដ ឧទ្យាន Hyde Park, Mayfair និង Marylebone ក៏រងការរិះគន់ ដោយភ្ញៀវពុំអាចមើលឃើញអ្វីច្រើនក្រៅពីរបាំងមែកឈើ និងរុក្ខជាតិបៃតងដ៏ក្រាស់។
លោក រ៉ូប៊ឺត យ៉ាំង ជាភ្ញៀវ និងស្ថាបត្យករមួយរូបនិយាយថា៖ «ខ្ញុំមិនចំណាយលុយមកមើលនោះទេ»៕ AFP/HR